កិច្ចគាំទ្រចំពោះស្រ្តីជាម្ដាយ៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ធ្វើឲ្យជីវិតប្រសើរឡើង
ស្វែងយល់អំពីរបៀបដែលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ផ្ដល់ការគាំទ្រចាំបាច់ចំពោះស្ដ្រីជាម្ដាយដូចជាលោកស្រី វ៉ាន រដ្ឋ ដោយផ្ដល់នូវជំនួយហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការចាំបាច់របស់គ្រួសារជាច្រើន នៅខេត្តព្រះវិហារ។
- English
- Khmer
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ខេត្តព្រះវិហារ - នៅក្រោមពន្លឺព្រះអាទិត្យនាពេលរសៀលដ៏ក្ដៅខ្លាំង លោកស្រី វ៉ាន រដ្ឋ ឱននៅក្រៅផ្ទះឈើរបស់គាត់ ដើម្បីដាំទឹកនៅក្នុងឆ្នាំងកំពិតមួយដោយប្រុងប្រយ័ត្ន ហើយនេះ គឺកិច្ចការប្រចាំថ្ងៃមួយ ដើម្បីធានាថា កូនស្រីតូចទើបនឹងសម្រាលរបស់គាត់ មានទឹកស្អាតសម្រាប់ឆុងម្សៅទឹកដោះគោ។ គាត់ស្លៀកសារ៉ុងពណ៌ទឹកក្រូចជាមួយនឹងរូបផ្កាតូចៗជាច្រើន និងពាក់អាវដៃវែងពណ៌ប្រផេះ ហើយគាត់កំពុងធ្វើកិច្ចការជាទម្លាប់របស់គាត់។
នៅជិតគាត់ នៅលើកន្ទេលត្បាញមួយ កូនស្រីអាយុប្រាំបីថ្ងៃរបស់គាត់កំពុងគេងលក់យ៉ាងស្ងប់ស្ងាត់ ដោយមានភួយកន្សែងទន់ពណ៌ខៀវឆ្នូតសគ្របដណ្ដប់ពីលើ ដើម្បីឱ្យមានភាពកក់ក្ដៅ។ ទារិកានេះមានពាក់មួកចាក់ពណ៌លឿងតូចមួយនៅនឹងក្បាលរបស់នាង និងនាងគេងយ៉ាងមានផាសុកភាពនៅកម្រាលទន់មួយនៅខាងក្រៅផ្ទះដ៏សាមញ្ញមួយ។ នៅជិតនោះ កូនបងៗទាំងបួននាក់របស់លោកស្រី វ៉ាន់ អង្គុយនៅលើកន្ទេលមួយ ហើយម្ដងម្កាល ពួកគេសម្លឹងទៅកាន់ប្អូនស្រីតូចរបស់ពួកគេ។
ព្រះអាទិត្យបញ្ចេញពន្លឺទៅលើវាលស្រែនៅខាងក្រោយបរិវេណផ្ទះរបស់ពួកគេ ដោយមានខ្យល់បក់រំភើយៗទៅដើមស្រូវ ដែលជាការបន្ថែមចលនាចំពោះភាពស្ងៀមស្ងាត់នៃទេសភាពនៅទីជនបទ។ នៅក្រោមផ្ទះ បរិវេណនេះគឺពោរពេញទៅដោយសំឡេងលេងរបស់កុមារ។ ខាងលើពួកគេ គឺជាកន្លែងគេងរបស់គ្រួសារនេះ ដែលផ្ដល់ជម្រកពីកម្ដៅ ហើយនេះគឺជាទ្រង់ទ្រាយជាទូទៅមួយនៃផ្ទះនៅតាមទីជនបទរបស់ប្រជាជនកម្ពុជា។
ចាប់តាំងពីការសម្រាលកូនកាលពីប្រាំបីថ្ងៃមុន លោកស្រី រដ្ឋ បានដឹងថា គាត់មិនអាចមានទឹកដោះគ្រប់គ្រាន់ ដើម្បីបំបៅកូនស្រីរបស់គាត់បានឡើយ។ ដោយគ្មានជម្រើសផ្សេងទៀត គាត់ត្រូវពឹងផ្អែកលើម្សៅទឹកដោះគោ ដែលមានតម្លៃថ្លៃ ប៉ុន្តែវាពិតជាចាំបាច់។ ទឹកស្អាតគឺជាការចាំបាច់ ហេតុនេះ ការដាំទឹកសម្រាប់ឆុងទឹកដោះគោរបស់ទារិកានេះបានក្លាយទៅជាការងារប្រចាំថ្ងៃរបស់គាត់។
នៅទីកន្លែងដាច់ស្រយាលបែបនេះនៅខេត្ត ព្រះវិហារ ដែលភាពក្រីក្រគឺជាការគំរាមកំហែងជាប្រចាំ សូម្បីតែតម្រូវការតូចៗក្ដីក៏អាចក្លាយទៅជាបញ្ហាដ៏ធំផងដែរ។ ប៉ុន្តែកម្មវិធីកញ្ចប់គ្រួសារ ដែលជាគំនិតផ្ដួចផ្ដើមពីរាជរដ្ឋាភិបាល ដោយមានការគាំទ្រពីយូនីសេហ្វ ផ្ដល់នូវជំនូយសាច់ប្រាក់ដ៏ចាំបាច់ជូនដល់គ្រួសារក្រីក្រនានា ដូចជាគ្រួសាររបស់លោកស្រី រដ្ឋ។
លោកស្រី បានថ្លែងថា “ប្រសិនបើគ្មានវាទេ យើងនឹងមិនអាចរស់បានឡើយ។ វាជួយឱ្យយើងមានមានថវិកាគ្រប់គ្រាន់សម្រាប់ការចំណាយ។”
គ្រួសាររបស់លោកស្រី រដ្ឋ គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំង ១០.៨០០គ្រួសារ នៅខេត្តព្រះវិហារ ដែលទទួលបានពីកញ្ចប់គ្រួសារ។ នៅទូទាំងប្រទេស កម្មវិធីនេះបានគាំទ្រដល់ប្រជាជនចំនួន ២,៦លាននាក់ ដែលទទួលបានការកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor)។ ថ្វីបើសេដ្ឋកិច្ចរបស់ប្រទេសមានរីកចម្រើនក្ដី អត្រាភាពក្រីក្រនៅតែមានចំនួន ១៧,៨ភាគរយ ដែលធ្លាក់ចុះពី ៥០ភាគរយកាលពីពីរទសវត្សរ៍មុន ប៉ុន្តែវានៅតែមានកម្រិតខ្ពស់សមល្មមនឹងធ្វើឱ្យគ្រួសារជាច្រើនស្ថិតក្នុងស្ថានភាពលំបាក។
ការឧបត្ថម្ភសាច់ប្រាក់ ដែលលោកស្រី រដ្ឋ ទទួលបាន មិនកើតឡើងជាស្វ័យប្រវត្តិឡើយ។ ជំនួសមកវិញ វាគឺជាផ្នែកមួយនៃប្រព័ន្ធមួយ ដែលជ្រើសរើសដោយយកចិត្តទុកដាក់ និងជួយប្រជាជនដែលត្រូវការវាខ្លាំងបំផុត។ មន្រ្តីមូលដ្ឋានដូចជាលោកស្រី បួ សាក់ ជំទប់ទីពីរនៃឃុំស្រអែមនៅខេត្តព្រះវិហារដ៏ដាច់ស្រយាល ជួយគ្រួសារនានា ដូចជាគ្រួសាររបស់គាត់ ដើម្បីចុះឈ្មោះសម្រាប់កម្មវិធីនេះ។ គាត់ដឹងអំពីស្ថានភាពពិតដ៏អាក្រក់ ដែលគ្រួសារទាំងឡាយដូចជាគ្រួសាររបស់លោកស្រី រដ្ឋ ត្រូវតស៊ូទ្រាំជាមួយ។ “គ្រួសារទាំងនេះមានជីវភាពលំបាកខ្លាំងណាស់” នេះជាការពន្យល់របស់លោកស្រី សាក់។ “ហើយកម្មវិធីនេះផ្ដល់ឱកាសដល់ពួកគេ។”
យូនីសេហ្វដើរតួនាទីសំខាន់នៅក្នុងការធានាថា កញ្ចប់គ្រួសារនេះដំណើរការទៅដោយរលូន។ ដើម្បីគាំទ្រដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យូនីសេហ្វផ្ដល់ជំនួយបច្ចេកទេស រួមទាំងការបណ្ដុះបណ្ដាលមន្រ្តីមូលដ្ឋានដូចជាលោកស្រី បួ សាក់ ក្នុងការកំណត់អត្តសញ្ញាណគ្រួសារងាយរងគ្រោះ ដោយប្រើប្រាស់កម្មវិធីសូហ្វែឯកទេស។ កិច្ចគាំទ្រនេះកែលម្អដំណើរការចុះបញ្ជី និងពង្រឹងប្រព័ន្ធពិនិត្យតាមដាន ដើម្បីធានាថា ការឧបត្ថម្ភសាច់ប្រាក់ទៅដល់គ្រួសារនានា ដែលត្រូវការការឧបត្ថម្ភនេះខ្លាំងបំផុត។ ការផ្ដល់មូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងសហភាពអឺរ៉ុប (EU) ជំរុញគាំទ្រកម្មវិធីនេះក្នុងការជួយដល់គ្រួសារក្រីក្របំផុតនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។
ការរៀបចំកញ្ចប់គ្រួសារនេះឡើង គឺដើម្បីការពារគ្រួសារងាយរងគ្រោះពីផលប៉ះពាល់នៃភាពក្រីក្ររយៈពេលវែង។ ដោយស្របជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិ និងដោយរៀបចំទៅតាមបទពិសោធន៍ទទួលបានពីវិបត្តិជំងឺកូវីដ-១៩ កម្មវិធីនេះផ្ដល់លើសពីជំនួយសង្គ្រោះបន្ទាន់ជាបណ្ដោះអាសន្ន។ ជាផ្នែកមួយនៃក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម កម្មវិធីនេះមានបំណងកសាងអនាគតមួយប្រកបដោយស្ថិរភាព តាមរយៈការដោះស្រាយវិសមភាព និងការជួយគ្រួសារគេចចេញពីភាពក្រីក្រ។
សម្រាប់លោកស្រី រដ្ឋ កញ្ចប់គ្រួសារគឺជាកិច្ចគាំទ្រសម្រាប់គ្រួសាររបស់គាត់។ ក្នុងអំឡុងពេលគាត់មានផ្ទៃពោះ និងបន្ទាប់ពីការសម្រាលកូន គាត់ទទួលបានថវិកាចំនួន ១២០ដុល្លារ ដើម្បីជួយទូទាត់ការចំណាយចាំបាច់នានា។ បន្ថែមលើថវិកានោះ គាត់នឹងទទួលបានថវិកាចំនួន ២០ដុល្លារសម្រាប់ការទៅជួបវេជ្ជបណ្ឌិតម្ដងៗជាមួយនឹងកូនស្រីតូចរបស់គាត់ ដែលមានចំនួនរហូតដល់បួនដង។ កិច្ចគាំទ្រនេះ សម្រាលបន្ទុកហិរញ្ញវត្ថុ ដែលផ្ដល់ភាពធូរស្រាលមួយចំនួនដល់លោកស្រី។ គ្រួសាររបស់គាត់ទទួលបានការគាំទ្រប្រហែល ៨,៥០ដុល្លារ សម្រាប់សមាជិកទាំងប្រាំពីរនាក់នៅក្នុងគ្រួសារ ហើយកូនម្នាក់ៗរបស់គាត់នឹងទទួលបានថវិកា ៥ដុល្លារ ប្រសិនបើពួកគេទៅរៀន ។
“ជាមួយនឹងថវិកាចំនួន ៣៥ដុល្លារ ដែលខ្ញុំទទួលបាននៅខែនីមួយៗ ខ្ញុំអាចទិញម្ហូបអាហារសម្រាប់គ្រួសារ បញ្ជូនកូនរបស់ខ្ញុំទៅសាលារៀន និងទិញម្សៅទឹកដោះគោសម្រាប់កូនស្រីតូចរបស់ខ្ញុំបាន។” នេះជាសម្ដីរបស់លោកស្រី រដ្ឋ។
នៅពេលដែលព្រះអាទិត្សអស្ដង្គតនៅភូមិ ស្រអែម ដោយជះពន្លឺពណ៌មាសទៅលើវាលស្រែ លោកស្រី រដ្ឋ យោលអង្រឹងកូនស្រីតូចរបស់គាត់ និងមើលទៅកាន់កូនៗរបស់គាត់អង្គុយលើរបងឈើនៅបរិវេណផ្ទះ ។ “កញ្ចប់គ្រួសារនេះជួយផ្ដល់ក្ដីសង្ឃឹមដល់យើង” នេះជាសម្ដីរបស់លោកស្រី រដ្ឋ។ សម្រាប់លោកស្រី រដ្ឋ កញ្ចប់គ្រួសារគឺលើសពីជំនួយហិរញ្ញវត្ថុ ពោលគឺ វាជាសក្ដានុពលនៃអនាគតមួយ ដែលគ្រួសាររបស់គាត់អាចធំលូតលាស់ទៅបាន។