សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

រៀនធ្វើជាអាណាព្យាបាលល្អសម្រាប់កុមារ ទោះស្ថិតក្នុងស្ថានភាពភៀសសឹក

ការភៀសសឹកធ្វើឲ្យក្រុមគ្រួសារជាច្រើនប្រឈមមុខកាន់តែខ្លាំងក្នុងការថែទាំកូនតូចៗ។​ យូនីសេហ្វបានផ្តល់ការគាំទ្រឲ្យឪពុកម្តាយភៀសសឹក ស្វែងយល់ពីរបៀបក្នុងការថែទាំកុមារឲ្យល្អ ដើម្បីជួយដល់ការលូតលាស់របស់កុមារឲ្យកាន់តែប្រសើរ មិនថាស្ថិតក្នុងស្ថានភាពបែបណា។

SeavIng Cho
© UNICEF Cambodia/2026/Bunsak But
UNICEF Cambodia/2026/Bunsak But
13 ឧសភា 2026

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ខេត្តសៀមរាប – នៅក្រោមតង់ពណ៌ខៀវតូចមួយក្នុងវត្តសំពៅលូន ឪពុកម្តាយប្រមាណ ៥០នាក់ បានមកជួបជុំគ្នាដើម្បីចូលរួមក្នុងវគ្គអប់រំស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន។ នាព្រឹកនោះ ពួកគេបានអង្គុយប្រជ្រៀតគ្នានៅលើតង់ដែលក្រាលផ្ទាល់នឹងដី ខណៈអ្នកខ្លះទៀតដែលមកក្រោយ បាននាំគ្នាអង្គុយនៅលើផ្ទាំងកៅស៊ូនៅខាងក្រៅតង់ ដើម្បីតាមដានស្តាប់ការណែនាំ។

នៅក្បែរៗពួកគេនោះ មានកុមារតូចៗ ខ្លះដើរចេញចូលចុះឡើង ខ្លះទៀតអង្គុយគូររូបផាត់ រីឯខ្លះទៀត

បានទាញដៃអាវម្តាយឪពុករបស់ពួកគេដើម្បីសុំនំចំណី ឬទាមទារចំណាប់អារម្មណ៍តាមរបៀបក្មេងតូចៗ។ 

A young boy draws while his parent listens to a parenting session nearby supported by MoEYS and UNICEF.
UNICEF Cambodia/2026/Bunsak But តថភាពនៃការធ្វើសេចក្តីណែនាំ​ អំពីការអប់រំមាតាបិតា ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ និងគាំទ្រដោយយូនីសេហ្វ។

ក្នុងចំណោមក្រុមមាតាបិតាទាំងនោះ មានមនុស្សស្រីវ័យកណ្តាលម្នាក់ឈ្មោះ ថន ចាន់ អាយុ ៤៩ឆ្នាំ ជាម្តាយដែលមានកូនប្រុសតូចអាយុ ៥ឆ្នាំ។ គាត់បានអង្គុយស្តាប់ការណែនាំបណ្តើរ ភ្នែករំពៃមើលកូនប្រុសដែលលេងនៅក្បែរនោះបណ្តើរ។ កាលពីប៉ុន្មានសប្តាហ៍មុនវគ្គចែករំលែកចំណេះដឹងនេះ គាត់មិនបានស្ថិតនៅក្នុងបរិវេណទេ។ គាត់បានរស់នៅក្នុងផ្ទះរបស់គាត់ ដែលស្ថិតនៅភូមិផ្អុងក្បែរច្រកអូរស្មាច់ ជាប់ព្រំដែនកម្ពុជា-ថៃ។

វត្តអារាមដែលធ្លាប់តែជាកន្លែងសក្ការបូជា ឥឡូវនេះបានក្លាយជាជម្រកបណ្តោះអាសន្នសម្រាប់គ្រួសារភៀសសឹកដូចជាអ្នកស្រី ចាន់ ដែលបានភៀសសឹកពីផ្ទះសម្បែង បន្ទាប់ពីមានការផ្ទុះអាវុធនៅតាមព្រំដែនកាលពីចុងខែកក្កដា និងម្តងទៀតក្នុងខែធ្នូ ឆ្នាំ២០២៥។ គ្រួសារជាច្រើនត្រូវបង្ខំចិត្តចាកចេញពីភូមិឋានរបស់ពួកគេ ទាំងគ្មានពេលគ្រប់គ្រាន់ដើម្បីត្រៀមខ្លួន។

ក្រុមគ្រួសារខ្លះ គឺដូចជាគ្រួសាររបស់អ្នកស្រី ចាន់ ដែរ គឺពួកគេបានត្រឡប់ទៅផ្ទះវិញមួយរយៈពេលខ្លី ប៉ុន្តែចុងក្រោយត្រូវបង្ខំចិត្តមករស់នៅភៀសសឹកម្តងទៀត ក្នុងសភាពការដែលមានភាពតានតឹង។  អ្នកស្រី ចាន់ បានរៀបរាប់ថា គ្រួសារគាត់រស់នៅក្នុងភាពប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងបានរៀបរាប់ថា៖ «យើងបានត្រៀមខ្លួនតាំងពីល្ងាចម្ល៉េះ[នៅថ្ងៃភៀសសឹកមក] ដូច្នេះយើងមានការប្រុងប្រយ័ត្នណាស់។ ឱ្យតែឮសូរគ្រាប់ភ្លាម គឺយើងរត់ភ្លាមតែម្តង។»

កូនប្រុសតូចរបស់គាត់ក៏ចាំព្រឹត្តិការណ៍ទាំងនោះច្បាស់ដែរ គេប្រាប់ម្តាយថាសំឡេងគ្រាប់លឺខ្លាំង និងគួរឱ្យខ្លាច។ ឥឡូវនេះ ពេលគេរស់នៅជំរំភៀសសឹកនៅទីនេះ គេបានសួរម្តាយគេជារឿយៗថា៖ «ម៉ាក់... កាលណាបានយើងទៅផ្ទះវិញ?»

Thon Chan, 49, with her five-year-old son, Meng Ang, in front of temporary displacement tents.
UNICEF Cambodia/2026/Seavhong Liv អ្នកស្រី ថន ចាន់ អាយុ ៤៩ឆ្នាំ ជាមួយកូនប្រុសអាយុ ៥ឆ្នាំ ឈ្មោះ ម៉េង អ័ង នៅពីមុខតង់ស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួន។

នៅក្នុងតង់ គ្រូបង្គោលបានណែនាំ និងដឹកនាំការពិភាក្សាអំពីការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន។ ប្រធានបទនេះមើលទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែវាមានសារៈសំខាន់បំផុតសម្រាប់ឪពុកម្តាយ ដូចជាពួកគេក្នុងស្ថានភាពបែបនេះ។

វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកិច្ចឆ្លើយតបយ៉ាងទូលំទូលាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីយូនីសេហ្វ។ វាជួយឱ្យអាណាព្យាបាលយល់ដឹងពីការលូតលាស់របស់កុមារ ការរៀនសូត្រ និងការបង្ហាញសកម្មភាពតូចតាចប្រចាំថ្ងៃដែលអាចជួយដល់ការអភិវឌ្ឍន៍របស់កុមារ។

នៅពេលដែលជម្លោះព្រំដែនមានតានតឹងខ្ពស់ វាបានបង្ខំឱ្យមនុស្សរាប់សែននាក់ត្រូវភៀសសឹក និងបានប៉ះពាល់ដល់ខេត្តចំនួនប្រាំពីរនៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមអ្នកភៀសខ្លួនជាង ៦០០ ០០០នាក់ មានជិតមួយភាគបីជាកុមារ ហើយក្នុងចំណោមនោះ ម្នាក់ក្នុងចំណោមដប់នាក់ គឺជាក្មេងអាយុក្រោម ៦ឆ្នាំ។ សម្រាប់កុមារតូចៗ ការភៀសសឹករយៈពេលយូរបានធ្វើឱ្យរំខានដល់ការរស់នៅប្រចាំថ្ងៃ និងប៉ះពាល់ដល់បរិយាកាសដែលកុមារត្រូវការសម្រាប់ការលូតលាស់។

ដើម្បីឱ្យការរៀនសូត្ររបស់កុមារអាចបន្តទៅមុខបាន រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយយូនីសេហ្វ បានបង្កើតថ្នាក់សិក្សាបណ្តោះអាសន្នសម្រាប់ការអប់រំកុមារតូចនៅតាមទីតាំងជំរំភៀសសឹកនានា។ អំឡុងពេលនៃភាពតានតឹងតាមព្រំដែននេះដែរ ថ្នាក់សិក្សាបែបជំរំបណ្តោះអាសន្ននេះ ត្រូវបានបង្កើតចំនួន ១២៩ កន្លែង និងបានដាក់តាមបណ្តាខេត្តប៉ះពាល់ទាំងប្រាំពីរ ដើម្បីផ្តល់ជាកន្លែងសុវត្ថិភាពសម្រាប់កុមារក្នុងការរៀន និងលេង។

តង់ និងរោងសាមញ្ញៗបានក្លាយជាថ្នាក់រៀនបណ្តោះអាសន្នសម្រាប់កុមារ។ លោកគ្រូអ្នកគ្រូក៏បានកែសម្រួលកាលវិភាគរបស់ខ្លួន ដោយឆ្លាស់គ្នារវាងការបង្រៀននៅសាលារដ្ឋ និងការបង្រៀននៅតាមកន្លែងភៀសសឹក ដូចជាករណីនៅខេត្តសៀមរាបនេះជាដើម។

តាមរយៈជំនួយឧបត្ថម្ភពីយូនីសេហ្វអាល្លឺម៉ង់ និងរដ្ឋាភិបាលអូស្ត្រាលី យូនីសេហ្វបានគាំទ្រដល់មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត​nដើម្បីគាំទ្រទៅដល់ចំណាត់ការចាំបាច់របស់មន្ទីរអប់រំដើម្បីបង្កើតថ្នាក់សិក្សាបណ្តោះអាសន្នសម្រាប់កុមារតូចឲ្យបានឆាប់រហ័ស។

បន្ថែមពីនេះ ក៏មានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) ដែលបានគាំទ្រក្នុងការផ្តល់សម្ភារអប់រំកុមារតូចចំនួន ៤១៧ ឈុត ដល់កុមារប្រមាណ ១២ ០០០ នាក់។ ក្នុងឈុតនីមួយៗមានសម្ភារសិក្សា និងឧបករណ៍សម្រាប់ជំនួយជាល្បែងកម្សាន្ត ដែលជួយជំរុញឱ្យកុមារមានភាពរស់រវើក និងការចងចាំល្អ ដែលមានសារសំខាន់ខ្ពស់សម្រាប់ការអភិវឌ្ឍន៍របស់កុមារតូច។

ដោយឡែក ក៏នៅមានឪពុកម្តាយមួយចំនួនដែលនៅតែខកខានក្នុងការបញ្ជូនកូនទៅរៀននៅថ្នាក់សិក្សាបណ្តោះនេះនៅឡើយ ដោយសារពួកគេនៅមិនទាន់យល់ច្បាស់ពីសារៈសំខាន់នៃការអប់រំកុមារតូច។ ពួកគេខ្លះ​​ បានផ្តល់ឲ្យកូនតូចនូវទូរស័ព្ទដៃដើម្បីឱ្យកូននៅស្ងៀម ដែលវាកាត់បន្ថយការចំណាយពេលលេងជាមួយកូន។ ម្យ៉ាងវិញទៀត សម្ពាធផ្លូវចិត្តពីការភៀសសឹក ការភ័យខ្លាច និងភាពមិនច្បាស់លាស់នៃអនាគត ក៏ធ្វើឱ្យការមើលថែទាំកុមារឲ្យបានដិតដល់ជួបការលំបាកផងដែរ។

មានឪពុកម្តាយខ្លះទៀត​ បានឲ្យកូនៗរបស់ពួកគេនៅជិតៗតង់ស្នាក់បណ្តោះអាស​ន្ន ដើម្បីរង់ចាំការទទួលជំនួយ។ 

Thon Sina, Deputy Director of Education, Youth and Sport, conducts a Nurturing Care Parenting Session for displaced parents at a temporary learning space in Sampov Loun Pagoda, Siem Reap.
UNICEF Cambodia/2026/Bunsak But លោកស្រី ថន សុីណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា កំពុងធ្វើសេចក្តីណែនាំ ក្នុងវគ្គអប់រំមាតាបិតា ជូនដល់អាណាព្យាបាលដែលកំពុងរស់នៅក្នុងជំរំភៀសសឹក នៅឯថ្នាក់អប់រំកុមារតូចបណ្តោះអាសន្ន ក្នុងវត្តសំពៅលូន ខេត្តសៀមរាប។

អ្នកស្រី ថន សុីណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលជាគ្រូបង្គោលម្នាក់ ក្នុងវគ្គអប់រំមាតាបិតានេះ បានសង្កេតឃើញថា៖ «បើពួកគាត់បញ្ជូនកូនទៅសាលារដ្ឋ កូនគាត់អាចនឹងខកខានមិនបានទទួលអំណោយ ឬជំនួយដែលមកដល់។ ជាធម្មតា អំណោយតែងតែមកដល់ ២ ឬ ៣ ដងក្នុងមួយថ្ងៃ ហើយពេលចែកម្តងៗ គេតែងតែរាប់ចំនួនមនុស្ស។»

ហេតុនេះហើយ ទើបវគ្គអប់រំមាតាបិតានេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ដំបូន្មានជាក់ស្តែងដល់អាណាព្យាបាល ក្នុងការជ្រោមជ្រែង និងថែទាំកុមារ ជាពិសេសលើផ្នែកសិក្សា អនាម័យ សុខភាព អាហារូបត្ថម្ភ និងការប្រៀនប្រដៅកូនតាមបែបវិជ្ជមាន ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។

អ្នកស្រី ចាន់ ក៏ជាម្តាយមួយរូបដែលជានិច្ចកាលទទួលរងសម្ពាធពីការចិញ្ចឹមបីបាច់ថែរក្សាកូន ដូចទៅនឹងម្តាយឪពុកដទៃដែរ។ ជាពិសេស នៅពេលកូនប្រុសតូចរបស់គាត់រករឿងតាមបែបក្មេង គាត់ច្រើនតែពិបាកទប់អារម្មណ៍។ គាត់និយាយទាំងអួលដើមកថា៖ «ពេលខ្ញុំខឹងខ្លាំង ខ្ញុំក៏ធ្លាប់វាយគាត់ដែរ។ ប៉ុន្តែក្រោយស្តាប់ការណែនាំព្រឹកនេះ ខ្ញុំយល់ថា ខ្ញុំត្រូវតែផ្លាស់ប្តូរ។»

បំណងប្រាថ្នារបស់គាត់ពេលនេះ គឺចង់ចាប់ផ្តើមពីការផ្លាស់ប្តូរតូចៗមុន។ គាត់បានបន្ថែមថា៖ «ខ្ញុំចង់បង្រៀនគាត់។ ទោះខ្ញុំមិនសូវចេះអក្សរមែន ប៉ុន្តែខ្ញុំត្រូវតែបង្រៀនគាត់ឱ្យស្គាល់អក្សរម្តង ហោចណាស់ឲ្យបានម្តងមួយតួៗ និងចេះរាប់លេខ រាប់ម្រាមដៃម្រាមជើង។»

អង្គុយមិនឆ្ងាយប៉ុន្មានពីអ្នកស្រី ចាន់ គឺអ្នកស្រី ទូច លួត អាយុ ៤០ឆ្នាំ ជាកសិករមកពីឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ដែលក៏ជាជនភៀសសឹកដែលកំពុងស្នាក់នៅវត្តនេះដែរ។ ពីមុនមក គាត់ក៏ធ្លាប់បង្រៀនកូនឱ្យគូររូប និងរាប់លេខខ្លះដែរ ប៉ុន្តែមិនសូវបានទៀងទាត់ទេ ព្រោះរវល់តែការងារស្រែចម្ការ។ 

Touch Luot, 40, a mother living at Sampov Loun Pagoda displacement site, holds a smart home kit used in nurturing care parenting sessions to show how parents can better care for their young children.
UNICEF Cambodia/2026/Seavhong Liv អ្នកស្រី ទូច លួត អាយុ ៤០ឆ្នាំ ជាម្តាយម្នាក់ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តសំពៅលូន កំពុងកាន់ឧបករណ៍ផ្ទះឆ្លាតវៃ (Smart Home Kit) ដែលជាឧបករណ៍បង្ហាញផ្លូវពីរបៀបដែលអាណាព្យាបាលអាចមើលថែទាំកូនតូចៗរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។

ក្រោយចប់វគ្គអប់រំ អ្នកស្រីនិយាយដោយក្តីសង្ឃឹមថា៖ «ឥឡូវនេះខ្ញុំតាំងចិត្តហើយ។ ពេលត្រឡប់ទៅវិញ ខ្ញុំនឹងនាំកូនលេងឱ្យបានច្រើន និងទិញប្រដាប់ក្មេងលេងឱ្យគេ ព្រោះកូនខ្ញុំចូលចិត្តលេងណាស់»។ គាត់បន្ថែមទៀតថា៖ «ខ្ញុំចង់ចិញ្ចឹមកូនឱ្យបានរៀនសូត្រខ្ពង់ខ្ពស់ ឱ្យគេឆ្លាត និងមានចំណេះដឹង»។

រឿងរ៉ាវស្រដៀងគ្នានេះ ក៏បាននិងកំពុងកើតឡើងនៅតាមជំរំភៀសសឹកដទៃទៀត។ សម្រាប់គ្រួសារជាច្រើន ការផ្លាស់ប្តូរដើម្បីក្លាយជាអាណាព្យាបាលដ៏ល្អ កំពុងតែចាប់ផ្ដើមលេចរូបរាងឡើងជាសន្សឹមៗ តាមរយៈការលះបង់ទម្លាប់ចាស់ និងការខិតខំកែប្រែបន្តិចម្តងៗរបស់អាណាព្យាបាលកុមារ។ ពិតណាស់ សម្រាប់អនាគតកុមារ គឺផ្ដើមចេញពីសកម្មភាពតូចតាចដែលឪពុកម្តាយផ្តល់ឱ្យពួកគេជារៀងរាល់ថ្ងៃ ដែលជាគ្រឹះយ៉ាងរឹងមាំជួយជ្រោមជ្រែងដល់ការលូតលាស់ ការរៀនសូត្រ និងការអភិវឌ្ឍន៍របស់កុមារ មិនថាពួកគេស្ថិតក្នុងកាលៈទេសៈណានោះទេ។