សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ការចាប់ផ្តើម តាមរយៈការអាននៅថ្នាក់ដំបូង

ដោយមានការគាំទ្រពីមូលនិធិ COOP Sapporo តាមរយៈគណៈកម្មាធិការជាតិប្រទេសជប៉ុនសម្រាប់យូនីសេហ្វ កម្មវិធីអំណានថ្នាក់ដំបូង ដំណើរការរៀនសូត្ររបស់កុមារ ក្នុងខេត្តតាកែវកំពុងកសាងទំនុកចិត្ត ពង្រឹងជំនាញអាន និងទទួលបានភាពរីករាយក្នុងការរៀនសូត្រ។

Hyejin Lee
©UNICEF Cambodia/2026/Hyejin Lee
UNICEF Cambodia/2026/Hyejin Lee
20 កក្កដា 2026

ខេត្តតាកែវ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦ ៖ កុមារ ម៉េង ហួរ អាយុប្រាំពីរឆ្នាំ ចូលចិត្តម៉ោងសិក្សាភាសាខ្មែរណាស់។ រូបគេបាននិយាយទាំងញញឹមថា ៖ 

«ខ្ញុំចូលចិត្តការអាន និងការសរសេរជាងគេ»។

នៅក្នុងថ្នាក់​ទី២ របស់គេ ក្នុងស្រុកត្រាំកក់ សិស្សានុសិស្សបានលើកដៃឡើងយ៉ាងសកម្ម​នៅពេលលោកគ្រូ​របស់ពួកគេសួរសំណួរ។ សិស្សមួយចំនួនបានក្រោកឈរនិងស្រែកឡើង ដោយសង្ឃឹមថាលោកគ្រូនឹងហៅឱ្យឡើងឆ្លើយ​មុនគេ។​ សិស្សឯទៀតបានអោនទៅមុខដោយក្តីរំភើប ត្រៀមខ្លួនក្នុងការអានឮៗ ឬឆ្លើយចម្លើយ​ដែលពួកគេដឹង។

ម៉េង ហួរ និយាយថា ៖ «ខ្ញុំចូលចិត្តឡើង​អាននៅឯក្ដារខៀន​។ ​គ្រប់គ្នាស្តាប់ខ្ញុំ»។

គេអាចមើលឃើញយ៉ាងច្បាស់ពីទំនុកចិត្តរបស់គាត់។ គាត់រីករាយនឹងការអានជាមួយមិត្តរួមថ្នាក់ ការឆ្លើយសំណួរ និងការជួយមិត្តភក្តិអំឡុងពេលសកម្មភាពជាគូ។ គាត់បាននិយាយថា ៖ «ខ្ញុំចូលចិត្តធ្វើការជាមួយមិត្តភក្តិ ព្រោះខ្ញុំអាចពន្យល់មិត្តខ្ញុំ​ ហើយពួកគេក៏អាចពន្យល់ខ្ញុំវិញបានដែរ»។ 

©UNICEF Cambodia/2026/Hyejin Lee
UNICEF Cambodia/2026/Hyejin Lee កុមារ ម៉េង ហួរ (ទីពីរពីឆ្វេង) និងមិត្តរួមថ្នាក់ បានចូលរួមយ៉ាងសកម្មក្នុងមេរៀនអំណានថ្នាក់ដំបូង ដោយអន្ទះសាចង់ចែករំលែកចម្លើយ និងបង្ហាញពីការរៀនសូត្ររបស់ពួកគេ។

សម្រាប់អ្នកស្រី សែម វន្នី ដែលជាម្តាយ ឱកាសទាំងនេះតំណាងឱ្យការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយ។ ក្នុងនាមជាម្តាយដែលមានកូនបីនាក់ អ្នកស្រីចាំថាការរៀនសូត្ររបស់កូនៗច្បងមានសភាពប្លែកគ្នាយ៉ាងណា។ អ្នកស្រីរៀបរាប់ថា ៖ «បងៗរបស់គេមិនចេះអានទេ រហូតដល់ថ្នាក់ទី៣។ ប៉ុន្តែសម្រាប់រូបគេ គឺអាចអាន និងសរសេរបានតាំងពីថ្នាក់ទី១ ម្ល៉េះ។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់»។

សព្វថ្ងៃនេះ កូនប្រុសរបស់អ្នកស្រីតែងតែទាញសៀវភៅមកអានដោយខ្លួនឯង ហាត់អានឮៗនៅផ្ទះ និងធ្វើកិច្ចការផ្ទះដោយយកចិត្តទុកដាក់។ ម្តាយរបស់គេបាននិយាយថា ៖ 

«ពេលឃើញកូនចង់រៀន ចង់អាន ខ្ញុំមានមោទនភាពចំពោះគេណាស់។  ឥឡូវនេះ គាត់អាចធ្វើកិច្ចការជាច្រើនដោយខ្លួនឯងបានហើយ»។

ម៉េង ហួរ ស្ថិតក្នុងចំណោមសិស្សថ្នាក់ទី២ ដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអំណានថ្នាក់ដំបូង (EGR) ដែលអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការគាំទ្រពីយូនីសេហ្វ និងដៃគូនានានៅក្នុងខេត្តចំនួន ១១ ទូទាំងប្រទេសកម្ពុជា។ នៅក្នុងខេត្តតាកែវ គំនិតផ្ដួចផ្ដើម​អំណានថ្នាក់ដំបូងនេះ ទទួលបានការឧបត្ថម្ភថវិកាពី COOP Sapporo តាមរយៈគណៈកម្មាធិការជាតិប្រទេសជប៉ុនសម្រាប់អង្កការយូនីសេស្វ​។ សិស្សានុសិស្សជាង ៧៥០.០០០ នាក់ និងគ្រូបង្រៀនចំនួន​ ១៦.០០០ នាក់ នៅក្នុងខេត្តចំនួន ១៣ កំពុងទទួលបានអត្ថប្រយោជន៍ពីការគាំទ្ររបស់យូនីសេហ្វ ដល់គំនិតផ្តួចផ្តើមការសិក្សា​ថ្នាក់ដំបូង រួមទាំងសិស្ស ៩.៦០០ នាក់ និងគ្រូបង្រៀន ២៩០ នាក់ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

រឿងរ៉ាវរបស់ ម៉េង ហួរ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងកាន់តែ​ទូលំទូលាយក្នុងការបណ្តុះបណ្តាល និងពង្រឹងការរៀនសូត្រជា​មូលដ្ឋាននៅកម្ពុជា។ទិន្នន័យនាពេលថ្មីៗនេះបង្ហាញថា កិច្ចខិតខំប្រឹងប្រែងទាំងនេះកំពុងចាប់ផ្តើមហុចផលផ្លែផ្កាហើយ។ កម្មវិធីវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស​បឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ (SEA-PLM) បានរកឃើញថា ប្រទេសកម្ពុជាសម្រេចបាននូវការកែលម្អដ៏ធំបំផុតលើលទ្ធផលនៃការអាន ក្នុងចំណោមប្រទេសចូលរួមទាំងអស់ចាប់តាំងពីឆ្នាំ២០១៩ មក ដោយសមាមាត្រសិស្សថ្នាក់ទី៥ ដែលបំពេញតាម​កម្រិតសមត្ថភាពអប្បបរមាបានកើនឡើងពី ២៧ ភាគរយដល់ ៣៩ ភាគរយ។

©UNICEF Cambodia/2026/Hyejin Lee
UNICEF Cambodia/2026/Hyejin Lee លោក ទិត គង្គា គ្រូបង្រៀនថ្នាក់ទី២ យកវិធីសាស្ត្របង្រៀនបែបសិស្សមជ្ឈមណ្ឌលមកអនុវត្ត ដែលលើកទឹកចិត្តដល់ការចូលរួមយ៉ាងសកម្ម និងការអភិវឌ្ឍការអាន។

ការពង្រីកវិសាលភាពនៃកម្មវិធីសិក្សាថ្នាក់ដំបូង (EGL) ត្រូវបានចាត់ទុកថាជាកត្តារួមចំណែកមួយនៅពីក្រោយវឌ្ឍនភាពនេះ។ នៅក្នុងថ្នាក់រៀនទូទាំងស្រុកត្រាំកក់ គ្រូបង្រៀនទទួលបានការគាំទ្រតាមរយៈកិច្ចតែងការបង្រៀនដែលមានរចនាសម្ព័ន្ធច្បាស់លាស់ សម្ភារៈ សិក្សា និងវិធីសាស្ត្របង្រៀនបែបអន្តរកម្មដែលផ្តល់ឱ្យសិស្សគ្រប់រូបនូវតួនាទីយ៉ាងសកម្មក្នុងដំណើរការរៀនសូត្រ។ ចំណុចស្នូលនៃវិធីសាស្ត្រនេះ គឺវិធីសាស្ត្រ «ខ្ញុំធ្វើ យើងធ្វើ អ្នកធ្វើ» ដោយដំបូងឡើយសិស្សត្រូវសង្កេតមើល បន្ទាប់មកអនុវត្តរួមគ្នា ហើយចុងក្រោយអនុវត្តអ្វីដែលពួកគេបានរៀនដោយខ្លួនឯង។

បើតាមលោក ទិត គង្គា ដែលជាគ្រូបង្រៀនថ្នាក់ទី២ បានឱ្យដឹងថា វិធីសាស្ត្រទាំងនេះបានផ្លាស់ប្តូរបរិយាកាសក្នុងថ្នាក់រៀនទាំងស្រុង។  លោកបានមានប្រសាសន៍ថា ៖ 

«ឥឡូវនេះ សិស្សមានការចូលរួមសកម្មភាពរៀនសូត្រច្រើនជាងមុន។  ពួកគេមិនមែនគ្រាន់តែអង្គុយស្តាប់នោះទេ។ ពួកគេបានចូលរួមអានឮៗ និងធ្វើការងាររួមគ្នា»។

ការរៀនសូត្រជាដៃគូបានក្លាយជាលក្ខណៈពិសេសមួយដែលកើតមានជាប្រចាំនៅក្នុងមេរៀនរបស់លោក ដោយសិស្សដែលពូកែអាន រៀន​អម​ជាមួយសិស្សដែលត្រូវការការគាំទ្របន្ថែម ដើម្បីជួយពួកគេក្នុងការកសាងជំនាញ និងទំនុកចិត្តជាមួយគ្នា។ លោកបានបន្ថែមថា ៖ «សិស្សគ្រប់រូបមានឱកាសក្នុងការអនុវត្ត។​ហើយនៅពេលដែលសិស្សជួយគ្នាទៅវិញទៅមក ពួកគេនឹងរីកចម្រើនទៅមុខជាមួយគ្នា»។

សម្រាប់អ្នកគ្រូ​ សួង សិទ្ធីកា ដែលជាទីប្រឹក្សាគរុកោសល្យប្រចាំសាលា ដែលតែងតែចុះទៅតាមថ្នាក់រៀនដើម្បីសង្កេតការបង្រៀន និងគាំទ្រដល់លោកគ្រូ-អ្នកគ្រូ បានមើលឃើញយ៉ាងច្បាស់ពីការផ្លាស់ប្តូររបស់សិស្សានុសិស្ស។ ​អ្នកគ្រូ​បានពន្យល់ថា ៖ «ឥឡូវនេះ សិស្សអានដោយទំនុកចិត្តជាងមុនឆ្ងាយណាស់។ ​កាលពីមុន មេរៀនហាក់ដូចជាមិនសូវមានភាពរស់រវើកទេ។ តែពេលនេះ យើងអាចមើលឃើញថាកុមារពិតជាចង់មកថ្នាក់រៀន ៖ ពួកគេចង់អាន និងចង់ចូលរួមគ្រប់សមក្មភាពរៀនសូត្រ»។

អ្វីដែលធ្វើឱ្យអ្នកគ្រូ​ចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺចំនួនសិស្សដែលបានចាប់ផ្តើមអានដោយខ្លួនឯងដោយមិនចាំបាច់មានការរំឭក។ «ពីមុនពួកគេរង់ចាំតែគេប្រាប់។ តែឥឡូវនេះ ពួកគេគ្រាន់តែទាញសៀវភៅមកអានភ្លាមតែម្តង»។

ការរៀនសូត្រមិនបានបញ្ឈប់ត្រឹមពេលម៉ោងសិក្សានៅសាលាចប់នោះទេ។

ដើម្បីរក្សាទំនាក់ទំនងរវាងក្រុមគ្រួសារ និងការរៀនសូត្ររបស់កូនៗ លោកគ្រូអ្នកគ្រូបានបង្កើតក្រុមទំនាក់ទំនងជាមួយមាតាបិតា ដែលកិច្ចការអំណានត្រូវបានចែករំលែកទៅកាន់ឪពុកម្តាយពេញមួយសប្តាហ៍។ ជាច្រើនដងក្នុងមួយសប្តាហ៍ ម្តាយរបស់ ម៉េង ហួរ តែងតែអង្គុយជាមួយកូនប្រុសរបស់គាត់ ស្តាប់កូនអានឮៗ និងថតវីដេអូខ្លីមួយផ្ញើទៅគ្រូបង្រៀនវិញ។  ​អ្នកស្រីបាននិយាយថា ៖ 

«យើងធ្វើបែបនេះបី ឬបួនដងក្នុងមួយសប្តាហ៍។  ខ្ញុំគិតថាឪពុកម្តាយមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការរៀនសូត្ររបស់កូនៗ»។

សម្រាប់ ម៉េង ហួរ រឿងទាំងនេះមិនមែនជារឿងអស្ចារ្យហួសហេតុនោះទេ។ វាគ្រាន់តែជាអ្វីដែលគេត្រូវធ្វើជាធម្មតា។  គាត់អាន។  គាត់ចូលរួម។ គាត់ជួយមិត្តភក្តិរបស់គាត់។ ហើយនៅពេលដែលគ្រូបង្រៀនសួររកអ្នកស្ម័គ្រចិត្ត គាត់តែងតែលើកដៃនិងឡើងឆ្លើយ។

សម្រាប់ម្តាយរបស់គេ ខណៈពេលនោះ ពោលគឺ​ខណៈដែលកូនប្រុសក្រោកឈរប្រកបដោយទំនុកចិត្តនៅចំពោះមុខសិស្សដទៃក្នុងថ្នាក់រៀនដោយគ្មានការភ័យខ្លាច ​គឺជាភាពខុសប្លែកដែលអ្នកស្រីមិនធ្លាប់រំពឹងថានឹងបានឃើញពីមុនមកនោះទេ។