សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

បុគ្គលិកសង្គមកិច្ចដែលតែងតែយកចិត្តទុកដាក់ជានិច្ច

ក្នុងអំឡុងពេលមានអាសន្ន សិទ្ធិកុមារប្រឈមនឹងហានិភ័យបំផុត។ ដោយមានការគាំទ្រពីយូនីសេហ្វ បុគ្គលិកសង្គមកិច្ចធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីការពារកុមារចំណាកស្រុកដែលវិលត្រឡប់មកវិញ និងជួយពួកគេឱ្យជួបជុំគ្រួសារឡើងវិញ។

Kanha Chan
20260401  Polio Virus Vaccination-1036.webp
UNICEF Cambodia/2026/Seavhong Liv
07 មេសា 2026

ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ - នៅពេលដែលការទម្លាក់គ្រាប់បែកខិតចូលមកជិតក្រុងប៉ោយប៉ែត កាលពីចុងឆ្នាំ២០២៥ លោក គីម ធូ មានការភ័យខ្លាចយ៉ាងខ្លាំង។

លោកបានមានប្រសាសន៍ថា៖ “ខ្ញុំខ្លាចគ្រាប់បែក ប៉ុន្តែក្នុងពេលមានវិបត្តិ កុមារត្រូវការការគាំទ្របន្ថែមទៀតពីបុគ្គលិកសង្គមកិច្ច។”

អស់រយៈពេលជិតប្រាំបួនឆ្នាំមកហើយ លោក គីម ធូ បានបម្រើការជាបុគ្គលិកសង្គមកិច្ចរដ្ឋ នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាប៉ោយប៉ែត ដែលគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (។ ដោយឈរជើងនៅីក្រុងជាយដែនដ៏មមាញឹករវាងប្រទេសកម្ពុជា និងថៃ លោកតែងតែផ្តល់ការគាំទ្រដល់កុមារ និងពលករចំណាកស្រុកដែលធ្វើដំណើរវិលត្រឡប់មកផ្ទះវិញ ដែលក្នុងនោះភាគច្រើននៃពួកគេងាយរងគ្រោះ គ្មានឯកសារត្រឹមត្រូវ ឬត្រូវបែកបាក់ពីក្រុមគ្រួសារ។

នៅពេលដែលជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានកើនឡើងកម្តៅកាលពីចុងឆ្នាំ២០២៥ ចំនួនពលករចំណាកស្រុកដែលវិលត្រឡប់មកវិញមានការកើនឡើងយ៉ាងខ្លាំង។ ក្នុងចំណោមអ្នកត្រឡប់មកវិញសរុប ៩០០ ០០០ នាក់ មានកុមារចំនួន ១៦ ៥០០ នាក់ ដែលបានមកដល់ក្នុងស្ថានភាពនឿយហត់ ព្រួយបារម្ភ និងក្នុងករណីខ្លះ គឺមកតែម្នាក់ឯង។1

នៅអំឡុងពេលដែលមានការវិលត្រឡប់ដ៍គំហុក លោក ធូ បានដឹកនាំក្រុមការងាររបស់លោកចុះឈ្មោះកុមារចំណាកស្រុកចំនួន ១១៨ នាក់ ក្នុងនោះមានក្មេងស្រី ៥៦ នាក់។ ក្នុងចំណោមនោះ កុមារចំនួន ២៦ នាក់ក្មេងស្រី ១៣ នាក់ត្រូវការការគាំទ្រផ្នែកគ្រប់គ្រងករណីដោយផ្ទាល់ ដើម្បីវាយតម្លៃហានិភ័យ កំណត់បញ្ហាប្រឈមផ្នែកកិច្ចការពារ និងជួយពួកគេឱ្យជួបជុំគ្រួសារឡើងវិញ តាមរយៈវិធានការការពារត្រឹមត្រូវ រួមទាំងការបញ្ជូនបន្តដើម្បីទទួលបានឯកសារអត្តសញ្ញាណបុគ្គល ដូចជាការចុះបញ្ជីកំណើតជាដើម។ ការងាររបស់គាត់ធ្វើការជាច្រើនដងបានធ្វើហូតដល់យប់ជ្រៅ ដោយសារក្រុមការងារខិតខំធ្វើការដើម្បីកំណត់អត្តសញ្ញាណកុមារដែលងាយរងគ្រោះបំផុត និងផ្តល់សេវាគាំទ្រឱ្យបានទាន់ពេលវេលា។

ក្នុងអំឡុងពេលមានអាសន្ន បុគ្គលិកសង្គមកិច្ចដែលបានទទួលការបណ្តុះបណ្តាល ដើរតួនាទីកាន់តែសំខាន់ថែមទៀតក្នុងការការពារសិទ្ធិ និងសុខុមាលភាពរបស់កុមារ។ កុមារចំណាកស្រុកដែលវិលត្រឡប់មកវិញ ជាពិសេសកុមារដែលបែកចេញពីឪពុកម្តាយ ប្រឈមនឹងហានិភ័យខ្ពស់នៃអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ច ហើយអាចខ្វះលទ្ធភាពទទួលបានសេវាចាំបាច់នានា ដូចជាសេវាថែទាំសុខភាព និងការអប់រំ។

ការឆ្លើយតបយ៉ាងរហ័សរបស់លោក ធូ គឺកើតចេញពីការត្រៀមលក្ខណៈជាច្រើនខែកន្លងមក។

ក្រោមការគាំទ្រពីអង្គការយូនីសេហ្វ តាមរយៈគម្រោង ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប (“ការធានាការងារសមរម្យ និងការកាត់បន្ថយភាពងាយរងគ្រោះសម្រាប់ស្ត្រី និងកុមារ នៅក្នុងបរិបទនៃទេសន្តរប្រវេសន៍ការងារនៅអាស៊ីអាគ្នេយ៍”) លោក ធូ បានចូលរួមក្នុងសកម្មភាពកសាងសមត្ថភាពស្តីពីការគ្រប់គ្រងករណីការពារកុមារ សម្រាប់កុមារក្នុងបរិបទនៃទេសន្តរប្រវេសន៍ ក៏ដូចជាការបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងករណីឌីជីថល ផងដែរ។ វគ្គបណ្តុះបណ្តាលទាំងនេះបានពង្រឹងសមត្ថភាពរបស់លោក ក្នុងការកត់ត្រាករណីពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ ការពារកុមារដែលកំពុងផ្លាស់ទី និងសម្របសម្រួលឱ្យពួកគេបានជួបជុំគ្រួសារវិញដោយសុវត្ថិភាព។

គម្រោង មានគោលបំណងពង្រឹងកិច្ចការពារផ្លូវច្បាប់ ការទទួលបានសេវាកម្ម និងធានានូវទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាពសម្រាប់ស្ត្រី និងកុមារ ដោយកាត់បន្ថយហានិភ័យនៃការរំលោភបំពាន និងការជួញដូរ។

20260401  Polio Virus Vaccination-0405.webp
UNICEF Cambodia/2026/Seavhong Liv

ជម្លោះដែលកំពុងកើនឡើងកម្តៅ បានបង្ខំឱ្យមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាប៉ោយប៉ែត ត្រូវជម្លៀសមនុស្សចេញ។ ប៉ុន្តែសូម្បីតែក្រោយពេលចាកចេញក៏ដោយ ក៏លោក ធូ នៅតែមិនអាចឈប់គិតអំពីកុមារទាំងនោះឡើយ។

ទោះបីជាមានគ្រោះថ្នាក់ក៏ដោយ លោកបានត្រឡប់ទៅក្រុងប៉ោយប៉ែតវិញ ដើម្បីពិនិត្យមើលក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ និងគ្រួសារធម៌របស់គេ ដែលបានសម្រេចចិត្តមិនជម្លៀសចេញ ដោយខ្លាចបាត់បង់ការងារ។ លោកបាននាំយកសម្ភារៈចាំបាច់ និងផ្តល់ការគាំទ្រផ្នែកសុខុមាលភាពសង្គម ដោយជួយធានាថាពួកគេមានលទ្ធភាពទទួលបានតម្រូវការចាំបាច់ជាមូលដ្ឋាន និងព័ត៌មានអំពីសេវាកម្មដែលមានក្នុងអំឡុងពេលមានវិបត្តិ។

សូម្បីតែក្នុងពេលដែលមជ្ឈមណ្ឌលនៅបន្តបិទទ្វារក៏ដោយ ក៏បុគ្គលិកសង្គមកិច្ចនៅតែបន្តការងាររបស់ពួកគេ ហើយពួកគេមិនដែលឈប់យកចិត្តទុកដាក់ឡើយ។ ពួកគេបានតាមដានសុខទុក្ខកុមារតាមទូរស័ព្ទ សម្របសម្រួលការបញ្ជូនបន្តទៅកាន់ទីកន្លែងសុវត្ថិភាព និងគាំទ្រដល់ការវិលត្រឡប់ទៅកាន់សហគមន៍វិញ នៅពេលដែលស្ថានភាពអនុញ្ញាត។

ដោយសារការលះបង់របស់បុគ្គលិកសង្គមកិច្ចដូចជាលោក គីម ធូ និងការគាំទ្រជាបន្តបន្ទាប់របស់សហភាពអឺរ៉ុប តាមរយៈយូនីសេហ្វ ក្រោមគម្រោង កុមារដែលរងផលប៉ះពាល់ដោយទេសន្តរប្រវេសន៍ នឹងបន្តទទួលបានការគាំទ្រទាន់ពេលវេលា ដើម្បីឱ្យពួកគេទទួលបានការការពារពីគ្រោះថ្នាក់ អាចជួបជុំគ្រួសាររបស់ពួកគេឡើងវិញ ព្រមទាំងអាចបន្តដំណើរទៅមុខទៀតដោយក្តីសង្ឃឹម និងសុវត្ថិភាពខ្ពស់ជាងមុន។


1 National Committee for Counter Trafficking (NCCT)