នាទិវាពិភពលោកប្រឆាំងពលកម្មកុមារ យូនីសេហ្វអំពាវនាវឱ្យបង្កើនកិច្ចការពារកុមារដែលកំពុងផ្លាស់ទី
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ - នាទិវាពិភពលោកប្រឆាំងពលកម្មកុមារ យូនីសេហ្វអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀត ដើម្បីការពារសិទ្ធិកុមារដែលរងផលប៉ះពាល់ពីទេសន្តរប្រវេសន៍។ របាយការណ៍ស្រាវជ្រាវស្តីពី ស្ថានភាពកុមារដែលរងផលប៉ះពាល់ដោយទេសន្តរប្រវេសន៍ រវាងប្រទេសកម្ពុជា និងប្រទេសថៃ1 នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការគាំទ្រពីយូនីសេហ្វ ជាមួយនឹងការផ្ដល់មូលនិធិពីសហភាពអឺរ៉ុប (EU) តាមរយៈកម្មវិធី PROTECT បង្ហាញអំពីវិសាលភាពនៃហានិភ័យពាក់ព័ន្ធនឹងកិច្ចការពារកុមារ ដែលធ្វើទេសន្តរប្រវេសន៍នៅក្នុងប្រទេសកម្ពុជា និងទៅកាន់ប្រទេសជិតខាង។ ហានិភ័យទាំងនេះ រួមមាន អំពើជួញដូរមនុស្ស ការរំលោភបំពាន ការកេងប្រវ័ញ្ច ភាពមានទំនាស់នឹងច្បាប់ និងពលកម្មកុមារ។
“ពលកម្មកុមារ ធ្វើឱ្យកុមារបាត់បង់សិទ្ធិក្នុងការទទួលបានកុមារភាពប្រកបដោយសុវត្ថិភាព និងសុខភាពរឹងមាំ មិនបានទទួលការអប់រំ ព្រមទាំងបំផ្លាញសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ” នេះជាប្រសាន៍របស់លោកបណ្ឌិត វៀល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា។ “ទោះជាពួកគេធ្វើទេសន្តរប្រវេសន៍តែម្នាក់ឯង ឬជាមួយគ្រួសារនៅក្នុងប្រទេស ឬឆ្លងកាត់ព្រំដែនក្ដី កុមារគឺងាយរងគ្រោះពីហានិភ័យទាំងនេះ។ ដោយគ្មានឯកសារស្របច្បាប់ កិច្ចការពារ និងលទ្ធភាពទទួលបានការអប់រំ កុមារទេសន្តរប្រវេសន៍ប្រឈមនឹងហានិភ័យកាន់តែខ្ពស់ពីការកេងប្រវ័ញ្ចនានា។”
លោកបណ្ឌិត វៀល ផាកស៍ បានបន្តទៀតថា “ដោយសហការជាមួយសហភាពអឺរ៉ុប យូនីសេហ្វកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារកុមារឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ជាពិសេស ធានាការទទួលបានសេវាចាំបាច់ និងអនុវត្តវិធានការដោយឥតរុញរា ដើម្បីធ្វើឱ្យកុមារទេសន្តរប្រវេសន៍មានសុវត្ថិភាព និងទទួលបានការគាំទ្រ។”
នៅឆ្នាំ ២០២៤ នៅទូទាំងសកលលោក កុមារចំនួនជិត ១៣៨ លាននាក់ បានរងនូវពលកម្មកុមារ រួមទាំងកុមារប្រមាណ ៥៤លាននាក់ កំពុងធ្វើការងារប្រកបដោយគ្រោះថ្នាក់ ដែលអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព សុវត្ថិភាព ឬការអភិវឌ្ឍរបស់ពួកគេ នេះបើយោងតាមការប៉ាន់ស្មានថ្មី ដែលអង្គការអន្តរជាតិខាងការងារ (ILO) និងយូនីសេហ្វបញ្ចេញនៅថ្ងៃនេះ2។ ទិន្នន័យចុងក្រោយគេបង្ហាញនូវការធ្លាក់ចុះចំនួនកុមារសរុបជាង ២០លាននាក់ ចាប់តាំងពីឆ្នាំ ២០២០ មក ដែលនេះជាការបង្ហាញភាពធូរស្រាលឡើងវិញពីការកើនឡើងគួរឱ្យព្រួយបារម្ភនៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០២០។
ក្នុងរយៈពេលមួយទសវត្សរ៍មុន ប្រទេសកម្ពុជាបានចាត់វិធានការចម្បងៗ ដើម្បីការពារកុមារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពាន។ នៅរវាងឆ្នាំ ២០១០ និងឆ្នាំ ២០២១ សមាមាត្រនៃកុមារដែលចូលរួមនៅក្នុងពលកម្មកុមារ បានធ្លាក់ចុះពី ៣៧ភាគរយ មកនៅត្រឹម ១៧ភាគរយ។ ថ្វីបើមានវឌ្ឍនភាពបែបនេះក្ដី ចំនួននេះនៅតែគួរឲ្យព្រួយបារម្ភ ដោយកុមារម្នាក់ក្នុងចំណោមកុមារ ៥នាក់ នៅកម្ពុជា កំពុងចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច3។ របាយការណ៍ស្រាវជ្រាវស្តីពី ស្ថានភាពកុមារដែលរងផលប៉ះពាល់ដោយទេសន្តរប្រវេសន៍ រវាងប្រទេសកម្ពុជា និងប្រទេសថៃ បង្ហាញថា ភាពក្រីក្រជារឿយៗបានជំរុញឲ្យកុមារធ្វើចំណាកស្រុកពីកម្ពុជាទៅប្រទេសថៃ ហើយពួកគេប្រឈមមុខនឹងហានិភ័យកាន់តែខ្ពស់ពាក់ព័ន្ធនឹងពលកម្មកុមារ ជាពិសេស នៅពេលដែលពួកគេបែកចេញពីគ្រួសាររបស់ពួកគេ។4 កុមារដែលឆ្លងដែនដោយខុសច្បាប់ ប្រឈមនឹងហានិភ័យឥតឈប់ឈរពីអំពើជួញដូរមនុស្ស ការរំលោភបំពាន ការកេងប្រវ័ញ្ច និងបំពានច្បាប់។ កុមារជាច្រើនពុំបានទៅរៀន ដោយសារគ្រួសាររបស់ពួកគេពឹងផ្អែកលើប្រាក់ចំណូលប្រចាំថ្ងៃ និងពុំមានលទ្ធភាពទទួលបានសេវាចាំបាច់នានា ដូចជា ការថែទាំសុខភាពជាដើម។
ពលកម្មកុមារក៏ជះឥទ្ធិពលលើកុមារដែលស្ថិតនៅក្នុងប្រទេសកម្ពុជាផងដែរ។ ពួកគេធ្វើការងារនៅតាមទីកន្លែងផ្សេងៗគ្នា រួមទាំងនៅការដ្ឋានសំណង់ និងភោជនីយដ្ឋាន និង កុមារអាយុអប្បបរមាការងារចូលរួមនៅក្នុងស្ថានភាពពលកម្មកុមារពាក់ព័ន្ធនឹងការលក់ដូរ ការងារតាមផ្ទះ ការកាត់ដេរសម្លៀកបំពាក់ កសិកម្ម ការកែច្នៃអាហារសមុទ្រ ការនេសាទ និងការសុំទានដោយមានការរៀបចំ5។ កុមារមានពិការភាពស្ថិតក្នុងចំណោមកុមារងាយរងគ្រោះបំផុត ដោយសារពួកគេអាចត្រូវបានគេប្រើប្រាស់ដើម្បីយកទៅសុំទាន ហើយពួកគេពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានសេវាចាំបាច់ឡើយ។
ហានិភ័យអាកាសធាតុ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ និងកម្ដៅក្ដៅហួសប្រមាណ បានរំខានជីវភាពរស់នៅ និងបង្ខំគ្រួសារជាច្រើន ជាពិសេស គ្រួសារជនទេសន្តរប្រវេសន៍ ឱ្យជួបការលំបាក និងបំពេញការងារប្រកបដោយគ្រោះថ្នាក់។ ហានិភ័យអាកាសធាតុទាំងនេះ មានទំនាក់ទំនងកាន់តែច្រើនឡើងជាមួយពលកម្មកុមារ ដែលនាំឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់គ្រួសារ និងរុញច្រានឱ្យកុមារធ្លាក់ក្នុងការកេងប្រវ័ញ្ចការងារ។ នេះគឺជាបញ្ហាប្រឈមដោយផ្ទាល់ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ទី ៨ ដែលអំពាវនាវឱ្យមានការលុបបំបាត់ពលកម្មកុមារ និងកិច្ចការពារពលករងាយរងគ្រោះ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ យូនីសេហ្វអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែន ដើម្បីបង្កើតប្រព័ន្ធការពារកុមាររួមគ្នាប្រកបដោយភាពរឹងមាំ ដែលធានាសុវត្ថិភាព និងសុខុមាលភាពរបស់កុមារងាយរងគ្រោះ។
1 4 5 របាយការណ៍ស្រាវជ្រាវស្តីពី ស្ថានភាពកុមារដែលរងផលប៉ះពាល់ដោយទេសន្តរប្រវេសន៍ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខែមករា ឆ្នាំ២០២៥
2 Despite progress, child labour still affects 138 million children globally – ILO, UNICEF
3 Cambodia Demographic and Health Survey (CDHS), 2021–22.
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.