សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

អំពីយើង

យូនីសេហ្វបាន និងកំពុងបំពេញការងារនៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៥២ មកម៉្លេះ ដើម្បីការពារសិទ្ធិកុមារ។

Truo Thary, three years old, preschool girl, is greeting UNICEF team.
យូនីសេហ្វយកចិត្តទុកដាក់ដំបូងគេលើកុមារ និងក្មេងជំទង់។ មិនថាពួកគេជាអ្នកណា។ មិនថាពួកគេរស់នៅទីណាឡើយ។

យើងជឿជាក់ថា កុមារគ្រប់រូបទោះជាពួកគេកំពុងស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ មានសិទ្ធិរីកចម្រើនសម្រេចសក្តានុពល ទទួលបានការប្រតិបត្តិប្រកបដោយសេចក្តីថ្លៃថ្នូរ និងចូលរួមក្នុងសង្គម។

ចាប់តាំងពីឆ្នាំ ១៩៥២​ មក យូនីសេហ្វបាន និងកំពុងធ្វើការងារជាមួយនឹងដៃគូនានា ដើម្បីនាំសេវា និង​ឱកាសនានាមកកាន់  ប្រទេសកម្ពុជា ដូចជា អប់រំ សុខភាព អាហារូបត្ថម្ភ ការការពារ ទឹកស្អាតនិងអនាម័យ និងធានាយ៉ាងណាឲ្យសេវាទាំងនេះ បានទៅដល់អ្នកដែលជួបនឹងការខ្វះខាតជាងគេ រាប់បញ្ចូលទាំងក្នុងស្ថានភាពអាសន្នផងដែរ។

យូនីសេហ្វ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប ក្នុងគ្រប់សកម្មភាពការងារទាំងអស់របស់​យើង។ រួមគ្នាជាមួយនឹង​ដៃគូរបស់យើង យើងខិតខំបំប្លែងការប្តេជ្ញាចិត្តនេះឲ្យក្លាយទៅជាសកម្មភាពជាក់ស្តែង ជាមួយនឹងការខិតខំប្រឹងប្រែងផ្តល់សេវា​ដល់​កុមារី និងកុមារា ដែលងាយរងគ្រោះជាងគេ និងដែលត្រូវបានគេផាត់ចេញពីសេវា នានានៅតាមតំបន់ប្រជុំជន និងតំបន់ជនបទ​នៃប្រទេសកម្ពុជា។ យើងផ្តោតការយកចិត្តទុកដាក់លើសមធម៌ ដើម្បីឲ្យសមិទ្ធផលការងាររបស់យើងផ្តល់ផលដល់កុមារគ្រប់រូប។

យើងធ្វើការងារជាមួយនឹងយុវជន និងសម្រាប់យុវជន ដើម្បីឲ្យសំឡេងរបស់ពួកគេត្រូវបានគេស្តាប់ឮ ហើយយើងធ្វើការងារជាមួយនឹង​ដៃគូនានា ចាប់ពីកម្រិតសហគមន៍ រហូតដល់ថ្នាក់ជាតិ ដើម្បីកសាងនូវដំណោះ​ស្រាយដែលជួយឲ្យកុមារ និងយុវជនទទួលបានអនាគត​កាន់តែល្អប្រសើរ។

យើងខិតខំស្វែងរកការគាំទ្រ ដើម្បីផ្តល់ឲ្យកុមារនូវការចាប់ផ្តើមល្អបំផុតក្នុងជីវិត ព្រោះថាការថែទាំសមស្របនៅ​វ័យក្មេងបំផុត ជួយកសាងនូវមូលដ្ឋានរឹងមាំបំផុតសម្រាប់អនាគតមនុស្សម្នាក់ និងរបស់សង្គមមួយ​។

យូនីសេហ្វ គឺជាអង្គការមួយក្នុងចំណោមអង្គការដំបូងៗ ដែលបានវិលត្រលប់មកប្រទេសកម្ពុជាវិញ​ក្រោយការដួររលំ របបខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩ ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងឆ្លើយតប ចំពោះស្ថានភាពអាសន្ន។ ដូច្នេះ យើងបំពេញតួនាទីពិសេស ក្នុងការជំរុញឲ្យមានការបង្កើតនូវប្រព័​ន្ធមួយ ដើម្បីជួយឲ្យកុមារក្នុងប្រទេសនេះអាចអភិវឌ្ឍ តាមរយៈការកសាងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងសហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាល។

យើងមានជំនាញធ្វើការងារក្នុងប្រទេសនេះជាង ៦៥ ឆ្នាំ មានបណ្តាញពាសពេញពិភពលោក មាន​ចិត្តមុះមុត ក្នុង ការប្រើប្រាស់នវានុវត្តន៍ កសាងភាពជាដៃគូប្រកបដោយភាពរស់រវើក និងមានការប្តេជ្ញាចិត្ត ដើម្បីសម្រេចឲ្យបាននូវ សិទ្ធិសម្រាប់កុមារគ្រប់រូប។ ការងាររបស់យើង គឺអព្យាក្រឹត និងពុំប្រកាន់និន្នាការនយោបាយឡើយ។ យើងធ្វើការងារ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឲ្យកុមារនូវបរិយាកាសមួយដែលពួកគេអាចទទួលបានការការពារ សុខភាពល្អប្រសើរនិងការអប់រំ ដែលជួយឲ្យពួកគេអាចកសាងជីវិតកាន់តែល្អប្រសើរសម្រាប់​ខ្លួនឯង និងសម្រាប់ប្រទេសជាតិរបស់ពួកគេ។

សូមស្វែងយល់ពីការងាររបស់យើង នៅកម្ពុជា

Students are playing hopscotch at the school playground. Peam Ror School. Peam Koh village. Peam Ror District. Svay Rieng Province. Cambodia, 2018
UNICEF Cambodia/2018/Fani Llaurado

ភារកិច្ច

យូនីសេហ្វមានភារកិច្ចលើកកម្ពស់សិទ្ធិរបស់កុមារគ្រប់រូប នៅគ្រប់ទីកន្លែងទាំងអស់។

យូនីសេហ្វ គឺជាអង្គការតែមួយគត់ ដែលទទួលភារកិច្ចពីមហាសន្និបាតអង្គការសហប្រជាជាតិ ឲ្យធានាសិទ្ធិកុមារគ្រប់រូប នៅគ្រប់ទិសទីទាំងអស់។ ភារកិច្ចនេះ មានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) ដែលចែងពីសិទ្ធិជាសកល និង ដែលមិនអាចដកហូតបាន។

ការងាររបស់យើងននៅកម្ពុជា ត្រូវបានតម្រង់ទិសដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលត្រូវបានអនុម័ត ដោយអ្នកដឹកនាំពិភពលោក ក្នុងឆ្នាំ ២០១៥ យុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងអនុវត្ត ក្រោមក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនៅកម្ពុជា។

ចក្ខុវិស័យរបស់យើង គឺពិភពលោកមួយដែលកុមារគ្រប់រូបមានឱកាសស្មើភាពគ្នា។ នៅកម្ពុជា យើងផ្តោតការយកចិត្តទុកដាក់ លើការពង្រីកសេវាដល់កុមារងាយរងគ្រោះ មិនថាពួកគេនៅទីណានោះឡើយ។