ការចាប់ផ្តើមថ្មីមួយសម្រាប់ប្អូនស្រី នួន យ៉ាត់ ក្នុងអំឡុងពេលជួបវិបត្តិ
ដោយមានការគាំទ្រពីយូនីសេហ្វ ការកំណត់អត្តសញ្ញាណជនមានពិការភាពធានាថា ជនភៀសសឹកដែលមានពិការភាពអាចទទួលបានការគាំពារសង្គមចាំបាច់ ។
- English
- Khmer
ខេត្តបន្ទាយមានជ័យ ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ – នៅជំរំជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងខេត្តបន្ទាយមានជ័យ ប្អូនស្រី នួន យ៉ាត់ អាយុ ២៤ ឆ្នាំ អង្គុយស្ងៀមក្បែរតង់ពណ៌ខៀវមួយ ដោយដាក់កាបូបសិក្សារបស់នាងយ៉ាងរៀបរយនៅពីក្រោយនាង។ ឥឡូវនេះ ប្អូនស្រីកំពុងសិក្សាថ្នាក់ទី ២។ នាងមានអារម្មណ៍រំភើបភ្លាមៗនៅពេលដែលនាងនិយាយអំពីសាលារៀន។
នាងនិយាយទាំងញញឹមបែបអៀនប្រៀន ប៉ុន្តែមានមោទកភាពថា «ខ្ញុំរៀនជាប់លេខមួយនៅក្នុងថ្នាក់»។ នាងបន្ថែមថា អ្វីដែលនាងចូលចិត្តបំផុតគឺ «រឿងនិទានជាច្រើនដែលលោកគ្រូ អ្នកគ្រូ អាននៅសាលា»។
ប្អូនស្រី យ៉ាត់ បានរស់នៅជាមួយពិការភាពផ្នែកបញ្ញា និងបញ្ហាប្រឈមផ្នែករាងកាយតាំងពីកំណើតមក។ ដោយកើតមកមានឆ្អឹងផុយស្រួយខ្លាំង និងមានទឹកដក់ក្នុងខួរក្បាល អស់រយៈពេលជាច្រើនឆ្នាំ នាងបានតស៊ូដើរ កាន់វត្ថុ ឬសូម្បីតែសិតសក់ដោយខ្លួនឯង។ លុះក្រោយពីនាងមានអាយុ ១១ ឆ្នាំប៉ុណ្ណោះ ទើបចលនា និងកម្លាំងរបស់នាងចាប់ផ្តើមប្រសើរឡើងបន្តិចម្តងៗ។
វ័យកុមារតូចរបស់នាងមានពោរពេញទៅដោយអស្ថិរភាព។ ឪពុកបង្កើតរបស់នាង ដែលជាមនុស្សប្រើអំពើហិង្សា សេពគ្រឿងស្រវឹង និងគ្រឿងញៀន បានចាកចេញតាំងពីនាងនៅក្មេង។ នាងបានជួបគាត់តែម្តងគត់នាពេលក្រោយ ក្នុងពិធីបុណ្យសពនៅក្នុងគ្រួសារ ដែលពេលនោះ គាត់បានឱ្យប្រាក់នាងចំនួន ៥.០០០ រៀល ហើយក៏ទៅបាត់ទៀត។ អស់រយៈពេលជាច្រើនឆ្នាំ ជីដូនជីតារបស់នាងនៅសៀមរាបជាអ្នកចិញ្ចឹមបីបាច់នាង។ នាងស្រឡាញ់ពួកគាត់យ៉ាងខ្លាំង។ នៅពេលដែលពួកលោកទាំងពីរបានចែកឋានទៅ ក្នុងចន្លោះត្រឹមតែពីរបីឆ្នាំ បានធ្វើឱ្យនាងមានអារម្មណ៍បាត់បង់យ៉ាងខ្លាំង។ នាងរំឭកឡើងវិញដោយសំឡេងស្រទន់ថា «កាលនោះ ខ្ញុំនៅជាមួយជីតារបស់ខ្ញុំនៅមន្ទីរពេទ្យ នៅពេលដែលគាត់ជិតផុតដង្ហើមទៅ ខ្ញុំចាំទាំងអស់»។
បន្ទាប់ពីជីដូនជីតារបស់នាងបានចែកឋានទៅ ម្តាយរបស់នាងបាននាំនាងត្រឡប់មកផ្ទះវិញ។ បន្តិចម្តងៗ នាងបានទទួលនូវអារម្មណ៍ ដែលមានជីវិតគ្រួសារពេញលេញឡើងវិញ។ ម្តាយរបស់នាងបានរៀបការស្វាមីមួយទៀត ហើយទោះបីជាឪពុកចុងរបស់នាងធ្វើការនៅប្រទេសថៃក៏ដោយ គាត់ស្រឡាញ់យ៉ាតដូចជាកូនរបស់គាត់។ នៅពេលដែលការងារមានស្ថិរភាព គាត់ផ្ញើប្រាក់ចំនួន ៣០០.០០០ រៀល (៧៥ ដុល្លារអាមេរិក) មកផ្ទះជារៀងរាល់ខែ។ នាង និយាយយ៉ាងកក់ក្តៅអំពីគាត់ថា «គាត់លេងភ្លេងប្រពៃណី ហើយចេះថតរូប។ គាត់ខំធ្វើការណាស់»។ នាងក៏បានបង្កើតទំនាក់ទំនងរឹងមាំជាមួយបងប្អូនចុងរបស់នាងផងដែរ។
ការប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃ បានបង្ខំឱ្យក្រុមគ្រួសារនេះរត់ភៀសសឹក។ ពួកគេបានចាកចេញពីផ្ទះ ហើយស្វែងរកទីសុវត្ថិភាពនៅទីតាំងវត្តចាន់ស៊ីសាមគ្គីវតនារាម។ នៅដើមដំបូងនៃការភៀសសឹក បរិយាកាសដែលយ៉ាតមិនធ្លាប់ស្គាល់ បានធ្វើឱ្យយ៉ាត់ពិបាកចិត្តយ៉ាងខ្លាំង។ នាងមានការពិបាកលើការរកផ្លូវ ហើយជារឿយៗ ម្តាយនាងសរសេរលេខទូរស័ព្ទរបស់គាត់នៅលើដៃរបស់នាង ដើម្បីកុំឱ្យវង្វេង។ ប៉ុន្តែមិនយូរប៉ុន្មាន នាងក៏សម្របខ្លួនបាន។ នាងបានរាប់អានមិត្តថ្មីៗយ៉ាងងាយស្រួល សម្របខ្លួននឹងជីវិតរស់នៅក្នុងជំរំ ហើយដូចយុវជនជាច្រើនដែរ។ នាងរីករាយនឹងរឿងគួរជាទីរីករាយតូចៗ ដែលកើតឡើងនៅពេលដែលនាងទទួលបានអំណោយពីសប្បុរសជនបរិច្ចាគមក។
នាងទទួលស្គាល់ថា «ខ្ញុំចូលចិត្តនៅទីនេះ។ មានគេឱ្យរបស់របរមកយើង»។
ទោះជាយ៉ាងណាក៏ដោយ ម្តាយរបស់នាងបានកត់សម្គាល់ឃើញថា អំណោយបរិច្ចាគបានចាប់ផ្តើមធ្លាក់ចុះ។ ដោយគ្មានប្រាក់ចំណូលនៅខែនេះ និងគ្មានប្រាក់ផ្ញើពីប្រទេសថៃ ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចថ្មីៗនេះ ស្ថានភាពគ្រួសារកាន់តែមិននឹងនរ។ តាមរយៈការទទួលបានកិច្ចគាំពារសង្គមប៉ុណ្ណោះ គ្រួសារនេះបានបន្តពន្លឺ និងក្តី សង្ឃឹម។ ក្នុងខែនេះ គ្រួសារទាំងមូលបានទទួលប្រាក់ចំនួន ២៤០.០០០ រៀល (៦០ ដុល្លារអាមេរិក) ពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធីគាំពារសង្គមថ្មីសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញ។
ក្រុមគ្រួសារនេះ បានបំពេញការចុះឈ្មោះប័ណ្ណសម្គាល់ជនមានពិការភាពរបស់ យ៉ាត់ ផងដែរ បន្ទាប់ពីមន្ត្រីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) បានចុះទៅទីតាំងនោះ។ ជាមួយគ្នានេះ គ្រួសារទាំងមូលក៏កំពុងបន្តប័ណ្ណសមធម៌ឡើងវិញដើម្បីបន្តអត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ ក្រោមការគាំទ្រពីយូនីសេហ្វ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារផ្តល់ជូននូវជំនួយជាសាច់ប្រាក់ទៅដល់គ្រួសារដែលមានជីវភាពលំបាក និងក្រុមគោលដៅមុខសញ្ញាដូចជាស្ត្រីមានផ្ទៃពោះ កុមារ មនុស្ស វ័យចាស់ អ្នកផ្ទុក ឬរស់នៅជាមួយនឹងមេរោគអេដស៍ និងជម្ងឺអេដស៍ និងជនមានពិការភាព។
នៅពេលដែលទទួលបានប័ណ្ណសមធម៌ និងបានចុះឈ្មោះចូលកម្មវិធីរួច គ្រួសារទាំងមូលអាចនឹងទទួលសាច់ប្រាក់ ចំនួន ១០២ ០០០ រៀល (២៥.៥០ ដុល្លាអាមេរិក) ជារៀងរាល់ខែ ក្នុងនោះ ២៨ ០០០ រៀល (៧ ដុល្លាអាមេរិក) គឺជាអត្ថប្រយោជន៍ដែលបានមកពីប័ណ្ណសម្គាល់ពិការភាពរបស់យ៉ាត់ និង ២០ ០០០ រៀល(៥ ដុល្លាអាមេរិក) គឺជាអត្ថប្រយោជន៍របស់នាងក្នុងនាមជាសិស្សដែលកំពុងសិក្សានៅកម្រិតបឋមភូមិ។
ដោយមានការគាំទ្រពីយូនីសេហ្វ និងមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈគម្រោង ACCESS 21 ដំណើរការកំណត់អត្តសញ្ញាណជនមានពិការភាពធានាថា ជនមានពិការភាព ដែលជារឿយៗប្រឈមមុខនឹងឧបសគ្គធំបំផុតក្នុងអំឡុងពេលមានវិបត្តិ អាចទទួលបានជំនួយពីប្រព័ន្ធគាំពារសង្គម កម្ពុជា រួមទាំងអត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ។ នៅទូទាំងប្រទេស ជនមានពិការភាពជាង ៣៦០.០០០ នាក់ត្រូវបានកំណត់អត្តសញ្ញាណតាមរយៈដំណើរការនេះ។
ក្នុងអំឡុងពេលវិបត្តិ កម្មវិធីគាំពារសង្គមរបស់ប្រទេសកម្ពុជា ក៏ដូចជាកម្មវីធជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាពជាតិ ត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ដើម្បីធានាថាគ្រួសារភៀសសឹកអាចបន្តទទួលបានការគាំទ្រជាចាំបាច់។
សម្រាប់ យ៉ាត់ និងម្តាយរបស់នាង នេះជាពេលដ៏សំខាន់ជាងពេលណាទាំងអស់ ក្នុងការទទួលការគាំទ្រនេះ។ ម្តាយរបស់នាងពន្យល់ថា «ពួកយើងនឹងប្រើប្រាស់ប្រាក់នេះភាគច្រើនដើម្បីទិញម្ហូបអាហារ ដូចជាបន្លែពងទា សាច់ជ្រូក ត្រី..... ហើយបើកប្រាក់បានខែនេះ ខ្ញុំនឹងយកទៅធ្វើម្ហូបដែលកូនចូលចិត្ត ខសាច់ជ្រូក អោយទាំងអស់គ្នាបានញាំឆ្ងាញ់ម្តង! »។ ដោយសារមិនមានប្រាក់ផ្ញើមកពីក្រៅនៅក្នុងខែនេះ ការផ្ទេរសាច់ប្រាក់ របស់រាជរដ្ឋាភិបាល នឹងជួយទ្រទ្រង់ពួកគេយ៉ាងហោចណាស់ដប់ថ្ងៃ ដោយជួយសម្រួលជីវភាពរបស់ពួកគេនៅក្នុងពេលដ៏លំបាកមួយដែលមិនមានភាពប្រាកដប្រជានេះ។
បើទោះបីជានាងបានជួបប្រទះនឹងរឿងរ៉ាវជាច្រើន ដូចជាការបោះបង់ចោល ការបាត់បង់ និងការផ្លាស់ទីលំនៅភៀសសឹក ប្អូនស្រី យ៉ាត់ នៅតែមានសង្ឃឹមយ៉ាងមុតមាំ។ នាង ទន្ទឹងរង់ចាំផ្ទះថ្មីបណ្តោះអាសន្នដែលរាជរដ្ឋាភិបាលផ្តល់ជូន ហើយក្រុមគ្រួសាររបស់នាងក៏រំពឹងថានឹងបាន ផ្លាស់ទៅរស់នៅឆាប់ៗ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នាងស្រមៃចង់ក្លាយជាគ្រូពេទ្យ។ នាងពន្យល់ថា នាងចង់ក្លាយជា «អ្នកដែលចេះចាក់ថ្នាំ» ដើម្បីឱ្យនាងអាចជួយមនុស្សជាច្រើន ដូចដែលបុគ្គលិកមន្ទីរពេទ្យធ្លាប់បានជួយជីតារបស់នាង។