សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ឱកាសក្នុងការរៀនសូត្រសម្រាប់កុមារគ្រប់រូប

នៅ​កម្ពុជា កុមារមានពិការភាពមានឱកាសតិចជាងមិត្តភក្តិរបស់ពួកគេរហូតដល់ទៅ ៣ដង ក្នុងការទៅសាលារៀន។ វគ្គបណ្តុះបណ្តាលឯកទេសកំពុងជួយបង្កើនវិជ្ជាជីវគ្រូបង្រៀន ដើម្បីជំរុញការអប់រំប្រកបដោយបរិយាបន្នសម្រាប់កុមារគ្រប់រូប។

Cristyn Lloyd
20260623 Meeting with GGAS Student -24.webp
UNICEF Cambodia/2026/Cristyn Lloyd
24 មិថុនា 2026

ខេត្តបាត់ដំបង ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ ៖ នៅវិទ្យាល័យអប់រំពិសេសខេត្ត​បាត់ដំបង រាល់មេរៀននីមួយៗត្រូវបានរៀបចំឡើងស្របតាមរបៀបដែលកុមារមើលឃើញ ស្តាប់ឮ និងយល់ដឹងអំពីពិភពលោក។ នៅក្នុងថ្នាក់រៀនមួយចំនួន កុមារៗធ្វើការស្វែងយល់ និងរៀនសូត្រតាមរយៈអក្សរស្ទាប និងភាសាសញ្ញា។ នៅក្នុងថ្នាក់រៀនផ្សេងទៀត កុមារមានពិការភាពសតិបញ្ញា រៀនសូត្រតាមរយៈរូបភាព ការអនុវត្តឡើងវិញដដែលៗ និងការគាំទ្រតាមតម្រូវការជាក់ស្តែង​។

យុវតី នៀត អាយុ ១៨ឆ្នាំ បានប្រើភាសាសញ្ញាប្រាប់អ្នកគ្រូភាសាអង់គ្លេសរបស់នាង គឺអ្នកគ្រូ ជា ស្រីម៉ៅ ទាំងស្នាមញញឹមដ៏ស្រស់ស្រាយដែលដក់ជាប់លើផ្ទៃមុខរបស់នាងស្ទើរពេញមួយម៉ោងសិក្សាថា ៖ «ខ្ញុំចូលចិត្តភាសាអង់គ្លេសណាស់។ ពាក្យពេចន៍វាពិបាក ប៉ុន្តែខ្ញុំខំប្រឹងប្រែង»។

ថ្ងៃនេះ នៀត និងមិត្តរួមថ្នាក់របស់នាងកំពុងសប្បាយរីករាយក្នុងការសម្តែងធ្វើកាយវិការតាមភាសាសញ្ញាដែលបង្ហាញពីប្រភេទផ្សេងៗគ្នានៃគ្រោះមហន្តរាយធម្មជាតិ។ អ្នកគ្រូ ស្រីម៉ៅ ដែលមានជំនាញឯកទេសខាងបង្រៀនកុមារមានកម្សោយការស្ដាប់ អាចបង្រៀន និងប្រើប្រាស់ភាសាសញ្ញាយ៉ាងស្ទាត់ជំនាញ និងប្រកបដោយទំនុកចិត្ត ទោះបីជាអ្នកគ្រូទើបតែចាប់ផ្តើមរៀនភាសាសញ្ញាកាលពីពីរបីឆ្នាំមុនក៏ដោយ។

អ្នកគ្រូបានមានប្រសាសន៍ថា ៖ «ខ្ញុំមានទំនុកចិត្ត ពីព្រោះ​សិស្សធ្វើឱ្យខ្ញុំមានទំនុកចិត្ត។  នៅពេលខ្ញុំឈរជាមួយពួកគេ ហើយឃើញពួកគេញញឹម ខ្ញុំមានកម្លាំងចិត្តខ្លាំងណាស់»។ 

20260623 Meeting with GGAS Student -30.webp
UNICEF Cambodia/2026/Cristyn Lloyd (រូបភាព ៖ អ្នកគ្រូភាសាអង់គ្លេស ជា ស្រីម៉ៅ កំពុងធ្វើកាយវិការភាសាសញ្ញាតំណាងឱ្យពាក្យ «ស្រឡាញ់» ជាភាសាសញ្ញាកម្ពុជា)

ការចាប់ផ្តើមបង្រៀនរបស់អ្នកគ្រូ ស្រីម៉ៅ នៅសាលានេះ គឺបន្ទាប់ពីអ្នកគ្រូបានបញ្ចប់វគ្គ​វិញ្ញាបនបត្ររយៈពេលមួយឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំពិសេស (NISE) នៃក្រសួងអប់រំ យុវជន និងកីឡា។ ដោយមានការគាំទ្រពីយូនីសេហ្វ តាមរយៈមូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) វគ្គសិក្សានេះបានផ្តល់ឱ្យអ្នកអប់រំនូវមូលដ្ឋានគ្រឹះសម្រាប់ការបង្រៀនកុមារមានពិការភាព ដោយមានជម្រើសផ្តោតលើជំនាញឯកទេសសម្រាប់សិស្សមានកម្សោយការស្ដាប់ កម្សោយការមើលឃើញ និងពិការភាពសតិបញ្ញា និងអូទីស្សឹម។ 

អ្នកគ្រូបានមានប្រសាសន៍ថា ៖ «ប្រសិនបើខ្ញុំមិនបានចូលរួមវគ្គសិក្សារយៈពេល ១០ខែនោះទេ ខ្ញុំច្បាស់ជាមិនដឹងអ្វីទាល់តែសោះ»។ អ្នកគ្រូបានបង្រៀននៅក្នុងខេត្តពោធិ៍សាត់ ដែលនៅជាប់នឹងខេត្តបាត់ដំបង អស់រយៈពេលជាច្រើនឆ្នាំ មុនពេលសម្រេចចិត្តប្តូរមកធ្វើការជាមួយកុមារមានពិការភាព ដែលអ្នកគ្រូដឹងយ៉ាងច្បាស់ថាការងារនេះនឹងទាមទារនូវជំនាញថ្មីៗទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះហាក់បីដូចជាកើតឡើងដោយធម្មជាតិ និងជាការប្រឈមមួយដែលមិនសូវមានគ្រូបង្រៀនផ្សេងទៀតចង់ទទួលយកនោះឡើយ។ 

អ្នកគ្រូបានបន្តថា ៖ «មិនសូវមានអ្នកស្ម័គ្រចិត្ត ឬចង់ជួយប៉ុន្មានទេ»។  «ប្រសិនបើពួកយើងមិនជួយ តើកុមារទាំងនោះអាចជួយខ្លួនឯងបានដោយរបៀបណា?  តើពួកគេអាចចិញ្ចឹមជីវិតខ្លួនឯងបានយ៉ាងដូចម្តេច?  នៅពេលដែលខ្ញុំបានរៀនវគ្គវិញ្ញាបនបត្រសម្រាប់ការអប់រំពិសេសនេះ ខ្ញុំមានអារម្មណ៍ថា នេះជាអ្វីដែលត្រឹមត្រូវបំផុតសម្រាប់រូបខ្ញុំ»។

នៅក្នុងប្រទេសកម្ពុជា កុមារមានពិការភាពប្រឈមនឹងឧបសគ្គយ៉ាងធំធេងក្នុងការទទួលបានការអប់រំ និងការចូលរួមយ៉ាងពេញលេញនៅក្នុងសង្គម។  កុមារមានពិការភាពមានឱកាសតិចជាងមិត្តភក្តិរបស់ពួកគេរហូតដល់ទៅ ៣ដង ក្នុងការចូល​រៀន ហើយបើប្រៀបធៀបក្នុងកម្រិតសកល ប្រទេសកម្ពុជាមានគម្លាតធំបំផុតមួយក្នុងការចូលរៀន និងការរៀនសូត្រចប់ចុងចប់ដើម រវាងកុមារមានពិការភាព និងកុមារមិនមានពិការភាព។ កុមារជាច្រើននៅតែបន្តត្រូវបានរារាំងដោយសារតែការមាក់ងាយ ការរើសអើង និងផ្នត់គំនិតដែលមិនល្អ។ អ្នកថែទាំមួយចំនួនប្រហែលជាមិនបានឃើញពីតម្លៃនៃការបញ្ជូនកូនៗរបស់ពួកគេទៅសាលារៀន ឬអាចនឹងមិនដឹងថានៅមានការអប់រំសម្រាប់ពួកគេឡើយ ខណៈដែលសាលារៀនទូទៅមិនទាន់ត្រូវបានបំពាក់ដោយបរិក្ខារដែលមាន​បរិយាប័ន្នគ្រប់គ្រាន់ ​សិស្សមិនទាន់ទទួលបានសម្ភារសិក្សាសម្របសម្រួលដែលសមស្រប ហើយគ្រូបង្រៀនក៏មិនទាន់ទទួលបានការបណ្តុះបណ្តាលដើម្បីគាំទ្រកុមារដែលមានការលំបាកផ្នែកមុខងារផ្សេងៗគ្នានៅឡើយ។

ការគាំទ្ររបស់យូនីសេហ្វដល់វិទ្យាស្ថានជាតិអប់រំពិសេស គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ​ក្នុងការជំរុញការអប់រំបរិយាបន្នឱ្យកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា រួមទាំងការលើកកម្ពស់គុណភាពនៃការបង្រៀន និងការបង្កើនឱកាសទទួលបានការរៀនសូត្រសម្រាប់កុមារមានពិការភាព។

តាមរយៈការគាំទ្រពីមូលនិធិ CDPF គ្រូបង្រៀនចំនួន ១៤៦នាក់ បានបញ្ចប់ការសិក្សាវគ្គវិញ្ញាបនបត្រផ្នែកអប់រំពិសេស លើជំនាញឯកទេសទាំងបី ដែលមានន័យថាពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានដាក់ពង្រាយទៅកាន់សាលារៀនទាំងប្រាំមួយ ដែលផ្តល់កម្មវិធីសិក្សាសម្រាប់កុមារមានពិការភាព។ ចាប់តាំងពីឆ្នាំ២០១៨ មក គ្រូបង្រៀនចំនួន ៥.០០០នាក់ផ្សេងទៀត បានទទួលការបណ្តុះបណ្តាលស្តីពីការអប់រំបរិយាបន្ន ដែលជួយបំពាក់បំប៉នជំនាញដល់ពួកគេក្នុងការបង្រៀននៅតាមសាលារៀនទូទៅ ដែលមានកុមារមានពិការភាពសិក្សារួមគ្នាជាមួយមិត្តភក្តិរបស់ពួកគេ។ យូនីសេហ្វកំពុងបង្កើនការគាំទ្ររបស់ខ្លួនលើការអប់រំបរិយាបន្ន ដោយក្នុងនោះមានគ្រូបង្រៀនចំនួនមួយពាន់នាក់ត្រូវបានបណ្តុះបណ្តាលចាប់តាំងពីឆ្នាំ២០២៤ មក។

អ្នកគ្រូ ស្រីម៉ៅ បាននិយាយថា ភាសាសញ្ញាគឺជាចំណេះដឹងជាក់ស្តែង និងមានប្រយោជន៍បំផុតដែលអ្នកគ្រូទទួលបានក្នុងអំឡុងពេលសិក្សា ប៉ុន្តែសូម្បីតែចំណេះដឹងនេះតែមួយមុខក៏មិនទាន់គ្រប់គ្រាន់ដែរ។  អ្នកគ្រូក៏បានរៀនយល់ដឹងផងដែរថា សិស្សមួយចំនួនអាចមានពិការភាពសតិបញ្ញា ព្រមទាំងកម្សោយការស្ដាប់ក្នុងពេលតែមួយ ដូច្នេះអ្នកគ្រូត្រូវកែសម្រួលមេរៀនរបស់ខ្លួនទៅតាមសមត្ថភាពខុសៗគ្នា និងផ្តល់ការគាំទ្រស្របតាមតម្រូវការជាក់ស្តែង ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។  

20260623 Meeting with GGAS Student -20.webp
UNICEF Cambodia/2026/Cristyn Lloyd (រូបភាព ៖ នៀត ដែលជាសិស្សថ្នាក់ទី១១ កំពុងប្រើប្រាស់ភាសាសញ្ញាក្នុងអំឡុងពេលម៉ោងសិក្សាភាសាអង់គ្លេសជាមួយអ្នកគ្រូ ស្រីម៉ៅ)

អ្នកគ្រូបានមានប្រសាសន៍ថា៖ «យើងត្រូវតែមានភាពបត់បែន។  ប្រសិនបើខ្ញុំចេះតែភាសាសញ្ញា ខ្ញុំក៏បង្រៀនតែភាសាសញ្ញាប៉ុណ្ណោះ។  ប៉ុន្តែខ្ញុំច្បាស់ជាមិនដឹងទេថាសិស្សផ្សេងទៀតមានការលំបាកក្នុងការសរសេរ ឬការធ្វើចលនា។  ឬក៏ពួកគាត់មិនអាចចងចាំអ្វីដែលខ្ញុំបានបង្រៀនបាន ដោយចាំបានតែមួយម៉ាត់ពីរម៉ាត់ ចាំតែសញ្ញា ឬរូបភាព រួចហើយក៏ភ្លេចទៅវិញ។  ខ្ញុំច្បាស់ជាមានអារម្មណ៍ក្រៀមក្រំចិត្តខ្លាំងណាស់។  ប៉ុន្តែខ្ញុំបានរៀនសូត្រអ្វីៗគ្រប់យ៉ាងទុកជាមុន ដើម្បីឱ្យខ្ញុំអាច [គាំទ្រ] ពួកគាត់បានកាន់តែច្រើន»។  

វិទ្យាល័យអប់រំពិសេសបាត់ដំបង ផ្តល់នូវកម្មវិធីសិក្សាចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ដោយមានផ្តល់ជូននូវ អាហារ និងកន្លែងស្នាក់នៅសម្រាប់សិស្សានុសិស្សដែលមកពីបណ្តាខេត្តជិតខាង។ 

លោកស្រី ថ្លាង រ៉ាគី នាយិការងវិទ្យាល័យអប់រំពិសេសបាត់ដំបង បានមានប្រសាសន៍ថា ៖ «ដើម្បីមកទីនេះ និងបង្រៀនកុមារមានពិការភាព គ្រូបង្រៀនម្នាក់ៗត្រូវតែមានការខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ក្នុងការរៀបចំសម្ភារសិក្សា និងមេរៀននានា។  ពួកគាត់ត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់»។

លោកស្រីបានបន្តថា ការប្តេជ្ញាចិត្តមានន័យថាការរៀនសូត្រជាបន្តបន្ទាប់មិនចេះចប់។

លោកស្រី រ៉ាគី បាននិយាយថា ៖ «ចំណេះដឹងគឺមិនមានដែនកំណត់ឡើយ»។  

20260623 Meeting with GGAS Student -36.webp
UNICEF Cambodia/2026/Cristyn Lloyd (រូបភាព ៖ នៅវិទ្យាល័យអប់រំពិសេសបាត់ដំបង ប្អូនប្រុស សារ៉ាយ ដែលជាសិស្សថ្នាក់ទី១២ កំពុងអានសៀវភៅសិក្សាដែលសរសេរជាអក្សរស្ទាប)

អ្នកគ្រូ ស្រីម៉ៅ បានរៀបរាប់ថា ការងាររបស់អ្នកគ្រូមិនមែនបញ្ចប់ត្រឹមពេលចេញពីថ្នាក់រៀននោះទេ។  អវត្តមានរបស់សិស្សនៅតែជាបញ្ហាប្រឈមមួយ ហើយអ្នកគ្រូជារឿយៗត្រូវទូរសព្ទទៅកាន់ឪពុកម្ដាយ​សិស្ស ដើម្បីរំឭកពួកគាត់ឱ្យបញ្ជូនកូនៗមកសាលារៀន។  ទោះជាយ៉ាងណាក៏ដោយ លោកស្រី រ៉ាគី បានលើកឡើងថា ផ្នត់គំនិតកំពុងតែផ្លាស់ប្តូរបន្តិចម្តងៗ ហើយឪពុកម្ដាយ​កាន់តែច្រើនឡើងកំពុងយល់ដឹងថា ពិការភាពមិនមែនជាឧបសគ្គរារាំងកុមារមិនឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេនោះឡើយ។  

លោកស្រី រ៉ាគី បានមានប្រសាសន៍ថា ៖ «ពួកគាត់ភាគច្រើនមានការពេញចិត្តយ៉ាងខ្លាំង។  នៅពេលកុមារត្រឡប់ទៅផ្ទះវិញ ឪពុកម្តាយរបស់ពួកគេបានកោតសរសើរសាលារៀន ដោយនិយាយថាពួកគេបានឃើញពីការផ្លាស់ប្តូរពិតប្រាកដ ហើយកូនៗរបស់ពួកគេចេះដឹងច្រើនជាងមុន»។ 

ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ នេះគឺជាអ្វីដែលជំរុញទឹកចិត្តគ្រូបង្រៀនដូចជាអ្នកគ្រូ ស្រីម៉ៅ។

អ្នកគ្រូបាននិយាយថា ៖ «នេះជាមូលហេតុដែលខ្ញុំអាចធ្វើការងារនេះបានរហូតមកដល់បច្ចុប្បន្ន។  ជួនកាលវាមានសម្ពាធខ្លះមែន ប៉ុន្តែវាជាអ្វីដែលរក្សាខ្ញុំឱ្យបន្តធ្វើការនៅទីនេះ»។

ត្រឡប់ទៅក្នុងថ្នាក់រៀនវិញ នៀត នៅតែបន្តអនុវត្តពាក្យថ្មីៗ ម្តងមួយសញ្ញាៗ។

អ្នកគ្រូបាននិយាយថា ៖ «គាត់និយាយថាគាត់ចូលចិត្តម៉ោងសិក្សារបស់ខ្ញុំ ពីព្រោះខ្ញុំធ្វើឱ្យវាខ្លី និងងាយយល់។  វាផ្តល់ភាពងាយស្រួលសម្រាប់គាត់ក្នុងការរៀនសូត្រ»។

នៀត បានធ្វើភាសាសញ្ញាតបវិញទាំងស្នាមញញឹមដ៏ក្រមិចក្រមើមថា ៖ «ខ្ញុំខ្ជិលណាស់។  ខ្ញុំដឹងថាខ្លួនឯងត្រូវតែខំប្រឹងប្រែងរៀនសូត្រ»។

មូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ គឺជាភាពជាដៃគូរយៈពេលវែង​រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រ​កម្ពុជា និងដៃគូនានា រួមមានសហភាពអឺរ៉ុប (EU) ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) និង​យូនីសេហ្វ។