សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

យូនីសេហ្វ និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា សហការគ្នាដើម្បីលើកកម្ពស់សិទ្ធិកុមារតាមរយៈការធ្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវ

03 ធ្នូ 2025
UNICEF and EuroCham Cambodia Partner to Champion Children’s Rights Through Responsible Business
UNICEF Cambodia/2025/Bunsak But

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ – នៅថ្ងៃនេះ យូនីសេហ្វ និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រយៈពេល ៣ឆ្នាំ (២០២៥-២០២៨) ដើម្បីពង្រឹងការចូលរួមរបស់វិស័យឯកជន ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ។

ភាពជាដៃគូនេះ កៀរគរបណ្តាញធុរកិច្ចដ៏ទូលំទូលាយរបស់ EuroCham និងជំនាញបច្ចេកទេសរបស់យូនីសេហ្វ ដើម្បីលើកកម្ពស់ការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ ការគិតគូរពីកុមារ និងចីរភាព ដែលជួយជំរុញវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)ជាពិសេសគោលដៅដែលទាក់ទងនឹងសិទ្ធិកុមារ ការអប់រំ ទឹកស្អាត អនាម័យ សុខភាព និងអាហារូបត្ថម្ភ ការប្រែប្រួលអាកាសធាតុ បរិវត្តកម្មឌីជីថល បរិយាបន្នពិការភាព សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់យុវជន។

លោកបណ្ឌិត វីល​ ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ជាមួយនឹងធនធាន និងជំនាញដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន អាជីវកម្មនានាមានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងការកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងចីរភាពជាងមុនសម្រាប់កុមារគ្រប់រូប»។ លោកបានបន្តថា៖ «យើងមានមោទកភាពក្នុងការសហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុប នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ តាមរយៈការសហការគ្នាយ៉ាងជិតស្និទ្ធ និងការដាក់សិទ្ធិកុមារជាអាទិភាពនៃការអនុវត្តធុរកិច្ចប្រកបដោយចីរភាព យើងអាចបង្កើតគំនិតថ្មី ពង្រីកដំណោះស្រាយរបស់យើង ឈានទៅរកទីផ្សារថ្មី និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដើម្បីជួយឱ្យយុវជនជំនាន់ក្រោយរបស់កម្ពុជា អាចបញ្ចេញសក្តានុពលរបស់ពួកគេបានពេញលេញ»។

លោក Martin Brisson នាយកប្រតិបត្តិសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា «សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា មានមោទកភាពចំពោះភាពជាដៃគូជាមួយយូនីសេហ្វ ដែលនឹងជួយពង្រឹងការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការលើកកម្ពស់ការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ។ តាមរយៈការលើកកម្ពស់ការយល់ដឹងរួមគ្នា ការចូលរួមផ្នែកគោលនយោបាយ និងការកសាងសមត្ថភាព យើងនឹងផ្តល់លទ្ធភាពដល់សមាជិករបស់យើងក្លាយជាអ្នកដឹកនាំគំរូ។ កិច្ចសហប្រតិបត្តិការនេះនឹងជួយយើងក្នុងការជំរុញសកម្មភាពរួម កៀរគរជំនាញឯកទេស និងបង្កើតបរិយាកាសអំណោយផលកាន់តែប្រសើរ ដើម្បីឱ្យយុវជនកម្ពុជាមានការរីកចម្រើនលូតលាស់»។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ យូនីសេហ្វ និង EuroCham មានគោលបំណងកៀរគរវិស័យឯកជន ឱ្យក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពលនៃការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់កុមារ និងយុវជន តាមរយៈការបញ្ជ្រាបសិទ្ធិកុមារទៅក្នុងយុទ្ធសាស្ត្រស្នូលនៃអាជីវកម្ម ការវិនិយោគ និងប្រតិបត្តិការការងារ។

នៅក្នុងភាពជាដៃគូនេះ សមាជិករបស់ EuroCham នឹងត្រូវបានលើកទឹកចិត្ត និងគាំទ្រឱ្យចូលរួមចំណែកក្នុងកម្មវិធីរបស់យូនីសេហ្វ តាមរយៈការធ្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវ ការវិនិយោគដែលគិតគូរពីកុមារ និងការអនុវត្តប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការនេះ ក៏មានគោលបំណងលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍ធុរកិច្ច អំពីសិទ្ធិកុមារ និងឥរិយាបថសាជីវកម្មដែលមានការទទួលខុសត្រូវ ដែលស្របតាមស្តង់ដារចីរភាព និងការពិនិត្យផ្ទៀងផ្ទាត់ហ្មត់ចត់ (due-diligence) របស់សហភាពអឺរ៉ុប។

លើសពីនេះ ភាពជាដៃគូនេះនឹងបង្កើតឱកាសសម្រាប់សកម្មភាពរួមគ្នា រួមទាំងតាមរយៈគំនិតផ្តួចផ្តើមផ្តល់ភាពអង់អាចដល់យុវជន សកម្មភាពកសាងសមត្ថភាព និងការអភិវឌ្ឍគោលការណ៍ណែនាំរួម ព្រមទាំងឧបករណ៍ធុរកិច្ច ដែលជួយប្រែក្លាយគោលការណ៍សិទ្ធិកុមារឱ្យទៅជាសកម្មភាពជាក់ស្តែង។

 


អំពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយសមាគមធុរកិច្ចបារាំង អាល្លឺម៉ង់ និងអង់គ្លេសប្រចាំកម្ពុជា ដើម្បីបម្រើជាសភាពាណិជ្ជកម្មផ្លូវការរបស់សហគមន៍ធុរកិច្ចអឺរ៉ុបក្នុងព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីពេលនោះមក EuroCham បានរីកចម្រើនដល់សមាជិកជាង ៤០០ នាក់ និងមានសាខាជាតិ ៧ រួមមាន ២៣ ប្រទេសអឺរ៉ុប។

សកម្មភាពស្នូលរបស់ EuroCham Cambodia គឺការលើកកម្ពស់ ការគាំទ្រ និងការតំណាងសមាជិករបស់ខ្លួន ព្រមទាំងផលប្រយោជន៍ធុរកិច្ចអឺរ៉ុប នៅក្នុងកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយមានគោលបំណងអភិវឌ្ឍបរិយាកាសធុរកិច្ច និងវិនិយោគដែលមានប្រសិទ្ធភាព និងអំណោយផលសម្រាប់ទាំងអស់គ្នា។

គោលបំណងសំខាន់ៗរបស់ EuroCham មានដូចជា៖

  • ប្រឹក្សាយោបល់ និងតស៊ូមតិ លើបញ្ហាសំខាន់ៗទាក់ទងនឹងការធ្វើធុរកិច្ចនៅកម្ពុជា
  • លើកកម្ពស់ការវិនិយោគ នៅកម្ពុជា
  • ធ្វើការដើម្បីបង្កើនលទ្ធភាព សម្រាប់ធុរកិច្ចអឺរ៉ុប ក្នុងការទទួលបានទីផ្សារកម្ពុជា និងច្រាសមកវិញ; និងសម្រួលដល់ការធ្វើធុរកិច្ចរវាងសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា និងរដ្ឋសមាជិកសហភាពអឺរ៉ុប
  • ផ្តល់សេវាកម្ម ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច ច្បាប់ បច្ចេកទេស ហិរញ្ញវត្ថុ ទីផ្សារ និងបញ្ហាធុរកិច្ចផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប និងកម្ពុជា ព្រមទាំងផ្តល់ព័ត៌មានជាក់លាក់នៃឧស្សាហកម្មដល់វិនិយោគិន
  • លើកកម្ពស់អត្តសញ្ញាណធុរកិច្ច ដ៏រឹងមាំរបស់សហភាពអឺរ៉ុប ចំពោះសហគមន៍ធុរកិច្ចកម្ពុជា
  • ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធកម្ពុជា ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖​​
Stew Post, Senior Communications Officer,
📧 [email protected]

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: [email protected]
ចាន់ ទី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: [email protected]

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook