សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

គម្រោងដែលដឹកនាំដោយសិស្ស ផ្តល់ភាពអង់អាចដល់មិត្តភក្តិឱ្យបន្តការសិក្សា និងពន្យារពេលរៀបការ

សិស្សចំនួន ៥ នាក់ នៅខេត្តមណ្ឌលគិរី បានដឹកនាំវគ្គចែករំលែកដល់មិត្តភក្តិ ដើម្បីប្រឆាំងនឹងការរៀបការវ័យក្មេង និងការបោះបង់ការសិក្សា ដោយប្រើប្រាស់ភស្តុតាង បទពិសោធន៍ជាក់ស្តែង និងការអប់រំបំណិនជីវិតដែលគាំទ្រដោយយូនីសេហ្វ។

Botumroath Le Bun
សិស្សានុសិស្សប្រាំនាក់មកពីគ្រួសារជនជាតិភាគតិចនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី បង្ហាញគម្រោងរបស់ពួកគេប្រកបដោយមោទនភាព “ស្ម័គ្រចិត្តដើម្បីភាពញញឹមនៃយុវជន” ដែលមានគោលដៅទប់ស្កាត់ការបោះបង់ចោលការសិក្សាមុនពេលកំណត់ដែលបណ្តាលមកពីការរៀបការមុនអាយុ ។ ក្រុម -ដែលមាន ឌីណា រតនៈកែវ (១៦), វ៉ាន់គ្រី សុរិន (១៨), កែវ ស្រីណុច (១៦), ឃួន មុនីរ័ត្ន (១៦), និង ស្លេ កូឡេត (២០) - ឈរជាមួយនាយកសាលារបស់ពួកគេ គឺ លោក ឃុត តូ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតជជែកដេញដោលថ្នាក់តំបន់ ។
UNICEF Cambodia/2025
29 ធ្នូ 2025

សែនមនោរម្យ មណ្ឌលគរី ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ — ថ្នាក់រៀនមានភាពស្ងប់ស្ងាត់ មានតែសំឡេងកូតប៊ិចនៅលើក្រដាស។ ឌីណា រតនៈកែវ ជាសិស្សថ្នាក់ទី១២ ម្នាក់ ដែលធម្មតាមិនសូវនិយាយស្តីច្រើននោះទេ ស្រាប់តែនិយាយចេញឡើង ។ 

នាង​និយាយ​ដោយ​សំឡេង​ស្មើថា​៖ “មិត្តខ្ញុំ​ម្នាក់នៅ​ក្នុង​ភូមិ ​ត្រូវ​គេបង្ខំ​ឲ្យឈប់រៀន និង​រៀប​ការ​ទាំងវ័យក្មេង ។” “វាធ្វើឱ្យខ្ញុំក្រៀមក្រំ - ប៉ុន្តែវាបានធ្វើឱ្យខ្ញុំចង់ធ្វើអ្វីមួយ” ។

នៅ​ក្នុងខេត្ត​មណ្ឌលគិរី - ​៤០ ​ភាគរយ​នៃ​ក្មេង​ស្រី​មានអាយុ​ពី ​២០ ​ដល់ ​២៤ ​ឆ្នាំ - បាន​រៀបការ​មុន​អាយុ ​១៨ ​ឆ្នាំ ពោលគឺស្មើនឹង​ពីរ​ដង​នៃ​មធ្យម​ភាគថ្នាក់​ជាតិ ។1 រតនៈកែវ និង​មិត្ត​រួម​ថ្នាក់របស់គាត់ ​ដឹង​ថា ​ពួកគេ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ។

នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី សិស្ស ៥ នាក់ មកពីគ្រួសារជនជាតិដើមភាគតិច បានរួមកម្លាំងគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដែលប៉ះពាល់ដល់ក្មេងស្រីរាប់ពាន់នាក់ក្នុងខេត្តរបស់ពួកគេ ពោលគឺ ការរៀបការវ័យក្មេង និងការបោះបង់ចោលការសិក្សា។ ក្រុមការងារ - ដែលមានឌីណា រតនៈកែវ (អាយុ ១៦ ឆ្នាំ), វ៉ាន់គ្រី សុរិន (អាយុ ១៨ ឆ្នាំ), កែវ ស្រីណុច (អាយុ ១៦ ឆ្នាំ), ឃួន មុនីរ័ត្ន (អាយុ ១៦ ឆ្នាំ) និង ស្លេស ខូឡែត (អាយុ ២០ ឆ្នាំ) - បានហៅគម្រោងរបស់ពួកគេថា “ការស្ម័គ្រចិត្តដើម្បីភាពញញឹមរបស់យុវជន”។ បេសកកម្មរបស់ពួកគេគឺច្បាស់លាស់៖ ធ្វើយ៉ាងណាអោយមិត្តភ្តិបន្តការសិក្សា និងពន្យារពេលរៀបការ ។

ដោយមានលិខិតផ្លូវការពីនាយកសាលាក្នុងដៃរបស់ពួកគេ ពួកគេបានចាប់ផ្តើមប្រមូលភស្តុតាង។ នៅ​សាលា​ឃុំ​ ពួកគេបាន​ដឹងថា មានគ្រួសារសរុប​ចំនួន ៤៥១ ​គ្រួសារ ដែលមានប្រជាពលរដ្ឋសរុបចំនួន ១.២៣៩ ​នាក់ ក្នុងនោះជាងពាក់កណ្តាលគឺជា​ស្ត្រី និង ក្មេងស្ត្រី។ នៅមន្ទីរពេទ្យខេត្ត គិលានុបដ្ឋាយិកាបានពន្យល់ពីហានិភ័យសុខភាពនៃការឆាប់មានផ្ទៃពោះ និងបញ្ហារយៈពេលវែងដែលម្តាយវ័យក្មេងប្រឈម។ សម្រាប់ស្រីណុច និង មុនីរ័ត្ន ជាសិស្សស្រីពីរនាក់ដែលមានក្តីសុបិនចង់រៀនពេទ្យ ដូច្នេះការជួបជាមួយស្ត្រីដែលបានសម្រេចគោលដៅនោះ គឺជាការជម្រុញទឹកចិត្តដ៏ខ្លាំងបំផុត។ បន្ទាប់មក ស្រីណុច បានប្រាប់មិត្តរួមថ្នាក់ថា “ប្រសិនបើពួកគេអាចរៀនជំនាញពេទ្យបាន យើងក៏អាចធ្វើបានដូចគ្នាដែរ” ។

ក្រុមការងារជួបគ្នាពីរដងក្នុងមួយសប្តាហ៍ដើម្បីពិនិត្យមើលកំណត់ត្រា លទ្ធភាពពីការពិភាក្សា និងហាត់សមសាររបស់ពួកគេឡើងវិញ។ ពួកគេបានហ្វឹកហាត់ការនិយាយជាសាធារណៈ កែលម្អអំណះអំណាង និងរៀនពីរបៀបបង្ហាញភស្តុតាងច្បាស់លាស់—ជំនាញទាំងនេះបានបង្រៀនតាមរយៈការអប់រំបំណិនជីវិតមូលដ្ឋាន (LLSE) ហើយបន្ទាប់មកក៏ត្រូវបានពង្រឹងបន្ថែមតាមរយៈការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (VMC) ។

កម្មវិធី អប់រំបំណិនជីវិតមូលដ្ឋាន គឺជាផ្នែកមួយនៃកម្មវិធីសិក្សាថ្នាក់ជាតិរបស់ប្រទេសកម្ពុជា ដោយផ្តោតលើជំនាញអនុវត្តជាក់ស្តែងសម្រាប់ធ្វើការសម្រេចចិត្ត និង ការដោះស្រាយបញ្ហា។  កម្មវិធី ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ គឺជាកម្មវិធីដែលបន្តពី ការអប់រំបំណិនជីវិតមូលដ្ឋាន ដោយលើកទឹកចិត្តឱ្យសិស្សចូលរួមនៅក្នុងគម្រោងស្ម័គ្រចិត្តដែលមានរចនាសម្ព័ន្ធ​ច្បាស់លាស់ ហើយជំរុញការចូលរួមរបស់ពលរដ្ឋ និងលទ្ធភាពទទួលបានការងារ។ ដោយមានការគាំទ្រពីអង្គការយូនីសេហ្វ តាមរយៈថវិកាសម្រាប់សមាសភាគយេនឌ័រ ក្រសួងអប់រំ យុវជន និងកីឡា បានពង្រីកកម្មវិធីទាំងពីរនេះទូទាំងប្រទេស ។ នៅក្នុងឆ្នាំ ២០២៥  មាន ៦៤,១៥ ភាគរយនៃអនុវិទ្យាល័យចំនួន ១០៦ កន្លែង និង ១០០ ភាគរយនៃវិទ្យាល័យទាំង ៣៣ នៅទូទាំងខេត្តគោលដៅចំនួន ៣ ‑ គឺ ខេត្តក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី ‑ ត្រូវបានបណ្តុះបណ្តាលអំពី LLSE និង VMC​ ដោយមានការចូលរួមពីសិស្សប្រមាណ ២៧.៤៥៤ នាក់ ។2

ពួកគេ​បាន​ត្រៀម​ខ្លួនរួចរាល់ ដើម្បី​​ឈរ​នៅពីមុខ​សិស្ស​ថ្នាក់​ទី ​៩ ចំនួន ៤៨​ នាក់។ ពួកគេម្នាក់ៗប្តូរវេនគ្នាពន្យល់ពីរបកគំហើញរបស់ពួកគេ និងធ្វើការអំពាវនាវសាមញ្ញមួយឱ្យធ្វើសកម្មភាព ៖ បន្តការសិក្សាក្នុងសាលារៀន។ ពួកគេបានចែករំលែកអ្វីដែលពួកគេបានរៀន — តើការរៀបការវ័យក្មេងមានបញ្ហាប្រឈមអ្វីខ្លះ តើទិន្នន័យបង្ហាញពីអ្វីខ្លះ ហើយតើគ្រូពេទ្យព្រមានពីហានិភ័យសុខភាពដូចម្តេចខ្លះ និង មូលហេតុដែលការអប់រំមានសារៈសំខាន់សម្រាប់អនាគតរបស់ពួកគេ ។

សិស្សថ្នាក់ទី៩ស្តាប់ ។ នៅ​ពេល​សួរ ​ថា​តើ​ពួក​គេ​មាន​គម្រោង​បោះបង់​ចោលការសិក្សា ឬ​ ចង់រៀប​ការនៅវ័យកុមារដែរឬ​ទេ ចម្លើយចេញ​មក​យ៉ាង​រហ័ស៖ អត់ទេ ។ ចម្លើយនេះ ​បាន​ផ្តល់​ភាព​ក្លាហាន និង​ទំនុក​ចិត្ត​ដល់​មិត្ត​ទាំង​ប្រាំ​នាក់​នោះ។ ភ្លាមៗក្រោយមក ពួកគេបាននាំគម្រោង ការស្ម័គ្រចិត្តដើម្បីស្នាមញញឹមរបស់យុវជន ទៅដល់សាលាផ្សេងៗទៀតនៅទូទាំងខេត្តមណ្ឌលគិរី។ នេះជាចំណុច​ចាប់​ផ្តើមនៃ​គម្រោងមួយដែលក្លាយជា​ចលនា​ដឹកនាំ​ដោយ​សិស្សផ្ទាល់ ។

លោក ឃុត តូ នាយកសាលា ជាគ្រូបង្រៀនអស់រយៈពេលជាង ៣០ ឆ្នាំ មកហើយ បានពន្យល់ពីមូលហេតុដែលចលនាដឹកនាំដោយសិស្សមានសារៈសំខាន់៖ “វាជួយពួកគេអោយយល់កាន់តែទូលំទូលាយអំពីអនាគតរបស់ពួកគេ និងធានាថា ពួកគេទទួលបានការអប់រំគ្រប់គ្រាន់ ដូច្នេះពួកគេមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការគិត និងដោះស្រាយបញ្ហាប្រឈមក្នុងគ្រួសារ និងសង្គមរបស់ពួកគេ ។”

ការព្រួយបារម្ភរបស់គាត់គឺច្បាស់ ៖ “ពួកគេនៅក្មេងណាស់ ហើយមិនទាន់ដល់អាយុដែលច្បាប់អនុញ្ញាតអោយរៀបការទេ ហើយវាអាចប៉ះពាល់ដល់សុខភាពរបស់ពួកគេ ។ ពួកគេជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ហើយការរៀបការវ័យក្មេងអាចប៉ះពាល់បែបអវិជ្ជមានដល់វប្បធម៌ និងប្រពៃណីជាតិ ។” “គម្រោង​បែប​នេះ ​បង្រៀន​ពួកគេ​ឲ្យ​គិត​ល្អិតល្អន់ និង​ការពារ​អនាគត​របស់​ពួកគេ ។”

សម្រាប់រតនៈកែវ សុរិន និងមិត្តភក្តិ​របស់នាង គម្រោងនេះបានធ្វើឱ្យផ្លាស់ប្តូររូបគេច្រើនជាងជម្រើសរបស់មិត្តភក្តិ ។ វាបានពង្រឹងក្តីសុបិន្តផ្ទាល់របស់ពួកគេ។ សម្រាប់ ស្រីណុច និង មុនីរ័ត្ន គម្រោងនេះបញ្ជាក់​ថា បំណងដែលចង់រៀន​ពេទ្យគឺ​អាច​ទៅ​បាន។ សម្រាប់កូឡេត និងរតនៈកែវ វាបានពង្រឹងគោលដៅរបស់ពួកគេក្នុងការបើកអាជីវកម្ម និងក្លាយជាគណនេយ្យករ។ ចុះសម្រាប់សុរិន? គាត់នៅតែចង់បង្កើតមនុស្សយន្ត។ ប៉ុន្តែឥឡូវនេះ គាត់ដឹងថា ការងារសំខាន់បំផុតដែលគាត់អាចធ្វើបាននៅពេលនេះ គឺការឈរនៅមុខសិស្សក្មេងៗ ហើយបង្ហាញពួកគេអំពីអ្វីដែលអាចធ្វើទៅបាន ។

សូរិន និយាយ​ថា ​៖ “​ពួកគេ​ស្តាប់​យើង​ខុសពី​ស្តាប់​មនុស្ស​ចាស់ ​។” “យើង​មិន​ចាស់​ជាង​ពួក​គេ​ប៉ុន្មាន​ទេ ។ យើង​នៅ​តែ​ពាក់​ឯកសណ្ឋាន​សិស្ស​ដដែល យើង​គឺជា​បង​ប្រុសស្រី​ធំ​របស់​ពួក​គេ ។”

ពេល​សុរិន​គិត​ពី​រឿង​នេះ គាត់​ញញឹម ។ គាត់និយាយថា “ប្រសិនបើយើងអាចជួយ សូម្បីតែសិស្សថ្នាក់ទី ៩ ម្នាក់ ឱ្យបន្តការសិក្សា នោះយើងបានធ្វើអ្វីមួយសំខាន់ហើយ ។”
 


1ការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា ឆ្នាំ ២០២២ (CDHS)

2 របាយការណ៍វឌ្ឍនភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ ២០២៥

 ក្រុមអ្នកធ្វើបទបង្ហាញ - ឌីណា រតនៈកែវ (អាយុ ១៦) វ៉ាន់គ្រី សុរិន (អាយុ ១៨) កែវ ស្រីណុច (អាយុ ១៦) ឃួន មុនីរ័ត្ន (អាយុ ១៦) និង ស្លេស កូឡែត (អាយុ ២០) - ចែករំលែករបកគំហើញរបស់ពួកគេជាមួយសិស្សថ្នាក់ទី ៩ ចំនួន ៤៨ នាក់ ដោយជំរុញឱ្យពួកគេនៅបន្តរៀន និងពន្យារពេលរៀបការ ។ សាររបស់ពួកគេ គឺ ៖ ការអប់រំបើកទ្វារទៅកាន់អនាគតកាន់តែភ្លឺស្វាង ។
UNICEF Cambodia/2025 ក្រុមអ្នកធ្វើបទបង្ហាញ - ឌីណា រតនៈកែវ (អាយុ ១៦) វ៉ាន់គ្រី សុរិន (អាយុ ១៨) កែវ ស្រីណុច (អាយុ ១៦) ឃួន មុនីរ័ត្ន (អាយុ ១៦) និង ស្លេស កូឡែត (អាយុ ២០) - ចែករំលែករបកគំហើញរបស់ពួកគេជាមួយសិស្សថ្នាក់ទី ៩ ចំនួន ៤៨ នាក់ ដោយជំរុញឱ្យពួកគេនៅបន្តរៀន និងពន្យារពេលរៀបការ ។ សាររបស់ពួកគេ គឺ ៖ ការអប់រំបើកទ្វារទៅកាន់អនាគតកាន់តែភ្លឺស្វាង ។