សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ការបំបាត់ការមាក់ងាយ ដោយការរៀនសូត្រជាមួយគ្នា

ថ្នាក់រៀនបរិយាបន្ន​ កំពុងផ្តល់ឱ្យកុមារមានពិការភាព​នូវការគាំទ្រដែលពួកគេត្រូវការដើម្បីសិក្សា និងឱកាសក្នុងការ​ចូលរួម ការផ្សារភ្ជាប់ទំនាក់ទំនង និងការលូតលាស់​រីកចម្រើនទៅមុខរួម​គ្នា​ជាមួយមិត្តភក្ដិរបស់ពួកគេ។

Cristyn Lloyd
26-03-12_Inclusive Education_Battambang_Social Media_42.webp
UNICEF Cambodia/2026/Cristyn Lloyd
24 មិថុនា 2026

ខេត្តបាត់ដំបង ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ ៖ ប្អូនប្រុស អៀងតុង និង ម៉េងឡាយ ដែលមានអាយុដប់ពីរឆ្នាំ បានក្លាយជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា បន្ទាប់ពីពួកគេចាប់ផ្តើមអង្គុយក្បែរគ្នានៅក្នុងថ្នាក់រៀន។ ពួកគេសើចក្អាកក្អាយ និងលេងជាមួយគ្នា ទិញនំចំណីជាមួយគ្នាក្នុងម៉ោងចេញលេង និងជួយគ្នាក្នុងការសិក្សារៀនសូត្រ។ ប្អូនប្រុស អៀងតុង ពូកែខាងវិទ្យាសាស្ត្រ រីឯប្អូនប្រុសម៉េងឡាយវិញ ចូលចិត្តមុខវិជ្ជាគណិតវិទ្យា។

ប្អូនប្រុស អៀងតុង បាននិយាយថា «យើងចូលចិត្តរម្លឹកមេរៀនជាមួយគ្នាណាស់។

អ្នកគ្រូ រី ស៊ីមន ដែលជាគ្រូបង្រៀនថ្នាក់ទី៦ របស់ពួកគេ បានរៀបចំឱ្យពួកគេអង្គុយក្បែរគ្នា ដើម្បីឱ្យប្អូនប្រុស អៀងតុង អាចទទួលបានការជួយជ្រោមជ្រែងបន្ថែមខ្លះៗនៅពេលដែលគេត្រូវការ។ តុង មានកម្សោយការមើលឃើញ និងត្រូវពឹងផ្អែកលើសៀវភៅសិក្សាជាអក្សរប្រៃយ៍ខ្មែរ

សម្រាប់ការរៀនសូត្ររបស់គេ ប៉ុន្តែឧបសគ្គនេះមិនអាចរារាំងគេមិនឱ្យទទួលបានចំណាត់ថ្នាក់ក្នុងចំណោមសិស្សពូកែទាំង ១០នាក់ នៅក្នុងថ្នាក់បានឡើយ។

ប្អូនប្រុស អៀងតុង បាននិយាយរៀបរាប់ពីមិត្តរួមតុរបស់គេថា ៖ «គាត់ជួយអានមេរៀន និងលំហាត់ឮៗឱ្យខ្ញុំស្តាប់ ហើយនិងជួយកិច្ចការជាច្រើនផ្សេងទៀត»។

អ្នកគ្រូ ស៊ីមន ទទួលបានបច្ចេកទេសក្នុងការរៀបចំឱ្យក្មេងប្រុសទាំងពីរនាក់អង្គុយក្បែរគ្នានេះ បន្ទាប់ពីអ្នកគ្រូបានចូលរួមវគ្គបណ្តុះបណ្តាលមួយដែលគាំទ្រដោយយូនីសេហ្វ ដើម្បីជួយដល់គ្រូបង្រៀននៅតាមសាលារៀនចំណេះដឹងទូទៅ ឱ្យចេះពីរបៀបគាំទ្រកុមារមានពិការភាពឱ្យបានកាន់តែប្រសើរឡើង។

ប្អូនប្រុស ម៉េងឡាយ បាននិយាយថា ការជួយមិត្តភក្តិរបស់គេ មិនមែនជាបន្ទុកអ្វីនោះឡើយ។

ប្អូនបាននិយាយថា «ខ្ញុំរីករាយនឹង [ជួយ]។ «យូរៗទៅ ពួកយើងក៏បានក្លាយជាមិត្តភក្ដិនឹងគ្នាតែម្ដង»។

26-03-12_Inclusive Education_Battambang_Social Media_43.webp
UNICEF Cambodia/2026/Cristyn Lloyd (រូបភាព ៖ កុមារា អៀងតុង អាយុ ១២ ឆ្នាំ ចំណាយពេលសិក្សាពាក់កណ្តាលរបស់គាត់នៅសាលារៀនបរិយាបន្ន។) គាត់ប្រើប្រាស់សៀវភៅសិក្សាជាអក្សរស្ទាប ហើយទទួលបានការគាំទ្របន្ថែមពីមិត្តរបស់គាត់គឺ ម៉េងឡាយ នៅពេលដែលគាត់ត្រូវការ។

ប្អូនប្រុស អៀងតុង គឺជាកុមារម្នាក់ក្នុងចំណោមសិស្សមានពិការភាពចំនួន ២៤នាក់ នៅក្នុងសាលារៀនរបស់គេ ដែលនៅទីនោះ កុមារមានកម្សោយការមើលឃើញ កម្សោយការស្ដាប់ និងមានពិការភាពសតិបញ្ញា បានសិក្សារួមគ្នាជាមួយមិត្តភក្តិរបស់ពួកគេនៅក្នុងថ្នាក់រៀនតែមួយ។ សិស្សានុសិស្សចំណាយពេលពាក់កណ្តាលរៀននៅសាលាអប់រំពិសេសខេត្តបាត់ដំបង ដែលជាសាលាផ្តល់នូវថ្នាក់រៀនអប់រំពិសេសសម្រាប់កុមារមានពិការភាព ហើយពេលវេលាពាក់កណ្តាលទៀត

ពួកគេត្រូវចូលរៀននៅសាលាអប់រំបរិយាបន្នទូទៅដែលស្ថិតនៅក្បែរគ្នានឹងសាលាអប់រំពិសេសនោះ។ នេះជាគំរូនៃការរៀនសូត្រមួយដែលត្រូវបានដាក់ឱ្យអនុវត្តទូទាំងប្រទេស ដើម្បីលើកកម្ពស់បរិយាបន្ន កាត់បន្ថយការមាក់ងាយ និងការរើសអើង ព្រមទាំងផ្តល់ឱកាសឱ្យកុមារបានរៀនសូត្រ និងបង្កើតមិត្តភក្តិនៅក្នុងបរិយាកាសសាលារៀនទូទៅ ស្របពេលដែលពួកគេនៅតែទទួលបានការគាំទ្រពិសេសសម្រាប់ការសិក្សាផងដែរ។

នៅទូទាំងប្រទេស មានសិស្សមានពិការភាពជាង ៣០,០០០នាក់ កំពុងចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធអប់រំទូទៅ ខណៈដែលកុមារប្រមាណ ១.២០០នាក់ កំពុងសិក្សានៅតាមសាលារៀនចំនួនប្រាំមួយ ដែលផ្តល់កម្មវិធីសិក្សាផ្នែកអប់រំពិសេស។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យសោកស្តាយនោះគឺ មានកុមារជាច្រើនទៀតកំពុងតែបាត់បង់ឱកាសទទួលបានការអប់រំប្រកបដោយគុណភាព។ កុមារមានពិការភាពមានឱកាសតិចជាងមិត្តភក្តិរបស់ពួកគេរហូតដល់ទៅ ៣ដង ក្នុងការចូលរៀន ហើយបើប្រៀបធៀបក្នុងកម្រិតសកល ប្រទេសកម្ពុជាមានគម្លាតធំបំផុតមួយក្នុងការចូលរៀន និងការរៀនសូត្រចប់ចុងចប់ដើម រវាងកុមារមានពិការភាព និងកុមារមិនមានពិការភាព។ អត្រាកុមារមានពិការភាពមិនបានចូលរៀននៅកម្រិតបឋមសិក្សាក្នុងប្រទេសកម្ពុជា មានរហូតដល់ ៦១ភាគរយ បើប្រៀបធៀបទៅនឹងកុមារមិនមានពិការភាព ដែលមានត្រឹមតែ ៤ភាគរយប៉ុណ្ណោះ។

ឧបសគ្គចំពោះការរៀនសូត្រមានច្រើនទម្រង់ ៖ កុមារអាចនឹងមិនបានទៅសាលារៀនដោយសារតែការមាក់ងាយ ការអៀនខ្មាស ឬដោយសារតែឪពុកម្តាយរបស់ពួកគេមិនបានយល់ឃើញពីតម្លៃនៃការសិក្សា ឬមិនបានដឹងថាមានការអប់រំដែលបានរៀបចំសម្រាប់កូនៗរបស់ពួកគេឡើយ។ សាលារៀនភាគច្រើនក៏នៅខ្វះខាតសម្ភារសិក្សាឯកទេស ឬហេដ្ឋារចនាសម្ព័ន្ធដែលបង្កលក្ខណៈងាយស្រួល (សមស្របសម្រាប់ជនមានពិការភាព) ហើយអ្នកអប់រំជាច្រើនមានអារម្មណ៍ថាខ្លួនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្របសម្រួលមេរៀនរបស់ពួកគេឱ្យសមស្របទៅនឹងសិស្សដែលមានតម្រូវការខុសៗគ្នានៅឡើយ។

ដើម្បីធានាថាកុមារគ្រប់រូបមានឱកាសស្មើៗគ្នាក្នុងការទទួលបានការរៀនសូត្រប្រកបដោយគុណភាព យូនីសេហ្វ កំពុងគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងការអប់រំប្រកបដោយបរិយាបន្ននៅទូទាំងប្រទេស។ តាមរយៈថវិកាឧបត្ថម្ភពីមូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) មានគ្រូបង្រៀនចំនួន ៥.០០០នាក់ មកពីសាលារៀនទូទៅ បានទទួលការបណ្តុះបណ្តាលស្តីពីការអប់រំបរិយាបន្នចាប់តាំងពីឆ្នាំ២០១៨ មក ក្នុងនោះរួមមាន ១.០០០នាក់ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយគ្រូបង្រៀនចំនួន ១៤៦នាក់ បានបញ្ចប់វគ្គសិក្សាថ្នាក់សញ្ញាបត្រផ្នែកអប់រំពិសេស ដែលជាវគ្គសិក្សាវិញ្ញាបនបត្រតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេស។ វគ្គសិក្សារយៈពេលមួយឆ្នាំនេះ ផ្តល់ដោយវិទ្យាស្ថានជាតិអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តោតលើជំនាញឯកទេសបង្រៀនចំនួនបីគឺ ៖ កម្សោយការមើលឃើញ កម្សោយការស្ដាប់ និងពិការភាពសតិបញ្ញា និងអូទីស្សឹម បន្ទាប់ពីបញ្ចប់ការសិក្សា គ្រូទាំងនោះនឹងត្រូវដាក់ពង្រាយទៅតាមសាលារៀននានាដែលផ្តល់ការគាំទ្រពិសេសដល់ការសិក្សារបស់កុមារមានពិការភាព។

26-03-12_Inclusive Education_Battambang_Social Media_30.webp
UNICEF Cambodia/2026/Cristyn Lloyd (រូបភាព ៖ អ្នកគ្រូ រី ស៊ីមន ដែលជាគ្រូបង្រៀនថ្នាក់ទី៦ កំពុងជួយដល់សិស្សដែលមានកម្សោយការមើលឃើញក្នុងអំឡុងពេលម៉ោងសិក្សា។)

អ្នកគ្រូ ស៊ីមន បានបង្រៀននៅសាលារបស់ប្អូនប្រុស អៀងតុង ជាង ៣០ ឆ្នាំមកហើយ ប៉ុន្តែនេះជាលើកទីមួយហើយដែលអ្នកគ្រូមានសិស្សមានពិការភាពនៅក្នុងថ្នាក់រៀនរបស់ខ្លួន។ អ្នកគ្រូបានសារភាពថា កន្លងមក អ្នកគ្រូធ្លាប់មានការព្រួយបារម្ភថាខ្លួននឹងមិនអាចផ្តល់ការគាំទ្រដែលពួកគេត្រូវការបានគ្រប់គ្រាន់នោះឡើយ។

អ្នកគ្រូបានមានប្រសាសន៍ថា ៖ «វាពិតជាពិបាកណាស់ ព្រោះខ្ញុំពិតជាចង់ជួយពួកគាត់ ប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេចឡើយ។ ខ្ញុំចង់ឱ្យពួកគាត់ទទួលបានលទ្ធផលល្អដូចសិស្សដទៃទៀតដែរ ប៉ុន្តែគ្រូបង្រៀនរបស់យើងមិនទាន់មានជំនាញឯកទេសទាំងនោះនៅឡើយទេ»។

ពីរបីខែក្រោយមក ការព្រួយបារម្ភរបស់អ្នកគ្រូត្រូវបានកាត់បន្ថយ។ បន្ទាប់ពីបានយកបច្ចេកទេសមួយចំនួនដែលបានរៀនពីវគ្គបណ្តុះបណ្តាលមកអនុវត្ត ផ្សារភ្ជាប់ជាមួយនឹងសម្ភារសិក្សាដែលបង្កលក្ខណៈងាយស្រួល ដូចជាសៀវភៅអក្សរស្ទាប ឥរិយាបថរាក់ទាក់ទទួលយកពីសំណាក់សិស្សដទៃទៀត ព្រមទាំងការគាំទ្របន្ថែមដែលកុមារទទួលបានពីសាលាមួយទៀតនោះ អ្នកគ្រូ ស៊ីមន មានទំនុកចិត្តយ៉ាងខ្លាំងថា ពួកគេអាចរៀនទាន់មិត្តភក្តិរួមថ្នាក់បាន។

អ្នកគ្រូបានបន្តថា ៖ «តាមគំនិតរបស់ខ្ញុំ ពួកគាត់រៀនបានល្អដូចសិស្សដទៃទៀតដែរ។ សម្រាប់ខ្ញុំ ការដាក់បញ្ចូលសិស្សមានកម្សោយការមើលឃើញឱ្យរៀនជាមួយសិស្សដទៃទៀត គឺជារឿងល្អមួយ។ ការឱ្យពួកគាត់នៅជាមួយគ្នាជួយការពារកុំឱ្យសិស្សដទៃទៀតមានការរើសអើង ហើយពួកគេអាចលេងជាមួយគ្នាបាន»។

ប្អូនប្រុស ម៉េងឡាយ បាននិយាយពីមិត្តរបស់គាត់ថា «ខ្ញុំសប្បាយចិត្តណាស់ដែលបានរៀនជាមួយគាត់ ពីព្រោះគាត់ជាមនុស្សល្អ»។

នៅទូទាំងបរិវេណសាលា រឿងរ៉ាវស្រដៀងគ្នានេះក៏កំពុងកើតមានឡើងផងដែរ។ នៅក្នុងថ្នាក់រៀនមួយទៀត កុមារៗកំពុងរៀនភាសាសញ្ញាពីមិត្តរួមថ្នាក់របស់ពួកគេ ដើម្បីអាចប្រាស្រ័យទាក់ទង និងលេងកម្សាន្តជាមួយមិត្តភក្តិបាន។

26-03-12_Inclusive Education_Battambang_Social Media_13.webp
UNICEF Cambodia/2026/Cristyn Lloyd (រូបភាព ៖ សិស្សានុសិស្សធ្វើការប្រាស្រ័យទាក់ទងគ្នាដោយប្រើភាសាសញ្ញានៅម៉ោងចេញលេង)

ប៉ុន្តែ ទោះបីជាមានវឌ្ឍនភាពបែបនេះក្តី វានៅតែជាផ្លូវដ៏វែងឆ្ងាយក្នុងការផ្លាស់ប្តូរផ្នត់គំនិត និងការបញ្ចប់ការមាក់ងាយឱ្យបានទាំងស្រុង។

ប្អូនប្រុស អៀងតុង បាននិយាយថា «មនុស្សមួយចំនួនរើសអើង ហើយមួយចំនួនទៀតមិនរើសអើងឡើយ។ ពួកគេខ្លះមិនចង់អានមេរៀនឱ្យខ្ញុំស្តាប់ទេ ហើយក៏មិនចង់និយាយរកខ្ញុំដែរ»។

ការផ្លាស់ប្តូរចាប់ផ្តើមឡើងតាមរយៈការលុបបំបាត់របាំងឧបសគ្គនានា ម្តងមួយៗ ទាំងនៅក្នុងថ្នាក់រៀន ក្នុងសហគមន៍ និងនៅតាមផ្ទះ។ ឪពុកម្តាយ និងអ្នកថែទាំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរនេះ ៖ តាមរយៈការគាំទ្រការអប់រំរបស់កូនៗ ការបន្តឱ្យពួកគេទៅសាលារៀន និងការជឿជាក់លើសក្តានុពលរបស់ពួកគេ គឺពួកគេបានជួយបង្កើតឱកាសសម្រាប់កុមារមានពិការភាពឱ្យបានចូលរួមយ៉ាងពេញលេញនៅក្នុងសង្គម និងបន្តសម្រេចនូវសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។

អ្នកគ្រូ ស៊ីមន បានមានប្រសាសន៍ថា ៖ «ដំបូងឡើយ ពួកគាត់ពិតជាមានការខកចិត្ត ឬអស់សង្ឃឹមខ្លាំងណាស់ដែលកូនរបស់ខ្លួនកើតមកខុសប្លែកពីគេ។ ប៉ុន្តែយូរៗទៅ នៅពេលដែលពួកគាត់បានឃើញកូនៗមកលេង និងរៀនសូត្រជាមួយសិស្សដទៃទៀត ពួកគាត់លែងមានអារម្មណ៍បែបនោះទៀតហើយ។ ពួក

គាត់មានសេចក្តីសប្បាយរីករាយវិញ ពីព្រោះពួកគាត់បានឃើញកូនរបស់ខ្លួនអាចរស់នៅចុះសម្រុងជាមួយអ្នកដទៃ»។

អ្នកគ្រូមិនមានការរារែកចិត្តទាល់តែសោះក្នុងការស្វាគមន៍កុមារមានពិការភាពបន្ថែមទៀតមកក្នុងថ្នាក់រៀនរបស់ខ្លួននាពេលអនាគត។

អ្នកគ្រូបាននិយាយថា៖ «ខ្ញុំពិតជារីករាយណាស់។ ការបានឃើញពួកគាត់រៀនសូត្រជាមួយគ្នាដូចនេះ ក៏ធ្វើឱ្យខ្ញុំសប្បាយចិត្តដែរ»។ នៅពេលដែលប្អូន អៀងតុង ទទួលបានចំណាត់ថ្នាក់ក្នុងចំណោមសិស្សពូកែទាំង ១០ នាក់នៅក្នុងថ្នាក់ គេមានអារម្មណ៍ថាមោទនភាពយ៉ាងខ្លាំង។

គាត់បាននិយាយថា ៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់។ ទីមួយ ឪពុកម្តាយរបស់ខ្ញុំបានសរសើរខ្ញុំ។ ទីពីរ ខ្ញុំសប្បាយចិត្តនឹងសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំ»។

គេចង់ក្លាយជាតន្ត្រីករម្នាក់នៅពេលធំឡើង ហើយបច្ចុប្បន្ននេះ គេអាចលេងបទចម្រៀងបានជាង ៦០ បទរួចមកហើយ ដោយប្រើឧបករណ៍អ័គ (Keyboard) និងហ្គីតា។ ជាមួយនឹងការគាំទ្រដ៏ត្រឹមត្រូវ ក្តីស្រមៃបែបនេះពិតជាអាចសម្រេចបានយ៉ាងពិតប្រាកដ។

មូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ គឺជាភាពជាដៃគូរយៈពេលវែងរវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងដៃគូនានា រួមមានសហភាពអឺរ៉ុប (EU) ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) និងយូនីសេហ្វ។