សាលាបឋមសិក្សានៅកម្ពុជាបង្ហាញពីការរីកចម្រើនខ្លាំងនៃលទ្ធផលសិក្សា ប៉ុន្តែវិសមភាពនៅតែបន្តមាន
- English
- Khmer
ភ្នំពេញ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ – សិស្សថ្នាក់ទី ៥ នៅកម្ពុជា សម្រេចបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងផ្នែកអំណាន និងគណិតវិទ្យា បើប្រៀបធៀបលទ្ធផលនៅឆ្នាំ ២០១៩ និង ២០២៤ យោងតាមលទ្ធផលនៃកម្មវិធីរង្វាយតម្លៃលទ្ធផល សិក្សារបស់សិស្សបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ (SEA-PLM) ដែលត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃនេះ ដោយក្រសួងអប់រំ យុវជន និងកីឡា។ SEA-PLM គឺជាកម្មវិធីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់តំបន់ ដែលរៀបចំឡើងដោយអង្គការ រដ្ឋមន្ត្រីអប់រំនៃតំបន់អាស៊ី អាគ្នេយ៍ (SEAMEO) និងយូនីសេហ្វ (UNICEF) ដើម្បីវាស់វែងលទ្ធផលសិក្សារបស់សិស្ស លើផ្នែកអំណាន គណិតវិទ្យា និងភាពជាពលរដ្ឋសកល ដែលជាជំនាញសំខាន់ៗក្នុងសតវត្សទី ២១។ រង្វាយតម្លៃនេះបាន ជ្រើសរើសសិស្សថ្នាក់ទី ៥ ចំនួន ៦.៥៧៤ នាក់ មកពីសាលារៀនចំនួន ១៩៥ ក្នុងរាជធានី ខេត្តទាំង ២៥។
នៅកម្ពុជា រង្វាយតម្លៃនេះត្រូវបានអនុវត្តដោយក្រុមការងារបច្ចេកទេសរបស់ក្រសួង ដោយមានការគាំទ្រពីយូនីសេហ្វ, SEAMEO និងការិយាល័យកិច្ចការបរទេស ភារកិច្ចអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (FCDO) នៃចក្រភពអង់គ្លេស តាមរយៈកម្មវិធីគាំទ្រការលើកកម្ពស់ការអប់រំកុមារីអាស៊ាន-ចក្រភពអង់គ្លេស (SAGE)។
សិស្សមានសមត្ថភាពខ្ពស់ក្នុងផ្នែកអំណានបានកើនឡើងពី ២៧ ភាគរយ ដល់ ៣៩ ភាគរយ។ ចំពោះផ្នែកគណិតវិទ្យា សិស្សមានសមត្ថភាពខ្ពស់បានកើនឡើងពី ៣៩ ភាគរយ ដល់ ៦២ ភាគរយ។ ចំណែកឯ សិស្សខ្សោយបានធ្លាក់ចុះពី ៤៧ ភាគរយ មកត្រឹម ៣៧ ភាគរយ សម្រាប់ផ្នែកអំណាន និងពី ៣៦ ភាគរយ មកត្រឹម ២០ ភាគរយ សម្រាប់ផ្នែកគណិតវិទ្យា។
ពិន្ទុមធ្យមផ្នែកអំណានបានកើនឡើងពី ២៩០ ដល់ ២៩៦ ពិន្ទុ និងផ្នែកគណិតវិទ្យាបានកើនឡើងពី ២៨៩ ដល់ ៣០១ ពិន្ទុ។ លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាវិជ្ជមានក្នុងការកែទម្រង់វិស័យអប់រំរយៈពេល ៥ ឆ្នាំ និងកិច្ចខិតខំប្រឹងប្រែងស្ដារការសិក្សា ឡើងវិញ បន្ទាប់ពីការរំខានដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។ សិស្សស្រីទទួលបានលទ្ធផលល្អជាងសិស្សប្រុស ទាំងផ្នែកអំណាននិងគណិតវិទ្យា ទោះបីជាគម្លាតយេនឌ័របានរួមតូចក៏ដោយ។ គម្លាតរវាងតំបន់ទីប្រជុំជន និងជនបទក៏បាន ថយចុះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សិស្សមកពីគ្រួសារក្រីក្រនៅតែទទួលបានពិន្ទុទាបជាងសិស្សមកពីគ្រួសារធូរធារចំនួន ១៦ ពិន្ទុក្នុងផ្នែកអំណាន និង ២០ ពិន្ទុក្នុងផ្នែកគណិតវិទ្យា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ «របក គំហើញទាំងនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់គុណភាព និងសមធម៌អប់រំ។ ក្នុងរយៈពេលមួយ ទសវត្សរ៍កន្លងមកនេះ យើងបានបង្កើនការវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការបណ្តុះបណ្តាលគ្រូបង្រៀន សៀវភៅសិក្សា និងវិធីសាស្ត្របង្រៀនបែបទំនើប។ ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ជាពិសេសគម្លាតសិក្សារវាងតំបន់ជនបទ និងទីប្រជុំជន។ យើងនៅតែបន្តប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការសហការជាមួយអង្គការយូនីសេហ្វ, SEAMEO និងដៃគូទាំងអស់ របស់យើង ដើម្បីធានាថាលទ្ធផលនៃការរកឃើញទាំងនេះនឹងប្រែក្លាយទៅជាសកម្មភាពជាក់ស្តែងសម្រាប់ កុមារគ្រប់រូប ជាពិសេស កុមារនៅតំបន់ជួបការលំបាក។»
លោកបណ្ឌិត Will Parks នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «SEA-PLM ឆ្នាំ ២០២៤ បង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជា ខាងបំណិនមូលដ្ឋាននៃការសិក្សា។ សិស្សថ្នាក់ទី ៥ កាន់តែច្រើនកំពុងសម្រេចបាន លទ្ធផលនៅកម្រិតខ្ពស់ ខណៈដែលសមាមាត្រសិស្សនៅកម្រិតទាបបំផុតបានធ្លាក់ចុះយ៉ាងខ្លាំង។ ការរីកចម្រើនទាំងនេះឆ្លុះបញ្ចាំង ពីភាពជាដៃគូដ៏រឹងមាំរបស់អង្គការយូនីសេហ្វជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈកម្មវិធីលើកកម្ពស់ការសិក្សានៅកម្រិត ថ្នាក់ដំបូងនៅបឋមសិក្សា ដូចជាការបណ្តុះបណ្តាលគ្រូបង្រៀននៅថ្នាក់ទី ១ ដល់ទី ៣ ការដាក់ចេញនូវយុទ្ធសាស្ត្រសមស្រប សម្រាប់ជួយសិស្សដែលរៀនយឺត និងការបង្កើតបណ្តាញប្រឹក្សាគ្រូបង្រៀនទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ គម្លាត សមធម៌នៅតែបន្តមាន។ សិស្សមកពីគ្រួសារក្រីក្រនៅតែទទួលបានពិន្ទុទាបក្នុងផ្នែកអំណាន និងគណិតវិទ្យា។ យូនីសេហ្វ នឹងបន្តធ្វើការជាមួយក្រសួង និងដៃគូនានា ដើម្បីកាត់បន្ថយគម្លាតទាំងនេះ ដើម្បីឱ្យកុមារកម្ពុជាគ្រប់រូបអាចទទួលបានជោគជ័យ។»
សិស្សកម្ពុជាប្រមាណបីភាគបួនបានយល់ដឹងអំពី បញ្ហាប្រឈមផ្នែកបរិស្ថាន ដូចជាការប្រែប្រួលអាកាសធាតុ កង្វះខាតទឹក និងការបាត់បង់ធនធានធម្មជាតិ។ ប្រការនេះឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែច្រើនជាងមុនរបស់សិស្សអំពី «ភាពជាពលរដ្ឋសកល» ក្នុងចំណោមយុវជនកម្ពុជា។
SEA-PLM ផ្តល់នូវទិន្នន័យផ្អែកលើភស្តុតាង ដើម្បីតម្រង់ទិសគោលនយោបាយអប់រំ។ កម្ពុជាបានចូលរួមក្នុងវដ្តនៃរង្វាយតម្លៃទាំងពីរ លើក (គឺនៅឆ្នាំ២០១៩ និងឆ្នាំ២០២៤)។ លទ្ធផលទាំងនេះនឹងក្លាយជាព័ត៌មានជំនួយដល់ការអនុវត្តផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ដោយផ្តោតលើការសិក្សានៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សា ការបណ្តុះបណ្តាលគ្រូបង្រៀន ការអប់រំ តាមបែបឌីជីថល និងជំនាញសតវត្សទី ២១។
សូមចូលអានរបាយការណ៍ជាតិទាំងស្រុងនៅទីនេះ៖ https://moeys.gov.kh/kh/sea-plm/document-1107
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
ក្រសួងអប់រំ យុវជន និងកីឡា (អ.យ.ក)
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា ទូរស័ព្ទ៖ +៨៥៥ ៩៦ ៦៧០៧៧៧៧, អ៊ីមែល៖ [email protected]
សម្រាប់ព័ត៌មានបន្ថែមអំពីក្រសួងអប់រំ យុវជន និងកីឡា សូមចូលទៅកាន់៖ www.moeys.gov.kh
Follow MoEYS on Facebook | Telegram | YouTube | Instagram | TikTok
យូនីសេហ្វ (UNICEF)
យូនីសេហ្វ បំពេញការងារនៅតាមតំបន់ដែលជួបការលំបាកបំផុតមួយចំនួននៅលើពិភពលោក ដើម្បីទៅដល់កុមារដែលជួបការលំបាកបំផុតក្នុងលោក។ នៅទូទាំងជាង ១៩០ ប្រទេស យើងធ្វើការដើម្បីកុមារគ្រប់រូប នៅគ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកដ៏ល្អប្រសើរមួយសម្រាប់មនុស្សគ្រប់គ្នា។
សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងាររបស់ខ្លួននៅកម្ពុជា សូមចូលទៅកាន់៖ www.unicef.org.kh
Follow UNICEF in Cambodia on Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok