របៀបធ្វើការងាររបស់យើង
របៀបដែលយូនីសេហ្វបំប្លែងបញ្ហាប្រឈមជាឱកាសការពារសិទ្ធិរបស់កុមារគ្រប់រូបនៅកម្ពុជា

- Available in:
- English
- Khmer
នៅកម្ពុជា យូនីសេហ្វធ្វើការងារជាផ្នែកមួយនៃប្រព័ន្ធសហប្រជាជាតិ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិរបស់កុមារគ្រប់រូប។ នៅទូទាំងប្រទេស យើងធ្វើការងារជាមួយនឹងដៃគូ ដើម្បីធានាមិនឲ្យមានការទុកកុមារណាម្នាក់ចោល។
គុណភាព ភាពងាយស្រួលក្នុងការទទួលបានសេវា សមធម៌ បរិយាបន្ន និងភាពពាក់ព័ន្ធ ជាកត្តាជំរុញលើកទឹកចិត្តដល់គ្រប់សកម្មភាពទាំងអស់ដែលយើងធ្វើ។ កម្មវិធីរបស់យើង ត្រូវបានដាក់ចេញក្នុងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា (កម្មវិធីប្រចាំប្រទេស ២០១៩–២០២៣) ហើយយើងមានចក្ខុវិស័យ ចង់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីឲ្យកុមារី និងកុមារាគ្រប់រូប ជាពិសេសកុមារជួបការលំបាកជាងគេ អាចសម្រេចបានជាបណ្តើរៗនូវសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ដូចជា សិទ្ធិរស់រាន ទទួលបានការថែទាំ ការការពារ ការអភិវឌ្ឍ និងចូលរួមក្នុងសកម្មភាពនានា។
តាមរយៈការធ្វើការងារជាមួយនឹងរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ យើងផ្តោតការយកចិត្តទុកដាក់លើការបង្កើនសំឡេងរបស់កុមារ និងក្មេងជំទង់ ធានាយ៉ាងណាឲ្យកុមារា និងកុមារី ទទួលបានសិទ្ធិ ឱកាស និងការការពារដូចគ្នា ហើយយើងក៏ផ្តោតការយកចិត្តទុកដាក់លើការផ្តល់សេវាប្រកបដោយគុណភាព សមធម៌ និងងាយស្រួលទទួលបានឲ្យដល់ក្រុម និងសហគមន៍ដែលបាត់បង់ឱកាសផងដែរ។