កុមារចំណាកស្រុករងផលប៉ះពាល់ខ្លាំងបំផុតពីវិបត្តិអាកាសធាតុ
ការប្រែប្រួលអាកាសធាតុកំពុងបំផ្លាញជីវភាពរស់នៅ និងជំរុញគ្រួសារទាំងឡាយឱ្យបោះបង់ផ្ទះរបស់ពួកគេ។ ដោយមានការគាំទ្រពីយូនីសេហ្វ កុមារដែលកំពុងផ្លាស់ទី កំពុងទទួលបានជំនួយឱ្យចាកចេញពីដងផ្លូវ និងត្រលប់ទៅសាលារៀនវិញ
- English
- Khmer
ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រុងប៉ោយប៉ែត - ក្នុងចំណោមជនរងគ្រោះដែលរងផលប៉ះពាល់ពីវិបត្តិប្រែប្រួលអាកាសធាតុ កុមារចំណាកស្រុកគឺជាក្រុមដែលរងផលប៉ះពាល់ខ្លាំងជាងគេ ប៉ុន្តែហាក់មិនសូវមានគេមើលឃើញឡើយ។
«ជីវិតរស់នៅនៅទីនោះ គឺពិបាកខ្លាំងណាស់» នេះជាការរៀបរាប់របស់ បូរី* ជាកុមារាអាយុ ១៣ឆ្នាំ ដែលថ្លែងអំពីភូមិកំណើតរបស់គាត់នៅទីជនបទមួយក្នុងខេត្តតាកែវ។ «នៅពេលនេះ ខ្ញុំនៅតូចនៅឡើយ ប៉ុន្តែខ្ញុំយល់បាន។»
ពីមុន គ្រួសាររបស់គាត់ធ្លាប់ជាកសិករ ដែលរស់នៅពឹងផ្អែកលើរបបទឹកភ្លៀងនារដូវប្រាំង និងរដូវវស្សា ដូចទៅនឹងប្រជាកសិករភាគច្រើននៅតាមជនបទប្រទេសកម្ពុជាដែរ។
ប៉ុន្តែ នៅពេលដែលអាកាសធាតុប្រែប្រួលខុសប្រក្រតី ទិន្នផលកសិកម្មរបស់ពួកគេត្រូវខូចខាត ហើយប្រភពចំណូលរបស់ពួកគេក៏បានធ្លាក់ចុះ។
លោកស្រី ផល្លា អាយុ ៥៤ឆ្នាំ និងជាជីដូនរបស់បូរីបានរៀនរាប់ទាំងក្រៀមក្រំថា៖ «ដោយសារគ្រោះរាំងស្ងួត របរកសិកម្មមិនផ្ដល់លទ្ធផលល្អឡើយ ដំណាំស្រូវមិនលូតលាស់ និងរួញស្វិត។ សត្វល្អិតបានបំផ្លាញស្រូវ ដែលធ្វើឱ្យយើងបាត់បង់ផលចំណេញ។ នោះហើយ គឺជាមូលហេតុដែលគ្រួសាររបស់យើងធ្លាក់ទៅក្នុងស្ថានភាពអាក្រក់បំផុត។»
ដើម្បីស្រោចស្រង់ស្ថានភាព ពួកគេបានសម្រេចចិត្តខ្ចីប្រាក់គេ និងបានទិញជីកសិកម្មដែលមានតម្លៃថ្លៃ ប៉ុន្តែជាលទ្ធផលពួកគេបែរជាជាប់បំណុលគេទៅវិញ។ ហើយដោយគ្មានលទ្ធភាពសងបំណុលធនាគារ នៅទីបំផុតពួកគេក៏បង្ខំចិត្តលក់ដីស្រែចម្ការ ហើយធ្វើចំណាកស្រុកមកកាន់ក្រុងប៉ោយប៉ែត ដែលជាក្រុងមួយនៅព្រំដែនប្រទេសកម្ពុជា-ថៃ ដើម្បីស្វែងរកការងារ និងសង្ឃឹមថានឹងមានជីវភាពធូរធារជាងមុន។
លោកស្រីបានបន្តថា «នៅពេលនោះ យើងគ្មានលុយឡើយ។ យើងស្ទើរតែមិនអាចរកបានអាហារគ្រប់គ្រាន់ដើម្បីទទួលទាន។ យើងខ្វះខាតខ្លាំងណាស់ វាពិបាកនិយាយណាស់។»
រីឯបូរីទៅវិញ ដែលជាអ្នករងសម្ពាធខ្លាំងជាងគេពីការផ្លាស់ប្ដូរទីលំនៅនេះ ស្រដៀងគ្នានឹងកុមារដទៃទៀតដែលស្ថិតក្នុងគ្រួសារជនចំណាកស្រុកដែរ ពោលគឺ ជំនួសឱ្យការទៅសាលារៀន គាត់ត្រូវជួយជីដូនជីតារបស់គាត់រៀបចំ និងលក់គាវនៅផ្សារ។
លោកស្រី ផល្លា បានរៀបរាប់បន្តថា «បូរីបានជួបប្រទះនឹងការលំបាក ដោយសារគាត់បានឈប់ទៅរៀនមួយរយៈ។ ខ្ញុំអាណិតគាត់។ ខ្ញុំចង់ឱ្យចៅរបស់ខ្ញុំមានចំណេះដឹងដូចកុមារដទៃទៀតដែរ។»
បន្ទាប់ពីបានផ្លាស់ទីលំមកដល់ក្រុងប៉ោយប៉ែត បូរីមិនមានឱកាសបានចូលរៀនភ្លាមៗនោះទេ។ ប៉ុន្តែ ក្រោយមក រូបគេត្រូវបានជួយជ្រោមជ្រែងឱ្យបានចូលរៀនឡើងវិញ នៅមជ្ឈមណ្ឌលអប់រំក្រៅប្រព័ន្ធនៃអង្គការ ដំណក់ទឹក ដែលជាអង្គការដៃគូទទួលបានការគាំទ្រពីយូនីសេហ្វ។
នៅពេលកុមារត្រូវផ្លាស់ទីលំនៅ ជីវិតទាំងមូលរបស់ពួកគេអាចទទួលរងការរំខាន។ ដោយសារតែបញ្ហាភាពក្រីក្រ កុមារនៅកម្ពុជា ដែលធ្វើចំណាកស្រុកទាំងនៅក្នុងប្រទេស ឬឆ្លងដែន តែងប្រឈមមុខនឹងហានិភ័យខ្ពស់នៃការកេងប្រវ័ញ្ច ការរំលោភបំពាន ការជួញដូរកុមារ និងភាពមានទំនាស់នឹងច្បាប់។ កុមារងាយរងគ្រោះបំផុតឈានទៅដល់ការរស់នៅ និងធ្វើការងារតាមដងផ្លូវ ហើយពួកគេភាគច្រើនមិនបានចូលរៀនឡើយ ព្រោះគ្រួសាររបស់ពួកគេត្រូវការកម្លាំងពលកម្មរបស់ពួកគេដើម្បីរកចំណូលប្រចាំថ្ងៃ។ លើសពីនេះ បើគ្មានលទ្ធភាពទទួលបានសេវាចាំបាច់ ដូចជាការថែទាំសុខភាព កុមារទាំងនោះងាយប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ជំងឺដង្កាត់ផ្សេងៗ និងអាចខកខានមិនបានទទួលថ្នាំបង្ការគ្រប់គ្រាន់។
ស្ថានភាពអាកាសធាតុអាក្រក់ខ្លាំង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ កំពុងបង្កើនហានិភ័យនៃចំណាកស្រុក ពលកម្មកុមារ ការកេងប្រវ័ញ្ច និងអំពើហិង្សាចំពោះកុមារងាយរងគ្រោះបំផុតរបស់កម្ពុជា។ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងមិនស្របច្បាប់ កំពុងមានកើនឡើង ដែលជារឿយៗបណ្តាលមកពីគ្រោះធម្មជាតិ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះ ដែលរំខានដល់មុខរបរចិញ្ចឹមជីវិត និងបង្ខំឱ្យគ្រួសារធ្លាក់ទៅក្នុងស្ថានភាពចំណាកស្រុកទាំងបង្ខំចិត្ត ដើម្បីទៅធ្វើការងារមិនទៀងទាត់។ ក្នុងនោះដែរ កុមារអាយុក្រោមប្រាំឆ្នាំ ស្រ្តី កុមារី និងជនមានពិការភាព គឺជាក្រុមដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
«មូលហេតុដែលគ្រួសារធ្វើចំណាកស្រុក រមែងតែងពាក់ព័ន្ធនឹងគ្រោះមហន្តរាយធម្មជាតិ» នេះជាការពន្យល់របស់លោកស្រី ឆាយ ឆាន់ បុគ្គលិកសង្គមនៅអង្គការដំណក់ទឹក ជាអង្គការមួយទទួលបានការគាំទ្រពីយូនីសេហ្វ ដើម្បីជួយដល់កុមារ និងយុវជនងាយរងគ្រោះក្នុងសហគមន៍ក្រីក្រតាមទីប្រជុំជន ដើម្បីទទួលបានសេវាកិច្ចការពារបែបកុមារមេត្រី និងការអប់រំ ស្របពេលកំពុងជួយគ្រួសារក្នុងការកសាងជំនាញ និងស្វែងរកការងារដែលមានស្ថិរភាពដល់ក្រុមគ្រួសាររបស់ពួកគេផងដែរ។ «នៅពេលខ្លះ ពួកគេធ្វើស្រែចម្ការ ប៉ុន្តែដោយសារភាពរាំងស្ងួត ពួកគេមិនអាចរកប្រាក់បានគ្រប់គ្រាន់ឡើយ។ ពួកគេជឿជាក់ថា ការធ្វើដំណើរទៅប្រទេសថៃ ឬក្រុងប៉ោយប៉ែតនឹងនាំធ្វើពួកគេទទួលបានប្រាក់ខែល្អប្រសើរជាង។ នៅពេលខ្លះ ពួកគេជំពាក់បំណុលគេនៅក្នុងស្រុកកំណើតរបស់ពួកគេ ហេតុនេះ ពួកគេមានអារម្មណ៍ថា ពួកគេត្រូវការធ្វើដំណើរទៅប្រទេសថៃ ឬតំបន់ព្រំដែនដើម្បីរកប្រាក់សងបំណុលទាំងនោះ។»
កុមារដែលធ្វើចំណាកស្រុក មិនថាមកម្នាក់ឯង ឬមកជាមួយគ្រួសារឡើយ គឺអាចនឹងត្រូវរុញច្រានឱ្យធ្លាក់ទៅក្នុងការងារដែលពោរពេញដោយការកេងប្រវ័ញ្ច ដើម្បីប៉ះប៉ូវការបាត់បង់ចំណូលរបស់គ្រួសារ។ ពួកគេមួយចំនួនត្រូវទៅធ្វើការងារនៅតាមការដ្ឋានសំណង់ នៅក្នុងភោជនីយដ្ឋាន ឬលក់ដូរតាមផ្លូវ ឬក្នុងវិស័យផលិតកម្មសម្លៀកបំពាក់ កសិកម្ម ការកែច្នៃអាហារសមុទ្រ និងនេសាទជាដើម។ ពួកគេផ្សេងទៀត ត្រូវរងគ្រោះដោយទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ដូចជា ការបង្ខំឲ្យដើរសុំទាន និងអាជីវកម្មផ្លូវភេទ។ ថ្វីបើមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការការពារកុមារក្ដី កុមារម្នាក់ក្នុងចំណោមកុមារ ៥នាក់នៅកម្ពុជា នៅតែសកម្មនៅក្នុងសកម្មភាពសេដ្ឋកិច្ច។1
អង្គការដំណក់ទឹក និងយូនីសេហ្វព្យាយាមការពារកុមារ និងយុវវ័យដែលមានហានិភ័យខ្ពស់ ពីអំពើហិង្សា និងការកេងប្រវ័ញ្ច ហើយនេះ គឺជាការរួមចំណែកចំពោះការពង្រឹងប្រព័ន្ធកិច្ចការពារកុមារ។ ជាមួយនឹងការគាំទ្រពីយូនីសេហ្វ បុគ្គលិកសង្គមនៅអង្គការដំណក់ទឹកផ្ដល់សេវាឆ្លើយតបជូនជនរងគ្រោះនៃការរំលោភបំពាន និងអំពើជួញដូរមនុស្ស កុមារចំណាកស្រុកដែលវិលត្រលប់មកវិញ កុមារកំពុងរស់នៅ និងធ្វើការងារតាមចិញ្ចើមថ្នល់ ព្រមទាំងកុមារងាយរងគ្រោះដទៃទៀតដែលមានហានិភ័យខ្ពស់ចំពោះការកេងប្រវ័ញ្ច និងការមិនអើពើ រួមទាំងកុមារមានពិការភាពផងដែរ។ ពួកគេក៏បានអនុវត្តសកម្មភាពផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពី ហានិភ័យនៃចំណាកស្រុកដោយគ្មានសុវត្ថិភាព ជាពិសេស ចំណាកស្រុកឆ្លងដែន និងគ្មានឯកសារផ្លូវច្បាប់ ផងដែរ។
លោកស្រី ឆាយ បានរៀបរាប់ថា «យើងលើកកម្ពស់ការយល់ដឹងអំពីចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសិទ្ធិកុមារ។ នៅពេលដែលគ្រួសារធ្វើចំណាកស្រុក កុមារមួយចំនួនដែលទៅតាមឪពុកម្ដាយ មិនបានចូលរៀនដូចកុមារដទៃទៀតទេ ហើយថែមទាំងប្រឈមនឹងការចាប់ខ្លួនពីនគរបាលថៃទៀតផង។ នៅពេលដែលពួកគេទៅដល់ដំបូង និងគ្មានការងារធ្វើ ពួកគេអាចដើររើសសម្បកកំប៉ុងជាមួយឪពុកម្ដាយរបស់ពួកគេ ដើម្បីរកប្រាក់។»
ការបន្តពឹងផ្អែកលើកសិកម្ម និងពលកម្មក្រៅប្រព័ន្ធរបស់ប្រទេសកម្ពុជា ធ្វើឱ្យប្រទេសនេះងាយរងគ្រោះខ្លាំងចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ចំពោះកុមារវិញ គឺរឹតតែងាយរងគ្រោះកាន់តែខ្លាំង ដោយបច្ចុប្បន្ននេះកុមារកម្ពុជាជិតពីរលាននាក់ប្រឈមនឹងហានិភ័យខ្ពស់នៃអាកាសធាតុ ដោយសារពួកគេរស់នៅក្នុងតំបន់នានាដែលងាយរងគ្រោះដោយវិបត្តិអាកាសធាតុ ដូចជាទឹកជំនន់ ភាពរាំងស្ងួត កម្ដៅក្ដៅខ្លាំង និងខ្យល់ព្យុះ ប៉ុន្តែពួកគេខ្វះលទ្ធភាពទទួលបានសេវាចាំបាច់ដើម្បីជួយពួកគេទប់ទល់នៅក្នុងពេលមានវិបត្តិ។2
ចំពោះកុមារចំណាកស្រុក សេវាកិច្ចការពារកុមារគឺជាឧបករណ៍ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជួយការពារពួកគេពីការរំលោភបំពាន និងការកេងប្រវ័ញ្ច ជួយឲ្យពួកគេទទួលបានការអប់រំ និងសេវាថែទាំសុខភាព ព្រមទាំងទប់ស្កាត់ពួកគេមិនឲ្យទៅរស់នៅ ឬធ្វើការងារនៅតាមដងផ្លូវ។ តាមរយៈការគាំទ្រមូលនិធិពីយូនីសេហ្វប្រចាំប្រទេសអាល្លឺម៉ង់ យូនីសេហ្វបានសហការ
ជាមួយអាជ្ញាធរកម្ពុជា រួមទាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ដើម្បីឱ្យប្រព័ន្ធនេះអាចទប់ទល់ និងឆ្លើយតបចំពោះវិបត្តិអាកាសធាតុនានា សំដៅធានាថាកុមារប្រឈមនឹងហានិភ័យខ្លាំងបំផុតអាចទទួលបានសេវានានា ដែលគាំទ្រដល់តម្រូវការរបស់ពួកគេបានទាន់ពេលវេលា។ ការងារនេះរាប់បញ្ចូលទាំងការគាំទ្រដល់អាជ្ញាធរក្នុងការពង្រឹងសមត្ថភាពរបស់បុគ្គលិកសង្គមនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាសេវាទប់ស្កាត់ សេវាឆ្លើយតប និងសេវាសមាហរណកម្មកាន់តែល្អប្រសើរសម្រាប់កុមារដែលរស់នៅ និងធ្វើការងារនៅតាមផ្លូវ ព្រមទាំងជនរងគ្រោះនៃអំពើជួញដូរមនុស្ស ការរំលោភបំពាន និងការកេងប្រវ័ញ្ច។
«គោលដៅចម្បងរបស់យើង គឺដើម្បីជួយកុមារឱ្យបានទៅរៀន» នេះជាសម្ដីរបស់លោកស្រី ឆាយ។ «យើងមិនចង់ឃើញកុមារមួយចំនួនទៅរៀន ស្របពេលដែលកុមារដទៃទៀតមិនអាចទៅរៀនបាននោះឡើយ។ កុមារគ្រប់រូបសមនឹងទទួលបានសិទ្ធិមូលដ្ឋានគ្រឹះទាំងបួនដោយស្មើៗគ្នា។»
នៅទីបំផុត បូរីមានឱកាសបានចូលរៀនឡើងវិញ ក្រោយពេលដែលបុគ្គលិកសង្គមកិច្ចបានភ្ជាប់ទំនាក់ទំនងរូបគេទៅកាន់មណ្ឌលអប់រំក្រៅប្រព័ន្ធនៅអង្គការដំណក់ទឹក។ គាត់បានទទួលសម្ភារៈសិក្សា និងឯកសណ្ឋានដើម្បីគាំទ្រដល់ការសិក្សារបស់គាត់ ស្របពេលដែលកូនប្រុសរបស់លោកស្រី ផល្លា ទទួលបានការគាំទ្រជាមួយនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជួយគាត់ឱ្យ
រៀនអំពីរបៀបធ្វើនំគាវ។ លើសពីនេះ គ្រួសារពួកគេក៏ទទួលបានដើមទុនដើម្បីជួយពួកគេក្នុងការបើកមុខរបរលក់នំគាវរបស់ពួកគេផ្ទាល់ខ្លួន។
លោកស្រី ផល្លា បានបន្តថា «ជីវិតនៅពេលនេះមានភាពល្អប្រសើរជាងពីមុន។ នៅពេលនេះ ប្រសិនបើយើងចង់ទទួលទានអ្វីមួយ យើងមានលទ្ធភាពទឹញវាបាន។ យើងអាចបញ្ជូនចៅៗរបស់យើងទៅសាលារៀន និងផ្ដល់ការគាំទ្រហិរញ្ញវត្ថុដល់ពួកគេ។ ខ្ញុំពិតជាសប្បាយរីករាយ ដោយសារអ្វីៗមានភាពល្អប្រសើរឡើង។»
គាត់បន្ថែមទៀតថា «នៅពេលអនាគត ខ្ញុំចង់ឃើញចៅៗរបស់ខ្ញុំមានចំណេះដឹងកាន់តែច្រើន និងរៀនជំនាញ ដែលពួកគេចង់រៀន ជាជំនាញសម្រាប់ខ្លួនពួកគេ។»
ចំណែកឯបូរីវិញ រូបគេមិនខ្វះឡើយនូវក្តីស្រមៃសម្រាប់ថ្ងៃអនាគត ប៉ុន្តែចិត្តគំនិតរបស់គាត់គឺមិនទៅណាឆ្ងាយពីគ្រួសារឡើយ។
កុមារារូបនេះបាននិយាយទាំងប្តេជ្ញាចិត្តថា៖ «នៅពេលខ្ញុំធំឡើង ខ្ញុំចង់ក្លាយជាវិស្វករសំណង់ស៊ីវិល។ ខ្ញុំចង់ប្រើប្រាស់ប្រាក់ដែលខ្ញុំរកបាន ដើម្បីជួយជីដូនរបស់ខ្ញុំសាងសង់ផ្ទះ។»
*ឈ្មោះត្រូវបានផ្លាស់ប្ដូរ ដើម្បីការពារអត្តសញ្ញាណ និងឯកជនភាពរបស់កុមារ។
1 ការអង្កេតប្រជាសាស្រ្ត និងសុខភាពនៅកម្ពុជា ឆ្នាំ២០២១-២២។
2 សន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារ (CCRI) សម្រាប់ប្រទេសកម្ពុជា