ពីការវាយធ្វើបាប ទៅជាក្ដីស្រឡាញ់៖ ការចិញ្ចឹមកូនបែបវិជ្ជមាននៅកម្ពុជាកំពុងកើនឡើង
នៅពេលម្តាយម្នាក់ឈប់វាយ ចាប់ផ្តើមស្តាប់ ផ្លាស់ប្តូរជីវិតរបស់កូនគាត់ និងជំរុញឱ្យមានការផ្លាស់ប្តូរទូទាំងប្រទេសនៅក្នុងរបៀបដែលឪពុកម្តាយចិញ្ចឹមកូន
- English
- Khmer
មន្រ្តីរបស់ក្រសួងម្នាក់ បានធ្វើជាគំរូ ដែលជាការជំរុញទឹកចិត្តប្រជាជនរាប់ពាន់នាក់ឱ្យចាប់យកវិធីចិញ្ចឹមកូនបែបវិជ្ជមាន
ខេត្តសៀមរាប ប្រទេសកម្ពុជា ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ - “ខ្ញុំធ្លាប់គិតថា ក្ដីស្រឡាញ់ គឺជាការគ្រប់គ្រង” នេះជាសំដីរបស់លោកស្រី ឆាយ លីកែវ ដោយសំឡេងរបស់គាត់ស្មើ ប៉ុន្តែទន់ភ្លន់។ “នៅពេលនេះ ខ្ញុំដឹងហើយថា ក្ដីស្រឡាញ់ គឺពាក់ព័ន្ធនឹងទំនាក់ទំនង។”
នៅវេលារសៀលដ៏ស្រទន់មួយ លោកស្រី លីកែវ អង្គុយបន្ទាបខ្លួននៅជិតកូនប្រុសអាយុ៣ឆ្នាំរបស់គាត់ឈ្មោះ ផានិត នៅលើកន្ទេលពណ៌ខៀវនៅរានហាលមុខផ្ទះ។ នៅជុំវិញខ្លួនរបស់ពួកគេ មានប៊ិច សៀវភៅ ប្រអប់ខ្មៅដៃមានរាងដូចយានអវកាស និងដបទឹក។ ផានិត ផ្ដោតការយកចិត្តទុកដាក់ទៅលើការលេងព្យានីកា ដែលជាឧបករណីតន្រ្តីតូចមួយ ស្របពេលដែលលោកស្រី លីកែវ ណែនាំគាត់អំពីខ្ទង់ភ្លេងដោយថ្នាក់ថ្នម។
ការធ្វើដំណើររបស់គាត់ឆ្ពោះទៅរកពេលវេលាដ៏សុខសាន្ត បានចាប់ផ្ដើមជាមួយការលំបាកជាមួយនឹងកូនប្រុសច្បងរបស់គាត់ឈ្មោះ ពិសិដ្ឋ អាយុ៩ឆ្នាំ។ លោកស្រី លីកែវ បានងាកមករកជំនាញ និងឧបករណ៍ ដែលបានគាត់រៀនសូត្រពីកម្មវិធីការចិញ្ចឹមកូនបែបវិជ្ជមានរបស់យូនីសេហ្វ ដែលអនុវត្តដោយក្រសួងកិច្ចការនារី និងគណៈកម្មាធិការជាតិគាំពារ និងការអភិវឌ្ឍកុមារតូច។ បច្ចេកទេសថ្មីៗទាំងនេះ បានជួយគាត់ក្នុងការចិញ្ចឹមកូនប្រុសរបស់គាត់ជាមួយនឹងភាពអត់ធ្មត់ និងការស្វែងយល់ ដែលនៅពេលមួយនោះ គាត់បានគិតថាមិនអាចធ្វើបាននោះទេ។
ពេលវេលាលេងជាមួយ ផានិត គូសបញ្ជាក់អំពីការផ្លាស់ប្ដូរមួយ មិនត្រឹមតែចំពោះលោកស្រី លីកែវ ប៉ុណ្ណោះឡើយ ប៉ុន្តែចំពោះប្រទេសមួយ ដែលត្រូវឆ្លើយតបចំពោះអំពើហិង្សាលើកុមារដ៏រីករាលដាល។ នៅកម្ពុជា កុមារមានចំនួន ៥,៧លាននាក់ ហើយជាងពាក់កណ្ដាលនៃពួកគេ ធ្លាប់បានទទួលរងអំពើហិង្សាលើរាងកាយ - ពោលគឺជាស្ថិតិមួយ ដែលនៅពេលមួយនោះ រាប់បញ្ចូលទាំងគ្រួសាររបស់លោកស្រី លីកែវ ផ្ទាល់ផងដែរ។
ដោយសម្លឹងចុះទៅក្រោម គាត់ទទួលស្គាល់ថា “ខ្ញុំធ្លាប់ស្រែក គំរាម សូម្បីតែវាយកូនផងដែរ។ ខ្ញុំគិតថា នោះគឺជាវិធីតែមួយ ដើម្បីចិញ្ចឹមកូនឱ្យបានល្អ។ ខ្ញុំបាត់បង់ការទប់កំហឹងយ៉ាងរហ័ស។ ខ្ញុំចង់ឲ្យគាត់ស្តាប់បង្គាប់ ហើយខ្ញុំមិនដែលយល់ឡើយ។”
នៅឆ្នាំ២០២០ ជីវិតរបស់លោកស្រី លីកែវ បានផ្លាស់ប្ដូរ នៅពេលដែលគាត់បានក្លាយទៅជាគ្រូបណ្ដុះបណ្ដាលសម្រាប់កម្មវិធីការចិញ្ចឹមកូនបែបវិជ្ជមាន ក្នុងនាមជាមន្រ្តីនៅមន្ទីរកិច្ចការនារីខេត្ត។ ដោយទទួលបានការគាំទ្រពីយូនីសេហ្វ និងដោយទទួលបានមូលនិធិពីគណៈកម្មាធិការប្រទេសជប៉ុនដើម្បីយូនីសេហ្វ (JCU) កម្មវិធីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំក្នុងការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា។
ចាប់តាំងពីការប្រកាសដាក់ឱ្យអនុវត្តមក កម្មវិធីបានគ្របដណ្ដប់ទៅដល់ឪពុកម្ដាយ និងអ្នកថែទាំចំនួនជាង ៧៨,២០០នាក់នៅទូទាំងប្រទេសកម្ពុជា បានបង្រៀនពួកគេឱ្យមានភាពអត់ធ្មត់ ការស្វែងយល់ និងទំនាក់ទំនងដោយបើកចំហ ពោលគឺ លើកទឹកចិត្តឪពុកម្ដាយឱ្យធ្វើជាគំរូនៃអាកប្បកិរិយា ដែលពួកគេចង់ឃើញកូនៗរបស់ពួកគេប្រព្រឹត្ត។
“នេះគឺជាលើកទីមួយ ដែលខ្ញុំនិយាយពន្យល់គាត់ ដោយមិនវាយដំ កូនប្រុសរបស់ខ្ញុំបានមើលមកខ្ញុំដូចជាមនុស្សម្នាក់ផ្សេងទៀត” លោកស្រីលីកែវ រំលឹកឡើងវិញជាមួយនឹងស្នាមញញឹម។
កូនប្រុសពៅរបស់គាត់ធ្លាប់មានភាពតានតឹងក្នុងខ្លួន នៅពេលដែលគាត់សម្លឹងមើលម្តាយរបស់គាត់ដោយតឹងរឹង តែនៅពេលនេះ កូនរបស់គាត់ផ្អែកលើដៃដ៏កក់ក្ដៅរបស់គាត់ ដែលនេះជាសញ្ញាច្បាស់អំពីជំនឿទុកចិត្ត ដែលពួកគេបានកសាងឡើងវិញ។ ការផ្លាស់ប្ដូរនៅក្នុងផ្ទះរបស់លោកស្រី លីកែវ គឺជាផ្នែកមួយនៃផ្លាស់ប្តូរកាន់តែធំមួយនៅទូទាំងប្រទេសកម្ពុជា ដែលឪពុកម្ដាយរាប់ពាន់នាក់កំពុងបោះបង់ចោលការដាក់វិន័យធ្ងន់ធ្ងរ និងចាប់យកវិធីសាស្រ្តផ្ដល់ក្ដីស្រឡាញ់ និងណែនាំ។
លោកស្រី លីកែវ ពន្យល់ថា “យើងប្រាប់ឪពុកម្ដាយថា “ពេលកុមារមើលឃើញអ្វី ពួកគេនឹងធ្វើតាម”។ នៅពេលយើងធ្វើជាគំរូដោយភាពអត់ធ្មត់ និងការស្វែងយល់ នោះហើយ គឺជាអ្វីដែលកុមាររៀនសូត្រតាម។”
ចំពោះលោកស្រី លីកែវ នេះមានន័យថា ជាការផ្លាស់ប្ដូរទាំងស្រុងចំពោះរបៀបរបបចិញ្ចឹមកូនរបស់គាត់។ ការស្រែក និងការគំរាមត្រូវបានជំនួសដោយការសន្ទនា ការពន្យល់ ការលេង និងការស្ដាប់វិញ។
“នៅពេលនេះ នៅពេលដែលកូនប្រុសរបស់ខ្ញុំមានបញ្ហាមួយ ពួកគេមករកខ្ញុំ” នេះជាសំដីរបស់គាត់ ហើយសំឡេងរបស់គាត់ពោរពេញទៅដោយភាពភ្ញាក់ផ្អើល។ “ពីមុន ពួកគេនឹងរត់ទៅពួន។”
ការផ្លាស់ប្ដូរនៅក្នុងគ្រួសាររបស់លោកស្រី លីកែវ ឆ្លុះបញ្ចាំងអំពីការផ្លាស់ប្ដូរកាន់តែទូលំទូលាយនៅកម្ពុជា ដែលទស្សនៈពីបុរាណអំពីការដាក់វិន័យកំពុងជំនួសទៅដោយវិធីសាស្រ្តវិជ្ជមានវិញ។ ទោះជាសហគមន៍មួយចំនួននៅតែប្រកាន់ជំនឿចាស់ក្ដី លោកស្រី លីកែវ និងអ្នកផ្សេងទៀតរាប់ពាន់នាក់បានចាប់យកវិធីសាស្រ្តថ្មីនេះ បន្ទាប់ពីមើលឃើញលទ្ធផលវិជ្ជមានជាលើកដំបូង។
នៅពេលថ្ងៃកំពុងលេច លោកស្រី លីកែវ ដាក់ដៃរបស់គាត់ថ្នមៗទៅលើស្មារបស់ ផានិត ដែលជាការលើកទឹកចិត្តរបស់គាត់ឱ្យលេងព្យានីការបស់គាត់។ បរិយាកាសគ្មានភាពតានតឹង ដោយមានតែការសើចតិចៗរបស់កុមារ។ នៅពេលដែល ផានិត លេងខុសខ្ទង់ គាត់បញ្ចេញសំណើច “ហេ ហេ” ដែលពោរពេញទៅដោយការលេងសប្បាយ។ ដោយមើលឃើញកូនប្រុសរបស់គាត់រីករាយ លោកស្រី លីកែវ ញញឹមយ៉ាងស្រទន់ ដោយទប់ទឹកភ្នែកមិនបានជាមួយនឹងសេចក្ដីសប្បាយរីករាយ។
គាត់ថ្លែងតិចៗថា “នេះហើយ គឺជាអត្ថន័យពិតនៃក្ដីស្រឡាញ់។ វាមិនពាក់ព័ន្ធនឹងការធ្វើឱ្យកូនៗស្ដាប់បង្គាប់ឡើយ វាពាក់ព័ន្ធនឹងភាពជិតស្និទ្ធជាមួយពួកគេ។ យើងរៀនសូត្រជាមួយគ្នា។”
ឆាតប៊តអំពីការចិញ្ចឹមកូនបែបវិជ្ជមាន ដែលបង្កើតឡើងដោយក្រសួងកិច្ចការនារី និងគណៈកម្មាធិការជាតិគាំពារ និងការអភិវឌ្ឍកុមារតូច ជាមួយនឹងការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសពីយូនីសេហ្វ គឺជាឧបករណ៍ប្រកបដោយនវានុវត្តន៍ ដែលត្រូវរចនាឡើងដើម្បីធ្វើឱ្យអ្នកគ្រប់គ្នាទទួលបានការណែនាំអំពីវិធីចិញ្ចឹមកូន។ តាមរយៈការស្កេនលេខកូដ QR អ្នកថែទាំអាចទទួលបានគន្លឹះភ្លាមៗអំពីការដាក់វិន័យវិជ្ជមាន ការប្រាស្រ័យទាក់ទង និងការអភិវឌ្ឍរបស់កុមារ តាមរយៈតេឡេក្រាម។ ឆាតប៊តនេះងាយស្រួលប្រើ ដោយផ្ដល់ទាំងជម្រើសជាអត្ថបទ និងជម្រើសជាសំឡេង និងលើកទឹកចិត្តឪពុកម្ដាយឲ្យចិញ្ចឹមបីបាច់កូនៗរបស់ខ្លួន នៅក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព និងការគាំទ្រ។
ដើម្បីទទួលបានគន្លឹះជំនាញងាយៗ អំពីការចិញ្ចឹមកូន សូមអានការណែនាំដូចខាងក្រោម៖
១. ឆាតប៊តតេឡេក្រាម៖ ស្កេនលេខកូដ QR ដើម្បីចូលទៅកាន់ឆាតប៊ត ដើម្បីទទួលបានការណែនាំភ្លាមៗអំពីការចិញ្ចឹមកូន ដែលជាឆាតប៊តរបស់ក្រសួងកិច្ចការនារី និងក្រសួងអប់រំ យុវជន និងកីឡា និងគាំទ្រដោយយូនីសេហ្វ។
២. សូមហៅទូរស័ព្ទទៅកាន់លេខ ១២៧៩៖ ទទួលបានគន្លឹះជាសំឡេងគ្រប់ពេល និងគ្រប់ទីកន្លែង!
៣. សូមជជែកជាមួយអ្នកស្ម័គ្រចិត្តក្នុងមូលដ្ឋាន៖ ទទួលបានការគាំទ្រដោយផ្ទាល់ពីសហគមន៍របស់អ្នក។
"សូមចូលរួមជាមួយយើងនៅក្នុងការបង្កើតពិភពលោកមួយ ដែលកុមារគ្រប់រូបមានអារម្មណ៍ថា មានសុវត្ថិភាព មានតម្លៃ និងទទួលបានក្ដីស្រឡាញ់។”