សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ការកំណត់អត្តសញ្ញាណជនមានពិការភាពនាំមកនូវក្តីសង្ឃឹមដល់គ្រួសារភៀសសឹក

ការចុះឈ្មោះជនមានពិការភាពនៅតាមជំរំភៀសសឹក​ធានាថា សេវាជាតិ​គាំពារសង្គម អាច​ជួយ​ដល់អ្នកដែលងាយរងគ្រោះបំផុត ដែលពួកគេ​អាចទទួលបានសេវាកម្ម និងការគាំទ្រជាចាំបាច់​។

Tin Tun Lwin
IMG_20260226_105029_372.webp
UNICEF Cambodia/2026/Tin Tun Lwin
29 មេសា 2026
IMG_20260226_102459_980.webp
UNICEF Cambodia/2026/Tin Tun Lwin

ខេត្តសៀមរាប ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦​ – នៅពេលដែលការប្រយុទ្ធគ្នាឡើងវិញតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបង្ខំឱ្យមនុស្សជាង ៦៤០.០០០ នាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅចុងឆ្នាំ ២០២៥ គ្រួសាររាប់ពាន់គ្រួសារបានមកដល់ជំរំជនភៀសសឹក​ដោយមានតែរបស់របរ​ដែលពួកគេអាចយកតាមខ្លួនបានបន្តិចបន្តួចប៉ុណ្ណោះ។ សម្រាប់មនុស្សជាច្រើន រួមទាំងអ្នកដែល​មានពិការភាព​ដែរ ភាពចលាចលភ្លាមៗនេះមានន័យថា មិនត្រឹមតែបាត់បង់ផ្ទះសម្បែងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់លទ្ធភាព​ក្នុងការ​ទទួលបានសេវាកម្មដែលពួកគេពឹងផ្អែកផងដែរ។ 

នៅក្នុង​ស្ថានភាពអាសន្ននេះ​ កម្មវិធីគាំពារសង្គមរបស់ប្រទេសកម្ពុជា រួមទាំងកញ្ចប់គ្រួសារ និងកម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាពជាតិ ត្រូវបានអនុវត្ត​យ៉ាងឆាប់រហ័ស ដើម្បីធានាថាគ្រួសារភៀសសឹក​អាចបន្តទទួលបានការគាំទ្រជា​ចាំបាច់។

នៅឯជំរំភៀសសឹក​នៅស្រុក​ស្រីស្នំ ខេត្តសៀមរាប ក្រុមគ្រួសារជាច្រើន​បានប្រមូលផ្តុំគ្នានៅក្រោមតង់បណ្តោះអាសន្ន ខណៈដែលមន្ត្រីមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ​នីតិសម្បទា (MoSVY) បានអនុវត្តការកំណត់អត្តសញ្ញាណជនមាន​ពិការភាព និងការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកកាន់ប័ណ្ណក្រីក្រ។ ដោយមានការគាំទ្រពីយូនីសេហ្វ និងមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈគម្រោង ACCESS 21 ដំណើរការកំណត់អត្តសញ្ញាណជនមានពិការភាព​ធានាថា ជនមានពិការភាព ដែលជារឿយៗប្រឈមមុខនឹងឧបសគ្គធំបំផុតក្នុងអំឡុងពេលមានវិបត្តិ អាចទទួលបានជំនួយពី​ប្រព័ន្ធគាំពារសង្គមរបស់ប្រទេសកម្ពុជា រួមទាំងអត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គម​ក្នុងកញ្ចប់គ្រួសារ។ កម្មវិធី​កញ្ចប់គ្រួសារផ្តល់ជំនួយជាសាច់ប្រាក់ដល់គ្រួសារងាយរងគ្រោះទូទាំងប្រទេស រួមទាំងស្ត្រីមានផ្ទៃពោះ កុមារ មនុស្សចាស់ និងជនមានពិការភាព។

ក្នុងចំណោមអ្នកដែលរង់ចាំដោយអត់ធ្មត់សម្រាប់ការ​ពិនិត្យពិការភាព ក៏មានប្អូនស្រី​ សុន សាន់ឆាយ អាយុ ២៣ ឆ្នាំ កំពុងតែ​បីកូនប្រុសអាយុ ១០ ខែរបស់នាងឈ្មោះ សុំរិត ដែរ។ ប្អូនស្រី សាន់ឆាយ បានភៀសខ្លួនចេញពីតំបន់ព្រំដែនក្នុងខែធ្នូ ហើយបានផ្លាស់ទៅផ្ទះម្តាយរបស់នាងជាបណ្តោះអាសន្ននៅស្រុក​ស្រីស្នំ។ ដោយបាន​កើត និងធំ​ដឹងក្ដី​ឡើង​នៅក្នុងភូមិជនបទមួយ នាងមានជំងឺខ្សោយធ្ងន់ធ្ងរនៅផ្នែកខាងឆ្វេងនៃរាងកាយរបស់នាង បន្ទាប់ពីមានជំងឺធ្ងន់ធ្ងរក្នុងវ័យកុមារភាព។ 

នាងនិយាយខ្សឹបៗ​ថា «ខ្ញុំរស់នៅបែបនេះតាំងពីខ្ញុំអាយុប្រាំបួនឆ្នាំមក។ ​ដៃឆ្វេង និងជើងរបស់ខ្ញុំខ្សោយ។ ខ្ញុំអាចបីកូន​បាន ប៉ុន្តែ​មិនអាចលើកអ្វីធ្ងន់ៗបានទេ»។

ប៉ុន្តែ នាងបានជួប​ផលវិបាកដែលមិនបានមើលឃើញ នៅក្នុងពេលយូរតាំងពីមុន​ពេលភៀសសឹក​។ កាលនៅក្មេង នាងបានត្រូវ​មិត្តភក្ដិរបស់នាងមិនរាប់អាន។ ក្រោយមក បន្ទាប់ពីរៀបការរួច នាងនៅតែទទួលរងនូវ​ការរើសអើងនៅពេលដែលនាងទៅរស់នៅ​ក្នុងគ្រួសារខាងស្វាមី​។ ទាំងមាន​ពិការភាពផង និងភាពឯកោក្នុងសង្គមផង បានធ្វើឱ្យនាងពិបាកស្វែងរកជំនួយ ហើយកាន់តែពិបាកដឹងថា ការគាំទ្រអ្វីខ្លះ​ដែលនាងមានសិទ្ធិទទួលបាន។

 

នៅពេលដែលការប្រយុទ្ធគ្នាឡើងកម្ដៅ​កាន់តែខ្លាំងឡើងនៅជិតភូមិរបស់នាង ស្វាមីរបស់នាង ដែលឈរជើងនៅជិតជួរមុខ បានជំរុញឱ្យនាងរត់គេចខ្លួនភ្លាមៗ។ នាងបានប្រមូលកូនតូច សម្លៀកបំពាក់មួយចំនួន និងឯកសាររបស់នាង មុនពេលរត់គេចខ្លួនទៅស្រីស្នំ។ នៅពេលដែលពួកគេមកដល់ គេក៏ជួបប្រទះនូវ​ភាពមិនប្រាកដប្រជាភ្លាមៗ។ ​ប័ណ្ណក្រីក្ររបស់ពួកគេបានផុតកំណត់ហើយ ហើយទោះបីជា សាន់ឆៃ បានរស់នៅអស់រយៈពេលជាច្រើនឆ្នាំដោយមានដែនកំណត់​ផ្នែក​មុខងារអចិន្ត្រៃយ៍ក៏ដោយ ក៏នាងមិនដែល​បានចុះឈ្មោះដើម្បីទទួលបាន​​ប័ណ្ណសម្គាល់​ជនមានពិការភាពនោះទេ។

នាងពន្យល់ថា «ខ្ញុំមិនដឹងថា​​ដាក់ពាក្យដោយរបៀបណាទេ​។ ​ម្តាយរបស់ខ្ញុំក៏មិនដឹងដែរ។ យើងមិនដែលឮថាមនុស្សដូចខ្ញុំអាចទទួលបានការគាំទ្រដែរទេ»។  

ដោយសារស្វាមីរបស់នាងនៅជួរមុខ និងគ្មានប្រាក់ចំណូលនឹងនរ គ្រួសារនេះពឹងផ្អែកទាំងស្រុងលើការងារសំណង់របស់ម្ដាយនាងម្ដងម្កាល ដែលធ្វើការគិតជាថ្ងៃ​។ នៅក្នុងពេលជាច្រើនថ្ងៃ ពួកគេមានការពិបាកក្នុងការមានលទ្ធភាពទិញម្ហូបអាហារ និង​សម្ភារៈចាំបាច់សម្រាប់ទារក។

ជីដូនរបស់នាងបានលើកទឹកចិត្តនាងឱ្យមកពិនិត្យសុខភាពបន្ទាប់ពីបានឮពីអ្នកជិតខាងថា មាន​មន្ត្រីក្រសួងសង្គមកិច្ចនឹងធ្វើការចុះឈ្មោះជនមានពិការភាពនៅទីតាំងនោះ។ ប្អូន សាន់ឆាយ មិនបាន​ស្ទាក់ស្ទើរទាល់តែសោះ។ 

នាងបាននិយាយថា «លោកយាយ​ខ្ញុំបានប្រាប់ខ្ញុំថា នេះជាឱកាស​ដែលប្រហែលជាអាចជួយ​ជីវិតខ្ញុំ​ឱ្យបាន​ប្រសើរឡើង»។

តាមរយៈកម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព អ្នកដែល​មានពិការភាពត្រូវបានចុះឈ្មោះ​នៅក្នុងប្រព័ន្ធ​ទិន្នន័យអត្តសញ្ញាណកម្ម​ពិការភាពជាតិ ដែលអាចឱ្យពួកគេទទួលបានសេវាកម្ម និងការគាំទ្រជា​ចាំបាច់។

នៅក្នុងខេត្តសៀមរាបតែមួយ គិតត្រឹមខែមករា ឆ្នាំ២០២៦ ជនមានពិការភាពជិត ២០.០០០ នាក់ត្រូវបានកំណត់អត្តសញ្ញាណ ដោយករណីភាគច្រើនត្រូវបានផ្ទៀងផ្ទាត់ អនុម័ត និងចេញប័ណ្ណ។ ជនមានពិការភាពជាង ៣៦០.០០០ នាក់​ត្រូវបានកំណត់អត្តសញ្ញាណទូទាំងប្រទេស។ ការទទួលបានប័ណ្ណសម្គាល់ជនមានពិការភាពគឺជាច្រកទ្វារដើម្បី​ចូលទៅកាន់សេវារដ្ឋាភិបាលសំខាន់ៗ ដែលមានសារៈសំខាន់ជាពិសេសក្នុងអំឡុងពេលមានវិបត្តិ ដោយធានាដល់បុគ្គលថា ភាពងាយរងគ្រោះរបស់ពួកគេត្រូវបានទទួលស្គាល់ជាផ្លូវការ ព្រមទាំង​ពង្រឹងការទទួលបានការថែទាំសុខភាព ឧបករណ៍ជំនួយ និងអត្ថប្រយោជន៍ពី​កញ្ចប់គ្រួសារ។

នៅពេលដែលស្ថានភាពប័ណ្ណក្រីក្រ​របស់នាងត្រូវបានបន្ត ប្អូនស្រី​ សាន់ឆាយនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពី​កញ្ចប់គ្រួសារប្រចាំខែ។ សម្រាប់គ្រួសារដូចជានាង នេះរួមបញ្ចូលទាំងការផ្ទេរប្រាក់មូលដ្ឋានចំនួន ៣៤.០០០ រៀល (៨,៥០ ដុល្លារអាមេរិក) ក្នុងមួយខែ រួមជាមួយនឹងការគាំទ្របន្ថែមក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូន ឧទាហរណ៍ ៨០.០០០ រៀល (២០ ដុល្លារអាមេរិក) សម្រាប់ការទៅពិនិត្យមុនសម្រាល និងក្រោយសម្រាលម្តងៗ និងអត្ថប្រយោជន៍សម្រាលកូនមួយលើក​ចំនួន ៤០០.០០០ រៀល (១០០ ដុល្លារអាមេរិក)​។ ការទូទាត់ទាំងនេះផ្តល់នូវស្ថិរភាពសំខាន់ៗ ដោយជួយគ្រួសារទិញម្ហូប​អាហារ ការធ្វើដំណើរ​ទៅកាន់មណ្ឌលសុខភាព និងសម្ភារៈចាំបាច់សម្រាប់កុមារតូចៗ។

ប្អូនស្រី សាន់ឆាយ និយាយបណ្ដើរ នៅ​ពេលដែលកូនរបស់នាងកំពុងផ្ដេកក្បាល​សម្រាកលើស្មារបស់នាងបណ្ដើរថា «ខ្ញុំចង់សាកល្បងទទួល​ការព្យាបាលដៃរបស់ខ្ញុំ ប្រសិនបើអាចធ្វើទៅបាន។ ​ប្រសិនបើខ្ញុំអាចទទួលបានប័ណ្ណសម្គាល់​ជនមានពិការភាព ប្រហែលជាខ្ញុំអាចទទួលបានជំនួយដែលខ្ញុំមិនធ្លាប់ដឹងថាមាន»។ 

បើទោះបីជាមានភាពមិនប្រាកដប្រជានៃការភៀសសឹក​ផ្លាស់ទីលំនៅក៏ដោយ ប្អូនស្រី​ សាន់ឆាយ នៅតែមានសង្ឃឹម។ ដោយ​អង្គុយក្នុងចំណោមគ្រួសារដទៃទៀតដែលកំពុងរង់ចាំវេនរបស់ពួកគេ ប្អូន​ស្រី​ញញឹមតិចៗបែបអៀនប្រៀន​។ 

នាងនិយាយថា «ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាដូចជាគេមើលឃើញខ្ញុំ​។ ​ប្រសិនបើប័ណ្ណ​នេះជួយខ្ញុំឱ្យ​មើលថែកូនរបស់ខ្ញុំ និងជួយឱ្យខ្ញុំ​មានជំហរ​រឹងមាំជាងមុនបន្តិច នោះគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ»។