យូនីសេហ្វ និងសមាគមសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ចាប់ដៃគូដើម្បីលើកកម្ពស់សិទ្ធិកុមារតាមរយៈធុរកិច្ចប្រកបដោយទំនួលខុសត្រូវ
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ – យូនីសេហ្វ និងសមាគមសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារយៈពេលបីឆ្នាំ (២០២៦-២០២៩) ដែលជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការថ្មីមួយក្នុងការកៀរគរសក្ដានុពលនៃវិស័យធុរកិច្ច ដើម្បីកែលម្អជីវភាព និងកសាងលទ្ធផលល្អប្រសើរសម្រាប់កុមារ និងយុវជននៅទូទាំងប្រទេសកម្ពុជា។
តាមរយៈការរួមបញ្ចូលគ្នារវាងបេសកកម្ម និងកាតព្វកិច្ចរបស់យូនីសេហ្វក្នុងការការពារសិទ្ធិកុមារ និងការអភិវឌ្ឍ ជាមួយនឹងបណ្តាញវិនិយោគិនដ៏ទូលំទូលាយរបស់ IBC កិច្ចសហប្រតិបត្តិការនេះមានគោលបំណងលើកកម្ពស់ឲ្យវិស័យធុរកិច្ចនៅកម្ពុជា ចាត់ទុកកុមារជាភាគីពាក់ព័ន្ធដ៏សំខាន់ក្នុងការសម្រេចបាននូវកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។
អាជីវកម្មទាំងអស់មានឥទ្ធិពលលើជីវិតកុមារជារៀងរាល់ថ្ងៃ តាមរយៈការអនុវត្តលក្ខខណ្ឌការងារ ផលិតផល និងសេវាកម្ម បច្ចេកវិទ្យា ផលប៉ះពាល់បរិស្ថាន និងការវិនិយោគក្នុងសហគមន៍។ តាមរយៈភាពជាដៃគូនេះ យូនីសេហ្វ និង IBC នឹងធ្វើការរួមគ្នាដើម្បីតម្រង់ទិសក្រុមហ៊ុននានាឱ្យយល់ដឹងកាន់តែច្បាស់អំពីទំនាក់ទំនងទាំងនេះ និងស្វែងរកសកម្មភាពជាក់ស្តែងក្នុងការបង្កើតផលជះវិជ្ជមាន និងយូរអង្វែងសម្រាប់កុមារ។
លោកស្រី ដាម៉ាច ម៉ាហា នាយិកាយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា «អនាគតរបស់កុមារមិនមែនស្ថិតនៅលើដៃរបស់រាជរដ្ឋាភិបាល និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំក្រុមហ៊ុននៅក្នុងបន្ទប់ប្រជុំ រោងចក្រ ការិយាល័យ និងទីកន្លែងបំពេញការងារនៅទូទាំងប្រទេសផងដែរ»។ លោកស្រីបានបន្ថែមថា «វិស័យឯកជនមានកាលានុវត្តភាពដ៏សំខាន់ក្នុងការជំរុញភាពច្នៃប្រឌិត បង្កើតឱកាសសម្រាប់យុវជន និងរួមចំណែកដោះស្រាយបញ្ហាប្រឈមចំបងៗក្នុងការអភិវឌ្ឍរបស់កម្ពុជា។ យើងមានសេចក្តីរំភើបយ៉ាងខ្លាំងក្នុងភាពជាដៃគូជាមួយ IBC ដើម្បីប្រែក្លាយសក្តានុពលនេះឱ្យទៅជាផ្លែផ្កា និងផលប្រយោជន៍ពិតប្រាកដសម្រាប់កុមារ»។
លោក Paul Clements ប្រធានសមាគមសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានថ្លែងថា «កុមារ និងយុវជនកម្ពុជានៅថ្ងៃនេះ គឺជាកម្លាំងពលកម្ម សហគ្រិន និងអ្នកដឹកនាំធុរកិច្ចនាពេលអនាគត។ សមាជិករបស់ IBC បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារអប់រំ សុខាភិបាល សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការអភិវឌ្ឍជំនាញ ហើយការចាប់ដៃគូជាមួយយូនីសេហ្វនេះនឹងផ្តល់ឱកាសឱ្យយើងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងឲ្យកាន់តែមានប្រសិទ្ធិភាព ដោយផ្អែកលើជំនាញឯកទេសរបស់យូនីសេហ្វ។ ការបូកបញ្ចូលវិស័យឯកជនក្នុងកិច្ចពិភាក្សា អាចឲ្យយើងកំណត់វិធីសាស្ត្រជាក់ស្តែងដែលអាជីវកម្មអាចចូលរួមចំណែកក្នុងការបង្កើតឱកាសកាន់តែរឹងមាំសម្រាប់អ្នកជំនាន់ក្រោយ និងដើម្បីកំណើនរយៈពេលវែងរបស់កម្ពុជា»។
កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតលើការលើកកម្ពស់ការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ ដែលគាំទ្រដល់សិទ្ធិកុមារ និងស្របតាមគោលនយោបាយអភិវឌ្ឍន៍អាទិភាពរបស់ជាតិ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការនឹងគ្របដណ្តប់លើការបណ្តុះបណ្តាលជំនាញយុវជន និងឱកាសទទួលបានការងារ ការរៀបចំលក្ខខណ្ឌការងារដែលគិតគូរដល់កុមារ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ បរិយាបន្នឌីជីថល សុខភាព និងសុខុមាលភាព ព្រមទាំងការបង្កើតច្រកផ្លូវឲ្យវិស័យឯកជន ចូលរួមក្នុងគំនិតផ្តួចផ្តើមនានាដែលផ្តល់ផលប្រយោជន៍ដល់កុមារ និងសហគមន៍ងាយរងគ្រោះ។
កិច្ចសហប្រតិបត្តិការនេះត្រូវបានកសាងឡើងដោយផ្អែកលើ «សិទ្ធិកុមារ និងគោលការណ៍ធុរកិច្ច» ដែលជាក្របខ័ណ្ឌរៀបចំឡើងដោយយូនីសេហ្វ ដើម្បីណែនាំអាជីវកម្មក្នុងការគោរព និងគាំទ្រសិទ្ធិកុមារនៅគ្រប់កន្លែងធ្វើការ ទីផ្សារ សហគមន៍ និងគ្រប់គ្រប់មជ្ឈដ្ឋាន។ អនុស្សរណៈនេះបានកំណត់នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់គោលការណ៍ទាំងនេះ និងជំរុញឱ្យមានការអនុវត្តនៅទូទាំងសហគមន៍ធុរកិច្ចកម្ពុជា។ តាមរយៈការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ វេទិកាចែករំលែកចំណេះដឹង និងវគ្គបណ្តុះបណ្តាល យូនីសេហ្វ និង IBC នឹងជំរុញឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីការបញ្ចូលសិទ្ធិកុមារទៅក្នុង ប្រតិបត្តិការធុរកិច្ច និងការសម្រេចចិត្តប្រចាំថ្ងៃរបស់អាជីវកម្ម។ បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតឱកាសសម្រាប់ក្រុមហ៊ុននានាអាចចាប់ដៃគ្នាសាកល្បងដំណោះស្រាយថ្មីៗ និងធ្វើសកម្មភាពរួមគ្នា ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានាដែលកុមារ និងយុវជនកំពុងជួបប្រទះ។
###
អំពីសមាគមសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC)
IBC គឺជាសមាគមផ្អែកលើសមាជិកភាព ដែលតំណាងឱ្យក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុក ព្រមទាំងវិនិយោគិនដែលកំពុងប្រតិបត្តិការនៅប្រទេសកម្ពុជា។ បេសកកម្មចម្បងរបស់ IBC គឺលើកកម្ពស់ គាំទ្រ និងតំណាងឱ្យសមាជិករបស់ខ្លួន ដោយផ្តល់នូវវេទិកាសម្រាប់ការចែករំលែកចំណេះដឹង ចូលរួមប្រកបដោយការស្ថាបនាជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ធុរកិច្ចទាំងមូល ព្រមទាំងចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមនានាដែលគាំទ្រដល់ការវិនិយោគ ការអនុវត្តធុរកិច្ចប្រកបដោយទំនួលខុសត្រូវ និងការអភិវឌ្ឍសេដ្ឋកិច្ចជាបន្តបន្ទាប់របស់កម្ពុជា។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
ធនធានបន្ថែម
អំពីយូនីសេហ្វ
យូនីសេហ្វធ្វើការនៅតាមតំបន់លំបាកបំផុតមួយចំនួននៅក្នុងពិភពលោកដើម្បីគាំទ្រដល់កុមារដែលស្ថិតក្នុងស្ថានភាពលំបាក និងមានហានិភ័យខ្លាំងជាងគេ។ នៅក្នុងប្រទេស និងដែនដីចំនួនជាង ១៩០ យើងធ្វើការងារដើម្បីកុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកមួយប្រសើរជាងមុនសម្រាប់មនុស្សគ្រប់រូប។
សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងាររបស់យូនីសេហ្វនៅកម្ពុជា សូមចូលទៅកាន់៖ www.unicef.org.kh
សូមតាមដានយូនីសេហ្វប្រចាំកម្ពុជានៅលើ Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok