ទស្សនកិច្ចរបស់សមាជិកសភានៃបណ្តាប្រទេសតំបន់អ៊ឺរុបខាងជើង (ន័រឌីក)មកកម្ពុជា បង្ហាញថាកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាពហុភាគី គឺជាគន្លឹះនៃការលើកកម្ពស់សុខភាពសម្រាប់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនៃប្រទេស
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤៖ នៅថ្ងៃនេះ គណៈប្រតិភូរួមមួយនៃសមាជិកសភាមកពីប្រទេសដាណឺម៉ាក ន័រវេស និងស៊ុយអែត បានបញ្ចប់ទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់ខ្លួនមកប្រទេសកម្ពុជា ដើម្បីសង្កេតមើលប្រសិទ្ធភាពនៃកម្មវិធីរបស់ Gavi សម្ព័ន្ធថ្នាំបង្ការសកល មូលនិធិសកល និងយូនីសេហ្វ ក្រោមការគាំទ្ររបស់បណ្ដាប្រទេសន័រឌីកតាមរយៈភាពជាដៃគូពហុភាគី ក្នុងការ រួមចំណែកចំពោះវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៅក្នុងវិស័យសុខភាពមាតា និងទារកនៅប្រទេស។
ក្រោមកិច្ចសហការរៀបចំរបស់ក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹង Gavi សម្ព័ន្ធថ្នាំបង្ការសកល មូលនិធិសកលដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ និងយូនីសេហ្វ បេសកកម្មនេះក៏ជាឱកាសសម្រាប់សមាជិកសភាទាំងដប់រូប ពិភាក្សា និងស្វែងយល់ពីអ្នកពាក់ព័ន្ធ អំពីវិធីដែលភាពជាដៃគូដ៏រឹងមាំ និងភាពជាដៃគូនៅមូលដ្ឋាន អាចបង្កើនវឌ្ឍនភាពពាក់ព័ន្ធនឹងសុខភាព និងសិទ្ធិរបស់ស្រ្តី និងកុមារ ឆ្លើយតបនឹងផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់នៃជំងឺកូវីដកន្លងមក សម្រេចបាននូវលទ្ធភាពប្រកបដោយសមធម៌ក្នុងការទទួលបានការថែទាំសុខភាពចម្បង និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
កម្មវិធីផ្តល់ថ្នាំបង្ការប្រចាំរបស់ប្រទេសកម្ពុជាបានសម្រេចនូវការគ្របដណ្ដប់ក្នុងកម្រិតខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសម្រេចបាននូវអត្រានៃការផ្តល់ថ្នាំបង្ការលើសពី ៨០ភាគរយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះសម្រាប់សម្រាប់ថ្នាំបង្ការ DPT3 ( ថ្នាំបង្ការរួមបញ្ចូលគ្នាប្រឆាំងនឹងជំងឺខាន់ស្លាក់ ក្អកមាន់ និងតេតាណូស)។ នៅក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសកម្ពុជាបានបញ្ចូល ដោយជោគជ័យនូវថ្នាំបង្ការថ្មីចំនួន៧មុខបន្ថែមទៀតក្រោមការឧបត្ថម្ភរបស់ Gavi។ ថ្នាំបង្ការទាំងនោះ រួមមាន DTP-HepB (ថ្នាំបង្ការប្រាំប្រភេទ)៖ បង្ការជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ ជំងឺរលាកថ្លើមប្រភេទបេ និងរលាកស្រោមខួរ ថ្នាំបង្ការ PCV៖ បង្ការជំងឺរលាកសួត ថ្នាំបង្ការ IPV៖ បង្ការជំងឺគ្រុនស្វិតដៃជើង (ថ្នាំបង្ការមេរោគជំងឺគ្រុនស្វិតដៃជើងអសកម្ម) ថ្នាំបង្ការ JE៖ បង្ការជំងឺរលាកខួរក្បាលជប៉ុន ថ្នាំបង្ការ MR៖ បង្ការជំងឺកញ្ជ្រិល និងស្អូច ថ្នាំបង្ការ HPV៖ បង្ការជំងឺមហារីកមាត់ស្បូន។
អត្រាប្រេវ៉ាឡង់នៃការចម្លងមេរោគអេដស៍ ជំងឺរបេង និងគ្រុនចាញ់ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងទៅនេះ។ នៅឆ្នាំ២០១៧ ប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧ ដែលសម្រេចបានគោលដៅ HIV សកល ៩០-៩០-៩០ និងក្នុងឆ្នាំ២០២១ បានចាកចេញពីបញ្ជីប្រទេស៣០ដែលមានបន្ទុកជំងឺរបេងខ្ពស់។ ប្រទេសកម្ពុជាបាន សម្រេចនូវការលប់បំបាត់ការស្លាប់ពីជំងឺរបេងនៅត្រឹម២០២០ មុនកាលកំណត់ និងគ្មានការរាយការណ៍ ពីករណីស្លាប់ដោយ ជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨មកម្លេះ។
ក្នុងកំឡុងពេលនៃទស្សនកិច្ច គណៈប្រតិភូបានចុះទស្សនកិច្ចសកម្មភាពតាមមូលដ្ឋាននៅខេត្តសៀមរាប រួមទាំងភូមិមាត់ខ្លា ដែលភូមិបណ្ដែតទឹក ដើម្បីស្វែងយល់ដោយផ្ទាល់អំពី កិច្ចខិតខំប្រឹងប្រែង និងបញ្ហាប្រឈមនានាចំពោះការពង្រឹងប្រព័ន្ធសុខាភិបាល និងការផ្ដល់ការថែទាំសុខភាពបឋម ដូចជា ការផ្ដល់ថ្នាំបង្ការ ការថែទាំមុន និងក្រោយពេលសម្រាលកូន ការត្រួតពិនិត្យអាហារូបត្ថម្ភ ការលើកកម្ពស់សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងការធ្វើតេស្តរកជំងឺគ្រុនចាញ់ ទៅដល់សហគមន៍ដែលពិបាកទៅដល់។
ឯកឧត្តម said Åsmund Aukrust និងឯកឧត្តម Dag Inge Ulstein សមាជិកសភាមកពី ប្រទេសន័រវេស បានមានប្រសាសន៍ថា៖ “យើងមានកិត្តិយសណាស់ដែលបានមក ធ្វើទស្សនកិច្ចនៅ កម្ពុជា និងបានឃើញនូវការរៀបចំផ្តល់សេវាសុខភាពដល់ប្រជាពលរដ្ឋ។ សកម្មភាព ទាំងនេះបានជួយ សង្រ្គោះ និងផ្លាស់ប្តូរជីវិតមនុស្ស ជាពិសេសយើងបានចងចាំនៅពេលឃើញការងាររបស់យូនីសេហ្វផលប្រយោជន៍ដល់កុមារនៅភូមិបណ្តែតទឹក។ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ពួកគេបានផ្តល់នូវសេវាផ្តល់ថ្នាំបង្ការជាប្រចាំ និងការត្រួតពិនិត្យសុខភាព។”
ទស្សនកិច្ចទៅកាន់សាលារៀនបឋមសិក្សា និងអនុវិទ្យាល័យអារញ្ញរង្សី បានផ្ដល់ឱកាសសម្រាប់គណៈប្រតិភូ ដើម្បីទំនាក់ទំនងដោយផ្ទាល់ជាមួយក្មេងជំទង់ អំពីការគាំទ្រដែលពួកគេបានទទួលពាក់ព័ន្ធនឹងសិទ្ធិក្នុងការទទួលបានសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងវិធានការផ្នែកអាកាសធាតុ និងសកម្មភាពពួកគេធ្វើឲ្យមានការផ្លាស់ប្ដូរវិជ្ជមាននៅក្នុងសហគមន៍របស់ខ្លួន។
លោកជំទាវ Gunvor Wibroe សមាជិកសភាប្រទេសដាណឺម៉ាក បានមានប្រសាសន៍ថា៖
”ខ្ញុំពេញចិត្តជាមួយនឹងវឌ្ឍនភាព ដែលក្រុមគណៈប្រតិភូបានឃើញ សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះ កុមារ ក្មេងជំទង់ និងស្រ្តីនៅកម្ពុជា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល និងអន្តរ
ស្ថាប័ន។ យើងជឿជាក់ថា លទ្ធផលដែលយើងបានឃើញដូចជា ការផ្តល់ថ្នាំបង្ការ សុខភាពបន្តពូជ និងសិទ្ធិ រួមទាំងការងារគាំទ្រការលើកកម្ពស់សិទ្ធិស្រ្តី និងសុខភាពមាតា កំពុងធ្វើឲ្យមានការផ្លាស់ប្តូរវិជ្ជមានដ៏ធំធេង មិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍នានា និងប្រទេសទាំងមូលផងដែរ។
ឯកឧត្តម Joar Forssell និងឯកឧត្តម Tomas Eneroth សមាជិកសភាប្រទេសស៊ុយអ៊ែត បានមានប្រសាសន៍ថា៖ “យើងពេញចិត្តជាខ្លាំងជាមួយការងារដែល Gavi សម្ព័ន្ធថ្នាំបង្ការសកល មូលនិធិសកល និងយូនីសេហ្វ កំពុងបំពេញនៅក្នុងប្រទេសកម្ពុជា និងមានមោទនភាពចំពោះការគាំទ្រ របស់ប្រទេសស៊ុយអ៊ែតទៅដល់ស្ថាប័នទាំងអស់នោះ។ វាច្បាស់ណាស់សម្រាប់យើងដែលចាំបាច់ត្រូវ បន្តការវិនិយោគក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។”
ក្រុមគណៈប្រតិភូសមាជិកសភាក៏បានជួបជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល សមាជិកសភាកម្ពុជា ទីភ្នាក់ងារសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីពិភាក្សាអំពីអាទិភាពនៅក្នុងវិស័យសុខាភិបាល បញ្ហាប្រឈមឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងតួនាទីរបស់ដៃគូនៅក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “កិច្ចគាំទ្រសប្បុរសធម៌របស់ប្រទេសដាណឺម៉ាក ន័រវេស និងស៊ុយអែត បានរួមចំណែកដល់វឌ្ឍនភាពគួរឲ្យកត់សម្គាល់ទៅលើលទ្ធផលផ្នែកសុខភាពសម្រាប់សហគមន៍ងាយរងគ្រោះបំផុត និងសហគមន៍ពិបាកទៅដល់មួយចំនួននៅប្រទេសកម្ពុជា ដោយផ្តល់ផលប្រយោជន៍ដល់អាយុជីវិតមនុស្សរាប់លាននាក់ រួមទាំងកុមារ។ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏រឹងមាំ និងការវិនិយោគរួមគ្នា ដែលផ្ដល់អាទិភាពចំពោះការទទួលបានសេវាសង្គមចាំបាច់ប្រកបដោយសមធម៌ យើងអាចជួយកុមារឲ្យសម្រេចបានយ៉ាងពេញលេញនូវសិទ្ធិរបស់ពួកគេ និងបង្កើតឱកាសសម្រាប់អនាគតមួយដែលកាន់តែមានសុខភាពល្អ និងភាពរីកចម្រើន សម្រាប់កុមារគ្រប់រូបនៅកម្ពុជា។”
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
ទូរសព្ទ: +៨៥៥ ៩២ ៥៥៥ ២៩៤
សារអេទ្បិកត្រូនិក៖ [email protected]
Meg Sharafudeen
អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនង ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងយុទ្ធសាស្រ្ត
Gavi សម្ព័ន្ធថ្នាំបង្ការសកល
ទូរសព្ទ៖ +៤១ ៧៩ ៧១១ ៥៥ ៥៤
សារអេទ្បិកត្រូនិក៖ [email protected]
###
អំពី Gavi សម្ព័ន្ធថ្នាំបង្ការសកល
Gavi សម្ព័ន្ធថ្នាំបង្ការសកល គឺជាភាពជាដៃគូរវាងសាធារណៈ និងឯកជន ដែលជួយផ្ដល់ថ្នាំបង្ការប្រឆាំងនឹងជំងឺគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក ទៅដល់កុមារចំនួនជាងពាក់កណ្ដាលនៃកុមារទាំងអស់នៅក្នុងពិភពលោក។ សម្ព័ន្ធថ្នាំបង្ការសកល ប្រមូលផ្តុំនូវបណ្តាប្រទេសកំពុងអភិវឌ្ឍ និងរដ្ឋាភិបាលជាម្ចាស់ជំនួយ អង្គការសុខភាពពិភពលោក យូនីសេហ្វ ធនាគារពិភពលោក ឧស្សាហកម្មថ្នាំបង្ការទីភ្នាក់ងារបច្ចេកទេស សង្គមស៊ីវិល មូលនិធិ Bill & Melinda Gates និងដៃគូវិស័យឯកជនផ្សេងទៀត។ សូមមើលបញ្ជីពេញលេញនៃរដ្ឋាភិបាលជាម្ចាស់ជំនួយ និងអង្គការនាំមុខផ្សេងទៀត ដែលផ្ដល់មូលនិធិដល់ការងាររបស់ Gavi ដោយចុចទីនេះ។ ចាប់តាំងពីការបង្កើតនៅឆ្នាំ២០០០មក Gavi បានជួយដល់ការផ្តល់ថ្នាំបង្ការដល់កុមារមួយជំនាន់ពេញ ពោលគឺកុមារចំនួនជាង ១ប៊ីលាននាក់ និងបានបង្ការមរណភាពនាពេលអនាគតចំនួនជាង១៧,៣លាន ដែលជួយកាត់បន្ថយមរណភាពរបស់កុមារចំនួនពាក់ កណ្ដាលនៅក្នុងប្រទេសចំណូលទាបចំនួន ៧៨ប្រទេស។
សម្រាប់ព័ត៌មានបន្ថែមអំពីការងាររបស់ Gavi សូមចូលទៅកាន់៖ www.gavi.org
តាមដាន Gavi សម្ព័ន្ធភាពថ្នាំបង្ការនៅលើ Facebook | Twitter
អំពីមូលនិធិសកល ដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់
មូលនិធិសកល គឺជាភាពជាដៃគូកម្រិតពិភពលោក ដើម្បីជម្នះនឹងមេរោគអេដស៍ ជំងឺរបេង និងគ្រុនចាញ់ ព្រមទាំងធានានូវអនាគតមួយដែលកាន់តែមានសុខភាពល្អ សុវត្ថិភាព និងសមធម៌សម្រាប់មនុស្សគ្រប់រូប។ យើងកៀរគរថវិកា និងវិនិយោគថវិកាជាង ៥ប៊ីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីប្រយុទ្ធនឹងជំងឺឆ្លងគ្រោះថ្នាក់បំផុត ដេញដោលចំពោះភាពអយុត្តិធម៌ដែលជំរុញឲ្យមានជំងឺទាំងនេះ និងពង្រឹងប្រព័ន្ធសុខាភិបាល និងការត្រៀមលក្ខណៈជាមុនចំពោះការរាតត្បាតជំងឺនៅក្នុងប្រទេសដែលរងការប៉ះទង្គិចបំផុតជាង ១០០ប្រទេស។ យើងបង្រួបបង្រួមអ្នកដឹកនាំពិភពលោក សហគមន៍ សង្គម
ស៊ីវិល បុគ្គលិកសុខាភិបាល និងវិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយ ដែលមានផលប៉ះពាល់ខ្លាំងបំផុត ហើយយើងពង្រីកដំណោះស្រាយទាំងនេះទៅទូទាំងពិភពលោក។ ចាប់តាំងពីឆ្នាំ២០០២ ភាពជាដៃគូមូលនិធិសកលបានសង្គ្រោះអាយុជីវិតមនុស្សចំនួន ៥៩លាននាក់។
សម្រាប់ព័ត៌មានបន្ថែមអំពីការងាររបស់មូលនិធិសកល សូមចូលទៅកាន់៖ https://www.theglobalfund.org/
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
ធនធានបន្ថែម
អំពីយូនីសេហ្វ
យូនីសេហ្វធ្វើការងារនៅតាមទីកន្លែងលំបាកបំផុតមួយចំនួននៅក្នុងពិភពលោក ដើម្បីគាំទ្រដល់ កុមារដែលស្ថិតក្នុងស្ថានភាពលំបាកបំផុត។ នៅក្នុងប្រទេស និងដែនដីចំនួនជាង ១៩០ យើងធ្វើការងារដើម្បីកុមារគ្រប់រូបនៅគ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកមួយកាន់តែល្អសម្រាប់មនុស្សគ្រប់រូប។
សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសហ្វ សូមចូលទៅកាន់៖ https://www.unicef.org/cambodia
សូមតាមដានការងារយូនីសេហ្វនៅលើ Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok