ព័ត៌មានអ្នកត្រូវដឹងអំពីមេរោគបំប្លែងឌែលតា

គន្លឹះថែរក្សាសុខភាព និងសុវត្ថិភាពអ្នក និងក្រុមគ្រួសារពីមេរោគបម្លែងថ្មីឌែលតា

By UNICEF
© UNICEF Cambodia/2021/But Bunsak
UNICEF Cambodia/2021/But Bunsak
31 សីហា 2021

មនុស្សនៅជុំវិញពិភពលោកមានការបារម្ភអំពីវីរុសកូវីដ​ ១៩ បំប្លែងថ្មី ដែលតា ដែលអាចឆ្លង ក្នុងកម្រិតមួយខ្ពស់។ យើងបានប្រមូលព័ត៌មានចុងក្រោយពីអ្នកជំនាញ ដើម្បីឆ្លើយសំណួរដែលគេតែងសួរញឹកញាប់ជាងគេមួយចំនួនអំពីវីរុសបំប្លែងថ្មីនេះ ហើយនឹងបន្តធ្វើបច្ចុប្បន្នភាពអត្ថបទនេះនៅពេលដែលយើងអាចរកបានព័ត៌មានបន្ថែម។

សម្រាប់ដំបូន្មាន និងព័ត៌មានបន្ថែមអំពីជំងឺកូវីដ ១៩ សូមមើល ឯកសាណែនាំសម្រាប់មាតាបិតាអំពីជំងឺកូវីដ ១៩

 

អ្វីទៅដែលហៅថាវីរុសបំប្លែងថ្មី​ ដែលតា? 

វីរុសកូវីដ ១៩ បំប្លែងថ្មី ដែលតា ត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកថាជាវីរុសបំប្លែងថ្មី ដែលគួរឱ្យបារម្ភត្បិតវីរុសបំប្លែងថ្មីនេះងាយឆ្លងក្នុងកម្រិតមួយខ្ពស់។ នៅទីកន្លែងដែលមានការរកឃើញវត្តមានវីរុសបំប្លែងថ្មីនេះ វីរុសនេះអាចឆ្លងសាយភាយយ៉ាងលឿន និងយ៉ាងមានប្រសិទ្ធភាព ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គិតត្រឹមថ្ងៃទី ១០ ខែសីហា វីរុសបំប្លែងថ្មី  ដែលតា ត្រូវបានរាយការណ៍ថាមានវត្តមាននៅក្នុងប្រទេសចំនួន ១៤២ ហើយគេរំពឹងថាវានឹងបន្តឆ្លងរាលដាលបន្ថែមទៀត។

តើវីរុសបំប្លែងថ្មីដែលតា មានកម្រិតខ្លាំងជាងវីរុសមុនៗឬ? 

ជាការពិត វីរុសបំប្លែងថ្មី ដែលតា មានកម្រិតឆ្លងខ្ពស់ ពោលគឺអាចឆ្លងលឿនជាងពពួកវីរុសបំប្លែងថ្មីដែលរកឃើញ កន្លងមក ដល់ទៅពីរដង។ ក៏ប៉ុន្តែ វិធានការបម្រុងប្រយ័ត្នដូចគ្នា ដូចជាការចៀសវាងទៅកន្លែងដែលមានមនុស្សច្រើនកកកុញ ការរក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃទៀត​ និងការពាក់ម៉ាស់ នៅតែមានប្រសិទ្ធភាពសម្រាប់ទប់ទល់នឹងវីរុសបំប្លែងថ្មី ដែលតា។  

តើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ អាចទប់ទល់ជាមួយនឹងវីរុសបំប្លែងថ្មីដែលតា បានដែរឬទេ?    

បាទ ចាស វ៉ាក់សាំងកូវីដ ១៩ ដែលបានទទួលការអនុម័តពីអង្គការសុខភាពពិភពលោក បន្តមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារករណីឈឺធ្ងន់ធ្ងរ និងករណីបាត់បង់ជីវិត និងអាចការពារពីវីរុសបំប្លែងថ្មី ដែលតា បានផងដែរ។ នៅពេលដែលដល់វេនអ្នកទៅចាក់វ៉ាក់សំាង សូមកុំភ្លេចទៅចាក់វ៉ាក់សាំង។ ប្រសិនបើវ៉ាក់សាំងរបស់អ្នកត្រូវការពីរដូស ជាការសំខាន់ណាស់ ដែលអ្នកត្រូវចាក់ទាំងពីរដូស ទើបអាចទទួលបានការពារដល់កម្រិតអតិបរមា។

វ៉ាក់សំាងការពារមនុស្សភាគច្រើនមិនឱ្យមានជំងឺ ប៉ុន្តែពុំមានវ៉ាក់សាំងណាដែលមានប្រសិទ្ធភាព ១០០ភាគរយនោះឡើយ។ មានមនុស្សដែលបានចាក់វ៉ាក់សាំងរួច ក្នុងចំនួនមួយតិចតួច ដែលអាចនៅតែឆ្លងជំងឺកូវីដ ១៩។ នេះហៅថាករណីឆ្លង បើទោះជាបានទទួលវ៉ាក់សាំងរួចក្តី (breakthrough infection) ប៉ុន្តែពួកគេទំនងជាចេញរោគសញ្ញាស្រាលតែប៉ុណ្ណោះ។ ដោយហេតុនេះ ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលការឆ្លងជំងឺកូវីដ ១៩ មានកម្រិតខ្ពស់ អ្នកគួរអនុវត្តវិធានការបម្រុងប្រយ័ត្នបន្ថែម។ ប្រសិនបើអ្នកបានចាក់វ៉ាក់សំាងគ្រប់ដូស ប៉ុន្តែមានរោគសញ្ញាកូវីដ ១៩ អ្នកគួរទាក់ទងទៅកាន់វេជ្ជបណ្ឌិតរបស់អ្នក ដើម្បីសាកសួរថាតើអ្នកគួរធ្វើតេស្ត ឬអត់។

សូមអានបន្ថែមទៀតអំពី វ៉ាក់សាំងកូវីដ ១៩  និងឈ្វេងយល់ពី អ្វីដែលអ្នកចាំបាច់ត្រូវដឹង មុនពេល ក្នុងអំឡុងពេល និងក្រោយពេលចាក់វ៉ាក់សំាង

តើកុមារងាយនឹងឆ្លងវីរុសបំប្លែងថ្មី ដែលតា ដែរឬទេ? 

វីរុសបំប្លែងថ្មីដែលតា មិនឆ្លងតែក្នុងចំណោមកុមារនោះឡើយ។ អត្រាឆ្លងវីរុសនេះមានការកើនឡើង សម្រាប់មនុស្សគ្រប់ក្រុមអាយុ។ ប៉ុន្តែ វីរុសបំប្លែងថ្មីដែលតា ងាយឆ្លងជាងពពួកវីរុសបំប្លែងថ្មីដទៃទៀត ហើយអ្នកដែលរស់នៅជុំគ្នាច្រើន និងអ្នកដែលពុំបានចាក់វ៉ាក់សាំងងាយឆ្លងវីរុសបំប្លែងថ្មីដែលតានេះ។

ឈ្វេងយល់ពី របៀបនិយាយទៅកាន់កូនរបស់អ្នកអំពីជំងឺកូវីដ ១៩

តើខ្ញុំអាចការពារខ្លួនឯង និងគ្រួសាររបស់ខ្ញុំពីវីរុសបំប្លែងថ្មីដែលតា ដោយរបៀបណា? 

សូមបន្តទទួលបានព័ត៌មានបច្ចុប្បន្នភាពអំពីកម្រិតនៃការចម្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍របស់អ្នក និងអនុវត្តតាមការណែនាំនៅក្នុងស្រុក។ ជាទូទៅ នៅពេលដែលការឆ្លងមានអត្រារឹតតែខ្ពស់ ហានិភ័យនៃការប្រឈមនឹងការឆ្លង នៅទីសាធារណៈក៏មានរឹតតែខ្ពស់ផងដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីការពារខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក៖

  • ចៀសវាងទៅកន្លែងដែលមានមនុស្សកកកុញ និងត្រូវរក្សាគម្លាតពីអ្នកដទៃ
  • រៀបចំឱ្យមានខ្យល់ចេញចូលក្នុងបរិវេណដែលស្ថិតនៅក្នុងអាគារ (វិធីសាមញ្ញ​ គឺបើកបង្អួច) 
  • ពាក់ម៉ាស់នៅពេលដែលអ្នកទៅទីកន្លែងសាធារណៈ ដែលមានការឆ្លងនៅក្នុងសហគមន៍ និងកន្លែងដែលមិនអាចរក្សាគម្លាតសុវត្ថិភាពបាន
  • លាងសម្អាតដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយនឹងសាប៊ូ និងទឹក ឬទឹកអាកុលសម្រាប់លាងដៃ
  • នៅពេលដល់វេណរបស់អ្នក សូមទៅចាក់វ៉ាក់សាំង។ វ៉ាក់សំាងកូវីដ ១៩ ដែលទទួលបានការអនុម័តពីអង្គការសុខភាពពិភពលោកមានសុវត្ថិភាព និងប្រសិទ្ធភាព។

សូមអានពីដំបូន្មានស្តីពីការពាក់ម៉ាស់សម្រាប់គ្រួសារ

អ្វីទៅដែលហៅថាវីរុសបំប្លែងថ្មីដែលតាបូក? 

វីរុសបំប្លែងថ្មីដែលតាបូក មានការបំប្លែងខ្លួនមួយកម្រិតទៀត នៅក្នុងស្បៃឃ៍ប្រូតេអ៊ីន (spike protein) ដែលវីរុសប្រើប្រាស់ ដើម្បីជ្រៀតចូលទៅក្នុងកោសិការបស់មនុស្ស។ ដោយសារតែវីរុសបំប្លែងថ្មីនេះ មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងវីរុសបំប្លែងថ្មីដែលតា ទើបគេដាក់ឈ្មោះឱ្យវាថាជាវីរុសបំប្លែងថ្មីដែលតាបូក (Delta Plus) ចៀសជាងយកអក្សរក្រិកមួយទៀតយកមកប្រើប្រាស់។ កន្លងមក មានការរកឃើញពពួកវីរុសបំប្លែងថ្មីដែលតាបូក នេះក្នុងចំនួនចិត្តតួចតែប៉ុណ្ណោះ។