រាជរដ្ឋាភិបាល និងយូនីសេហ្វដាក់ដំណើរការយុទ្ធនាការជាតិដើម្បីទប់ស្កាត់ការរងរបួសចំពោះកុមារ
ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ និងដៃគូ រាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ដំណើរការយុទ្ធនាការជាតិចំនួនពីរ ដើម្បីទប់ស្កាត់ការស្លាប់របស់កុមារពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខចំនួនពីរនៅក្នុងចំណោមមូលហេតុនាំមុខគេនៃការស្លាប់របស់កុមារ និងយុវជន
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ - នាពេលបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក គឺជាមូលហេតុនាំមុខគេចំនួនពីរក្នុងចំណោមបុព្វហេតុនាំមុខគេនៃការស្លាប់របស់កុមារនៅប្រទេសកម្ពុជា ដែលបានធ្វើឱ្យកុមាររាប់ពាន់នាក់បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ។ ដោយមានការគាំទ្រពីយូនីសេហ្វ និងដៃគូ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ដំណើរការយុទ្ធនាការរួមគ្នា ដើម្បីការពារអាយុកុមារពីសោកនាដកម្មដែលអាចបង្ការបាននេះ។
នៅឆ្នាំ២០២៣ តែមួយប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានសម្លាប់មនុស្សចំនួន ១.៥៩០នាក់ ពោលគឺ ជាមធ្យម មនុស្សប្រាំនាក់បានបាត់បង់ជីវិតជារៀងរាល់ថ្ងៃ និងបង្ករបួសដល់មនុស្សចំនួនច្រើនជាង ៤.៥០០នាក់ ដែលកុមារ និងយុវជនមានចំណែកខ្ពស់បំផុត1។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករនាំមុខគេ ដែលសម្លាប់អាយុជីវិតរបស់យុវជនអាយុចន្លោះពី ១៥-១៩ឆ្នាំ2 នៅក្នុងពិភពលោក។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលមានការស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខ្ពស់បំផុតចំពោះកុមារ និងយុវវ័យ ដោយស្ថិតនៅលំដាប់កំពូលទីបី3។
ទន្ទឹមនឹងនេះដែរ ប្រទេសកម្ពុជាប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរផ្នែកសុខភាពសាធារណៈពាក់ព័ន្ធនឹងការលង់ទឹករបស់កុមារ និងបានបណ្ដាលឲ្យប្រជាពលរដ្ឋ ក្នុងនោះរួមទាំងកុមារ ជាង១.៣០០ នាក់បាត់បង់ជីវិតជារៀងរាល់ឆ្នាំ។ ស្ថិតិដ៏សោកសៅនេះធ្វើឱ្យកម្ពុជាស្ថិតនៅក្នុងចំណោមប្រជាជាតិ ដែលមានអត្រាលង់ទឹកខ្ពស់បំផុតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច4។ អត្រាលង់ទឹករបស់ប្រទេសកម្ពុជាស្ថិតក្នុងកម្រិត ៧,៦ នាក់ ក្នុងចំណោម ១០០.០០០នាក់ ដែលជាចំនួនស្ទើរតែទ្វេដងនៃចំនួនមធ្យមថ្នាក់តំបន់ (៤,៣នាក់ក្នុងចំណោម ១០០.០០០នាក់) និងច្រើនជាងពីរដងនៃអត្រាសកល (៣,៨នាក់ក្នុងចំណោម ១០០.០០០នាក់)។ ការលង់ទឹក គឺជាមូលហេតុនាំមុខនៃការស្លាប់របស់កុមារអាយុ ៥ ទៅ ១៤ឆ្នាំនៅកម្ពុជា។4
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា
ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យទាំងនេះ៖ ការធ្លាក់ភ្លៀងមូសុងកាន់តែខ្លាំង និងកាន់តែញឹកញាប់ បង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ដែលធ្វើឱ្យកុមារប្រឈមនឹងហានិភ័យកាន់តែខ្ពស់ចំពោះការលង់ទឹក ស្របពេលដែលព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗបង្កើនហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
“នៅពីក្រោយតួលេខនីមួយៗ គឺជាសាច់រឿងនៃការបាត់បង់ ពោលគឺ កុមារដែលនឹងមិនវិលត្រលប់មកផ្ទះវិញ គ្រួសារដែលមានភាពសោកសង្រេង និងសហគមន៍ដែលបាត់បង់អនាគតរបស់ខ្លួន។ កុមារគ្រប់រូបមានសិទ្ធិធំលូតលាស់នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព។ ប៉ុន្តែជារៀងរាល់ថ្ងៃ កុមារនៅកម្ពុជាទទួលរងការបាត់បង់ជីវិត ឬរបួសដោយសារមូលហេតុជាច្រើន ដែលយើងអាចទប់ស្កាត់បាន” នេះជាសម្ដីរបស់បណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា។
លោកថ្លែងបន្ថែមទៀតថា “ទោះជាដំណោះស្រាយមួយ គឺជាការមានការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ការបន្ថយល្បឿននៅជិតសាលារៀន ឬការបង្រៀនកុមារអំពីរបៀបហែលទឹក ឬការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពផ្លូវទឹកក្ដី ដំណោះស្រាយទាំងនោះមានលក្ខណៈច្បាស់លាស់។ ដោយធ្វើការងាររួមគ្នា យើងអាច និងត្រូវតែបញ្ឈប់សោកនាដកម្មដែលអាចបង្ការបានទាំងនេះ តាមរយៈការជំរុញការផ្លាស់ប្ដូរប្រកបដោយបរិវត្តកម្ម និងការធ្វើឱ្យការបង្ការទប់ស្កាត់របួសរបស់កុមារជាចំណុចសំខាន់នៃសកម្មភាពរបស់សហគមន៍ គោលនយោបាយ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ។”
ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើនឡើងពាក់ព័ន្ធនឹងរបួសកុមារ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងសុខាភិបាល កំពុងរួមកម្លាំងគ្នាជាមួយយូនីសេហ្វ និងដៃគូសំខាន់ៗក្នុងការធ្វើឱ្យការបង្ការទប់ស្កាត់ក្លាយទៅជាអាទិភាពជាតិ។ ដោយធ្វើការងាររួមគ្នា ពួកគេអាចជំរុញសកម្មភាពដ៏សំខាន់ទាំងពីរនេះបាន៖
ការធ្វើឱ្យផ្លូវថ្នល់កាន់តែមានសុវត្ថិភាពសម្រាប់កុមារ
- កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតតំបន់សាលារៀនប្រកបដោយសុវត្ថិភាព នៅតាមទីតាំងដែលបានជ្រើសរើស។ តំបន់ទាំងនេះមានការកំណត់ល្បឿន (៣០ គ.មក្នុងមួយម៉ោង) គំនូសឆ្លងផ្លូវសម្រាប់ ថ្មើរជើង សញ្ញាចរាចរណ៍ និងទីតាំងកាន់តែមានសុវត្ថិភាពសម្រាប់ទម្លាក់កូនសិស្សនៅសាលារៀន ដែលធ្វើឱ្យកុមារកាន់តែងាយស្រួលទៅកាន់សាលារៀនដោយគ្មានគ្រោះថ្នាក់។ ការកែលម្អទាំងនេះត្រូវមានរួមគ្នាជាមួយនឹងការអប់រំអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកបែបអនវុត្តជាក់ស្ដែងសម្រាប់សិស្សានុសិស្ស គ្រូបង្រៀន ឪពុកម្ដាយ និងអាជ្ញាធរមូលដ្ឋាន។ យុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈតាមប៊ីលប៊ត ទូរទស្សន៍ និងបណ្ដាញទំនាក់ទំនងសង្គម ពង្រឹងការអនុវត្តអាកប្បកិរិយាប្រកបដោយសុវត្ថិភាព និងគ្របដណ្ដប់ទៅដល់គ្រួសារនានានៅទូទាំងប្រទេស។
- នៅថ្នាក់ជាតិ កំពុងមានការរៀបចំគោលការណ៍ណែនាំថ្មីៗ ដើម្បីកំណត់បទដ្ឋានសុវត្ថិភាពនៅតំបន់សាលារៀន។ ក្រសួង ស្ថាប័នពាក់ព័ន្ធកំពុងសហការគ្នា ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ដូចជា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NRSC) ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រសួងអភិវឌ្ឍន៍ជនបទ (MRD) និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ អន្តរាគមន៍ទាំងនេះរួមបញ្ចូលនូវការប្រើប្រាស់មួកសុវត្ថិភាពជាកាតព្វកិច្ច និងទណ្ឌកម្មចំពោះការបើកបរប្រកបដោយគ្រោះថ្នាក់។
ការបង្ការទប់ស្កាត់ការលង់ទឹក
- នៅក្នុងសហគមន៍ កុមារកំពុងរៀនអំពីការហែលទឹក និងសុវត្ថិភាពផ្លូវទឹក ស្របពេលដែលអ្នកថែទាំទទួលបានការណែនាំអំពីការគ្រប់គ្រងកុមារដែលនៅជិតទន្លេ ស្រះទឹក និងតំបន់មានទឹកជំនន់។ កម្មវិធីទាំងនេះត្រូវបានរចនាឡើងដើម្បីឱ្យមានតម្លៃទាប មានការជំរុញក្នុងមូលដ្ឋាន និងអាចពង្រីកបាននៅទូទាំងកម្ពុជា។
- នៅកម្រិតគោលនយោបាយ រាជរដ្ឋាភិបាលកំពុងដាក់ដំណើរការផែនការយុទ្ធសាស្រ្តជាតិទីមួយស្ដីពីការបង្ការទប់ស្កាត់ការលង់ទឹក (ឆ្នាំ២០២៥-២០៣០) និងផ្ដល់សិទ្ធិអំណាចជូនអាជ្ញាធរមូលដ្ឋានដើម្បីធ្វើសមាហរណកម្មសុវត្ថិភាពផ្លូវទឹកទៅក្នុងការរៀបចំផែនការ និងថវិការបស់ខ្លួន។ យុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈក៏កំពុងជួយគ្រួសារឱ្យយល់អំពីរបៀបរក្សាសុវត្ថិភាពរបស់កុមារនៅជិតទន្លេ ស្រះទឹក និងតំបន់ទឹកជំនន់ផងដែរ។
ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ និងដៃគូ រាជរដ្ឋាភិបាលកម្ពុជាកំពុងអំពាវនាវឱ្យអាជ្ញាធរសាធារណៈ រួមមាន ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន ឪពុកម្ដាយ បណ្ដាញយុវជន ប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនវិស័យឯកជន សហគមន៍ និងបុគ្គលម្នាក់ៗ ដឹកនាំផ្សព្វផ្សាយសារអប់រំអំពីសុវត្ថិភាព។ សម្ភារៈនានាសម្រាប់យុទ្ធនាការទាំងនេះ រួមមាន ផ្ទាំងរូបភាពផ្សព្វផ្សាយ ប៊ីលប៊ត វីដេអូខ្លីៗតាមទូរទស្សន៍ និងមាតិកាបណ្ដាញទំនាក់ទំនងសង្គម ដែលអាចទាញយក និងប្រើប្រាស់បាន។
ដៃគូសំខាន់ៗរួមមាន អង្គការសុខភាពពិភពលោក (WHO) Royal National Lifeboat Institution (RNLI) យូនីសេហ្វប្រចាំប្រទេសបារាំង អង្គការហែលទឹកកម្ពុជា (HTK) អង្គការ HelpCode អង្គការ SWIM កម្ពុជា និងអង្គការមូលនិធិបង្ការរបួសអាស៊ី (AIPF)។ យើងក៏សូមថ្លែងអំណរគុណចំពោះកិច្ចគាំទ្ររបស់ម្ចាស់ជំនួយប្រកបដោយការគោរពរបស់យើង៖ ក្រុមហ៊ុន Michelin ដែលរួមចំណែកចំពោះគំនិតផ្ដួចផ្ដើមសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង Royal National Lifeboat Institution និងមូលនិធិព្រះនាង Charlene នៃប្រទេសម៉ូណាកូ (The Princess Charlene of Monaco Foundation (PCMF)) ដែលសុទ្ធតែមានសារសំខាន់ខ្លាំងនៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការលង់ទឹករបស់យើង។
សម្រាប់ព័ត៌មានបន្ថែមអំពីការបង្ការរបួសកុមារ សូមចូលទៅកាន់៖
ការធ្វើឱ្យផ្លូវថ្នល់កាន់តែមានសុវត្ថិភាពសម្រាប់កុមារ
1 គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NRSC) ឆ្នាំ២០២៣ របាយការណ៍ស្ដីពី ចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
2 របាយការណ៍ស្ថានភាពសកលស្ដីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣
3 នៅឆ្នាំ២០១៩ ប្រទេសកម្ពុជាស្ថិតនៅលំដាប់ទី៨ ក្នុងចំណោម ២៧ប្រទេសនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ពាក់ព័ន្ធនឹងការស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅក្នុងចំណោមកុមារ និងយុវវ័យអាយុក្រោម២០ឆ្នាំ។ សុវត្ថិភាពផ្លូវគោករបស់កុមារ និងយុវវ័យនៅក្នុងប្រជាជាតិនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ឆ្នាំ២០១៩។
4 របាយការណ៍ស្ថានភាពសកលរបស់ WHO ស្ដីពីការបង្ការការលង់ទឹក ឆ្នាំ២០២៤
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
ធនធានបន្ថែម
អំពីយូនីសេហ្វ
យូនីសេហ្វធ្វើការងារនៅទីកន្លែងលំបាកបំផុតមួយចំនួន ដើម្បីគ្របដណ្ដប់ទៅដល់កុមារស្ថិតក្នុងស្ថានភាពលំបាកបំផុតនៅក្នុងពិភពលោក។ យើងធ្វើការងារនៅក្នុងប្រទេស និងដែនដីជាង ១៩០ ដើម្បីកុមារគ្រប់រូប នៅគ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកកាន់តែល្អមួយសម្រាប់មនុស្សគ្រប់រូប។
សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងាររបស់យូនីសេហ្វនៅកម្ពុជា សូមចូលទៅ៖ www.unicef.org.kh
សូមតាមដានអង្គការយូនីសេហ្វប្រចាំកម្ពុជានៅលើ Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok