យូនីសេហ្វ និងមូលនិធិ ខេ អឹម អេច ចាប់ដៃគូគ្នាដើម្បីពង្រីកការអប់រំកុមារតូចនៅកម្ពុជា

យូនីសេហ្វ និងមូលនិធិ ខេ អឹម អេច ចាប់ដៃគូគ្នាដើម្បីពង្រីកការអប់រំកុមារតូចនៅកម្ពុជា

02 តុលា 2026
UNICEF and KMH Foundation
UNICEF Cambodia/2026/Bunsak But

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៦ — យូនីសេហ្វប្រចាំកម្ពុជា និងមូលនិធិ កាំង ម៉េងហ៊ុយ (មូលនិធិ ខេ អឹម អេច) ដែលជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ការឧបត្ថម្ភ ដើម្បីពង្រីកការទទួលបានការអប់រំកុមារតូចដែលមានសុវត្ថិភាព បរិយាបន្ន និងមានគុណភាព សម្រាប់កុមារតូចៗក្នុងសហគមន៍ដែលខ្វះខាត និងដាច់ស្រយាល។ ក្រោមកិច្ចសហការនេះ បន្ទប់សិក្សានៃសាលាមត្តេយ្យសហគមន៍ចំនួន ៦ នឹងត្រូវសាងសង់ឡើងនៅក្នុងខេត្តព្រះវិហារ និងខេត្តរតនគិរី ព្រមទាំងបំពាក់ដោយសម្ភារបង្រៀន និងរៀន គ្រឿងសង្ហារិម និងរៀបចំល្បែងក្រៅថ្នាក់នៅទីលានលេងសមស្របតាមអាយុ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កុមារអាយុពី ៣ ទៅ ៥ ឆ្នាំ ចំនួន ១៥០ នាក់ក្នុងមួយឆ្នាំៗ។ 

លោកស្រី ដាម៉ាច ម៉ាហា នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា «ការសិក្សាមូលដ្ឋានក្នុងវ័យកុមារតូច គឺជាគ្រឹះយ៉ាងសំខាន់សម្រាប់កុមារដើម្បីទទួលបានជោគជ័យនៅសាលារៀន និងពេញមួយជីវិតរបស់ពួកគេ ដោយបណ្តុះរបៀបដែលពួកគេរៀនសូត្រ ធំធាត់ និងរួមចំណែកដល់សហគមន៍ និងប្រទេសជាតិរបស់ពួកគេនាពេលអនាគត»។ លោកស្រីបានបន្ថែមថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ ខេ អឹម អេច សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ឱ្យកុមារតូចៗនូវការចាប់ផ្តើមដ៏រឹងមាំក្នុងជីវិត មិនថាពួកគេរស់នៅទីណាក៏ដោយ និងសម្រាប់ការវិនិយោគលើអនាគតមួយប្រកដោយសមធម៌ និងបរិយាបន្នជាងមុនសម្រាប់កម្ពុជា»។ 

នៅប្រទេសកម្ពុជា អត្រាចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យនៅទូទាំងប្រទេសនៅមានកម្រិតទាបនៅឡើយ ដោយមានកុមារអាយុពី ៣ ទៅ ៥ ឆ្នាំ ត្រឹមតែ ៤៣ ភាគរយប៉ុណោះដែលបានចូលរៀននៅសាលាមត្តេយ្យ ដែលធ្វើឱ្យកុមារជាច្រើនខ្វះមូលដ្ឋានគ្រឹះនៅពេលពួកគេចាប់ផ្តើមការសិក្សានៅបឋមសិក្សា និងបាត់បង់ឱកាសមាសនៃការអភិវឌ្ឍក្នុងវ័យកុមារតូច។ ការវិនិយោគលើការអភិវឌ្ឍកុមារតូច គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលមានប្រសិទ្ធភាពបំផុត ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ សម្រាប់រាជរដ្ឋាភិបាល ផលចំណេញផ្នែកសេដ្ឋកិច្ចអាចមានខ្ពស់រហូតដល់ ១៣ ដុល្លារអាមេរិក រាល់ ១ ដុល្លារអាមេរិក ដែលបានចំណាយលើអន្តរាគមន៍អភិវឌ្ឍកុមារតូច1។ 

លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ISI GROUP បានមានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងក្នុងការគាំទ្រសហគមន៍នានានៅទូទាំងប្រទេសកម្ពុជា»។ លោកបានបន្ថែមថា «តាមរយៈកិច្ចសហការជាមួយយូនីសេហ្វប្រចាំកម្ពុជា មូលនិធិ ខេ អឹម អេច មានមោទកភាពក្នុងការជួយពង្រីកការទទួលបានការអប់រំកុមារតូចដែលមានគុណភាព និងផ្តល់ឱ្យកុមារនៅក្នុងសហគមន៍ខ្វះខាត នូវការចាប់ផ្តើមជីវិតកាន់តែរឹងមាំ»។ 

សាលាមត្តេយ្យសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការសិក្សាមូលដ្ឋានដំបូងដល់កុមារតូចៗនៅតំបន់ជនបទ។ បច្ចុប្បន្ន ប្រទេសកម្ពុជាមានថ្នាក់មត្តេយ្យសហគមន៍ជាង ៤,៣០០ កន្លែងនៅទូទាំងប្រទេស ដែលសាលាភាគច្រើនកំពុងបម្រើសេវាដល់កុមារនៅក្នុងសហគមន៍ដាច់ស្រយាល និងខ្វះខាត។ ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅតែមានកម្រិតមិនស្មើគ្នា ដោយសាលាមួយចំនួនដំណើរការនៅក្នុងទីតាំងបណ្តោះអាសន្ន ឬមិនសមស្រប និងមិនមានធនធានគ្រប់គ្រាន់ ដែលធ្វើឱ្យមានការលំបាកក្នុងការផ្តល់បរិស្ថានប្រកបដោយសុវត្ថិភាព បរិយាបន្ន និងភាពរីករាយសម្រាប់ការរៀន និងលេងរបស់កុមារតូចៗ។ 

បន្ទប់សិក្សាថ្មីទាំង ៦ នឹងត្រូវសាងសង់ឡើងនៅក្នុងសហគមន៍ដាច់ស្រយាល ដែលខ្វះខាតអគារសាលាមត្តេយ្យស្តង់ដារ និងមានការទទួលបានសេវាមត្តេយ្យរដ្ឋនៅមានកម្រិត។ បន្ទប់សិក្សានីមួយៗនឹងត្រូវបំពាក់ដោយគ្រឿងសង្ហារិម និងធនធានសិក្សាចាំបាច់ រួមមាន តុ និងកៅអីទំហំសមស្របនឹងកុមារ ឧបករណ៍ល្បែងក្រៅថ្នាក់នៅទីលានលេង សម្ភារជំនួយការបង្រៀន និងសម្ភារអប់រំកុមារតូចសមស្របតាមអាយុ។ ធនធានទាំងនេះនឹងគាំទ្រដល់ការរៀនតាមរយៈការលេង និងជួយគ្រូបង្រៀនបង្កើតបរិយាកាសទាក់ទាញ ដែលកុមារអាចស្វែងយល់ និងអភិវឌ្ឍបំណិនសំខាន់ៗផ្នែកប្រាជ្ញា សង្គម អារម្មណ៍ និងចលនារាងកាយ។ 

កិច្ចអន្តរាគមន៍ទាំងនេះមានគោលបំណងរួមគ្នាក្នុងការបង្កើនការចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យក្នុងចំណោមកុមារអាយុពី ៣ ទៅ ៥ ឆ្នាំ នៅក្នុងតំបន់គោលដៅ ព្រមទាំងជួយធានាថាកុមារទទួលបានទីកន្លែងដែលមានសុវត្ថិភាព និងសម្ភារគ្រប់គ្រាន់សម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍ។ 

កិច្ចសហប្រតិបត្តិការនេះ ជាការបំពេញបន្ថែមដល់ការគាំទ្ររបស់យូនីសេហ្វ ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើនការចុះឈ្មោះចូលរៀន និងពង្រឹងគុណភាពនៃការអប់រំនៅសាលាមត្តេយ្យសហគមន៍នៅទូទាំងប្រទេស រួមទាំងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការផ្តល់សម្ភារបង្រៀន និងរៀនតាមរយៈការលេង។ 

### 

សូមទាញយករូបភាពនៅទីនេះ https://drive.google.com/drive/folders/1EosSDgSH-HNjKMv2GoqM5iFiqrsviTyy?usp=share_link 


1 Early Childhood Development - UNICEF Vision for Every Child.pdf, 2023 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: [email protected]
ចាន់ ទី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: [email protected]

អំពីយូនីសេហ្វ   

យូនីសេហ្វ​ធ្វើការ​នៅតាមតំបន់លំបាកបំផុត​មួយចំនួន​នៅក្នុងពិភពលោកដើម្បីគាំទ្រដល់កុមារដែលស្ថិតក្នុងស្ថានភាពលំបាក និងមានហានិភ័យខ្លាំងជាងគេ។ នៅក្នុងប្រទេស និងដែនដីចំនួនជាង ១៩០ យើងធ្វើការងារ​ដើម្បីកុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បី​កសាងពិភពលោក​មួយ​ប្រសើរជាងមុនសម្រាប់មនុស្ស​គ្រប់រូប។  

សម្រាប់ព័ត៌មានបន្ថែម​អំពីយូនីសេហ្វ និងការងាររបស់យូនីសេហ្វនៅកម្ពុជា សូមចូលទៅកាន់៖ www.unicef.org.kh   

សូមតាមដាន​យូនីសេហ្វប្រចាំកម្ពុជានៅលើ Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok 

 អំពី មូលនិធិ ខេ អឹម អេច 

មូលនិធិ ខេ អឹម អេច គឺជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដើម្បីឧទ្ទិសដល់ដល់ស្ថាបនិករបស់ក្រុមហ៊ុន គឺ លោកឧកញ៉ា កាំង ម៉េងហ៊ុយ។ មូលនិធិនេះដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ISI GROUP ក្នុងការឆ្លើយតប និងជួយត្រឡប់ទៅកាន់សហគមន៍ដែលក្រុមហ៊ុនកំពុងប្រតិបត្តិការ ដោយផ្តោតលើវិស័យសំខាន់ៗរួមមាន ការអប់រំ បរិស្ថាន សុខាភិបាល និងកីឡា។ តាមរយៈមូលនិធិ ខេ អឹម អេច ក្រុមហ៊ុន ISI GROUP បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបង្កើតតម្លៃបន្ថែមសម្រាប់បុគ្គលិក សហគមន៍ និងប្រទេសកម្ពុជា។ 

សម្រាប់ព័ត៌មានបន្ថែមអំពី មូលនិធិ ខេ អឹម អេច សូមចូលទៅកាន់៖ www.isigroup.com.kh 

តាមដាន មូលនិធិ ខេ អឹម អេច លើបណ្តាញសង្គម៖ Facebook | YouTube | LinkedIn 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 

លោក រិទ្ធី ឧត្តម – ជំនួយការអ្នកគ្រប់គ្រង ផ្នែកម៉ាកសញ្ញា និងទំនាក់ទំនង | ISI GROUP 

អ៊ីមែល៖ [email protected] – ទូរស័ព្ទ៖ 087 363 388 

លោក ម៉ម មុនីទេព – អ្នកគ្រប់គ្រងទំនាក់ទំនងសាជីវកម្ម និងការទទួលខុសត្រូវសង្គម | ISI GROUP 

អ៊ីមែល៖ [email protected] – ទូរស័ព្ទ៖ 010 902 555