សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

កម្ពុជាចាប់ផ្ដើមអនុវត្តផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ន រយៈពេល៥ឆ្នាំ ដើម្បីធានាឱ្យមានការអប់រំប្រកបដោយគុណភាពសម្រាប់កុមារគ្រប់រូប រួមទាំងកុមារមានពិការភាព

02 កក្កដា 2024
The Ministry of Education, Youth and Sport, with support from UNICEF, officially launched the Inclusive Education Action Plan 2024-2028
UNICEF Cambodia/2024/Seavhong Liv

រាជធានីភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤៖ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រសួងអប់រំ យុវជន និងកីឡា ជាមួយការគាំទ្រពីយូនីសេហ្វ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការសកម្មភាពស្ដីពីការអប់រំបរិយាបន្ន (២០២៤-២០២៨) ដែលជាសមិទ្ធផលដ៏សំខាន់នៅក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជា។ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះមានគោលបំណងធានាថាកុមារគ្រប់រូប រួមទាំងកុមារមានពិការភាព ទទួលបានការអប់រំប្រកបដោយគុណភាព ដើម្បីលើកកម្ពស់សង្គមឱ្យកាន់តែមានបរិយាបន្ន និងសមធម៌។

នៅទូទាំងសកលលោក ក្នុងចំណោមកុមារ ១០ នាក់មានកុមារម្នាក់ មានពិការភាព ដែលសរុបមានចំនួន ២៤០លាននាក់ ក្នុងនោះជិតពាក់កណ្តាលរស់នៅតំបន់អាស៊ីអាគ្នេយ៍។ នៅកម្ពុជា កុមារមានពិការភាពមាន លទ្ធភាពបានចូលរៀន តិចជាងកុមារគ្មានពិការភាពដល់ទៅ ៣ដង ហើយកម្ពុជាគឺជាប្រទេសមួយក្នុងចំណោម ប្រទេសដែលមានគម្លាតខុសគ្នាឆ្ងាយនៃការចូលរៀន និងការបញ្ចប់ការសិក្សា រវាងកុមារមានពិការភាព និងកុមារគ្មានពិការភាព។

ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅក្នុងពិធីនេះនៅរាជធានីភ្នំពេញថា៖ “ការដាក់ឱ្យអនុវត្តផែនការសកម្មភាពស្ដីពីការអប់រំបរិយាបន្ន (២០២៤-២០២៨) បង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ការអប់រំប្រកបដោយគុណភាពដល់កុមារគ្រប់រូប។ តាមរយៈការឆ្លើយតបចំពោះឧបសគ្គនានាដែលកុមារមានពិការភាពកំពុងជួបប្រទះ យើងមានគោលបំណងកសាងប្រព័ន្ធអប់រំមួយប្រកប ដោយបរិយាបន្ន និងសមធម៌ពិតប្រាកដ។ ដោយធ្វើការរួមគ្នាជាមួយនឹងដៃគូរបស់យើង យើងនឹងធានាថាកុមារគ្រប់រូបនៅកម្ពុជាមានឱកាសរៀនសូត្រ និងអភិវឌ្ឍ។”

ផែនការសកម្មភាពស្ដីពីការអប់រំបរិយាបន្ន (២០២៤-២០២៨) មានគោលបំណងសម្រេចគោលដៅធំៗចំនួន៣។ ទី១ ផែនការសកម្មភាពនេះផ្ដោតលើការផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីលើកកម្ពស់បរិយាបន្ន និងបង្ការការមាក់ងាយ និងការរើសអើង។ ទី២ ផែនការសកម្មភាពនេះមានគោលបំណងផ្ដល់នូវឧបករណ៍ និងការគាំទ្រដែលចាំបាច់ តាមរយៈការធានាលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា និងសេវាផ្តល់ជំនួយ។ ជាចុងក្រោយ ផែនការនេះគូសបញ្ជាក់ពីកិច្ចសហការរវាងវិស័យនានារបស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីកសាងបរិយាកាសប្រកបដោយបរិយាបន្ន និងមានការគាំទ្រគ្រប់ជ្រុងជ្រោយដល់កុមារមានពិការភាព។

លោក Koen Everaert     អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “សហភាពអឺរ៉ុប ជឿជាក់ថាការអប់រំសម្រាប់ទាំងអស់គ្នា គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាអាចឈានទៅសម្រេចបានសក្តានុពលរបស់ខ្លួន និងមានសារៈសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងបង្កើតនូវការងារធ្វើនៅក្នុងប្រទេសផងដែរ។ ការអប់រំប្រកបដោយបរិយាបន្ន សម្រាប់មនុស្សមានពិការភាព ផ្តល់នូវឱកាសស្មើភាពគ្នា និងទទួលស្គាល់នូវសារៈសំខាន់នៃការចូលរួមចំណែករបស់ពួកគេ ទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។”

លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា៖ “ការអប់រំបរិយាបន្ន គឺជាផ្នែកមួយដ៏សំខាន់នៃការវិនិយោគរបស់ USAID ជាពិសេសតាមរយៈការប្រើប្រាស់ភស្តុតាង និងទិន្នន័យ ដើម្បីជំរុញឱ្យមានការសម្រេចចិត្ត និងធានាថាគ្មានកុមារណាម្នាក់ត្រូវបានគេទុកចោល។ USAID មានមោទនភាពចំពោះភាពជាដៃគូរបស់យើងជាមួយក្រសួងអប់រំ សហភាពអ៊ឺរ៉ុប យូនីសេហ្វ និងដៃគូពាក់ព័ន្ធដទៃ ទៀត ដើម្បីធានាថាកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព ទោះមាន ឬគ្មានពិការភាព ជាពិសេស ផ្តោតលើការលើកកម្ពស់ជំនាញអក្ខរកម្មនៅតាមសាលាទូទៅ និងសាលាអប់រំពិសេស។”

កម្មវិធីប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពនេះ រំលេចឱ្យឃើញពីភាពចាំបាច់បន្ទាន់ ក្នុងការផ្តល់ការអប់រំបរិយាបន្ន។ យោងតាមជំរឿនទូទៅប្រជាជននៅប្រទេសកម្ពុជាឆ្នាំ២០១៩ មានពលរដ្ឋអាយុចាប់ពី៥ឆ្នាំឡើងចំនួន ៦៨៩.៥៣២ នាក់មានពិការភាព ដែលនៅក្នុងនោះប្រហែល ៣៧.៥០០ នាក់ជាកុមារអាយុចាប់ពី៥ ដល់ ១៤ឆ្នាំ។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “កុមារមានពិការភាពជួបប្រទះបញ្ហាប្រឈមជាច្រើន ក្នុងការទទួលបានការអប់រំ សេវាថែទាំសុខភាព និងការចូលរួមពេញលេញក្នុងសង្គម។ ជារឿយៗ ពួកគេត្រូវគេមាក់ងាយ និងរើសអើង និងគ្មានលទ្ធភាពចូលរួមក្នុងកម្មវិធីអប់រំបរិយាបន្នឡើយ។ ខណៈដែលប្រព័ន្ធអប់រំជាតិសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ យើងចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលុបបំបាត់ឧបសគ្គនានា បណ្ដុះបណ្ដាលគ្រូ និងផ្ដល់ធនធានជាសារវន្ត សំដៅធានាឱ្យកុមារគ្រប់រូបអាចអភិវឌ្ឍបាន។ ប្រសិនបើអនុវត្តបានភ្លាមៗ ផែនការថ្មីនេះនឹងបង្កើនលទ្ធភាពរបស់កុមារមានពិការភាពក្នុងការទទួលបានការអប់រំដែលមានគុណភាពខ្ពស់គួរឱ្យកត់សម្គាល់ជាមិនខាន។”

យូនីសេហ្វកម្ពុជា រួមនឹងដៃគូអភិវឌ្ឍន៍ បាននឹងកំពុងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមនេះ ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី៤ ដែលមានគោលបំណងធានាឱ្យមានការផ្តល់ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌សម្រាប់ទាំងអស់គ្នា។

នៅក្នុងពិធីនោះ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការសកម្មភាពនេះ រួមជាមួយនឹងលោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វ លោក Koen Everaert     អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប លោកស្រី Alyssa Moy នាយកស្ដីទីនៃការិយាល័យអប់រំនៃទីភ្នាក់ងារជំនួយអាមេរិក USAID ឯកឧត្តម លោកជំទាវ មន្រ្តីមកពីក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារសហប្រជាជាតិ ព្រមទាំងក្មួយៗដែលជាសិស្សមានពិការភាព និងមាតាបិតា ក៏ដូចជាគ្រូបង្រៀនរបស់ពួកគេផងដែរ។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: [email protected]
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: [email protected]

អំពីយូនីសេហ្វ

យូនីសេហ្វ​ធ្វើការងារ​នៅតាមទីកន្លែងលំបាកបំផុត​មួយចំនួន​នៅក្នុងពិភពលោក ដើម្បីគាំទ្រដល់ ​កុមារដែលស្ថិតក្នុងស្ថានភាពលំបាកបំផុត។ នៅក្នុងប្រទេស និងដែនដីចំនួនជាង ១៩០ យើងធ្វើការងារ​ដើម្បីកុមារគ្រប់រូបនៅគ្រប់ទីកន្លែង ដើម្បី​កសាងពិភពលោក​មួយ​កាន់តែល្អ​សម្រាប់មនុស្ស​គ្រប់រូប។

សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសហ្វ សូមចូលទៅកាន់៖ https://www.unicef.org/cambodia 

សូមតាមដានការងារយូនីសេហ្វ​នៅលើ Facebook | Twitter | YouTube | Instagram | Linkedin | Threads | TikTok