ជំហានតូច ក្តីស្រមៃធំ
នៅតំបន់ជនបទនៃខេត្តរតនគិរី ភាពជឿជាក់កាន់តែខ្លាំងរបស់កុមារតូចម្នាក់ បង្ហាញពីរបៀបដែលសាលាមត្តេយ្យសិក្សាសហគមន៍ ដែលគាំទ្រដោយ UNICEF ក្រសួងអប់រំ យុវជន និងកីឡា និងម្ចាស់ជំនួយ ជួយអ្នកសិក្សាវ័យក្មេងរបស់កម្ពុជាឱ្យចាប់ផ្តើមបានយ៉ាងរឹងមាំ។
- English
- Khmer
រតនគិរី, ១៥ មករា ២០២៦ - កុមារី ឡឿង កែវលីយ៉ាន អាយុ ៣ឆ្នាំ ស្ទុះក្រោកឈរយ៉ាងលឿនមុនពេលសំណួរត្រូវបានសួរចប់។
នាងស្រែកថា៖ «កូន! កូន!» សក់ក្រងទាំងសងខាងរបស់នាងរលាស់ចុះឡើង ខណៈពេលដែលនាងលើកដៃគ្រវី។
មិត្តរួមថ្នាក់របស់នាងងាកមកមើល ពេលដែលនាងដើរទៅមុខថ្នាក់ ដោយឈរនៅលើឥដ្ឋការ៉ូពណ៌ខៀវនៃថ្នាក់រៀនតូចមួយដែលមានជញ្ជាំងពណ៌លឿង។ ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចដ៏ធំទូលាយ។ ផ្ទាំងរូបភាពដែលមានអក្សរខ្មែរត្រូវបានបិទតម្រៀបគ្នានៅលើជញ្ជាំង។
កែវលីយ៉ាន ទទះដៃធ្វើដូចសត្វមាន់ រួចបន្លឺសំឡេងថា៖ «កុកៗ! ខ្ញុំគឺជាកូនមាន់!»
សំឡេងសើចសប្បាយកងរំពងពេញបន្ទប់។
គ្រូរបស់នាង គឺអ្នកគ្រូ វ៉េង ផេង អង្គុយចុះក្បែរនាង ដោយធ្វើជាមេមាន់។ ក្មេងៗសើចយ៉ាងសប្បាយរីករាយ។ កែវលីយ៉ាន ញញឹមដោយមិនខ្លាចញញើត និងពោរពេញដោយភាពជឿជាក់នៅចំពោះមុខមិត្តរួមថ្នាក់របស់នាង។
ភាពជឿជាក់នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ។
មុនពេលមករៀននៅសាលាមត្តេយ្យសិក្សាសហគមន៍នេះ កែវលីយ៉ាន ចំណាយពេលភាគច្រើននៅផ្ទះ។ គ្មានសៀវភៅ គ្មានការលេងជាក្រុម និងគ្មានការរៀនសូត្រដែលមានរចនាសម្ព័ន្ធត្រឹមត្រូវទេ។ ដូចគ្រួសារជាច្រើនទៀតនៅតំបន់ជនបទនៃខេត្តរតនគិរី ដែរ ឪពុកម្តាយរបស់នាងមិនបានយល់ថាសាលាមត្តេយ្យជារឿងចាំបាច់នោះទេ។ កុមារត្រូវបានគេរំពឹងថានឹងចាប់ផ្តើមរៀននៅពេលចូលរៀនបឋមសិក្សាតែប៉ុណ្ណោះ។
ឥឡូវនេះ កែវលីយ៉ាន មកដល់សាលារៀងរាល់ព្រឹកដោយពាក់ឯកសណ្ឋានសិស្សពណ៌សជាមួយនឹងក្រវាត់កពណ៌ខៀវ ត្រៀមខ្លួនរួចរាល់ដើម្បីលើកដៃឆ្លើយសំណួរ។
អ្នកគ្រូ ផេង និយាយទាំងញញឹមថា៖ «គាត់ចង់ឆ្លើយគ្រប់សំណួរ។ គាត់មិនខ្លាចក្នុងការសាកល្បងទេ»។
កែវលីយ៉ាន គឺជាកុមារម្នាក់ក្នុងចំណោមកុមារជាង ៨០,០០០ នាក់នៅទូទាំងប្រទេសកម្ពុជា ដែលបានចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យសិក្សាសហគមន៍ ដែលជួយកាត់បន្ថយគម្លាតនៃការសិក្សាដំបូង ជាពិសេសនៅតំបន់ជនបទដែលការអប់រំផ្លូវការនៅមានកម្រិត។
នៅទូទាំងប្រទេស កម្ពុជាមានកុមារអាយុពី ៣ ទៅ ៥ឆ្នាំ ជិត ១,០៩៨,០៩០ នាក់ ប៉ុន្តែមានតែម្នាក់ក្នុងចំណោមបីនាក់ប៉ុណ្ណោះដែលបានចុះឈ្មោះចូលរៀននៅកម្រិតមត្តេយ្យសិក្សា។ សាលាមត្តេយ្យសិក្សាសហគមន៍គឺជាបទពិសោធន៍រៀនតាមរយៈការលេងដំបូងសម្រាប់កុមារជាច្រើន ។
គំនិតផ្តួចផ្តើមសាលាមត្តេយ្យសិក្សាសហគមន៍បានចាប់ផ្តើមនៅឆ្នាំ២០០៣ ដោយមានសាលារៀនត្រឹមតែ ៧០០ ប៉ុណ្ណោះ។ សព្វថ្ងៃនេះ វាបានកើនឡើងដល់ ៣,៣៤៨ សាលានៅទូទាំងប្រទេស ដែលចូលរួមចំណែកប្រហែល ២០ភាគរយនៃការចុះឈ្មោះចូលរៀនមត្តេយ្យសិក្សាសរុប។ សាលាជាច្រើនគឺជាថ្នាក់រៀនតូចៗនៅក្នុងភូមិដូចជាសាលាមួយនេះជាដើម ជាអគារសាមញ្ញហ៊ុំព័ទ្ធដោយដើមត្នោត ប៉ុន្តែពោរពេញទៅដោយចម្រៀង រឿងនិទាន និងការលេងកម្សាន្ត។
សម្រាប់កុមារដែលខកខានការសិក្សាដំបូង ការឆ្លងទៅកម្រិតបឋមសិក្សាអាចជាការលំបាកខ្លាំង។ កុមារជាច្រើនពិបាកក្នុងការអង្គុយស្ងៀម ធ្វើតាមការណែនាំ ឬហ៊ាននិយាយនៅក្នុងថ្នាក់។ កុមារខ្លះរៀនមិនទាន់គេតាំងពីដំបូង និងមិនអាចតាមទាន់គេរហូត។
នៅក្នុងថ្នាក់រៀននេះ គម្លាតការសិក្សាដំបូងទាំងនោះត្រូវបានចាប់ផ្តើមកាត់បន្ថយ។
អ្នកគ្រូ វ៉េង ផេង មានអាយុ ២៤ឆ្នាំ និងកំពុងពពោះ ៦ខែ។ ការបង្រៀនក្មេងតូចៗទាមទារការយកចិត្តទុកដាក់ខ្ពស់ ប៉ុន្តែអ្នកគ្រូរៀបចំមេរៀននីមួយៗដោយផ្អែកលើចលនា ល្បែង និងការអនុវត្តដដែលៗ។ ថ្ងៃខ្លះ ក្មេងៗរៀនធ្វើសំឡេងសត្វ។ ថ្ងៃខ្លះទៀត ពួកគេហាត់រាប់លេខដល់ដប់។
អ្នកគ្រូនិយាយថា៖ «រឿងតូចតាចទាំងនេះសំខាន់ណាស់។ វាជួយឱ្យកុមារមានអារម្មណ៍ស្រួលនៅក្នុងថ្នាក់រៀន»។
ពេលចេញលេង កែវលីយ៉ាន រត់យ៉ាងលឿនទៅទីធ្លាខាងក្រៅ។ កង់ឡានលាបពណ៌ខៀវត្រូវបានព្យួរនឹងដើមឈើធ្វើជាទោង។ មាន់ដើរកាត់របងសាលា។ ធូលីដីហុយឡើងនៅក្រោមជើងតូចៗដែលកំពុងរត់។
កែវលីយ៉ាន ឡើងជិះទោងកង់ឡាន ហើយបង្ហាញកាយវិការយ៉ាងមានមោទនភាព ខណៈពេលដែលគ្រូរបស់នាងកំពុងមើល។
អ្នកគ្រូ ផេង និយាយថា៖ «គាត់គឺជាសិស្សដ៏ពូកែបំផុតរបស់ខ្ញុំ។ គាត់ចូលចិត្តរៀនណាស់»។
កាលពីពេលថ្មីៗនេះ កុមារជាច្រើននៅក្នុងភូមិរបស់ កែវលីយ៉ាន មិនមានសាលាមត្តេយ្យសិក្សាដើម្បីចូលរៀនទេ។ ឪពុកម្តាយខ្លះមិនជឿថាការសិក្សាដំបូងមានសារៈសំខាន់នោះទេ។ រឿងនេះបានចាប់ផ្តើមផ្លាស់ប្តូរហើយ។
ដោយមានការគាំទ្រពី UNICEF ក្រសួងអប់រំ យុវជន និងកីឡា បានពង្រីកសាលាមត្តេយ្យសិក្សាសហគមន៍ដើម្បីឱ្យទៅដល់ភូមិដាច់ស្រយាលដូចជាភូមិនេះជាដើម។ UNICEF គាំទ្រក្រសួងដោយជួយអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់កុមារតូច និងផ្តល់ជំនួយហិរញ្ញវត្ថុ ចំណែកក្រសួងមើលការខុសត្រូវលើការបង្រៀន និងការផ្តល់សេវានៅថ្នាក់កម្រិតសហគមន៍។ ពួកគេធ្វើការរួមគ្នាដើម្បីពង្រឹងការអប់រំកុមារតូចនៅទូទាំងប្រទេស។
គ្រូបង្រៀនដូចជាអ្នកគ្រូ ផេង ទទួលបានការបណ្តុះបណ្តាល សៀវភៅ និងសម្ភារៈសិក្សាផ្សេងៗ។ ឪពុកម្តាយរៀនពីមូលហេតុដែលការសិក្សាដំបូងមានសារៈសំខាន់ និងរបៀបដែលការលេងជួយដល់ការអភិវឌ្ឍនៅផ្ទះ។
សាលាមត្តេយ្យសិក្សានេះកើតឡើងទៅបានដោយសារមូលនិធិពី Ernsting's Family ដែលការគាំទ្ររបស់ពួកគេបានជួយនាំយកការសិក្សាដំបូងទៅកាន់ស្រុកលំផាត់។ តាមរយៈមន្ទីរអប់រំរបស់ក្រសួង គ្រូបង្រៀនមត្តេយ្យសិក្សាសហគមន៍ចំនួន ២៨នាក់ (ក្នុងនោះស្ត្រី ២៧នាក់) បានបញ្ចប់ការបណ្តុះបណ្តាលរយៈពេល ៣៥ថ្ងៃ រួមទាំងអ្នកគ្រូ ផេង និងគ្រូបង្រៀនក្នុងតំបន់ម្នាក់ទៀតគឺអ្នកគ្រូ សឿង ពុទ្ធណា។
សម្រាប់អ្នកគ្រូ ផេង ផលជះគឺអាចមើលឃើញជារៀងរាល់ថ្ងៃ។
អ្នកគ្រូនិយាយថា៖ «នៅពេលកុមារសប្បាយចិត្ត និងមានសុវត្ថិភាព ពួកគេចង់រៀន។ អារម្មណ៍នោះនឹងស្ថិតនៅក្នុងខ្លួនពួកគេជានិច្ច»។
នៅពេលម៉ោងរៀនចប់ កែវលីយ៉ាន តម្រង់ជួរជាមួយមិត្តរួមថ្នាក់។ នាងគ្រវីដៃលាអ្នកគ្រូមុនពេលត្រឡប់ទៅផ្ទះ ដោយនៅតែបន្លឺសំឡេងចម្រៀងដែលពួកគេបានរៀននៅព្រឹកនោះ។
ថ្ងៃស្អែក នាងនឹងត្រឡប់មកថ្នាក់រៀនពណ៌លឿងដដែលនេះវិញ។ នាងនឹងច្រៀង រាប់លេខ និងលេងម្តងទៀត។