កម្ពុជាពន្លឿនការបង្ការជំងឺមហារីកមាត់ស្បូន តាមរយៈយុទ្ធនាការ ផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់ក្មេងស្រីវ័យជំទង់
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្ងៃនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសុខាភិបាល និងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ បានបើកដំណើរការយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន Human Papillomavirus (HPV) សម្រាប់ច្រើនក្រុមអាយុ(Multi-Age Cohort-MAC) ក្នុងពេលតែមួយនៅទូទាំងប្រទេសដែលនឹងផ្តល់ជូនក្មេងស្រីវ័យជំទង់ ព្រមទាំងសកម្មភាពការចាក់បង្គ្រប់ (Catch-up Vaccination) ដើម្បីពង្រីកការការពារពីជំងឺមហារីកមាត់ស្បូនសម្រាប់ក្មេងស្រីវ័យជំទង់ទូទាំងប្រទេស។
ជំងឺមហារីកមាត់ស្បូននៅតែជាបញ្ហាសុខភាពសាធារណៈដ៏ចំបងមួយនៅកម្ពុជា និងជាជំងឺមហារីកដែលស្ថិត នៅចំណាត់ថ្នាក់លេខរៀងទី២ក្នុងចំណោមស្ត្រីគ្រប់វ័យi។ ស្ទើរតែគ្រប់ករណីនៃជំងឺមហារីកមាត់ស្បូនគឺបណ្តាលមកពីការឆ្លងវីរុស HPV ប្រភេទហានិភ័យខ្ពស់។ ដោយសារហេតុនេះ ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ត្រូវបានទទួលស្គាល់ថាជាវិធានការបង្ការជំងឺមហារីកមាត់ស្បូនដ៏មានប្រសិទ្ធភាពបំផុតii។ រួមទាំងនឹងការពិនិត្យរកជំងឺមហារីកមាត់ស្បូន និងការព្យាបាលនៅដំណាក់កាលដំបូមុនបង្ករទៅជាជំងឺមហារីក។ ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺជាមូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ជំងឺមហារីកមាត់ស្បូនដែលជាបញ្ហាសុខភាពសាធារណៈជាសកល។
ដោយយោងទៅលើភាពជោគជ័យនៃការអនុវត្តការដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃកម្ពុជាក្នុងឆ្នាំ២០២៣កន្លងមក។ យុទ្ធនាការនេះផងដែរ នឹងត្រូវអនុវត្តដូចគ្នាជាមួយនឹងការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនជាប្រចាំសម្រាប់ក្មេងស្រីអាយុ៩ឆ្នាំ។ យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននេះ នឹងផ្តល់ដោយឥតគិតថ្លៃដល់ក្មេងស្រីគ្រប់រូប ដែលមានអាយុពី ១៣ ដល់អាយុ១៤ឆ្នាំ ព្រមទាំងការចាក់បង្គ្រប់ ក្មេងស្រីពី អាយុ១០ ដល់អាយុ ១២ឆ្នាំ ដែលអាចខកខានមិនបានទទួលតាមក្នុងកម្មវិធីផ្តល់ថ្នាំបង្ការជាប្រចាំក្នុងអំឡុងឆ្នាំ២០២៣ ដល់២០២៥។ វិធីសាស្ត្រផ្តល់ថ្នាំបង្ការបង្គ្រប់នេះ មានគោលបំណងដើម្បីបំពេញចន្លោះភាពស៊ាំដែលនៅសេសសល់ និងធានាថាក្មេងស្រីដែលមិនបានទទួលថ្នាំបង្ការមានសិទ្ធិទទួលបានការការពារគ្រប់ៗគ្នា។ ដោតយោងតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក(WHO) ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ត្រឹមមួយដូស អាចផ្តល់ការការពារដ៏មានប្រសិទ្ធភាព និងយូរអង្វែងសម្រាប់ប្រឆាំងនឹងការឆ្លងវីរុស HPV និងជំងឺមហារីកមាត់ស្បូនផងដែរ។
ដើម្បីសម្រេចបាននូវអត្រាគ្របដណ្តប់ថ្នាំបង្ការខ្ពស់ យុទ្ធនាការទូទាំងប្រទេសនេះនឹងត្រូវអនុវត្តជាពីរដំណាក់កាល ដែលនឹងចាប់ផ្តើមពី ខែ វិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៦។ យុទ្ធនាការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការបង្ការជំងឺមហារីកមាត់ស្បូន និងធានានូវអនាគតដែលមានសុខភាពល្អប្រសើរសម្រាប់ក្មេងស្រី និងស្ត្រី។
ការអនុវត្តយុទ្ធនាការនេះ ទទួលបានការសហការ និងសម្របសម្រួលមួយពី ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូសហគមន៍ដោយមានការគាំទ្រពី អង្គការសម្ព័ន្ធសកលសម្រាប់ថ្នាំបង្ការ និងការផ្ដល់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI)។
ក្នុងឱកាសបើកដំណើរការយុទ្ធនាការ ឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារមនុស្សជំនាន់ក្រោយពីជំងឺមហារីកមាត់ស្បូន។
«ក្មេងស្រីគ្រប់រូបសមនឹងទទួលបានការការពារពីជំងឺមហារីកមាត់ស្បូន។ តាមរយៈយុទ្ធនាការពង្រីកការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន នៅទូទាំងប្រទេស យើងចង់ធានាថា ក្មេងស្រីគ្រប់រូប រួមទាំងអ្នកដែលមិនទាន់បានទទួលថ្នាំបង្ការកាលពីពេលកន្លងមក មានឱកាសទទួលបានការការពារពីថ្នាំបង្ការដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងអាចជួយការពារអាយុជីវិតបាន។ យើងសូមអំពាវនាវដល់អាណាព្យាបាល ឪពុកម្តាយ អ្នកថែទាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមសហការគ្នា ដើម្បីធានាថាក្មេងស្រីគ្រប់រូបដែលមានសិទ្ធិទទួលថ្នាំបង្ការ អាចទទួលបានថ្នាំបង្ការនេះ។»
យុទ្ធនាការនេះនឹងត្រូវអនុវត្តតាមរយៈការផ្តល់ថ្នាំបង្ការនៅតាមសាលារៀន សហគមន៍ និងគ្រឹះស្ថានសុខាភិបាល។ ក្រុមការងារផ្តល់ថ្នាំបង្ការនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូ ក្រុមគាំទ្រទ្រង់សុខភាពភូមិ អាជ្ញាធរមូលដ្ឋាន និងមេដឹកនាំសហគមន៍ ដើម្បីកំណត់អត្តសញ្ញាណ និងឈានទៅដល់ក្មេងស្រីទាំងអស់ដែលមានសិទ្ធិទទួលថ្នាំបង្ការ ជាពិសេសក្មេងស្រីដែលមិនបានចូលសាលា និងអ្នកដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ឬតំបន់ពិបាកទៅដល់។
លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានបញ្ជាក់ថា៖
«ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការបង្ការជំងឺមហារីកមាត់ស្បូន។ អង្គការសុខភាពពិភពលោកបានណែនាំឱ្យផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់ក្មេងស្រីអាយុ ពី៩ ដល់ ១៤ឆ្នាំ មុនពេលពួកគេប្រឈមនឹងការឆ្លងវីរុសHPV។ កម្ពុជាកំពុងពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់ជំងឺមហារីកមាត់ស្បូន សម្រាប់ការពារសុខភាព និងសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយតាមរយៈការពង្រីកឱកាសទទួលថ្នាំបង្ការដល់ក្មេងស្រីអាយុរហូតដល់១៤ឆ្នាំ »។
គោលបំណងចម្បងនៃយុទ្ធនាការនេះ គឺដើម្បីធានាថាមិនមានក្មេងស្រីណាម្នាក់ដែលមានសិទ្ធិទទួលថ្នាំបង្ការ ត្រូវបានទុកចោលឡើយ ជាពិសេសក្មេងស្រីដែលមិនបានចូលរៀន និងរស់នៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ពិបាកទៅដល់។ ការចូលរួមរបស់សហគមន៍ ការកៀរគរសង្គម ការចូលរួមពីវិស័យអប់រំ និងភាពជាអ្នកដឹកនាំនៅតាមមូលដ្ឋាន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យគ្រួសារយល់ដឹងអំពីអត្ថប្រយោជន៍ និងសុវត្ថិភាពនៃថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ព្រមទាំងផ្តល់ដំណឹង ពីកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងដែលផ្តល់សេវាថ្នាំបង្ការផងដែរ។
លោកស្រីវេជ្ជបណ្ឌិត Maha Damaj តំណាង អង្គការ UNICEF ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖
«ក្មេងស្រីគ្រប់រូបដែលមានសិទ្ធិទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គួរតែមានឱកាសស្មើគ្នាក្នុងការទទួលបាន ដោយមិនគិតពីទីកន្លែងរស់នៅ ឬស្ថានភាពនៃការសិក្សារបស់ពួកគេឡើយ។ ការឈានទៅដល់ក្មេងស្រីដែលប្រឈមនឹងការខកខានការទទួលសេវា ជាពិសេសអ្នកដែលមិនបានចូលរៀន និងរស់នៅក្នុងតំបន់ពិបាកទៅដល់ គឺជា ពិតជាសំខាន់ណាស់ ដើម្បីធានាថាក្មេងស្រីគ្រប់រូបបានទទួលការការពារពីជំងឺមហារីកមាត់ស្បូន។»
យុទ្ធនាការនេះផងដែរនឹងអនុវត្តដោយបានយោងតាមបទពិសោធ នៃការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន កន្លងមកនៅកម្ពុជាកន្លងមក ជាពិសេសលើការកំណត់អត្តសញ្ញាណក្មេងស្រីដែលមានសិទ្ធិទទួលថ្នាំបង្ការ ការពង្រឹងការធ្វើផែនការលម្អិត ការបង្កើនការចូលរួមរបស់សហគមន៍ និងការត្រួតពិនិត្យតាមដានប្រកបដោយភាពត្រឹមត្រូវពេញមួយដំណើរការអនុវត្តយុទ្ធនាការនេះ។
លោក ឡាន ម៉ៅ នាយកស្តីទី អង្គការ CHAI នៅកម្ពុជាបានមានប្រសាសន៍ថា៖
«កម្ពុជាបានបង្ហាញរួចមកហើយនូវភាពជាអ្នកដឹកនាំដ៏រឹងមាំក្នុងការដាក់ឱ្យអនុវត្តកម្មវិធីផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ។ យុទ្ធនាការនេះបន្តពង្រឹងលើសមិទ្ធផលដែលសម្រេចបាន ដោយអភិវឌ្ឍន៍ប្រព័ន្ធដែលចាំបាច់សម្រាប់កំណត់អត្តសញ្ញាណ ឈានទៅដល់ និងផ្តល់ថ្នាំបង្ការដល់ក្មេងស្រីដែលមានសិទ្ធិទទួលបានគ្រប់ៗគ្នា ជាពិសេសក្មេងស្រីដែលអាចប្រឈមនឹងការខកខានការទទួលថ្នាំបង្ការ។»
បច្ចុប្បន្នកម្មវិធីផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ថ្នាក់ជាតិ ត្រូវបានដាក់ឱ្យអនុវត្តក្នុងប្រទេសជាង១៦២ ទូទាំងពិភពលោក ដោយបានរួមចំណែកការពារជីវិតមនុស្សរាប់លាននាក់។ ដោយបានទទួលបានការគាំទ្រពីអង្គការ Gavi នៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម បានជួយផ្តល់ការការពារដល់ក្មេងស្រីប្រមាណ៩៥លាននាក់ និងត្រូវបានប៉ាន់ប្រមាណថា បានបង្ការពីការស្លាប់នាពេលអនាគតដោយសារជំងឺមហារីកមាត់ស្បូនចំនួន១,៩លាននាក់។ ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺជាវិធានការបង្ការជំងឺមួយដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងចំណោមអន្តរាគមន៍របស់អង្គការ Gavi គាំទ្រ ដោយអាចជួយបង្ការការស្លាប់ប្រមាណ១៣ ករណី សម្រាប់កុមារ ១,000 នាក់ដែលបានទទួលថ្នាំបង្ការ។
លោកស្រី Priya Gajraj នាយកប្រតិបត្តិទទួលបន្ទុកប្រទេសនៃអង្គការGavi បានមានប្រសាសន៍ថា៖
"យើងសូមកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការ និងការខិតខំប្រឹងប្រែងក្នុងការបង្ការនឹងជំងឺមហារីកមាត់ស្បូន តាមរយៈការវិនិយោគលើកម្មវិធីពិនិត្យរកជំងឺ ការព្យាបាល និងការបង្ការ។ យុទ្ធនាការនេះផងដែរបង្ហាញពី ភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាល រួមជាមួយការវិនិយោគជាបន្តបន្ទាប់ អាចនាំមកនូវលទ្ធផលដ៏មានសារៈសំខាន់។ "
ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺជាអន្តរាគមន៍ដ៏មានប្រសិទ្ធភាពបំផុតមួយដែលអង្គការGavi បានគាំទ្រ ដើម្បីការពារសុខភាព និងសង្គ្រោះជីវិតមនុស្ស។ តាមរយៈថវិកាគាំទ្រជាង ៣លានដុល្លារអាមេរិក សម្រាប់យុទ្ធនាការនេះ ដែលមានគោលដៅផ្តល់ការការពារដល់ក្មេងស្រីជាង ៧០០,០០០នាក់ នៅតាមសាលារៀន និងសហគមន៍។ អង្គការ Gavi សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រកម្ពុជាឱ្យពង្រឹងការទទួលបានសេវាសុខភាពចាំបាច់សម្រាប់ក្មេងស្រីវ័យជំទង់"។
យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន សម្រាប់ក្មេងស្រីច្រើនក្រុមអាយុនេះ និងការចាក់បង្គ្រប់ រួមជាគ្នាជាមួយកម្មវិធីផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនជាប្រចាំ នឹងជួយបង្កើនភាពស៊ាំ កាត់បន្ថយហានិភ័យនៃការឆ្លងវីរុស HPV និងគាំទ្រដល់គោលដៅរយៈពេលវែងរបស់កម្ពុជា ដើម្បីលុបបំបាត់ជំងឺមហារីកមាត់ស្បូនឱ្យលែងជាបញ្ហាសុខភាពសាធារណៈនៅទូទាំងប្រទេស។"
កំណត់សម្គាល់សម្រាប់អ្នកសារព័ត៌មាន៖
អង្គការ Gavi គាំទ្រប្រទេសដែលមានចំណូលទាប ក្នុងការដាក់ឱ្យអនុវត្ត និងរក្សានិរន្តរភាពកម្មវិធីផ្តល់ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ថ្នាក់ជាតិ តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់ការទិញថ្នាំបង្ការ ការផ្តល់សេវាផ្តល់ថ្នាំបង្ការ និងការរៀបចំយុទ្ធនាការផ្សេងៗ។ អង្គការ Gavi ក៏ជួយពង្រឹងប្រព័ន្ធផ្តល់ថ្នាំបង្ការ ផ្តល់ជំនួយបច្ចេកទេស និងគាំទ្រដល់ការបង្កើតទីផ្សារថ្នាំបង្ការសកលដែលមានស្ថិរភាព និងតម្លៃសមរម្យផងដែរ។ ត្រឹមដំណាច់ឆ្នាំ ២០២៥ អង្គការ Gavi បានគាំទ្រប្រទេសចំនួន៥៣ ក្នុងការដាក់ឱ្យអនុវត្តកម្មវិធីផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ថ្នាក់ជាតិ ដោយបានជួយឱ្យក្មេងស្រីជាង ៩៥លាននាក់ ទទួលបានការការពារពេញលេញ និងបានបង្ការការស្លាប់នាពេលអនាគតដោយសារជំងឺមហារីកមាត់ស្បូនប្រមាណ ១,៩ លាននាក់។ តាមរយៈកម្មវិធីថ្នាំបង្ការជំងឺមហារីកមាត់ស្បូន របស់ខ្លួន អង្គការ Gavi កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនៃប្រទេសជាសមាជិក និងដៃគូពាក់ព័ន្ធ ដើម្បីពង្រីកការគ្របដណ្តប់ថ្នាំបង្ការប្រកបដោយសមធម៌ ឈានទៅដល់ក្មេងស្រីដែលអាចខកខានការទទួលថ្នាំបង្ការតាមសាលារៀន និងបញ្ចូលការផ្តល់ថ្នាំបង្ការទៅក្នុងកម្មវិធីលើកកម្ពស់សុខភាពយុវវ័យឱ្យកាន់តែទូលំទូលាយ។ព័ត៌មានបន្ថែម៖ here.
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានបន្ថែម សូមទាក់ទង ៖
កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល
Mr. Ork Vichit
Tel: + 855 12 830 548
Email: [email protected]
Gavi
Eunice Kilonzo-Muraya, Gavi
Tel: +41 76 424 85 03
Email: [email protected]
Cirũ Kariũki
Tel: +41 79 913 94 41
Email: [email protected]
អំពីអង្គការសម្ព័ន្ធសកលសម្រាប់ថ្នាំបង្ការ និងការផ្ដល់ថ្នាំបង្ការ (Gavi, Vaccine Alliance)
អង្គការ Gavi គឺជាដៃគូអភិវឌ្ឍន៍រួមគ្នាវិស័យសាធារណៈ និងឯកជន ដែលបានជួយផ្តល់ថ្នាំបង្ការដល់កុមារចំនួនជាងពាក់កណ្តាលនៃកុមារទាំងអស់ក្នុងពិភពលោក ប្រឆាំងនឹងជំងឺមួយចំនួនដែលសម្លាប់កុមារ។ អង្គការGavi ធ្វើការសហការគ្នារវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសផ្តល់ជំនួយ អង្គការ WHO អង្គការយូនីសេហ្វ(UNICEF) ធនាគារពិភពលោក ឧស្សាហកម្មផលិតថ្នាំបង្ការ ទីភ្នាក់ងារផ្តល់ជំនួយបច្ចេកទេស អង្គការសង្គមស៊ីវិល មូលនិធិហ្គេតស៍ (Gates Foundation) និងដៃគូវិស័យឯកជនផ្សេងទៀត។ សូមមើលព័ត៌មានពេញលេញដែលបង្ហាញរដ្ឋាភិបាលម្ចាស់ជំនួយ និងអង្គការធំៗ ឈានមុខគេផ្សេងទៀតដែលផ្តល់មូលនិធិដល់ការងាររបស់ Gavi នៅទីនេះGavi’s work here។
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០០០មក អង្គការ Gavi បានផ្តល់ថ្នាំបង្ការដល់កុមារជាង១.៣ពាន់លាននាក់ ដែលអាចការពារការស្លាប់របស់កុមារជាង២៣លាននាក់នាពេលអនាគត នៅក្នុងប្រទេសដែលមានចំណូលទាបចំនួន៧៨ប្រទេស។ អង្គការ Gavi ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយប្រសើរឡើងនូវសន្តិសុខសុខភាពពិភពលោកដោយគាំទ្រដល់ប្រព័ន្ធសុខាភិបាល ក៏ដូចជាការផ្តល់មូលនិធិដល់ការរក្សាស្តុកថ្នាំបង្ការ ជំងឺ Ebola ជំងឺអាសន្នរោគ ជំងឺរលាកស្រោមខួរ និងជំងឺគ្រុនលឿង ជាសកល។
បន្ទាប់ពីសម្រេចបានវឌ្ឍនភាពជាច្រើនក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមក អង្គការ Gavi កំពុងផ្តោតការយកចិត្តទុកដាក់លើការការពារកុមារជំនាន់ក្រោយ ជាពិសេសកុមារដែលមិនទាន់បានទទួលថ្នាំបង្ការ សូម្បីតែមួយដូស(Zero-dose Children)។ ដើម្បីសម្រេចគោលដៅនេះ អង្គការ Gavi បានប្រើប្រាស់វិធីសាស្ត្រហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ និងបច្ចេកវិទ្យាទំនើបៗ ដូចជាយន្តហោះដ្រូន និងប្រព័ន្ធអត្តសញ្ញាណជីវមាត្រ (Biometrics) ដើម្បីជួយសង្គ្រោះជីវិត បង្ការការផ្ទុះជំងឺមុនពេលរីករាលដាល និងជួយប្រទេសនានាក្នុងការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងកម្មវិធីថ្នាំបង្ការដោយខ្លួនឯង។ សូមស្វែងយល់ព័ត៌មានបន្ថែមនៅតាម www.gavi.org ហើយភ្ជាប់បណ្តាញទំនាក់ទំនងសង្គមទាំងនេះ Bluesky, Facebook, Instagram, LinkedIn, TikTok, X និង YouTube ផងដែរ ។
អំពីអង្គការអង្គការសុខភាពពិភពលោក (WHO)
ការិយាល័យតំណាង អង្គការWHO ប្រចាំនៅកម្ពុជា ធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសជាមួយក្រសួងសុខាភិបាល ព្រមទាំងក្រសួងពាក់ព័ន្ធផ្សេងៗ ដៃគូអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
អង្គការWHO ផ្តល់ជំនួយផ្នែកជំនាញបច្ចេកទេស ការណែនាំបែបយុទ្ធសាស្ត្រ និងការគាំទ្រផ្នែកសុខភាពសាធារណៈ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងកម្មវិធីសុខភាពសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពការទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព លើកកម្ពស់សមធម៌សុខភាព និងធានាបានប្រជាជនកម្ពុជាទាំងអស់មានសុខភាពកាន់តែប្រសើរដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើប្រជាជនក្រីក្រ ក្រុមងាយរងគ្រោះ និងសហគមន៍ដែលមិនទាន់បានទទួលបានសេវាផងដែរ។
អំពីយូនីសេហ្វ
យូនីសេហ្វធ្វើការនៅក្នុងតំបន់ដែលមានការលំបាកបំផុតនៅលើពិភពលោក ដើម្បីជួយកុមារដែលងាយរងគ្រោះបំផុត។ នៅក្នុងប្រទេស និងដែនដីជាង ១៩០ នៅទូទាំងពិភពលោក យើងធ្វើការដើម្បីកុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកដែលល្អប្រសើរជាងមុនសម្រាប់មនុស្សគ្រប់គ្នា។
សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងនៅកម្ពុជា សូមចូលទៅកាន់៖ www.unicef.org.kh
តាមដានយូនីសេហ្វកម្ពុជានៅលើ Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok