ទិវាកុមារពិភពលោក ប្រមូលផ្តុំមនុស្សរាប់ពាន់នាក់នៅខេត្តសៀមរាប ដើម្បីលើកកម្ពស់សិទ្ធិកុមារ
- English
- Khmer
ខេត្តសៀមរាប ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ – យូនីសេហ្វ សហការជាមួយ រដ្ឋបាលខេត្តសៀមរាប និង អាជ្ញាធរជាតិអប្សរា បានប្រារព្ធទិវាកុមារពិភពលោក ឆ្នាំ២០២៦ តាមរយៈព្រឹត្តិការណ៍ទ្រង់ទ្រាយធំស្តីពីសិទ្ធិកុមារ នៅអនុវិទ្យាល័យហ៊ុន សែន រលួស និងក្នុងតំបន់ប្រាសាទបាគង ក្រោមប្រធានបទ «ជ្រើសរើសអនាគតសម្រាប់កុមារ»។ កម្មវិធីនេះបានប្រមូលផ្តុំកុមារ យុវជន គ្រួសារ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សិល្បករ សិល្បការនី អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម និងវិស័យឯកជន ដើម្បីរួមគ្នាលើកកម្ពស់សិទ្ធិកុមារ និងការចូលរួមរបស់យុវជន។
ទិវាកុមារពិភពលោក គឺជាទិវាសកម្មភាពសកលរបស់យូនីសេហ្វ សម្រាប់កុមារ និងដឹកនាំដោយកុមារ ហើយជាថ្ងៃរំលឹកខួបនៃការអនុម័តអនុសញ្ញាសហប្រជាជាតិស្តីពីសិទ្ធិកុមារ ដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ១៩៩២។ ទិវានេះគឺជាឱកាសដើម្បីអបអរសាទរសមិទ្ធផលដែលសម្រេចបានសម្រាប់កុមារ ព្រមទាំងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការការពារ និងលើកកម្ពស់សិទ្ធិរបស់កុមារគ្រប់រូប។
លោកស្រី ដាម៉ាច ម៉ាហា នាយិកាយូនីសេហ្វប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងពិធីបើកជាផ្លូវការថា៖ «រៀងរាល់ឆ្នាំ ទិវាកុមារពិភពលោកបានរំលឹកយើងនូវការពិតដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យយ៉ាងជ្រាលជ្រៅមួយ គឺ កុមារគ្រប់រូបមានតម្លៃ កុមារគ្រប់រូបមានសិទ្ធិ ហើយកុមារគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីសម្រេចសក្តានុពលពេញលេញរបស់ខ្លួន។ ទោះបីជាពួកគេប្រឈមនឹងឧបសគ្គជាច្រើនក៏ដោយ រាល់ពេលដែលខ្ញុំជួបយុវជននៅទូទាំងប្រទេសកម្ពុជា ខ្ញុំនៅតែមានសុទិដ្ឋិនិយម។ ខ្ញុំបានឃើញយុវជនដែលមានគំនិត ក្តីស្រមៃដ៏ធំ និងដំណោះស្រាយសម្រាប់បញ្ហាប្រឈមធំៗដែលយើងកំពុងជួបប្រទះសព្វថ្ងៃ។»
លោកស្រីបានបន្តថា៖ «មិនថាពួកគេរស់នៅក្នុងទីក្រុង សហគមន៍បណ្តែតទឹកនៅបឹងទន្លេសាប ឬ ភូមិដែលកំពុងស្តារឡើងវិញក្រោយវិបត្តិនោះទេ កុមារត្រូវតែជាស្នូលនៃការសម្រេចចិត្ត និងការវិនិយោគរបស់យើង។ ថ្ងៃនេះគឺជាឱកាសមួយដើម្បីអបអរសាទរសមិទ្ធផលរបស់ពួកគេ ស្តាប់ពីក្តីស្រមៃ និងបំណងប្រាថ្នារបស់ពួកគេ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារសិទ្ធិរបស់ពួកគេគ្រប់កាលៈទេសៈ។»
កម្មវិធីឆ្នាំនេះរួមមាន ការរត់កម្សាន្តដើម្បីកុមារ ចម្ងាយ ៣គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រ នៅជុំវិញតំបន់ប្រវត្តិសាស្ត្រ ប្រាសាទបាគង ពិធីអបអរសាទរទិវាកុមារពិភពលោក ភូមិយូនីសេហ្វ ដែលជាកន្លែងរៀនសូត្របែបអន្តរកម្មដឹកនាំដោយយុវជន និងការសម្តែងដោយឥតគិតថ្លៃពី សៀកហ្វារ ដ៏ល្បីល្បាញ។ កម្មវិធីនេះបានប្រមូលផ្តុំអ្នកចូលរួមជាង ៥,០០០នាក់ និងផ្តល់ឱកាសដល់កុមារ និងយុវជនក្នុងការស្វែងយល់អំពីសិទ្ធិកុមារ ការប្រែប្រួលអាកាសធាតុ សុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត បរិយាបន្ន សុខភាពផ្លូវចិត្ត របៀបរស់នៅប្រកបដោយសុខភាពល្អ និងការចូលរួមក្នុងសង្គម។
ទោះបីជាខេត្តសៀមរាបត្រូវបានស្គាល់ទូទាំងពិភពលោកដោយសារបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបក៏ដោយ កុមារជាច្រើននៅក្នុងខេត្តនេះនៅតែប្រឈមនឹងបញ្ហាប្រឈមសំខាន់ៗ។ ស្ទើរតែមួយក្នុងចំណោមគ្រួសារចំនួនបី ដែលស្មើនឹងមនុស្សជាង ៣៥១,០០០នាក់ កំពុងរស់នៅក្នុងភាពក្រីក្រ ឬស្ថានភាពងាយរងគ្រោះ ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពទទួលបានការអប់រំ សេវាសុខាភិបាល និងសេវាគាំពារសង្គមប្រកបដោយគុណភាព។ កុមារជាង ២៨,០០០នាក់ កំពុងប្រឈមខ្លាំងនឹងហានិភ័យដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ រួមមានទឹកជំនន់ រលកកម្តៅ និងគ្រោះមហន្តរាយផ្សេងៗ ដែលរំខានដល់ការទទួលបានសេវាចាំបាច់នានា។ បន្ថែមពីលើនេះ មនុស្សមានពិការភាពជាង ១៦,០០០នាក់ ក្នុងនោះមានកុមារប្រមាណ ១,០០០នាក់ កំពុងជួបប្រទះឧបសគ្គធំៗក្នុងការទទួលបានឱកាស និងសេវាកម្មនានា។ ការទទួលបានទឹកស្អាត និងអនាម័យក៏នៅតែមានភាពមិនស្មើគ្នានៅទូទាំងខេត្ត ជាពិសេសនៅតំបន់ជនបទ។ ស្ថានភាពទាំងនេះបង្ហាញពីសារៈសំខាន់នៃការបន្តវិនិយោគលើកុមារ និងការធានាថា គ្មានកុមារណាម្នាក់ត្រូវបានគេទុកចោលឡើយ។
ព្រឹត្តិការណ៍នេះក៏បានលើកបង្ហាញពីសមិទ្ធផលរបស់អនុវិទ្យាល័យហ៊ុន សែន រលួស ដែលជាសាលាគំរូដ៏លេចធ្លោមួយនៃការចូលរួមរបស់យុវជន សកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអប់រំបំណិនជីវិត។ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ សាលានេះបានក្លាយជាគំរូនៃភាពជាអ្នកដឹកនាំរបស់យុវជន តាមរយៈកម្មវិធីអប់រំបំណិនជីវិតមូលដ្ឋាន និងកម្មវិធីយុវជនសូឡា ដែលលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ ការរៀនមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងការចូលរួមរបស់សហគមន៍។
###
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អំពីយូនីសេហ្វ
យូនីសេហ្វធ្វើការនៅក្នុងតំបន់ដែលមានការលំបាកបំផុតនៅលើពិភពលោក ដើម្បីជួយកុមារដែលងាយរងគ្រោះបំផុត។ នៅក្នុងប្រទេស និងដែនដីជាង ១៩០ នៅទូទាំងពិភពលោក យើងធ្វើការដើម្បីកុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកដែលល្អប្រសើរជាងមុនសម្រាប់មនុស្សគ្រប់គ្នា។
សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងនៅកម្ពុជា សូមចូលទៅកាន់៖ www.unicef.org.kh
តាមដានយូនីសេហ្វកម្ពុជានៅលើ Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok