អង្គការសហប្រជាជាតិជំរុញឱ្យលុបបំបាត់ឧបសគ្គ និងកសាងសហគមន៍បរិយាបន្នសម្រាប់ ជាមួយ និងដោយជនមានពិការភាពនៅកម្ពុជា
បទវិចារណាកថាដោយស្ថាប័នអង្គការសហប្រជាជាតិ OHCHR, UNDP, UNESCO, UNICEF នៅកម្ពុជា
- English
- Khmer
វាជាការពិតដ៏ក្រៀមក្រំ ដែលជនក្រីក្រ និងងាយរងគ្រោះបំផុតនៅក្នុងសង្គម ទទួលរងឥទ្ធិពលអាក្រក់ពីវិបត្តិសកលនានា។ ជាប្រវត្តិសាស្រ្ត ជនមានពិការភាពតែងស្ថិតនៅក្នុងចំណោមប្រជាជន ដែលមិនសូវទទួលបានការយកចិត្តទុកដាក់ មិនទទួលបានការគាំទ្រ និងងាយរងគ្រោះបំផុត ហើយពួកគេរមែងតែងត្រូវបានគេទុកចោលក្រោយគេបំផុត។ ជាពិសេស កុមារ និងស្រ្តីមានពិការភាពស្ថិតនៅក្នុងចំណោមប្រជាជនដែលរងឥទ្ធិពលជ្រាលជ្រៅបំផុតពីវិបត្តិមនុស្សធម៌បង្កដោយជម្លោះ និងគ្រោះមហន្តរាយអាកាសធាតុ ដែលកំពុងកើនឡើងនៅទូទាំងពិភពលោក។
ដោយសារយើងកំពុងឈានទៅរកចំណុចកណ្ដាលនៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និន្នាការដ៏គួរឱ្យព្រួយបារម្ភបានបង្ហាញថា ពិភពលោកកំពុងឈានទៅរកការមិនសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) មួយចំនួន។ គោលដៅ SDGsដែលជាគោលដៅសកលត្រូវអនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៥ ដាក់ចេញនូវសកម្មភាពសកលដើម្បីបញ្ចប់ភាពក្រីក្រ ការពារភពផែនដី និងធានាថានៅត្រឹមឆ្នាំ២០៣០ ប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវ សន្តិភាព និងវិបុលភាព មិនថាពួកគេជានរណា និងនៅកន្លែងណាទ្បើយ។
ប្រទេសជាច្រើនបាននឹងកំពុងប្តេជ្ញាចិត្ត ផ្តល់អាទិភាពគាំទ្រដល់ប្រជាជនដែលកំពុងមិនសូវទទួលបានការគាំទ្រ ជាពិសេសគឺជនមានពិការភាព។ វឌ្ឍនភាពត្រូវបានសម្រេចនូវលទ្ធផលល្អ ប៉ុន្តែក្នុងករណីខ្លះ បានធ្លាក់ចុះនៅក្រោយចំណុចចាប់ផ្តើមក្នុងឆ្នាំ២០១៥ទៅវិញ។ បញ្ហានេះបង្កឱ្យមានការគំរាមកំហែងធ្ងន់ធ្ងរដល់ភពផែនដី និងប្រជាជន។ ស្ថានភាពនេះកាន់តែអាក្រក់ជាងមុន ដោយសារឥទ្ធិពលពីជំងឺរាតត្បាតកូវីដ-១៩។
ដើម្បីអបអរសាទរទិវាជនមានពិការភាពអន្តរជាតិនៅឆ្នាំ២០២៣នេះ យើងត្រូវរួមគ្នាធ្វើសកម្មភាពដើម្បីសម្រេចឱ្យបាននូវគោលដៅ SDGs សម្រាប់ ជាមួយ និងដោយជនមានពិការភាព។ ដូចការបង្ហាញនៅក្នុងរបាយការណ៍ស្ដីពីពិការភាព និងអភិវឌ្ឍន៍ឆ្នាំ២០២៣របស់អង្គការសហប្រជាជាតិ យើងដឹងថា ពិភពលោកកំពុងងាកកាន់តែឆ្ងាយពីការសម្រេចបាន SDGs មួយចំនួនសម្រាប់ជនមានពិភារភាព។
ជនមានពិការភាពជួបប្រទះនឹងឧបសគ្គដោយឡែក ជាពិសេសនៅក្នុងការទទួលបានសេវាសុខភាព អប់រំ ព័ត៌មាន និងសេវាសង្គម ហើយការរើសអើងបង្កភាពរាំងស្ទះដល់លទ្ធភាពរបស់ពួកគេក្នុងការចូលរួមពេញលេញនៅក្នុងសង្គម។ ឧបសគ្គទាំងនេះរួមមានឧបសគ្គផ្នែកហិរញ្ញវត្ថុ ទីតាំងភូមិសាស្រ្ត គុណភាពនៃការថែទាំ បញ្ហាខ្វះចំណេះដឹងអំពីសេវាសង្គមកិច្ច និងសិទ្ធិ។
ភាពក្រីក្រធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ។ អត្រាភាពក្រីក្រចំពោះគ្រួសារ ដែលមានសមាជិកមានពិការភាព គឺ ១៨% ធៀបនឹង ១៣,៦% នៃគ្រួសារដែលគ្មានសមាជិកមានពិការភាព (ការអង្កេតសង្គមសេដ្ឋកិច្ចកម្ពុជា (២០០៩-២០១៤))។ ចំនួននេះកើនឡើងកាន់តែខ្ពស់រហូតដល់ ៣៤% នៅពេលពិចារណាទៅលើបន្ទុកចំណាយលើពិការភាព ដែលធ្លាក់ទៅលើគ្រួសារ។ គ្រួសារមានចំណូលទាបជាច្រើនអាចពិបាកក្នុងការចំណាយលើកិច្ចគាំទ្រ ឬសេវាពាក់ព័ន្ធនឹងពិការភាពសម្រាប់កុមារ ដែលធ្វើឱ្យពួកគេជ្រើសរើសយកជម្រើសដែលមិនស្មានដល់ ដោយបោះបង់កុមារចោល ឬដាក់ពួកគេនៅក្នុងមណ្ឌលថែទាំកុមារ។
វឌ្ឍនភាពត្រូវបានសម្រេចបានកន្លងមក
រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញសេចក្ដីប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិរបស់ជនមានពិការភាព រួមមាន ការផ្ដល់សច្ចាប័នអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព នៅឆ្នាំ២០១២ ព្រមទាំងតាមរយៈច្បាប់ជាតិពាក់ព័ន្ធនឹងពិការភាព និងផែនការយុទ្ធសាស្រ្តជាតិស្ដីពីពិការភាព ២០១៩-២០២៣ (NDSP II) ដែលផ្ដល់មូលដ្ឋានមួយ សម្រាប់ការមានចំណាត់ការ។ ថ្វីបើមានសេចក្ដីប្ដេជ្ញាចិត្តនេះក្ដី បញ្ហាប្រឈមនៅតែមានក្នុងការអនុវត្តពេញលេញនូវគោលនយោបាយ និងផែនការ រួមមាន ធនធានហិរញ្ញវត្ថុនៅមានកម្រិត សម្រាប់អនុវត្តក្របខណ្ឌច្បាប់ និងគោលនយោបាយ ដែលតម្រូវសម្រាប់សង្គមប្រកបដោយបរិយាបន្ន។
អង្គការសហប្រជាជាតិកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីរៀបចំពង្រាងច្បាប់ថ្មីមួយស្តីពីកិច្ចការពារសិទ្ធិជនមានពិការភាព ដោយផ្ដល់យោបល់ស្ដីពីការសម្របច្បាប់នេះទៅតាមអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព (CRPD)។ ជាមួយការគាំទ្រពី UNDP រាជរដ្ឋាភិបាលបានអនុវត្តផែនការ NDSP II និងបានបង្កើតនូវផែនការ NDSP ថ្មីសម្រាប់ឆ្នាំ ២០២៤-២០២៨ ដើម្បីលើកកម្ពស់សិទ្ធិ និងសុខមាលភាពរបស់ជនមានពិការភាពនៅកម្ពុជា។ ការគាំទ្រនេះបានចូលរួមចំណែកពង្រឹងនូវក្របខណ្ឌច្បាប់ លើកកម្ពស់ចំណេះដឹងនៃ CRPD និងកសាងសមត្ថភាពស្ថាប័នទាក់ទងនឹងជនមានពិការភាព។
UNICEF និង UNDP បានគាំទ្រក្នុងបង្កើតនូវយន្តការកំណត់ពិការភាព និងប្រព័ន្ធព័ត៌មានគ្រប់គ្រងពិការភាព ដែលត្រូវបានដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៣។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ការបង្កើតមូលដ្ឋានទិន្នន័យជាតិសម្រាប់ជនមានពិការភាព។ មានប្រជាជនចំនួន ២៥០.០០០នាក់ដែលបានចុះបញ្ជី រួមទាំងកុមារផងដែរ នៅពេលនេះ ប្រជាជនងាយរងគ្រោះបំផុតកាន់តែច្រើននៅក្នុងប្រទេសនេះនឹងអាចទទួលបានកម្មវិធីកិច្ចគាំពារសង្គមដ៏ចាំបាច់ ដើម្បីគាំទ្រដល់សុខភាព និងជីវភាពរបស់ពួកគេ ដោយផ្ដល់ដល់ពួកគេនូវឱកាសក្នុងការដឹកនាំជីវិតដ៏ពេញលេញ។ ក្នុងឆ្នាំ២០២២ មានជនមានពិការភាពចំនួន ៥ម៉ឺននាក់ (៥១% ជាស្រ្តី) បានទទួលសេវាគាំទ្រសាធារណៈ និងកិច្ចគាំពារសង្គម។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅកម្ពុជាកំពុងគាំទ្ររាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តប្រកបដោយបរិយាបន្នដែលស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ វាជាការគាំទ្រដល់ស្ថាប័នរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីបង្កើនចំណេះដឹង និងជំនាញបច្ចេកទេសនៅក្នុងវិស័យ “សិទ្ធិទទួលបានយុត្តិធម៌”។ លើសពីនេះ OHCHR កំពុងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើនចំណេះដឹងសាធារណៈអំពីភាពថ្លៃថ្នូរ និងសិទ្ធិនៃជនមានពិការភាព ដោយផ្សព្វផ្សាយអំពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ និងមានការបំផុសទឹកចិត្ត អំពីជនមានពិការភាពមកពីគ្រប់មជ្ឈដ្ឋានផងដែរ។
ជាមួយការគាំទ្ររបស់ UNESCO ស្ថាប័នពាក់ព័ន្ធនឹងជនមានពិការភាព ត្រូវបានផ្តល់នូវចំណេះដឹងអំពី បច្ចេកវិទ្យាជីឌីថល ដើម្បីបង្កើនសមត្ថភាពទទួលព័ត៌មានតាមរយៈបច្ចេកវិទ្យា និងជំនួយបច្ចេកទេស ដែលផ្តល់ជូនសម្រាប់ពង្រឹងច្បាប់ ដើម្បីជនមានពិការភាពទទួលបានព័ត៌មានគ្រប់គ្រាន់។ នេះជាកត្តាសំខាន់សម្រាប់ការចូលរួមសកម្មរបស់ជនមានពិការភាពក្នុងកិច្ចពិភាក្សាសាធារណៈ និងក្នុងដំណើរការបង្កើតគោលនយោបាយនានា។
អង្គការសហប្រជាជាតិនៅតែរក្សាការពារសិទ្ធិរបស់ជនមានពិការភាពគ្រប់រូប រួមទាំងស្រ្តី និងកុមារ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ រួមមានរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក៏ដូចជាស្ថាប័ននៃជនមានពិការភាព និងសហគមន៍ផងដែរ។
ការងារយើងត្រូវធ្វើបន្ថែមទៀត
ជនមានពិការភាពត្រូវមានឱកាសស្មើគ្នា និងទទួលបានគ្រប់សេវាទាំងអស់ ទោះជាពួកគេរស់នៅទីកន្លែងណាក៏ដោយ។
គ្រួសារត្រូវទទួលបានការគាំទ្រក្នុងការថែទាំកុមារមានពិការភាព។
ជនមានពិការភាពគ្រប់រូបត្រូវទទួលបានឱកាសរៀនសូត្រពេញមួយជីវិត។
កុមារមានពិការភាពគ្រប់រូបត្រូវទទួលបានឱកាស ដើម្បីទទួលបានការអប់រំបែបបរិយាបន្នប្រកបដោយគុណភាព។
សំឡេងរបស់ជនមានពិការភាពទាំងអស់ត្រូវតែទទួលបានការស្ដាប់ឮ និងការគោរព។
តម្រូវការរបស់ពួកគេត្រូវតែទទួលបានកិច្ចគាំទ្រនៅចំពោះមុខកំណើនជម្លោះ និងវិបត្តិអាកាសធាតុ
យើងអំពាវនាវឱ្យរាជរដ្ឋាភិបាល សង្គមស៊ីវិល សាធារណជន និងដៃគូវិស័យឯកជនបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការសង្គ្រោះ និងសម្រេចបាន SDGs នៅកម្ពុជា សម្រាប់ជនមានពិការភាព ជាមួយពួកគេ និងដោយពួកគេផ្ទាល់ ជាពិសេស កុមារ។ យើងត្រូវចាត់អាទិភាពលើវិធានការដូចតទៅ៖
- លុបបំបាត់ការមាក់ងាយ និងការរើសអើង ដែលរារាំងជនមានពិការភាពពីការចូលរួមពេញលេញនៅក្នុងសង្គម។ បង្កើន និងផ្ដល់ភាពអង់អាចចំពោះសំឡេងរបស់ពួកគេ និងរួមបញ្ចូលពួកគេនៅក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្ត។
- ធានានូវលទ្ធភាពស្មើគ្មានពេញមួយជីវិតក្នុងការទទួលបានការអប់រំគ្រប់កម្រិត និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការបញ្ចូលសម្ភាររៀនសូត្រ និងកម្មវិធីសិក្សាប្រកបដោយបរិយាបន្ន ដោយរក្សាបាននូវបច្ចេកវិទ្យាជំនួយ ការបណ្ដុះបណ្ដាលគ្រូបង្រៀន និងបុគ្គលិករដ្ឋបាល ព្រមទាំងការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធ លំហលេងកម្សាន្ត បរិក្ខារអនាម័យ និងការដឹកជញ្ជូន។
- ពង្រឹងលទ្ធភាពក្នុងការទទួលបានសេវាថែទាំ និងសេវាគាំទ្រគ្រប់ជ្រុងជ្រោយនៅតាមសហគមន៍ រួមទាំងតាមរយៈវិធានការកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នពិការភាព និងវិធានការប្រកដោយដោយបរិយាបន្នពិការភាពនៅក្នុងស្ថានភាពហានិភ័យផ្នែកអាកាសធាតុនៅទូទាំងវិស័យមនុស្សធម៌ និងអភិវឌ្ឍន៍។
- ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការមាន និងការប្រើប្រាស់ទិន្នន័យ សេវា កម្មវិធី និងវេទិកាសម្របសម្រួលប្រកបដោយបរិយាបន្នពិការភាព រួមទាំងសម្រាប់សុខភាពផ្លូវចិត្ត និងកិច្ចគាំទ្រចិត្តសង្គម។
- ធានាការចូលរួមពេញលេញ និងប្រកបដោយអត្ថន័យរបស់កុមារ និងយុវវ័យមានពិការភាព។ យុវជនមានពិការភាពត្រូវតែទទួលបានលំហរសុវត្ថិភាពមួយ ដើម្បីបង្ហាញគំនិត បញ្ហាប្រឈម និងដំណោះស្រាយរបស់ពួកគេ ស្របពេលដែលក៏ទទួលបានឧបករណ៍អប់រំ ដែលចាំបាច់ដើម្បីរួមចំណែកចំពោះកិច្ចពិភាក្សាបែបនេះ។
តាមរយៈការរួបរួមគ្នានៅក្នុងការចាត់វិធានការ ការធ្វើការងារដោយផ្ទាល់ជាមួយសហគមន៍ជនមានពិការភាព និងកុមារមានពិការភាព ព្រមទាំងតាមរយៈការស្ដាប់សំឡេងតម្រូវការ និងអាទិភាពរបស់ពួកគេនៅក្នុងគ្រប់ពិពិធភាពរបស់ពួកគេ យើងអាចតំណាងឱ្យស្មារតីនៃការមិនទុកនរណាម្នាក់ចោលយ៉ាងពិតប្រាកដ។ ហើយតាមរយៈកិច្ចគាំទ្រដល់តម្រូវការរបស់ជនងាយរងគ្រោះបំផុតនៅក្នុងសង្គម យើងធ្វើការងារឆ្ពោះទៅរកអនាគតកាន់តែស្រស់បំព្រងសម្រាប់មនុស្សគ្រប់រូប។
យើងមិនត្រូវទុកនរណាម្នាក់ចោលឡើយ។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អំពីយូនីសេហ្វ
យូនីសេហ្វបំពេញការងារនៅតាមតំបន់ ដែលជួបការលំបាកបំផុតមួយចំនួននៅក្នុងពិភពលោក ដើម្បីគាំទ្រដល់កុមារដែលជួបការលំបាកជាងគេនៅក្នុងពិភពលោក។ ជាមួយវត្តមាននៅក្នុងប្រទេស និងដែនដីជាង ១៩០ យើងធ្វើការដើម្បីកុមារគ្រប់រូបនៅគ្រប់ទិសទី ដើម្បីកសាងពិភពលោកកាន់តែប្រសើរសម្រាប់គ្រប់គ្នា។
សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងាររបស់យូនីសេហ្វក្នុងប្រទេសកម្ពុជា សូមចូលមើលវេបសាយ៖ https://www.unicef.org/cambodia សូមតាមដានព័ត៌មានអំពីយូនីសេហ្វកម្ពុជាតាមរយៈ Facebook | Twitter | YouTube | Instagram | Linkedin | Threads | TikTok