សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ស៊ីណា រៀនសូត្រតាមរយៈការលេងនៅសាលាមត្តេយ្យសហគមន៍នៅកម្ពុជា

យូនីសេហ្វ កំពុងគាំទ្រការអប់រំកុមារតូចនៅទូទាំងប្រទេស ដោយមានការផ្តល់មូលនិធិពីប្រទេសចិន

Andrew Brown
P11065832.webp
UNICEF China/2026/Guligo Jia
04 ឧសភា 2026

នេះជាពេលព្រលឹមនៅខេត្តក្រចេះ នៃប្រទេសកម្ពុជា ដែលជាតំបន់ជនបទតាមដងទន្លេមេគង្គ។ ឥឡូវនេះជារដូវប្រាំង ហើយគោស្គមៗដើរតាមវាលស្រែពណ៌លឿង ឆ្ពោះទៅរកវាលស្រែពណ៌បៃតងនៅក្បែរទន្លេ។ កណ្តាប់ចំបើងត្រូវបានគរទុកយ៉ាងខ្ពស់នៅលើរោងមានជើងតាង ដែលមានពណ៌មាសពេលត្រូវពន្លឺព្រះអាទិត្យ។ កសិករម្នាក់បើកគោយន្ត កាត់ផ្ទះឈើមានជើងតាងខ្ពស់ៗ ដែលផ្ទះនីមួយៗសុទ្ធតែមានរានទេវតាតូចមួយសម្រាប់សែនព្រេនដល់ដូនតា ឬម្ចាស់ទឹកម្ចាស់ដី។

សាលាមត្តេយ្យសិក្សាសហគមន៍ម្រេុីម ស្ថិតនៅចំកណ្តាលភូមិ។ វាមានថ្នាក់រៀនចំនួនពីរ និងទីធ្លាលេងមួយដែលលាបពណ៌យ៉ាងស្រស់ស្អាតដោយពណ៌លឿង ក្រហម និងខៀវ។ នៅខាងក្នុងថ្នាក់រៀនមួយ មានក្រុមកុមារអាយុប្រាំឆ្នាំកំពុងតុបតែងរូបភាពផើងផ្កាដោយប្រើកម្ទេចក្រដាសពណ៌តូចៗ។ កុមារម្នាក់ក្នុងចំណោមនោះគឺ នី ស៊ីណា។

ពេលពួកគេធ្វើរួច អ្នកគ្រូយកកញ្ច្រែងដែលពេញទៅដោយដុំឈើពណ៌មកដាក់ឲ្យ។ ក្មេងៗនាំគ្នាចាប់យកដុំឈើទាំងនោះយ៉ាងរំភើប ហើយយកទៅកន្លែងដែលពួកគេអង្គុយ។ ស៊ីណា ចែករំលែកដុំឈើរបស់នាងជាមួយក្មេងស្រីដែលអង្គុយជិតនាង។ ពួកគេរួមគ្នាចែកដុំឈើទាំងនោះតាមពណ៌ផ្សេងៗគ្នា ហើយចាប់ផ្តើមតម្រៀបវាសង់ជាប៉ម។ 

Embedded video follows

ស៊ីណា សង់ប៉មដោយប្រើដុំឈើពណ៌ក្រហម ព្រមទាំងរាប់ជាភាសាខ្មែរ។ ពេលនាងតម្រៀបបានប្រាំបីដុំ ប៉មនោះក៏រេល ហើយរលំចុះ។ អ្នកគ្រូ ស៊ុំ ដានី និយាយថា "មិនអីទេ តោះសាកល្បងម្តងទៀត។ សាកល្បងជាមួយដុំឈើពណ៌ខៀវវិញម្តងមើល។"

បន្ទាប់ពីសង់ប៉មរួច ក្មេងៗនាំគ្នាលាងដៃជាមួយសាប៊ូនៅកន្លែងលាងដៃខាងក្រៅ ញ៉ាំចំណី រួចលេងបាល់ទាត់ ឬជិះទោងក្នុងទីធ្លា។ ក្មេងៗមើលទៅពិតជាសប្បាយរីករាយ និងមានថាមពល ដោយពេញចិត្តនឹងការចំណាយពេលវេលារបស់ពួកគេនៅសាលា។

អ្នកស្រី សឿង ស៊ីណែត ជាម្តាយបាននិយាយថា "កូនស្រីខ្ញុំ ស៊ីណា និយាយច្រើន ហើយនាងក្រមិចក្រម៉ើមណាស់។ ដំបូងឡើយ ពេលខ្ញុំយកគាត់មកសាលាមត្តេយ្យ នាងយំខ្លាំងណាស់។ អ្នកគ្រូបានសុំឲ្យខ្ញុំត្រឡប់មកសាលាវិញ ហើយនៅកំដរគាត់ក្នុងថ្នាក់។ ប៉ុន្តែឥឡូវនេះវាខុសពីមុនហើយ។ ខ្ញុំគ្រាន់តែជូនគាត់មកសាលា រួចត្រឡប់ទៅផ្ទះវិញដើម្បីធ្វើស្រែ ឬការងារផ្ទះបានយ៉ាងស្រួល។" 

អ្នកគ្រូមត្តេយ្យ  ស៊ុំ ដានី បង្រៀនដោយប្រើប្រាស់សម្ភារៈដែលផ្តល់មូលនិធិដោយប្រទេសចិន
UNICEF China/2026/Guligo Jia អ្នកគ្រូមត្តេយ្យ ស៊ុំ ដានី បង្រៀនដោយប្រើប្រាស់សម្ភារៈដែលផ្តល់មូលនិធិដោយប្រទេសចិន

ការអប់រំកុមារតូច

នៅប្រទេសកម្ពុជា មានកុមារអាយុពីបីទៅប្រាំឆ្នាំត្រឹមតែប្រមាណ ៤៣ ភាគរយប៉ុណ្ណោះដែលបានចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យ។ នៅតំបន់ជនបទ កុមារជាច្រើនកំពុងបាត់បង់ឱកាសទទួលបានការរៀនសូត្រកម្រិតដំបូងដែលមានគុណភាព។ កុមារមួយចំនួនទៀតទៅរៀននៅសាលាមត្តេយ្យសហគមន៍ ដែលត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយឃុំនៅក្នុងតំបន់ដាច់ស្រយាល ជាកន្លែងដែលមិនមានសាលាមត្តេយ្យរដ្ឋ។

ពីមុន សាលាមត្តេយ្យរដ្ឋនៅតាមទីប្រជុំជន និងទីក្រុងត្រូវបានបំពាក់សម្ភារៈគ្រប់គ្រាន់ ប៉ុន្តែសាលាមត្តេយ្យសហគមន៍ដូចជានៅម្រេុីម មិនត្រូវបានផ្តល់សម្ភារៈសិក្សា ឬសម្ភារៈលាងដៃនោះទេ។ ជាញឹកញាប់ គ្រូបង្រៀនត្រូវទិញសម្ភារៈទាំងនេះដោយខ្លួនឯង ដោយប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួន។ ទោះជាយ៉ាងនោះក្តី ក៏វានៅតែជាការលំបាកសម្រាប់ពួកគេក្នុងការស្វែងរកសម្ភារៈដែលមានគុណភាពល្អនៅក្នុងមូលដ្ឋាន។

ដោយមានការគាំទ្រពីប្រទេសចិន យូនីសេហ្វ កំពុងផ្តល់សម្ភារៈសិក្សា បង្រៀន ទឹកស្អាត និងសម្ភារៈលាងដៃ ដល់សាលាមត្តេយ្យសហគមន៍ជាង ៣,២០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ថវិកានេះត្រូវបានផ្តល់ដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA)។ ការគាំទ្រនេះបានអនុញ្ញាតឲ្យយូនីសេហ្វពង្រីកសកម្មភាពរបស់ខ្លួន ដើម្បីគ្របដណ្តប់សាលាមត្តេយ្យសហគមន៍ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin (វ៉ាង វិនពីន) បានមានប្រសាសន៍ថា "រដ្ឋាភិបាលចិន និង យូនីសេហ្វ បានអនុវត្តគម្រោងជាច្រើជាមួយគ្នានៅកម្ពុជាដោយភាពជោគជ័យ ដើម្បីកែលម្អការអប់រំ សុខភាព អាហារូបត្ថម្ភ សេវាទឹកស្អាត និងអនាម័យ សម្រាប់កុមារនៅក្នុងសហគមន៍ដែលងាយរងគ្រោះបំផុត។ នេះគូសបញ្ជាក់ពីកម្រិតថ្មីមួយទៀតនៅក្នុងភាពជាដៃគូរបស់យើង។"

លោកស្រី សំ ស៊ីណា អ្នកឯកទេសផ្នែកអប់រំនៃយូនីសេហ្វកម្ពុជា បានមានប្រសាសន៍ថា "ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្គត់ផ្គង់សម្ភារៈសិក្សាដល់សាលាមត្តេយ្យសហគមន៍ទូទាំងប្រទេសកម្ពុជា ដែលជួយឲ្យកុមារទទួលបានការអប់រំកាន់តែប្រសើរ។ ការគាំទ្រនេះបានជួយយើងក្នុងការពង្រីកការអប់រំកុមារតូចនៅទូទាំងប្រទេស។" 

ស៊ីណា លាងដៃជាមួយសាប៊ូដែលផ្តល់ដោយយូនីសេហ្វ មុនពេលញ៉ាំចំណី
UNICEF China/2026/Guligo Jia ស៊ីណា លាងដៃជាមួយសាប៊ូដែលផ្តល់ដោយយូនីសេហ្វ មុនពេលញ៉ាំចំណី

សាលាមត្តេយ្យសហគមន៍

ការលេងគឺជាផ្នែកមួយដ៏សំខាន់នៃការអប់រំកម្រិតមត្តេយ្យសិក្សាដែលមានគុណភាពខ្ពស់។ វាជួយឲ្យកុមាររៀនយល់ដឹងពីរបៀបរស់នៅក្នុងពិភពលោក។ តាមរយៈការលេង កុមារទទួលបានជំនាញភាសា និងការរៀនសូត្រ ការគ្រប់គ្រងអារម្មណ៍ និងជំនាញដោះស្រាយបញ្ហា។ ការរៀនសូត្រតាមរយៈការលេងនៅវ័យកុមារ ក៏បង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រនាពេលអនាគតផងដែរ។

សម្ភារៈដែលបានផ្តល់ជូនសាលាមត្តេយ្យសហគមន៍ម្រេុីម រួមមានសម្ភារៈសិក្សាតាមរយៈការលេង ដូចជាដុំឈើពណ៌ ក្រដាសពណ៌ ខ្មៅដៃ និងប៊ិច ព្រមទាំងសម្ភារៈបង្រៀន ដូចជាក្ដារខៀន និងសៀវភៅពុម្ពជាដើម។ លើសពីនេះ ក៏មានធុងចម្រោះទឹក និងសាប៊ូដុំ ដើម្បីជួយផ្តល់ទឹកស្អាត និងអនាម័យដៃ ដែលមានសារៈសំខាន់សម្រាប់សុខភាពកុមារ។

អ្នកគ្រូរបស់ស៊ីណា អ្នកគ្រូ  ស៊ុំ ដានី បាននិយាយថា "ពីមុន យើងមានសម្ភារៈបង្រៀន និងរៀនតិចតួចណាស់។ បើគ្មានសម្ភារៈទេ វាពិតជាពិបាក ហើយក្មេងៗក៏មិនចាប់អារម្មណ៍ចង់មកសាលារៀនដែរ។ ការគ្រប់គ្រងថ្នាក់រៀនមានការលំបាក និងរញ៉េរញ៉ៃ។"

បន្ទាប់ពីសាលាម្រេុីម ទទួលបានសម្ភារៈពីយូនីសេហ្វ អ្នកគ្រូ ស៊ុំ ដានី បានកត់សម្គាល់ឃើញការផ្លាស់ប្តូរភ្លាមៗចំពោះកុមារក្នុងថ្នាក់របស់គាត់។ សម្ភារៈលេងទាំងនោះបានជំរុញគំនិតច្នៃប្រឌិត និងការស្រមើស្រមៃរបស់ពួកគេ ទន្ទឹមនឹងការជួយឲ្យពួកគេរៀនជំនាញដូចជាការរាប់ និងការហៅឈ្មោះពណ៌ផ្សេងៗ។ គាត់ក៏បានកត់សម្គាល់ឃើញភាពខុសប្លែកគ្នាចំពោះឪពុកម្តាយរបស់កុមារផងដែរ ដែលពួកគេមានឆន្ទៈកាន់តែច្រើនក្នុងការបញ្ជូនកូនៗទៅសាលារៀន ដែលធ្វើឲ្យអត្រានៃការចូលរៀនមានការកើនឡើង។

គាត់បានបន្តទៀតថា "នៅពេលក្មេងៗឃើញរបស់ថ្មីៗទាំងនេះ ពួកគេមានការរំភើប ហើយថែមទាំងប្រជែងគ្នាលេងទៀតផង។ ពួកគេចូលចិត្តដុំឈើណាស់ ព្រោះពួកគេអាចតម្រៀបវាជារូបរាងផ្សេងៗ និងបែងចែកវាតាមពណ៌។ ពួកគេអាចយកវាទៅធ្វើជារបស់ផ្សេងៗដូចជាផ្ទះ ឬមនុស្សយន្ត។ ដោយមានសាប៊ូប្រើប្រាស់ ពួកគេអាចលាងដៃ និងរក្សាអនាម័យបានល្អ។"

"ខ្ញុំមិនសូវពូកែនិយាយទេ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។" 

ស៊ីណា បង្ហាញស្នាដៃសិល្បៈរបស់នាងដល់ម្តាយនៅផ្ទះ
UNICEF China/2026/Guligo Jia ស៊ីណា បង្ហាញស្នាដៃសិល្បៈរបស់នាងដល់ម្តាយនៅផ្ទះ

ការរៀនសូត្រនៅផ្ទះ

ពេលចេញពីសាលា ម្ដាយរបស់ស៊ីណាជិះម៉ូតូមកទទួលនាង។ ស៊ីណារត់ទៅរកម្តាយ ហើយឡើងជិះពីក្រោយ។ ពួកគេជិះតាមផ្លូវដីក្នុងភូមិទៅកាន់ផ្ទះរបស់ពួកគេ ដែលនៅទល់មុខវាលស្រែ។ ដូចអ្នកភូមិដទៃទៀតដែរ ផ្ទះរបស់ស៊ីណាជាផ្ទះឈើមានជើងតាងខ្ពស់។ នៅពេលរសៀលដ៏ក្តៅស្អុះស្អាប់ មនុស្ស និងសត្វនាំគ្នាមកជ្រកកោននៅក្រោមម្លប់ក្រោមផ្ទះ។ នៅទីនេះ មានអង្រឹងចងនឹងសសរផ្ទះ មានរានហាលឈើសម្រាប់សកម្មភាពគ្រួសារ និងមានពាងធំៗសម្រាប់ផ្ទុកទឹកសម្រាប់បោកគក់ និងសម្អាត។

ដោយសារការនឿយហត់ពីសាលា ស៊ីណាដេកលក់ក្នុងអង្រឹងឆ្នូតពណ៌ក្រហមដែលចងចន្លោះធ្នឹមឈើ។ បន្ទាប់ពីភ្ញាក់ពីគេង នាងបង្ហាញស្នាដៃសិល្បៈពីសាលាប្រាប់ម្តាយ ដោយលាតរូបភាពរបស់នាងនៅលើរានហាលឈើ។ អ្នកស្រី សឿង ស៊ីណែត សួរថា "ថ្ងៃនេះកូនបានធ្វើអីខ្លះនៅសាលា?" ស៊ីណាឆ្លើយថា "កូនបានផាត់ពណ៌ និងតុបតែងកែវនេះ។ ស្អាតអត់ម៉ែ?" ម្តាយរបស់នាងតបថា "ចាស ស្អាតណាស់កូន។"

បន្ទាប់មក ពួកគេហាត់សរសេរអក្សរខ្មែរជាមួយគ្នា រួចហើយស៊ីណាក៏ច្រៀងចម្រៀងមួយបទ៖ "មានសត្វទីទុយភ្នែកធំៗ កំពុងស្រែកយំពីលើដើមឈើ។ វាឮសូរមៀមស្រែកហៅ ហើយក៏ស្រែកយំតាមយ៉ាងសប្បាយរីករាយ" នាងច្រៀងរៀបរាប់។

នៅពេលពួកគេលេងរួច អ្នកស្រី សឿង ស៊ីណែត បាននឹកគិតពីការផ្លាស់ប្តូររបស់ស៊ីណា។ នៅពេលគាត់និយាយពីកូនស្រី ភ្នែករបស់គាត់មានពន្លឺ ហើយផ្ទៃមុខរបស់គាត់ពោរពេញដោយស្នាមញញឹមយ៉ាងស្រស់ស្រាយ។

គាត់និយាយថា "បន្ទាប់ពីស៊ីណាបានទៅសាលា និងបានឃើញប្រដាប់ប្រដាលេងថ្មីៗជាច្រើន ព្រមទាំងសម្ភារៈសិក្សាផ្សេងៗទៀត នាងចាប់ផ្តើមចូលចិត្តទៅរៀន។ ពេលនាងមកដល់ផ្ទះ នាងប្រាប់ខ្ញុំថា៖ 'ម៉ែ ឥឡូវកូនចេះសរសេរអក្សរហើយ!' ខ្ញុំចង់ឲ្យស៊ីណារៀនឲ្យចប់ និងក្លាយជាគ្រូបង្រៀនម្នាក់។ នាងអាចរកការងារល្អធ្វើ និងមិនបាច់លំបាកដូចខ្ញុំ ដែលត្រូវធ្វើការងារស្រែចម្ការនោះទេ។"