ឱកាសចំនួន៥សម្រាប់កុមារ យើងត្រូវចាប់យកពេលនេះ៖
លិខិតចំហអំពីមូលហេតុដែលខ្ញុំជឿជាក់ថា យើងពិតជាអាចគិតគូរជាថ្មីពីពិភពលោកកាន់តែប្រសើរសម្រាប់កុមារគ្រប់រូប ក្រោយវិបត្តិជំងឺកូវីដ១៩
- Available in:
- English
- Khmer
ជំងឺកូវីដ១៩ ពិតជាវិបត្តិជាសកលលើកដំបូង ដែលយើងទើបជួបប្រទះក្នុងជីវិត។ មិនថាយើងរស់នៅទីណានោះទេ ការឆ្លងរាលដាលជាសកលនៃជំងឺនេះ បង្កផលប៉ះពាល់ដល់មនុស្សគ្រប់រូប ជាពិសេស ប៉ះពាល់កុមារជាងគេ។ មនុស្សរាប់លាននាក់ពុំបានទទួលសេវាថែទាំសុខភាពជាមូលដ្ឋាន ការអប់រំ និងការការពារ ដោយសារពួកគេកើតក្នុងភាពក្រីក្រ ឬព្រោះតែជាតិពន្ធុ សាសនា ឬពូជសាសន៍ខ្លួន។ ជំងឺកូវីដ១៩ បានធ្វើឱ្យគម្លាតវិសមភាពកាន់តែរីកធំទៅៗ ហើយផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ច និងសុខភាពដែលបង្កឡើងដោយសារជំងឺរាតត្បាតជាសកលនេះ នឹងនៅបន្តបង្កជាបញ្ហារាប់ឆ្នាំទៅមុខទៀត និងគំរាមកំហែងដល់សិទ្ធិកុមារ។
ប៉ុន្តែ នេះមិនមែនជាពេលដែលយើងត្រូវចុះចាញ់ ឬត្រូវជាប់គាំងមិនអាចធ្វើអ្វីបាន ដោយសារបញ្ហាប្រឈមទាំងនេះនោះទេ។ ក្នុងពេលយើងអបអរសាទរខួបទី៧៥ឆ្នាំរបស់យូនីសេហ្វ យើងត្រូវរំឭកប្រាប់ខ្លួនឯងថា ស្ថាប័ននេះត្រូវបានបង្កើតឡើងនៅចំពេលមានវិបត្តិជាប្រវត្តិសាស្រ្តមួយទៀតកើតឡើង ក្រោយសង្គ្រាមលោកលើកទី២។ កាលនោះ យើងពិតជាងាយចុះចាញ់មែន ព្រោះតែវិសាលភាពដ៏មហិមានៃបញ្ហាដែលកុមារជួបប្រទះក្រោយពេលពិភពលោកត្រូវបានបំផ្លាញដោយសង្គ្រាម។ ប៉ុន្តែយើងបានបែរមកគិតគូរ ជាថ្មីអំពីសកម្មភាពដែលអាចធ្វើបាន។ យើងបានកសាងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធសុខុមាលភាពថ្មីៗនៅទូទាំងពិភពលោក។ យើងបានយកឈ្នះជំងឺអុតធំ។ យើងបានបង្កើតអង្គការសហប្រជាជាតិ។
ប្រវត្តិសាស្រ្តកំពុងដង្ហោយហៅយើងជាថ្មីម្ដងទៀត។ ពេលមានវិបត្តិសកលលោកធំៗកន្លងមក ចាប់ពីសង្គ្រាមលោក រហូតដល់ការឆ្លងរាតត្បាតជំងឺជាសកល មេដឹកនាំពិភពលោកបានមកជួបជុំគ្នា ដើម្បីចរចាកិច្ចព្រមព្រៀង សំដៅកសាងនូវវិធីសាស្រ្តថ្មីៗ សម្រាប់ស្ដារឡើងវិញនូវសន្តិភាព ស្ថាបនាពិភពលោកឡើងវិញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ។
យើងចាំបាច់ត្រូវប្រមូលផ្ដុំកម្លាំងរបស់ពិភពលោក ដើម្បីគាំទ្រដល់ផែនការមានលក្ខណៈជាក់លាក់ និងអាចអនុវត្តទៅបាន ដើម្បីការពារកុមាររបស់យើង ដែលនេះជាការគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់មនុស្សជំនាន់នេះ សម្រាប់មនុស្សជំនាន់ក្រោយ ដោយយើងនឹងវិនិយោគលើសេវាសុខភាព និងសេវាអប់រំ កសាងប្រព័ន្ធនិងសេវាកម្មដែលកាន់តែមានភាពធន់ អាចផ្ដល់សេវាដល់កុមារគ្រប់រូប និងធានាថាការកាត់ថវិកា និងឱនភាពសេដ្ឋកិច្ច នឹងមិនបង្កគ្រោះថ្នាក់ដល់កុមារនោះឡើយ។
ខណៈពេលដែលយើងត្រូវដឹងឱ្យច្បាស់ពីទំហំនៃបញ្ហាប្រឈម ដែលកុមារនៅក្នុងពិភពលោកកំពុងជួបប្រទះ យើងក៏ចាំបាច់ត្រូវលើកកម្ពស់ភាពជាដៃគូ និងពង្រឹងសាមគ្គីភាព តាមរយៈការកសាងបន្ថែមលើសមិទ្ធផលដែលយើងសម្រេចបានកន្លងមក ជាមួយនឹងការដាក់ចេញនូវមហិច្ឆតា និងមានទំនុកចិត្តលើអ្វីដែលយើងអាចធ្វើបាននាពេលអនាគត។
នេះមិនមែនសំដៅលើការវិលត្រឡប់ទៅរកស្ថានភាពដូចមុននោះឡើយ។ សម្រាប់កុមាររាប់រយលាននាក់នៅជុំវិញពិភពលោក ស្ថានភាព “ធម្មតាដូចមុន” មិនមានលក្ខណៈល្អគ្រប់គ្រាន់ សម្រាប់ចាប់ផ្ដើមជីវិតពួកគេនោះឡើយ។
នេះគឺជាកាលានុវត្តភាព ឬឱកាសចំនួន៥ ដែលពិភពលោកទទួលបានពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ សម្រាប់កុមារនៅជុំវិញពិភពលោក ព្រមទាំងមេរៀនចំនួន៥ ជាមូលដ្ឋានសម្រាប់យើងគិតគូរ ជាថ្មីអំពីអនាគតកាន់តែប្រសើរសម្រាប់ពួកគេ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសម្លេងរបស់យុវជន។
“ការកើនទ្បើងនៃមតិប្រឆាំងនឹងថ្នាំបង្ការ ធ្វើឱ្យយើងទាំងអស់គ្នាប្រឈមនឹងហានិភ័យពីជំងឺដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដែលគួរតែត្រូវបានលុបបំបាត់ទាំងស្រុងនៅថ្ងៃនេះ និងនៅក្នុងជំនាន់នេះ។ ពុំគួរមានអ្នកណាម្នាក់រងការឈឺចាប់ពីជំងឺដែលមានថ្នាំបង្ការការពារបានដោយមានប្រសិទ្ធភាពនោះទេ។ ពោលគឺមិនត្រូវមាននរណាម្នាក់គួរទទួលរងការឈឺចាប់បែបនេះឡើយ។”
ដើម្បីឱ្យថ្នាំបង្ការមានប្រសិទ្ធភាព យើងត្រូវកសាងទំនុកចិត្ត
ប្រវត្តិសាស្រ្ត និងវិទ្យាសាស្រ្តប្រាប់យើងទាំងអស់គ្នាថា ថ្នាំបង្ការគឺជាក្ដីសង្ឃឹមដ៏ល្អបំផុតដែលយើងមាន ដើម្បីលុបបំបាត់មេរោគនេះ និងកសាងជីវិត និងជីវិភាពរស់នៅរបស់យើងឡើងវិញ។
ទោះជាយ៉ាងណាក្ដី ដូចដែលយុវជនរិដធី បានរំឭកប្រាប់យើង ហានិភ័យដែលអាចកើតឡើងពិតប្រាកដគឺថាថ្នាំបង្ការជំងឺកូវីដ១៩ នឹងមិនអាចបានទៅដល់មនុស្សគ្រប់រូបដែលត្រូវការថ្នាំបង្ការនេះឡើយ។
ភាពស្ទាក់ស្ទើរក្នុងការចាក់ថ្នាំបង្ការ នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពរបស់យើងទាំងអស់គ្នា ក្នុងការយកឈ្នះជំងឺកូវីដ១៩។ ការសិក្សាលើមនុស្សពេញវ័យជិត ២០.០០០ នាក់នៅក្នុងប្រទេសចំនួន ២៧ បានរកឃើញថា ក្នុងចំណោមអ្នកឆ្លើយតបចំនួន៤នាក់ មានប្រហែលជា ១នាក់ នឹងបដិសេធមិនចាក់ថ្នាំបង្ការជំងឺកូវីដ១៩។ ការសិក្សាស្រដៀងគ្នាលើពលរដ្ឋអាមេរិកបានបង្ហាញថា ការផ្សព្វផ្សាយសារមិនច្បាស់លាស់ និងមិនស៊ីសង្វាក់គ្នាពីសំណាក់មន្ត្រីសុខភាពសាធារណៈ និងអ្នកនយោបាយ អាចនាំឱ្យការប្រើប្រាស់ថ្នាំបង្ការមានការថយចុះ។
ស្របពេលជាមួយគ្នា ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីថ្នាំបង្ការកាន់តែរីករាលដាល។ សហគ្រិនដែលមានគំនិតប្រឆាំងថ្នាំបង្ការ មានចំនួនអ្នកគាំទ្រតាមប្រព័ន្ធអនឡាញកើនទ្បើងយ៉ាងហោចណាស់ ២០ ភាគរយ ក្នុងអំឡុងពេលមានការឆ្លងរាដាលជំងឺជាសកលនេះ។ បើតាម Avaaz វេបសាយចំនួន១០ធំៗ ដែលត្រូវបានអ្នកស្រាវជ្រាវកំណត់ថាផ្សព្វផ្សាយព័ត៌មានមិនពិតអំពីសុខភាព មានចំនួនអ្នកមើលតាមហ្វេសប៊ុកជិត ៤ ដង ច្រើនជាងចំនួនអ្នកមើលព័ត៌មានពីគេហទំព័រដែលផ្សព្វផ្សាយព័ត៌មានពិតអំពីសុខភាព។
ជារួម យើងកំពុងបាត់បង់មូលដ្ឋានឈរជើងនៅក្នុងសមរភូមិ ដើម្បីទទួលបានការទុកចិត្ត។ ហើយប្រសិនបើពុំមានការជឿទុកចិត្តនោះទេ ថ្នាំបង្ការជំងឺកូវីដ១៩ ប្រាកដជាគ្មានប្រយោជន៍នោះទេ។ ប៉ុន្តែជាមួយការចាប់ផ្ដើមចាក់ថ្នាំបង្ការជំងឺកូវីដ១៩នៅទូទាំងសកលលោក បច្ចុប្បន្នយើងមានឱកាសដើម្បីផ្ដល់ឱ្យកុមារគ្រប់រូបនូវថ្នាំបង្ការដែលអាចជួយសង្គ្រោះជីវិតរបស់ពួកគេ។ ក្រោយភ្លៀង មេឃពិតជាស្រទ្បះ ហើយក្តីសង្ឃឹមនឹងមានសម្រាប់គ្រប់គ្នា។
សកម្មភាពចាំបាច់ត្រូវធ្វើ៖ ឥឡូវនេះ ពិភពលោកបានអភិវឌ្ឍថ្នាំបង្ការជំងឺកូវីដ១៩ ជាច្រើន ដូច្នេះយើងអាចប្ដូរការចាប់អារម្មណ៍ទៅរកសមរភូមិប្រយុទ្ធដែលត្រូវការពេលយូរ និងជាសមរភូមិដ៏សែនលំបាក ដើម្បីលុបបំបាត់មេរោគនេះពីភពផែនដី ហើយជាមួយគ្នានេះ ធានាបាននូវសមធម៌ និងយុត្តិធម៌ ដើម្បីឱ្យថ្នាំបង្ការអាចបានទៅដល់មនុស្សគ្រប់គ្នា រាប់បញ្ចូលទាំងអ្នកមានជីវភាពក្រីក្របំផុត និងអ្នកមិនត្រូវបានគេយកចិត្តទុកដាក់ផងដែរ។
កន្លងមក មានការងារជាច្រើនដែលត្រូវបានធ្វើ ដើម្បីត្រៀមសម្រាប់ថ្ងៃនេះ។ យូនីសេហ្វ គឺជាដៃគូប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់នៃក្រុម Advance Market Commitment Engagement Group នៃកម្មវិធី COVAX ដែលជាកម្មវិធីសហប្រតិបត្តិការជាសកល ដើម្បីធានាឱ្យមនុស្សនៅក្នុងពិភពលោកអាចទទួលបានថ្នាំបង្ការជំងឺកូវីដ១៩ ប្រកបដោយយុត្តិធម៌ និងសមធម៌។ គោលដៅរបស់យើង គឺមិនឱ្យប្រទេសណាមួយ និងគ្រួសារណាមួយ ត្រូវបានគេបង្ខំឱ្យទទួលបានថ្នាំបង្ការក្រោយគេនោះទេ។ យើងនឹងសម្រេចគោលដៅនេះ តាមរយៈការដឹកនាំកិច្ចលទ្ធកម្ម និងការផ្គង់ផ្គង់ថ្នាំបង្ការជំងឺកូវីដ១៩ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ដើម្បីជួយសម្រួលការងារភស្តុភា សម្រាប់ការដឹកជញ្ជូនថ្នាំបង្ការ សូម្បីតែទៅដល់តំបន់ដាច់ស្រយាលជាងគេ។ រដ្ឋាភិបាលត្រូវធ្វើការរួមគ្នា ដើម្បីធានាយ៉ាងណាឱ្យថ្នាំបង្ការជំងឺ កូវីដ១៩ មានតម្លៃសមរម្យ និងបានទៅដល់គ្រប់ប្រទេសទាំងអស់។
ដោយសារតែធាតុផ្សំដ៏សំខាន់បំផុតនៃការចាក់ថ្នាំបង្ការ គឺជំនឿចិត្ត យូនីសេហ្វកំពុងដាក់ឱ្យអនុវត្តនូវយុទ្ធនាការឌីជីថលជាសកលមួយ ដើម្បីប្រមែប្រមូលការគាំទ្រពីសាធារណជន និងបង្កើនការយល់ដឹងនៅតាមប្រទេសនានា អំពីគុណតម្លៃ និងប្រសិទ្ធភាពនៃថ្នាំបង្ការ។
ក្រុមហ៊ុនបច្ចេកវិទ្យាមានតួនាទីដ៏ធំមួយត្រូវបំពេញ ហើយក្រុមហ៊ុនទាំងនេះក៏បានចាត់វិធានការជាជំហានដំបូង ដើម្បីឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែលបង្កគ្រោះថ្នាក់ ដោយបានផ្សព្វផ្សាយនៅលើបណ្តាញបច្ចេកវិទ្យារបស់ក្រុមហ៊ុនខ្លួន។ កាលពីខែតុលា ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសពីគោលនយោបាយសកលមួយ ដើម្បីហាមឃាត់ការផ្សាយពាណិជ្ជកម្មទាំងឡាយណាដែលមិនលើកទឹកចិត្តឱ្យគេទៅចាក់ថ្នាំបង្ការ។ មិនយូរប៉ុន្មានក្រោយមក YouTube ក៏បានប្រកាសពីការបង្ក្រាបលើមាតិកាប្រឆាំងថ្នាំបង្ការ ដោយបានដកចេញវីដេអូដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីថ្នាំបង្ការជំងឺកូវីដ១៩។ ប៉ុន្តែ នៅមានរឿងជាច្រើនទៀតដែលគេអាចធ្វើបាន។ បណ្ដាញទំនាក់ទំនងសង្គម ត្រូវចាត់វិធានការកំណត់មាតិកាទាំងឡាយណាដែលព្យាយាមបង្វែរការពិត និងដកចេញមាតិកាទាំងនោះ ។
ភាពស្ទាក់ស្ទើរក្នុងការចាក់ថ្នាំបង្ការ ក៏កើតមានចំពោះថ្នាំបង្ការផ្សេងទៀត ក្រៅតែពីថ្នាំបង្ការជំងឺកូវីដ១៩ ផងដែរ។ កាលពីឆ្នាំ២០១៩ អង្គការសុខភាពពិភពលោកបានលើកឡើងថា ភាពស្ទាក់ស្ទើរក្នុងការចាក់ថ្នាំបង្ការ គឺជាការគំរាមកំហែងមួយក្នុងចំណោមការគំរាមកំហែងធំៗជាងគេចំនួន ១០ ចំពោះសុខភាពសាធារណៈ ហើយប្រសិនបើពុំមានជំនឿចិត្តលើថ្នាំបង្ការនោះទេ ថ្នាំបង្ការគ្រាន់តែជាដបដ៏តូចៗ និងមានតម្លៃថ្លៃ ដែលឋិតនៅក្នុងទូរឱសថរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
“ខ្ញុំគិតថា នេះអាចជាពេលដ៏ល្អបំផុត ដើម្បីឱ្យសាលារៀនស្ដាប់មតិសិស្ស និងរិះរកវិធីកែលម្អកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញរបស់ខ្លួន។ សូម្បីតែក្រោយពេលចប់នៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ក៏ដោយ ការរៀនសូត្រពីចម្ងាយអាចជាឧបករណ៍ដ៏មានតម្លៃ ដើម្បីបង្កភាពងាយស្រួលដល់ការទទួលបានការអប់រំ និងធ្វើឱ្យការអប់រំកាន់តែមានអាចឆ្លើយតបទៅនឹងតម្រូវការ។”
ការតភ្ជាប់គម្លាតឌីជីថល អាចជួយនាំមកនូវការអប់រំប្រកបដោយគុណភាពសម្រាប់ទាំងអស់គ្នា
យុវជនកាម៉ូហ្គេឡូ និយាយពិតជាត្រឹមត្រូវ។ នៅពេលសាលារៀនចំនួនច្រើនបំផុតត្រូវបិទទ្វារកាលពីដើមឆ្នាំ២០២០ មានសិស្សនៅក្នុងពិភពលោកប្រមាណ ៣០ភាគរយ ពុំអាចទទួលបានការសិក្សាពីចម្ងាយនោះឡើយ។ តាមពិត នៅតាមទីក្រុងភាគច្រើនជុំវិញពិភពលោក មានគ្រួសារតែជាងពាក់កណ្ដាលប៉ុណ្ណោះ ដែលមានលទ្ធភាពភ្ជាប់អ៊ីនធឺណិតប្រើប្រាស់។
កុមារទាំងនេះក៏ជាកុមារដដែល ដែលមិនទំនងជាទទួលបានការអប់រំប្រកបដោយគុណភាពរួចទៅហើយ។តាមពិត កុមារអាយុ ១០ឆ្នាំជាង ចំនួន ៥០ភាគរយនៅក្នុងប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម ពុំចេះអាន និងមិនយល់ពីរឿងសាមញ្ញណាមួយនោះឡើយ ក្រោយពេលដែលពួកគេបញ្ចប់ការអប់រំកម្រិតបឋមសិក្សា ដែលនេះឆ្លុះបញ្ចាំងពីវិបត្តិនៃការអប់រំទូទាំងសកលលោក។ ប្រសិនបើយើងមិនភ្ជាប់គម្លាតឌីជីថលនោះទេ ក្រុមយុវជនដែលកាន់តែមានចំនួនកើនឡើងយ៉ាងឆាប់រហ័សទាំងនេះនឹងត្រូវបានគេទុកចោលជាមិនខាន។
ជំងឺកូវីដ១៩ រឹតតែធ្វើឱ្យស្ថានការណ៍នេះកាន់តែមានភាពបន្ទាន់ជាងមុន។ បច្ចុប្បន្ននេះ យើងមានឱកាស “តែមួយដងក្នុងមួយជំនាន់” ដើម្បីឱ្យកុមារគ្រប់រូប និងសាលារៀនគ្រប់ទិសទីអាចភ្ជាប់អ៊ីនធឺណិតប្រើប្រាស់ និងផ្ដល់នូវឧបករណ៍ឌីជីថលថ្មីៗ ដើម្បីជួយឱ្យពួកគេអភិវឌ្ឍជំនាញ ដើម្បីអាចសម្រេច សក្ដានុពលរបស់ពួកគេទាំង ក្នុងអំឡុងពេល និងក្រោយពេលមានវិបត្តិជំងឺកូវីដ១៩។
សកម្មភាពចាំបាច់ត្រូវធ្វើ៖ សកម្មភាពដំបូង និងសំខាន់ជាងគេគឺ រដ្ឋាភិបាលត្រូវផ្ដល់អាទិភាពដល់ការបើកដំណើរការសាលារៀនឡើងវិញ និងត្រូវចាត់វិធានការគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដើម្បីបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។
ប៉ុន្តែ ការអាក់ខានការសិក្សាក្នុងទ្រង់ទ្រាយកន្លងមកនេះ ក៏បានផ្ដល់ពេលឱ្យយើងគិតគូរជាថ្មីពីរបៀបដែលយើងផ្ដល់សេវាអប់រំផងដែរ។
កម្មវិធីគិតគូរជាថ្មីពីការអប់រំរបស់យូនីសេហ្វ កំពុងធ្វើការផ្លាស់ប្ដូរការសិក្សា និងកាអភិវឌ្ឍជំនាញ ដើម្បីផ្ដល់ការអប់រំប្រកបដោយគុណភាពដល់កុមារគ្រប់រូប តាមរយៈការសិក្សាតាមប្រព័ន្ធឌីជីថល ការតភ្ជាប់អ៊ីនធឺណិត ការប្រើប្រាស់ឧបករណ៍ ការប្រើប្រាស់អ៊ីនធឺណិតក្នុងតម្លៃសមរម្យ និងការជំរុញការចូលរួមពីយុវជន។ គិតត្រឹមចុងឆ្នាំ២០២១ យើងមានបំណងផ្ដល់សេវាឱ្យដល់កុមារ និងយុវជនចំនួន ៥០០ លាននាក់ និង ៣,៥ ពាន់លាននាក់ នៅត្រឹមឆ្នាំ២០៣០។ រួមគ្នាជាមួយនឹងដៃគូមកពីវិស័យឯកជន និងរដ្ឋាភិបាល កម្មវិធីនេះនឹងអនុវត្តសកម្មភាពគ្រប់បែបយ៉ាងចាប់ពីការដឹកជញ្ជូនសៀវភៅសិក្សាដល់ទីតាំងដាច់ស្រយាល ការគាំទ្រដល់ការរផ្សព្វផ្សាយកម្មវិធីអប់រំតាមរយៈវិទ្យុ និងការផ្ដល់សេវាអប់រំឱ្យដល់កន្លែងរស់នៅរបស់កុមារ ដូចជាតាមរយៈសារជាអក្សរតាមក្រុម WhatsApp និង podcasts ជាដើម។
ឧបករណ៍ឌីជីថលអាចជាមធ្យោបាយ ដើម្បីនាំមកនូវការផ្លាស់ប្ដូរ។ កញ្ចប់ឧបករណ៍សកលសម្រាប់បម្រើដល់ការសិក្សាតាមប្រព័ន្ធឌីជីថលរបស់យូនីសេហ្វ កំពុងពង្រីកលទ្ធភាពទទួលបានជំនាញជាមូលដ្ឋាន ជំនាញដែលអាចប្រើប្រាស់ក្នុងគ្រប់កាលៈទេសៈ ជំនាញវិជ្ជាជីវៈ និងជំនាញឌីជីថលដល់ក្រុមសិស្សដែលពិបាកទៅដល់ជាងគេ និងក្រុមដែលងាយរងគ្រោះជាងគេ។ ឧទាហរណ៍ យើងកំពុងសហការជាមួយនឹងក្រុមហ៊ុន Microsoft ដើម្បីរៀបចំឧបករណ៍កត់ត្រាការសិក្សា Learning Passportជាបច្ចេកវិទ្យាមួយដែលជួយឱ្យសិស្សរៀនតាមប្រព័ន្ធអនឡាញ និងពេលគ្មានអ៊ិនធឺណិត តាមកម្មវិធីសិក្សាពហុភាសា សូម្បីតែក្នុងអំឡុងពេលមានវិបត្តិ។ យើងក៏កំពុងសហការជាមួយនឹង Khan Academy ផ្ដោតលើជំនាញជាមូលដ្ឋាន ជំនាញឌីជីថល និងជំនាញដែលពាក់ព័ន្ធនឹងមុខវិជ្ជា STEM។ យើងកំពុងអនុវត្តកម្មវិធីឌីជីថលសម្រាប់ជនភៀសខ្លួន និងជនទេសន្តរប្រវេសក៍ តាមរយៈការបង្រៀនពួកគេនូវភាសារបស់សហគមន៍ដែលទទួលពួកគេឱ្យស្នាក់នៅ ដើម្បីឱ្យពួកគេអាចទទួលបានឱកាសអប់រំ និងឱកាសការងារ ហើយយើងក៏នឹងកំពុងធ្វើការងារជាមួយនឹងអង្គការ Age of Learning Foundation ដើម្បីឱ្យសិស្សជាង ១៨០.០០០ នាក់ទូទាំងសកលលោក ទទួលបានការបំប៉នដោយមិនគិតថ្លៃ ដើម្បីត្រៀមខ្លួនចូលរៀន និងរៀនមុខវិជ្ជាអក្សរ និងលេខ។
ប៉ុន្តែដើម្បីប្រើប្រាស់ឧបករណ៍សិក្សាទាំងនេះបាន ពួកគេត្រូវមានអ៊ីនធឺណិតប្រើប្រាស់។ ដើម្បីពង្រីកការភ្ជាប់អ៊ីនធឺណិត យើងកំពុងធ្វើការងារជាមួយនឹងដៃគូមកពីវិស័យសាធារណៈ និងវិស័យឯកជន ក្នុងកម្រិតផ្ដួចផ្ដើម GIGA ដើម្បីពង្រីកសេវាអ៊ីនធឺណិតដល់កុមារគ្រប់រូប គ្រប់សហគមន៍ និងគ្រប់សាលារៀនទាំងអស់ត្រឹមឆ្នាំ២០៣០។
ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមនេះ កាលពីពេលថ្មីៗ យើងបានប្រកាសចាប់ផ្ដើមអនុវត្តភាពជាដៃគូសកលមួយជាមួយនឹងក្រុមហ៊ុន Ericsson ដើម្បីជួយរៀបចំផែនទីបង្ហាញអំពីសាលារៀនដែលមាន
អ៊ីនធឺណិតប្រើប្រាស់ នៅក្នុងប្រទេសចំនួន៣៥ ដែលត្រូវអនុវត្តរហូតដល់ចុងឆ្នាំ២០២៣។ នេះគឺជាជំហានទី១ដ៏សំខាន់ ដើម្បីឈានទៅផ្ដល់ឱ្យកុមារគ្រប់រូបនូវឱកាសសិក្សាតាមប្រព័ន្ធឌីជីថល។
ដូចដែលយុវជនកាម៉ូហ្គេឡូ បានរំឭកយើងខាងលើ តាមរយៈការចាប់យកអានុភាពនៃដំណោះស្រាយនៃប្រព័ន្ធឌីជីថល នាពេលដ៏សំខាន់នេះ យើងអាចនាំមកនូវវិវឌ្ឍថ្មីនៃការសិក្សា និងការអភិវឌ្ឍជំនាញសម្រាប់កុមារមួយជំនាន់ពេញ។
“ហេតុអ្វីបានជាយើងនាំគ្នាចាត់ទុកបញ្ហាសុខភាពផ្លូវចិត្តជារឿងធម្មតា ហើយមិនមែនជារឿងសំខាន់? ហេតុអ្វីបានជាយើងនិយាយទៅកាន់អ្នកដែលកំពុងកើតទុក្ខថា “អ្នកគិតច្រើនពេកហើយ?” ហើយអ្វីបានជាយើងវាយតម្លៃចំពោះអ្នកដែលមានជំងឺផ្លូវចិត្ត [ដោយចាត់ទុកថាពួកគេជា] មនុស្សឆ្កួត?... វាជាពេលដែលត្រូវទុកការវាយតម្លៃនេះមួយឡែក ហើយចាត់ទុកបញ្ហាសុខភាពផ្លូវចិត្តជាបញ្ហាមានសារៈសំខាន់ ដូចសុខភាពផ្លូវកាយរបស់យើងផងដែរ។
ជំងឺកូវីដ១៩ បានធ្វើឱ្យមានការចាប់អារម្មណ៍ទៅលើបញ្ហាសុខភាពផ្លូវចិត្តរបស់យុវជននៅទូទាំងសកលលោក
យុវជនទូលិកា និយាយបានត្រឹមត្រូវ៖ បញ្ហាសុខភាពផ្លូវចិត្តគឺជាបញ្ហាដ៏ធំ ហើយមានសារៈសំខាន់ដូចគ្នានឹងសុខភាពផ្លូវកាយដែរ។ នេះគឺជាការពិតសម្រាប់កុមារ និងក្មេងជំទង់ នៅពេលដែលយើងកំពុងកសាងមូលដ្ឋានសម្រាប់ទ្រទ្រង់សមត្ថភាពត្រិះរិះពិចារណា និងសមត្ថភាពសិក្សារៀនសូត្រពេញមួយជីវិតរបស់យើង ភាពឆ្លាតវៃក្នុងការគ្រប់គ្រងអារម្មណ៍ និងភាពធន់របស់យើង នៅពេលដែលបញ្ហាតានតឹងផ្លូវចិត្តកើតមានឡើង។
ដូចបានលើកឡើងខាងលើដែរ ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ បានបង្ហាញឱ្យឃើញពីកម្រិតងាយរងគ្រោះរបស់កុមារ និងយុវជន។
សម្រាប់កុមារនៅគ្រប់ទិសទី ជំងឺកូវីដ១៩បានធ្វើឱ្យជីវិតរបស់ពួកគេក្រឡាប់ចាក់ បង្កការរំខានដល់ទម្លាប់ដែលផ្ដល់ឱ្យពួកគេនូវភាពកក់ក្ដៅក្នុងចិត្ត ដូចជាការទៅសាលារៀន និងការលេងនៅខាងក្រៅជាដើម។ សម្រាប់ក្មេងជំទង់ ការបិទទីក្រុងធ្វើឱ្យពួកគេបាត់បង់ទំនាក់ទំនងក្នុងសង្គម ព្រមទាំងទំនាក់ទំនងជាមួយមិត្តភក្តិ ដែលជាទំនាក់ទំនងដ៏សំខាន់សម្រាប់ពេលនេះ។ ហើយសម្រាប់កុមារដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចផ្លូវចិត្តព្រោះតែអំពើហិង្សា ការទុកចោលមិនអើពើ ឬការរំលោភបំពាននៅក្នុងគ្រួសារ ការហាមប្រាមមិនឱ្យចេញទៅខាងក្រៅធ្វើឱ្យកុមារជាច្រើននាក់ត្រូវរស់នៅជាមួយនឹងអ្នកប្រព្រឹត្តអំពើរំលោភបំពានមកលើពួកគេ និងពុំបានទទួលការគាំទ្រដែលជាធម្មតាពួកគេអាចទទួលបាននៅក្នុងសាលារៀន និងពីគ្រួសារ និងសហគមន៍របស់ពួកគេ។ ជំងឺកូវីដ១៩ បានបង្កការរំខាន ឬនាំឱ្យមានការផ្អាកសេវាសុខភាពផ្លូវចិត្តដែលមានសារៈសំខាន់នៅក្នុងប្រទេសប្រមាណ ៩៣ ភាគរយនៅទូទាំងសលកលោក។
ផលប៉ះពាល់ទាំងនេះនាំឱ្យមានការកើនឡើងនូវក្ដីបារម្ភដែលកំពុងតែមានខ្ពស់រួចទៅហើយ។ នៅក្នុង លិខិតមុនរបស់ខ្ញុំ ខ្ញុំបានសរសេរពីការកើនឡើងនូវបញ្ហាសុខភាពផ្លូវចិត្តរបស់មនុស្សវ័យក្រោម១៨ឆ្នាំ ដែលជាវ័យដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់យុវជន។ ក្នុងចំណោមបញ្ហាសុខភាពផ្លូវចិត្តទាំងអស់ បញ្ហាសុខភាពផ្លូវចិត្តពាក់កណ្ដាលកើតឡើងនៅមុនវ័យ១៥ឆ្នាំ ហើយ ៧៥ភាគរយ កើតឡើងនៅមុនវ័យកុមារ តូច។ ក្នុងចំណោមមនុស្ស ៨០០.០០០ នាក់ដែលបាត់បង់ជីវិតដោយសារការធ្វើអត្តឃាតជារៀងរាល់ឆ្នាំ ភាគច្រើនគឺជាមនុស្សវ័យក្មេង ហើយការបង្កគ្រោះថ្នាក់ដល់ខ្លួនឯងគឺជាមូលហេតុនាំមុខគេទី២ ដែលធ្វើឱ្យកុមារីអាយុពី ១៥-១៩ឆ្នាំបាត់បង់ជីវិត។
គួរឱ្យសោកស្ដាយ មានកុមារ និងយុវជនច្រើនពន់ពេកដែលមិនបានស្វែងរកជំនួយ ដោយសារតែមានការមាក់ងាយ និងការរើសអើង មកលើអ្នកដែលទទួលការរំលោភបំពាន និងមានបញ្ហាសុខភាពផ្លូវចិត្ត។ សេវាសុខភាពផ្លូវចិត្តស្ទើរតែនៅគ្រប់ទិសទី ពុំបានទទួលថវិកាគ្រប់គ្រាន់នោះឡើយ ហើយរដ្ឋាភិបាលត្រូវតែធ្វើសកម្មភាពបន្ថែមទៀត។ នៅក្នុងប្រទេសដែលមានចំណូលទាប ថវិកាសម្រាប់វិស័យសុខាភិបាលមិនដល់ ១ភាគរយផង ដែលត្រូវបានវិភាជន៍សម្រាប់សេវាសុខភាពផ្លូវចិត្ត។
ប៉ុន្តែដោយសារតែកុមារ និងយុវជនជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងសុខុមាលភាពផ្លូវចិត្តរបស់ពួកគេ ការឆ្លងរាលដាលជាសកលនៃជំងឺនេះ ក៏ផ្ដល់នូវឱកាស ដើម្បីឱ្យមនុស្សពេញវ័យ និងកុមារសន្ទនាគ្នា និងស្វែងយល់ពីបញ្ហាសុខភាពផ្លូវចិត្តផងដែរ។
សកម្មភាពបាច់ត្រូវធ្វើ៖ យុវជន ដូចជា ទូលិកា ជាដើម បានអំពាវនាវឱ្យមានការគាំទ្រ ហើយយើងទាំងអស់គ្នាចាំបាច់ត្រូវតែស្ដាប់ក្ដីបារម្ភរបស់ពួកគេ។
រដ្ឋាភិបាលមួយចំនួនពិតជាកំពុងស្ដាប់សំទ្បេងរបស់យុវជន។ នៅក្នុងប្រទេសបង់ក្លាដែស ហ្សកហ្ស៊ី និងឥណ្ឌា ខ្សែទូរសព្ទផ្ដល់ជំនួយដោយមិនគិតថ្លៃ កំពុងផ្ដល់សេវាថែទាំ និងគាំទ្រដ៏សំខាន់ដល់កុមារ។ ខ្សែទូរសព្ទផ្ដល់ជំនួយសម្រាប់កុមារនៅក្នុងប្រទេសឥណ្ឌា បានទទួលការហៅទូរសព្ទជាង ៩២.០០០ ដង ដើម្បីសុំការការពារពីការរំលោភបំពាន និងអំពើហិង្សានៅក្នុងរយៈពេល ១១ថ្ងៃដំបូង នៅពេលដែលមានការរឹតត្បិតលើការធ្វើដំណើរព្រោះតែជំងឺកូវីដ១៩ ដែលនេះជាការកើនឡើង ៥០ភាគរយ។
នៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសមួយមានអត្រាធ្វើអត្តឃាតខ្ពស់ជាងគេក្នុងចំណោមក្មេងជំទង់ យូនីសេហ្វបានសម្ភោធដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធមួយកាលពីខែមេសា ឆ្នាំ២០២០ ដើម្បីផ្ដល់សេវាប្រឹក្សាតាមប្រព័ន្ធអនឡាញដល់ក្មេងជំទង់ ហើយក៏បានផ្ដល់ការបណ្ដុះបណ្ដាល និងការអប់រំដល់អ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត ដែលកំពុងជួបប្រទះនឹងបញ្ហាថប់បារម្ភ តានតឹងផ្លូវចិត្ត និងភាពមិនប្រាកដប្រជាដែលកើតឡើងដោយសារជំងឺកូវីដ១៩។ គ្រាន់តែក្នុងរយៈពេល ៣ខែ មានអ្នកជំនាញខាងចិត្តសាស្រ្ត និងអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត នៅតាមសាលារៀនជាង ៥.០០០ នាក់ បានទទួលការបណ្ដុះបណ្ដាល។ កម្មវិធីផ្សេងទៀតនៅក្នុងប្រទេសនេះ ជំរុញឱ្យក្មេងជំទង់មានទំនាក់ទំនងគ្នានៅក្នុងសង្គម តាមរយៈក្រុមមិត្តគាំទ្រមិត្ត និងការពិភាក្សាជាមួយឪពុកម្ដាយ ដែលជាការផ្លាស់ប្ដូរបញ្ហាសុខភាពផ្លូវចិត្តចេញពីការទទួលរងការមាក់ងាយ ទៅជាការផ្ដល់នូវការយោគយល់ និងការយកចិត្តទុកដាក់ តាមរយៈការបង្កើនការផ្ដល់ប្រឹក្សា និងសេវាគាំទ្រ។
ស្រដៀងគ្នានេះដែរ អង្គការស្ថាប័នជាច្រើននៅជុំវិញពិភពលោកកំពុងធ្វើការងារជាមួយនឹងយុវជន ដើម្បីឱ្យការស្វែងរកការគាំទ្រពីសេវាសុខភាពផ្លូវចិត្តក្លាយជារឿងធម្មតា តាមរយៈការអនុវត្តអន្តរាគមន៍ និងយុទ្ធនាការដែលមានប្រសិទ្ធភាព។ ឧទាហរណ៍ យុទ្ធនាការពេលវេលាត្រូវផ្លាស់ប្ដូរ កំពុងបញ្ចប់ការរើសអើងលើអ្នកដែលមានសុខភាពផ្លូវចិត្តនៅចក្រភពអង់គ្លេស តាមរយៈការធ្វើការងារជាមួយនឹងគ្រូបង្រៀន នាយកសាលា និងសិស្ស ដើម្បីឱ្យមានការសន្ទនាគ្នាដោយចំហឆ្លើយតបចំពោះការមាក់ងាយ និងផ្ដល់ការគាំទ្រដល់យុវជន។
យើងចាំបាច់ត្រូវធ្វើសកម្មភាពបន្ថែមទៀត៖ ប្រទេសនានាចាំបាច់ត្រូវវិនិយោគ ដើម្បីដោះស្រាយបញ្ហាដ៏មានសារៈសំខាន់នេះដូចជា ត្រូវពង្រីកសេវាសុខភាពផ្លូវចិត្ត និងការគាំទ្រដល់យុវជននៅតាមសហគមន៍ និងតាមសាលារៀនឱ្យបានឆាប់រហ័ស និងអនុវត្តកម្មវិធីចិញ្ចឹមបីបាច់កូន ដើម្បីធានាយ៉ាងណាឱ្យកុមារមកពីគ្រួសារងាយរងគ្រោះអាចទទួលបានការគាទ្រ និងការការពារដែលពួកគេត្រូវការ ពេលដែលពួកគេនៅផ្ទះ។
“យើងត្រូវលប់ចោលនូវជំនឿដែលថា យើងគ្មានអំណាច ហើយត្រូវដឹងថា យើងមានអំណាចគ្មានដែនកំណត់។”
ជំងឺកូវីដ១៩ មិនរើសអើងអ្នកណាម្នាក់នោះឡើយ ប៉ុន្តែគឺសង្គមរបស់យើងទៅវិញទេដែលរើសអើង
ការឆ្លងរាលដាលជាសកលនៃជំងឺកូរ៉ូណា បានបង្កផលប៉ះពាល់ដល់មនុស្សគ្រប់រូបនៅលើភពផែនដី។ ប៉ុន្តែ វាមិនមែនប៉ះពាល់មកលើយើងទាំងអស់ដូចៗគ្នានោះទេ។ នៅក្នុងប្រទេសជាច្រើនជាតិពន្ធុរបស់អ្នក ពណ៌សម្បុររបស់អ្នក ឬទ្រព្យសម្បត្តិរបស់អ្នក អាចធ្វើឱ្យអ្នកកាន់តែទទួលរងផលវិបាកដោយសារជំងឺនេះ។ ឧទាហរណ៍នៅសហរដ្ឋអាមេរិក ជនជាតិអាមេរិកដើមកំណើតអាហ្វ្រ៊ិកមានចំនួនស្មើនឹង ១៣ ភាគរយនៃចំនួនប្រជាជនសរុប ប៉ុន្តែក្នុងចំណោមការបាត់បង់ជីវិតដោយសារកូវីដ១៩ គឺក្នុងចំណោម ៤នាក់ មាន ១នាក់ជាជនជាតិអាមេរិកកាំងដើមកំណើតអាហ្វ្រិក ហើយពួកគេងាយនឹងបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ គឺជិត ៤ដងបើធៀបនឹងជនជាតិស្បែកស។
នៅជុំវិញពិភពលោក អ្នកដែលបាននឹងកំពុងបំពេញការងារជួរមុខ បុគ្គលិកដែលផ្ដល់សេវាចាំបាច់សំខាន់ៗ អ្នកដែលមកពីក្រុមជនជាតិដើមភាគតិច ជនក្រីក្រ និងជនដែលបាត់បង់ឱកាស កំពុងប្រឈមនឹងហានិភ័យដ៏ច្រើនលើសលុបរួចទៅហើយ។ ពួកគេទំនងជាឆ្លងជំងឺនេះ ព្រោះពួកគេប្រឈមទៅនឹងមេរោគនេះដោយផ្ទាល់ ហើយមិនទំនងជាអាចទទួលបានសេវាថែទាំព្យាបាលនោះឡើយ។ កត្តានេះធ្វើឱ្យយើងទាំងអស់គ្នាត្រូវប្រឈមនឹងហានិភ័យ មិនថាអ្នកជាអ្នកមាន ឬអ្នកក្រ ឬប្រសិនបើអ្នកជិតខាងរបស់អ្នកឈឺ អ្នកក៏អាចឈឺផងដែរ។ វិបត្តិនេះនឹងមិនចប់សម្រាប់អ្នកណានោះឡើយ រហូតដល់ពេលដែលយើងត្រូវបញ្ចប់វាសម្រាប់ទាំងអស់។
ភាពក្រីក្រក៏កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ នៅទូទាំងសកលលោក ចំនួនកុមារដែលរស់នៅក្នុងគ្រួសារក្រីក្រព្រោះប្រាក់ចំណូលទាប ត្រូវបានគេប៉ាន់ប្រមាណថាបានកើនឡើង ១៤២ លាននាក់គិតត្រឹមចុងឆ្នាំ២០២០។
ប៉ុន្តែភាពក្រីក្រមិនត្រឹមតែបង្កផលប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ។ កុមារដែលមានជីវភាពខ្សត់ខ្សោយជាងគេ មិនត្រឹមតែជាអ្នកដែលមានសមត្ថភាពតិចតួចជាងគេ ដើម្បីការពារខ្លួនពីមេរោគប៉ុណ្ណោះទេ ពួកគេក៏ជាអ្នកដែលមានសមត្ថភាពតិចតួចជាងគេ ដើម្បីទទួលបានការរៀនសូត្រពីចម្ងាយ ព្រមទាំងឧបករណ៍ និងសេវាលាងសម្អាតដៃផងដែរ។ សម្រាប់កុមារដែលរស់នៅក្នុងវិបត្តិមនុស្សធម៌ ហានិភ័យនេះរឹតតែធំធេងទៅទៀត។
កុមារមិនត្រឹមតែអាចរស់នៅក្នុងភាពក្រីក្រច្រើនជាងមនុស្សពេញវ័យដល់ទៅ ២ដងប៉ុណ្ណោះទេ ពួកគេក៏ងាយនឹងទទួលរងផលវិបាកពេញមួយជីវិតដែលមិនអាចស្ដារវិញបាន។ កុមារកម្រមានឱកាសទី២ ដើម្បីទទួលបានអាហារូបត្ថម្ភសំខាន់ៗ ដែលពួកគេគួរទទួលបាននៅវ័យកុមារតូច ការអប់រំប្រកបដោយគុណភាព ឬការថែទាំសុខភាពសមរម្យ ដែលជួយឱ្យពួកគេអាចរស់រាន រីកចម្រើន និងអភិវឌ្ឍខ្លួនណាស់។ ប្រសិនបើពុំមានការចាត់វិធានការទេ ផលប៉ះពាល់ទាំងនេះក៏អាចអូសបន្លាយពេញមួយជីវិត។
សកម្មភាពចាំបាច់ត្រូវធ្វើ៖ ដូចដែលយុវជនក្លូវឺរ បានលើកឡើងយ៉ាងជាក់ច្បាស់ កុមារ និងយុវជនមិនមែនជាមនុស្សដែលគ្មានអំណាចនោះទេ។ យើងត្រូវធានាយ៉ាងណាឱ្យកុមារគ្រប់រូបមានឱកាសរួមចំណែកដល់សង្គម និងធានាថានឹងមិនមានកុមារណាម្នាក់ត្រូវបានទុកចោលនោះឡើយ ដោយមិនប្រកាន់ពីយេនឌ័រ ពូជសាសន៍ ជាតិសាសន៍ ឬសាសនារបស់ពួកគេឡើយ។ យើងចំាបាច់ត្រូវបន្តការប្ដេជ្ញាចិត្ត ដើម្បីឆ្លើយតបចំពោះបញ្ហាវិសមភាព និងការរើសអើង។ ដូចដែល អគ្គលេខាធិការអង្គការសហប្រជាជាតិ Guterres បានមានប្រសាសន៍នៅឆ្នាំនេះ យើងមិនត្រឹមតែត្រូវការគោលនយោបាយគាំពារសង្គមសម្រាប់ជំនាន់ថ្មីប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវឆ្លើយតបចំពោះការរើសអើងចាក់ឫសយ៉ាងជ្រៅដោយសារយេនឌ័រ ពូជសាសន៍ ឬជាតិពន្ធុផងដែរ តាមរយៈការអនុវត្តកម្មវិធី និងគោលនយោបាយផ្ដោតឱ្យចំគោលដៅ។
មានកុមារជាច្រើននាក់ដែលពុំអាចទទួលបានសេវាជាមូលដ្ឋាន ដែលយើងមើលរំលងកន្លងមក។ ឧទាហរណ៍ ទឹកស្អាត និងសាប៊ូ គឺជាមូលដ្ឋានគ្រឹះសម្រាប់ទប់ស្កាត់ការសាយភាយនៃជំងឺកូវីដ១៩ និងជំងឺដទៃទៀត។ នវានុវត្តន៍ ដូចជាកន្លែងលាងសម្អាតដៃចល័ត ដែលប្រើប្រាស់ឈ្នាន់ជាន់ ដើម្បីបង្ការមិនឱ្យដៃប៉ះផ្ទាល់ជាមួយនឹងផ្ទៃនានា ត្រូវបានដំឡើងឱ្យប្រើប្រាស់នៅតាមផ្សារ មណ្ឌលសុខភាព និងសាលារៀនក្នុងប្រទេសអេក្វាឌឺរ និងប្រទេសដទៃទៀត ដើម្បីការពារកុមារពីមេរោគ និងបាក់តេរី។
សេវាគាំពារសង្គម ដូចជាការឧបត្ថម្ភសាច់ប្រាក់ជាដើម អាចជាឧបករណ៍មួយដ៏សំខាន់ មិនត្រឹមតែដើម្បីជួយឱ្យគ្រួសារអាចបន្តរស់នៅក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយប្រយុទ្ធប្រឆាំងនឹង វិសមភាពកាន់តែទូលំទូលាយផងដែរ ដើម្បីជួយផ្ដល់ការឧបត្ថម្ភឱ្យគ្រួសារអាចបញ្ជូនកូនទៅរៀន និងនាំកូនទៅកាន់មូលដ្ឋានសុខាភិបាល ទិញអាហារប្រកបដោយអាហារូបត្ថម្ភ និងកាត់បន្ថយពលកម្មកុមារ។ បច្ចុប្បន្ននេះ យូនីសេហ្វកំពុងធ្វើការងារជាមួយនឹងរដ្ឋាភិបាលនៅក្នុងប្រទេសចំនួន១១៥ ដើម្បីគាំទ្រដល់ការពង្រីកកម្មវិធីគាំពារសង្គមក្នុងការឆ្លើយតប និងស្ដារឡើងវិញពីជំងឺកូវីដ១៩។
បទពិសោធដែលទទួលបានពីវិបត្តិកន្លងមក បានបង្ហាញថាមានហេតុផលជាច្រើនដែលគេត្រូវផ្ដល់ អាទិភាពវិនិយោគលើវិស័យសង្គម សូម្បីតែក្នុងពេលដែលមានឱនភាពសេដ្ឋកិច្ចនៃដ៏ធ្ងន់ធ្ងរយ៉ាងណាក៏ ដោយ។ ខណៈដែលរដ្ឋាភិបាលបានប្រឹងប្រែង ដើម្បីការពារពលរដ្ឋរបស់ខ្លួនពីផលប៉ះពាល់ដែលបង្កឡើងដោយសារជំងឺកូវីដ១៩ រដ្ឋាភិបាលក៏ត្រូវការពារការវិនិយោគលើគ្រប់សេវាសង្គមទាំងអស់ការកាត់ថវិកាពី និងធានាឱ្យមានការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យការផ្ដល់សេវានៅតែបន្តមានដំណើរការ។
“មានរឿងជាច្រើនដែលបានផ្លាស់ប្ដូរសម្រាប់យើង ចាប់តាំងពីពេលយើងលែងអាចចេញទៅក្រៅបាន ហើយទាមទារឱ្យធ្វើសកម្មភាព។ ប៉ុន្តែនេះមិនមែនមានន័យថាចលនាការពារបរិស្ថានបានស្ងៀមស្ងាត់នោះឡើយ... គេមិនអាចធ្វើឱ្យយើងស្ងៀមស្ងាត់នោះឡើយ។ វិបត្តិអាកាសធាតុនៅតែបន្តកើតមាន។ វាមិនទាន់ទៅណានោះឡើយ។ វាពុំមានការប្រែប្រួលនោះឡើយ។”
Climate change is the other planetary crisis that won’t wait
ជំងឺកូវីដ១៩ បានបង្រៀនប្រាប់ខ្ញុំថា បញ្ហាភពផែនដី ត្រូវការដំណោះស្រាយទ្រង់ទ្រាយភពផែនដី។ ពុំមានអ្នកណារងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុខ្លាំងជាងកុមារនោះឡើយ។ កុមារងាយរងគ្រោះនៅពេលមានការប្រែប្រួលក្នុងខ្យល់ពួកគេដកដង្ហើម ទឹកពួកគេផឹក និងអាហារពួកគេទទួលទាន។ យើងដឹងថា កុមារកាន់តែងាយរងគ្រោះដោយសារបញ្ហាខ្វះទឹក និងស្បៀង និងជំងឺឆ្លងតាមទឹក ដែលបង្កការគំរាមកំហែងដល់ពួកគេ ហើយដែលបង្កឡើងដោយសារបម្រែបម្រួលអាកាសធាតុ។ ហើយបើតាមគន្លងនាពេលបច្ចុប្បន្ននេះ មិនដល់ ២០ឆ្នាំទៀតផង ក្នុងចំណោមកុមារ ៤នាក់នៅទូទាំងសកលលោក នឹងមានមនុស្ស១នាក់រស់នៅក្នុងតំបន់ដែលជួបប្រទះនឹងការខ្វះខាតទឹកធ្ងន់ធ្ងរ។ ក្នុងនាមជាមនុស្សពេញ
វ័យ យើងគឺជាអ្នកទទួលខុសត្រូវលើសុខភាពរបស់ភពផែនដីដែលយើងបន្សល់ទុកឱ្យកុមាររបស់យើង។
ការខកខានពុំបានឆ្លើយតបចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុចំពោះមុខ នឹងធ្វើឱ្យវិសមភាពកាន់តែធ្ងន់ធ្ងរទៅៗ។ គិតត្រឹមឆ្នាំ២០៥០ ការខូចខាតសរុបដែលបង្កឡើងដោយសារបម្រែបម្រួល អាកាសធាតុកើនឡើងរហូតដល់ ៨ ទ្រីលានដុល្លារ ដែលធ្វើឱ្យពិភពលោកត្រូវខាតបង់ប្រមាណ ៣ ភាគរយ នៃ ផ.ស.ស និងធ្វើឱ្យតំបន់ដែលក្រីក្រជាងគេរឹតតែទទួលរងការខាតបង់ជាងនេះទៅទៀត។ ប្រសិនបើយើងមិនចាត់វិធានការនាពេលនេះទេ មនុស្សជាង ១ពាន់លាននាក់ ប្រឈមនឹងការបាត់បង់ទីលំនៅ នៅក្នុងរយៈពេល ៣០ឆ្នាំទៀត ដោយសារតែវិបត្តិអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ជម្លោះប្រដាប់អាវុធ ធ្វើឱ្យការមនុស្សកាន់តែធ្វើចំណាកស្រុក ហើយបង្កផលប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍផង និងប្រទេសអភិវឌ្ឍន៍ផង។
សកម្មភាពចាំបាច់ត្រូវធ្វើ៖ យើងត្រូវតភ្ជាប់ទំនាក់ទំនងរវាងការស្ដារឡើងវិញ និងការឆ្លើយតបចំពោះជំងឺកូវីដ១៩ របស់យើងជាមួយនឹងវិធានការបន្ទាន់ ដើម្បីឆ្លើយតបចំពោះបម្រែបម្រួលអាកាសធាតុ និងការពារបរិស្ថានរបស់យើង។
យើងត្រូវការកម្មវិធីជំរុញសកម្មភាពសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលផ្តល់អាទិភាពលើអភិក្រមដែលបញ្ចេញកាបូនទាប និងអភិក្រមដែលមានការសម្របសម្រួលគ្នាជាសកល រួមជាមួយនឹងវិធានការដែល អនុវត្តនៅក្នុងប្រទេស។ យើងបានដឹងរួចទៅហើយអំពីដំណោះស្រាយនានា ដូចជាផ្តល់សេវាទឹកស្អាត និងអនាម័យធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ការរៀបចំឱ្យមានការសិក្សាដែលធន់ តាមរយៈការបង្កើតសាលារៀនបៃតងប្រកបដោយសុវត្ថិភាព សេវាសុខភាពដែលឆ្លាតវៃចំពោះអាកាសធាតុ និងគ្រោះមហន្តរាយ កាត់បន្ថយការបំពុលខ្យល់ ដី និងទឹក ការជំរុញឱ្យយុវជនក្លាយជាទីភ្នាក់ងារដែលនាំមកនូវការផ្លាស់ប្ដូរ និងបំពេញតួនាទីជាដៃគូរបស់យើង ដើម្បីលើកកម្ពស់បរិស្ថាន និងឆ្លើយតបចំពោះបម្រែបម្រួល អាកាសធាតុ សេវាគាំពារសង្គមដែលឆ្លើយតបចំពោះអាកាសធាតុ ដើម្បីគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយដែលពាក់ព័ន្ធនឹងអាកាសធាតុ និងការបង្កើតនូវប្រព័ន្ធស្បៀង និងរបបអាហារដែលឆ្លាតវៃចំពោះអាកាសធាតុ និងគ្រោះមហន្តរាយ។
ប្រសិនបើពុំមានការបង្កើនការវិនិយោគលើដំណោះស្រាយទាំងនេះទេ ការស្ដារឡើងវិញពីវិបត្តិជំងឺកូវីដ១៩ ប្រាកដជារឹតតែពិបាកខ្លាំងជាមិនខាន។
ដំណោះស្រាយទាំងនេះមានផលសាយភាយជាច្រើនដូចជា ផ្ដល់ប្រយោជន៍ដល់សុខភាពផង និងសេដ្ឋកិច្ចផង ហើយក្នុងពេលជាមួយគ្នា ជួយកសាងភាពធន់ចំពោះគ្រោះមហន្តរាយដែលអាចកើតមាននាពេលអនាគត។
នៅក្នុងពិភពលោកដែលប្រទេសចំនួន១៧ ប្រើប្រាស់ធនធានទឹកដែលខ្លួនមានរហូតដល់ ៨០ ភាគរយជារៀងរាល់ឆ្នាំ យើងចាំបាច់ត្រូវតែគិតគូរជាថ្មីពីពិភពលោកមួយដែលធានាបាននូវសន្តិសុខទឹកសម្រាប់កុមារ។ ការលើកកម្ពស់ការសម្របសម្រួល និងកិច្ចសហការគ្នាក្នុងការប្រើប្រាស់ធនធានទឹករួមគ្នា អាចជាកាតាលីករដែលជំរុញឱ្យមានសន្តិភាព និងផ្ដល់នូវឱកាស ដើម្បីកសាងទីក្រុងកាន់មានចីភាព លើកកម្ពស់ជីវភាពរស់នៅ និងផ្ដល់នូវបរិស្ថានដែលស្អាត និងមានសុវត្ថិភាពសម្រាប់កុមារ។
ក្នុងពេលជាមួយគ្នា ការផ្ដល់ទឹកស្អាតដល់ប្រជាជន ៤០ ភាគរយក្នុងចំណោមប្រជាជននៅក្នុងសកលលោកទាំងមូល ដែលខ្វះសេវាទឹកស្អាត និងអនាម័យអាចទប់ស្កាត់ការសាយភាយជំងឺឆ្លងនានា ដូចជាជំងឺកូវីដជាដើម នឹងផ្ដល់មកវិញនូវផលចំនួន ៤ ដុល្លារសម្រាប់រៀងរាល់ប្រាក់ ១ ដុល្លារដែលត្រូវបានវិនិយោគ។ ក្នុងសតវត្សរ៍ទី២១នេះ ពុំមានមូលហេតុដែលល្អណាដែលធ្វើឱ្យយើងមិនអាចជួយឱ្យគ្រប់ខ្នងផ្ទះ សាលារៀន និងមន្ទីរពេទ្យ និងគ្លីនិកសុខភាព មានទឹកស្អាត និងសាប៊ូប្រើប្រាស់នោះឡើយ។
ជារួម យើងអាចយកគំរូតាមយុវជន ដូចជាវ៉ាណេសា ជាដើម ដែលមិនត្រឹមតែអំពាវនាវឱ្យមានការផ្លាស់ប្ដូរប៉ុណ្ណោះទេ ថែមទាំងបានអនុវត្តសកម្មភាព ដើម្បីឱ្យមានការផ្លាស់ប្ដូរបែបនេះរួចទៅហើយ។ ឧទាហរណ៍ ជ័យលាភីការប្រកួតប្រជែងនវានុវត្តន៍ ដើម្បីឆ្លើយតបចំពោះជំងឺកូវីដ១៩ ដែលយូនីសេហ្វបានរៀបចំឡើងនៅក្នុងប្រទេសនីហ្សេរីយ៉ា បានបង្កើតនូវដំណោះស្រាយមួយសម្រាប់សហគមន៍ដែលពុំមានទឹកដែលមានសុវត្ថិភាព និងគ្រប់គ្រាន់ប្រើប្រាស់ ដោយប្រើប្រាស់ផ្ទាំងពន្លឺព្រះអាទិត្យដើម្បីបង្កើតនូវប្រព័ន្ធផ្គត់ផ្គង់ទឹកប្រកបដោយចីរភាព។
ដំណោះស្រាយទាំងនេះមិនត្រឹមតែមានប្រយោជន៍ក្នុងរយៈពេលខ្លីក្នុងការឆ្លើយតបចំពោះផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយសារជំងឺកូវីដ១៩ប៉ុណ្ណោះទេ ថែមទាំងអាចកសាងនូវភាពធន់ និងកាត់បន្ថយការបញ្ចេញឧស្ម័ននៅក្នុងរយៈពេលវែងទៀតផង។
សម្ដីចុងក្រោយ....
នៅក្នុង លិខិតជាសាធារណដែលខ្ញុំបានសរសេរកាលពីឆ្នាំ២០១៩ ខ្ញុំបានបង្ហាញពីក្ដីបារម្ភ និងក្ដីសង្ឃឹមរបស់ខ្ញុំសម្រាប់អនាគតរបស់កុមារ និងយុវជន។ ខ្ញុំដឹងតិចតួចណាស់ថាមួយឆ្នាំក្រោយមក ការឆ្លងរាលដាលជាសកលនៃជំងឺនេះបង្ហាញឱ្យយើងទាំងអស់គ្នាឃើញថា ការព្រួយបារម្ភទាំងនេះពិតជាបានកើតឡើងពិតប្រាកដមែន។
ព័ត៌មានដែលមិនល្អ៖ ខណៈពេលដែលវិបត្តិនេះបន្តអូសបន្លាយ ហើយវិបត្តិសេដ្ឋកិច្ចកាន់តែមានជម្រៅជ្រៅទៅៗ យើងនៅតែមានថ្ងៃផ្សេងៗចំពោះមុខយើង។ ព្យុះសេដ្ឋកិច្ចកំពុងធ្វើឱ្យប៉ះពាល់ដល់ថវិការបស់រដ្ឋាភិបាល និងធ្វើឱ្យការអភិវឌ្ឍ និងវឌ្ឍនភាពដែលសម្រេចបានរាប់ទសវត្សរ៍កន្លងមកនេះ ត្រូវដើរថយក្រោយ។ ប្រសិនបើយើងមិនចាត់វិធានការឱ្យបានដាច់ណាត់ និងលឿននោះទេ ផលប៉ះពាល់នេះនឹងបន្តមានរាប់ជំនាន់ទៅមុខទៀត។
ប៉ុន្តែនេះគឺជាព័ត៌មានល្អ៖ យើងអាចប្ដូរនិន្នាការនេះតាមរយៈការចាប់យកឱកាសនាពេលបច្ចុប្បន្នដែលផ្ដល់ឱ្យយើងនូវកាលានុវត្តភាពមិនធ្លាប់មាន ក្នុងការកសាងឡើងវិញ និងគិតជាថ្មីពីប្រព័ន្ធមួយដែលអាចឱ្យកុមារ និងយុវជនពឹងអាស្រ័យបាន។
ដូច្នេះ នេះគឺជាការអំពាវនាវឱ្យមានការចាត់វិធានការ ដើម្បីកុមារ យុវជន និងអ្នកដឹកនាំនៅគ្រប់ទិសទីនៅក្នុងសង្គមរបស់យើង មិនថាជាអ្នកនយោបាយនៅលើឆាកសកល អ្នកដឹកនាំផ្នែកសាសនា អ្នកតាក់តែងគោលនយោបាយរបស់រដ្ឋាភិបាល តារាកីឡាករ ម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ អ្នកស្វែងរកការគាំទ្រ និងយើងទាំងអស់គ្នា។
សហគមន៍អន្តរជាតិត្រូវគាំទ្រ ការស្ដារឡើងវិញប្រកបដោយបរិយាបន្ន ដែលផ្ដល់អាទិភាពដល់ការ វិនិយោគ ដើម្បីកុមារ និងដើម្បីសិទ្ធិកុមារ។ ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗជាច្រើន ចាប់ពីសុវត្ថិភាព និងការរក្សាភាពឯកជនលើអ៊ីនធឺណិត រហូតដល់ការសិក្សាតាមប្រព័ន្ធឌីជីថល រហូតដល់ការផ្ដល់ទឹកស្អាត វិស័យឯកជនត្រូវតែអនុវត្តសកម្មភាពបន្ថែមទៀត ដើម្បីឱ្យសេវាទាំងនេះបានទៅដល់កុមារ និងផ្ដល់ការការពារកុមារ តាម រយៈនវានុវត្តន៍នានា។ ហើយប្រជាពលរដ្ឋត្រូវតែបន្តពុះពារឱ្យអ្នកដែលមានអំណាចទទួលខុសត្រូវ និងក្រោកឈរដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើង និងវិសមភាព។
នៅឆ្នាំនេះ ខណៈពេលយូនីសេហ្វអបអរសាទរខួបទី៧៥ឆ្នាំ នៃការគិតគូរជាថ្មីពីអនាគតរបស់កុមារគ្រប់រូប យើងទាំងអស់គ្នាត្រូវប្រមូលផ្ដុំគ្នាគាំទ្រកុមារ និងយុវជន ជាមួយនឹងស្មារតីថ្មីដោយចាត់ទុកការងារដែលត្រូវទាំងនេះជាការងារបន្ទាន់ ខណៈពេលដែលយើងកំពុងបង្កើតឱកាសបំផុសក្ដីសុបិន្ត និងផ្តល់គាំទ្រដល់ពួកគេ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ពួកគេ។
ជំងឺកូវីដ១៩ នឹងមិនមែនជាវិបត្តិចុងក្រោយដែលមនុស្សជាតិជួបប្រទះនោះទេ។ ដូច្នេះយើងត្រូវធ្វើការងាររួមគ្នាក្នុងនាមជាដៃគូ និងជាមិត្តភក្តិ ដើម្បីងើបចេញពីការឆ្លងរាលត្បាតជាសកលនេះ ជាមួយស្ថានភាពប្រសើរ និងខ្លាំងក្លាជាងពេលមុនៗ។
Henrietta Fore
UNICEF Executive Director
