ក្នុងឱកាសទិវាកុមារអន្តរជាតិ យូនីសេហ្វកម្ពុជា តែងតាំងកញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈ ព្រមទាំងអំពាវនាវស្វែងរកការគាំទ្រជាបន្ទាន់សម្រាប់កុមាររងគ្រោះដោយវិបត្តិ
- English
- Khmer
ភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ - ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ យូនីសេហ្វប្រចាំកម្ពុជា បានប្រកាសតែងតាំង កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈដំបូងបង្អស់របស់ខ្លួន កាលពីម្សិលមិញនេះ។ ទន្ទឹមនឹងនេះ យូនីសេហ្វក៏បានអំពាវនាវជាថ្មីដល់សាធារណជន និងវិស័យឯកជន ឱ្យចូលរួមគាំទ្រដើម្បីបំពេញកង្វះខាតថវិកាដ៏សំខាន់ ដែលកំពុងប៉ះពាល់ដល់កុមារ និងក្រុមគ្រួសារងាយរងគ្រោះនៅកម្ពុជា។
ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងកម្មវិធី “រួមគ្នាដើម្បីកុមារគ្រប់រូប” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍សង្កត់ធ្ងន់ថា សម្រាប់កុមារ សន្តិភាព គឺជាសុវត្ថិភាពនៅក្នុងគ្រួសារ និងជាឱកាសដែលកុមារអាចបានទៅសាលារៀន ជាស្នាមញញឹម ជាការលូតលាស់ដោយគ្មានការភ័យខ្លាច និងជាក្តីសង្ឃឹមសម្រាប់អនាគត។ ជាក់ស្តែង ផលវិបាកនៃសង្គ្រាមដែលកើតឡើងនាពេលកន្លងមកបាននាំឱ្យកុមារកម្ពុជាជាច្រើនត្រូវព្រាត់គ្រួសារ បាត់បង់លំនៅឋាន សាលារៀន សេវាសាធារណៈនានា ដែលធ្វើឱ្យឱកាសរស់របស់កុមាររងគ្រោះត្រូវកាត់ផ្តាច់យ៉ាងធំធេង។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរជូនអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ក្នុងការគាំទ្រដល់សុខភាព អាហារូបត្ថម្ភ ការអប់រំ ការការពារ ទឹកស្អាត អនាម័យ និងសុខុមាលភាពរបស់កុមារ។ ជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កុមារជាច្រើនទទួលបានឱកាសរៀនសូត្រ សេវាសុខភាពល្អ និងការយកចិត្តទុកដាក់យ៉ាងដិតដល់។
ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ពីវឌ្ឍនភាព ព្រមទាំងបញ្ហាប្រឈមចំពោះមុខដែលកុមារកម្ពុជាកំពុងជួបប្រទះ ជាពិសេសកុមារដែលរងផលប៉ះពាល់ដោយគ្រាអាសន្ន រួមទាំងវិបត្តិតាមព្រំដែននាពេលថ្មីៗនេះ ដែលបានរំខានដល់ការទទួលបានការអប់រំ សេវាថែទាំសុខភាព ការគាំពារ និងស្ថិរភាពគ្រួសារ។ កម្មវិធីនេះបានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល សិល្បករ សិល្បការិនី ដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំវិស័យឯកជន អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងយុវជន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការស្តារឡើងវិញ និងការលើកកម្ពស់សុខុមាលភាពរយៈពេលវែងរបស់កុមារ។
ការតែងតាំង កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈរបស់យូនីសេហ្វកម្ពុជា នឹងជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិ និងការកៀរគរថវិការបស់យូនីសេហ្វនៅក្នុងដំណាក់កាលដ៏សំខាន់នេះ។
កញ្ញា ស៊ីន យូប៊ីន ទូតសុច្ឆន្ទៈយូនីសេហ្វកម្ពុជា បានចែករំលែកថា៖ “វាជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់នាងខ្ញុំ ដែលបានទទួលតួនាទីនេះចំឱកាសទិវាកុមារអន្តរជាតិ។ នាងខ្ញុំធ្លាប់បានជួបកុមារ មាតាបិតា និងក្រុមគ្រួសារ ដែលជីវិតរបស់ពួកគេត្រូវបានរំខានដោយសារវិបត្តិ ហើយនាងខ្ញុំបានឃើញផ្ទាល់ភ្នែកថា ការគាំទ្រទាន់ពេលវេលាពិតជាអាចផ្លាស់ប្តូរជីវិតពួកគេបាន។ កុមារគ្រប់រូបមានសិទ្ធិទទួលបានការសិក្សានៅសាលារៀនប្រកបដោយសុវត្ថិភាព ទទួលបានសេវាថែទាំសុខភាពមានគុណភាព និងធំធាត់ឡើងដោយជៀសផុតពីអំពើហិង្សា។ នាងខ្ញុំប្តេជ្ញាប្រើប្រាស់សំឡេងរបស់ខ្លួន ដើម្បីលើកទឹកចិត្តឱ្យមានសាមគ្គីភាព និងការគាំទ្រដល់កុមារដែលកំពុងត្រូវការជំនួយបំផុត។”
កញ្ញា ស៊ីន យូប៊ីន គឺជាតារាសម្តែងកម្ពុជាម្នាក់ ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ បន្ទាប់ពីបានឈ្នះពានរង្វាន់ក្នុងកម្មវិធីប្រឡងសមត្ថភាព Freshie Girls & Boys ក្នុងឆ្នាំ២០១៤ ដែលជួយឲ្យកញ្ញាទទួលបានតួនាទីជាតួឯកស្រីជាលើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍។ ចាប់តាំងពីពេលនោះមក កញ្ញាបានកសាងអាជីពយ៉ាងរឹងមាំនៅក្នុងវិស័យភាពយន្ត និងទូរទស្សន៍ ដោយទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនលើស្នាដៃសម្តែងជាច្រើន។ កញ្ញាក៏ទទួលបានការទទួលស្គាល់ជាអន្តរជាតិផងដែរ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ធំៗកម្រិតពិភពលោក រួមទាំងមហោស្រពភាពយន្តទីក្រុងកាន (Cannes Film Festival) ដែលជាទីកន្លែងដែលកញ្ញាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលកញ្ញាតំណាងឲ្យប្រទេសកម្ពុជា។ នៅដើមឆ្នាំនេះ កញ្ញាត្រូវបានតែងតាំងជាទូតសុច្ឆនៈវប្បធម៌កម្ពុជាសម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ី (Asian Art Film Festival) ផងដែរ។
ចាប់តាំងពីឆ្នាំ២០២២ មក កញ្ញា ស៊ីន យូប៊ីន បានធ្វើការយ៉ាងជិតស្និទ្ធជាមួយយូនីសេហ្វ ដោយបានចូលរួមគាំទ្រដល់ការតស៊ូមតិជុំវិញសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ការអប់រំ ការថែទាំសុខភាព ការអបអរទិវាកុមារពិភពលោក និងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការខិតខំប្រឹងប្រែងកៀរគរថវិកា ដើម្បីជួយដល់កុមារ និងក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយសារវិបត្តិផ្សេងៗក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ការតែងតាំង កញ្ញា ស៊ីន យូប៊ីន ធ្វើឡើងចំពេលដែលកុមារត្រូវការអ្នកតស៊ូមតិខ្លាំងជាងពេលណាៗទាំងអស់។ កិត្តិនាម ទឹកចិត្តសប្បុរស និងសមត្ថភាពរបស់កញ្ញាក្នុងការកៀរគរការគាំទ្រពីសាធារណជន នឹងជួយឱ្យយូនីសេហ្វអាចជួយកុមារបានកាន់តែច្រើន ព្រមទាំងជំរុញឱ្យមានការវិនិយោគកាន់តែធំធេងលើការស្តារឡើងវិញ និងអនាគតរបស់ពួកគេ។”
កន្លងមក យូនីសេហ្វបានឆ្លើយតបយ៉ាងទាន់ពេលវេលា ដើម្បីជួយគាំទ្រដល់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយវិបត្តិតាមព្រំដែន ដោយបានផ្តល់សម្ភារសង្គ្រោះជីវិតជាង ៨០០ តោន សម្រាប់សេវាការពារ ការបន្តការសិក្សា ការគាំទ្រផ្នែកសុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ព្រមទាំងការថែទាំសុខភាពផ្លូវចិត្ត។ ទោះជាយ៉ាងណាក៏ដោយ កង្វះខាតថវិកាដ៏សំខាន់ចំនួនជាង ២ លានដុល្លារអាមេរិក កំពុងគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ និងនិរន្តរភាពនៃសេវាចាំបាច់សម្រាប់កុមារ។ យូនីសេហ្វកម្ពុជា សូមអំពាវនាវដល់សាធារណជនគ្រប់រូប អាជីវកម្ម និងដៃគូទាំងអស់ ចូលរួមបំពេញកង្វះខាតនេះ និងគាំទ្រដល់កម្មវិធីស្នូលនានារបស់យូនីសេហ្វ ដើម្បីធានាថាកុមារអាចស្តារខ្លួនឡើងវិញដោយសុវត្ថិភាព និងកសាងអនាគតដ៏ប្រសើរ។ ការចូលរួមចំណែករបស់លោកអ្នក នឹងជួយធានាថាកុមារដែលរងគ្រោះដោយវិបត្តិអាចរស់រាន រៀនសូត្រ និងរីកចម្រើន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
យូនីសេហ្វ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមសិល្បករខ្មែរ សម្រាប់ការគាំទ្រដ៏មានតម្លៃក្នុងការរៀបចំកម្មវិធីនេះ។ យូនីសេហ្វនៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីការពារសិទ្ធិកុមារគ្រប់រូប ជាពិសេសកុមារដែលងាយរងគ្រោះបំផុត ដើម្បីធានាថាមិនមានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ។
មើលរូបថតបន្ថែមទៀតនៅទីនេះ
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អំពីយូនីសេហ្វ (UNICEF)
យូនីសេហ្វ បំពេញការងារនៅតាមតំបន់ដែលជួបការលំបាកបំផុតមួយចំនួននៅលើពិភពលោក ដើម្បីទៅដល់កុមារដែលជួបការលំបាកបំផុតក្នុងលោក។ នៅទូទាំងជាង ១៩០ ប្រទេស យើងធ្វើការដើម្បីកុមារគ្រប់រូប នៅគ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកដ៏ល្អប្រសើរមួយសម្រាប់មនុស្សគ្រប់គ្នា។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងាររបស់ខ្លួននៅកម្ពុជា សូមចូលទៅកាន់៖ www.unicef.org.kh។
Follow UNICEF in Cambodia on Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok