សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

សំឡេងសម្រាប់យុវជនគ្រប់រូប

] ដើម្បីឱ្យគេស្ដាប់ឮសំឡេងរបស់ខ្លួន ក្រុមភាគតិចខ្លះត្រូវបង្កើនសំឡេងឱ្យខ្លាំងជាងអ្នកដទៃ។ នៅខេត្តសៀមរាប កញ្ញា ហ្គិច វ័យ ២៧ ឆ្នាំ កំពុងជួយបើកផ្លូវសម្រាប់ការចូលរួមប្រកបដោយបរិយាបន្នរបស់យុវជន នៅក្នុងអភិបាលកិច្ចមូលដ្ឋាន។

Cristyn Lloyd
© UNICEF Cambodia/2026/Antoine Raab
UNICEF Cambodia/2026/Antoine Raab
22 កក្កដា 2026

ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខេត្តសៀមរាប - “សាររបស់ខ្ញុំសម្រាប់ជំនាន់ក្រោយ៖ មានសេចក្ដីក្លាហានក្នុងការចូលរួម និងមានសេចក្ដីក្លាហានក្នុងការរស់នៅជាខ្លួនឯង។”

នេះ គឺជាសាររបស់​ហ្គិចដែលមានវ័យ២៧ឆ្នាំ ទៅដល់​យុវជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា​។ ក្នុងនាមជាស្រីកែភេទម្នាក់ នាងដឹងអំពីអារម្មណ៍​ ដែលនាងត្រូវបង្កើនសំឡេងរបស់គាត់​ឱ្យបានខ្លាំង​ជាងមិត្តរបស់នាង ដើម្បីឱ្យគេស្ដាប់លឺ។ ហេតុនេះ សូម្បីតែ​នៅមុនពេលដែលនាងបានក្លាយទៅជា​អ្នកតំណាងយុវជន​នៅក្នុងសង្កាត់របស់នាងនៅក្នុងក្រុងសៀមរាបក្ដីនាង​ធ្លាប់ថ្លែងជាសាធារណៈដើម្បីខ្លួនឯង យុវជន និង​បញ្ហាប្រឈម ដែលពួកគេប្រឈមមុខជាមួយជារៀងរាល់ថ្ងៃ។

នាងលើកទឹកចិត្តថា “កុំ​ចាត់ទុកខ្លួនឯងជាអ្នកណាម្នាក់ដែលសង្គមមើលរំលង។ ខ្ញុំចង់ឱ្យពួកគេ​រួបរួមគ្នា​នៅក្នុងការចូល​រួម ការតស៊ូ និងការស្វែងរក​ការគាំទ្រ​ ដើម្បីការប្រើប្រាស់​សិទ្ធិរបស់ពួកគេ។ ប្រសិនបើពួកគេមិនចូលរួម​ និងមិនលើកឡើងអំពីបញ្ហារបស់ពួកគេទេ នឹងគ្មានលទ្ធផលអ្វីឡើយ។ ខ្ញុំចង់ឱ្យពួកគេយល់​ចំណុចនោះឱ្យបានច្បាស់។”

នៅកម្ពុជា​ យុវជនមានឱកាសនៅមានកម្រិត​ក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគេប្រកបដោយអត្ថន័យ​ក្នុងការចូលរួ​ម និងមានឥទ្ធិពលលើ​សេចក្ដីសម្រេច ដែលមានឥទ្ធិពលលើជីវិតរបស់ពួកគេ។ យុវជនមួយចំនួន​ប្រឈមមុខនឹង​ឧបសគ្គកាន់តែខ្លាំងបន្ថែមទៀតចំពោះ​បរិយាបន្ន រួមមាន ក្រុម​ងាយរងគ្រោះ ដូចជា ក្មេងស្រីយុវវ័យ ជនជាតិភាគតិចផ្នែកផ្លូវភេទ និងជាតិពន្ធុ ព្រមទាំង​យុវវ័យ​មានពិការភាព។

ថ្វីបើមានវេទិកាដែលមានស្រាប់សម្រាប់​ការចូលរួម​របស់យុវជនក្នុងនាមជាពលរដ្ឋនៅទូទាំងប្រទេសក្ដី មន្រ្តីជាច្រើន​អាចមិនមើលឃើញគុណតម្លៃ ឬយល់អំពី​ការទទួលខុសត្រូវ​ចំពោះការរួមបញ្ចូល​សំឡេង និងមតិយោបល់របស់យុវជន​នៅក្នុងអភិបាលកិច្ចមូលដ្ឋានឡើយ ស្របពេលដែល​មន្រ្តីជាច្រើន​ក៏អាច​មិនមានសមត្ថភាព​ក្នុងការប្រើប្រាស់​ឧបករណ៍​ និងវេទិកាសមស្រប​ដើម្បីបង្កការចូលរួម​របស់ពួកគេ​​ផងដែរ។ ទន្ទឹមនឹងនេះដែរ យុវជនខ្វះជំនាញ​ និងទំនុកចិត្ត​ក្នុងការចូលរួម​ជាមួយអាជ្ញាធរមូលដ្ឋាន និង​​រួមចំណែកប្រកបដោយអត្ថន័យ​ចំពោះ​សហគមន៍របស់ពួកគេ។

© UNICEF Cambodia/2026/Antoine Raab
UNICEF Cambodia/2026/Antoine Raab ក្នុងនាមជាអ្នកតំណាងយុវជននៅសង្កាត់សាលាកំរើកនៅខេត្តសៀមរាប ហ្គិចដែលមានវ័យ២៧ឆ្នាំ ចូលរួមជាប្រចាំនៅក្នុងការកិច្ចប្រជុំ រៀបចំផែនការ និងថវិការបស់ គ.ក.ន.ក ដែលផ្ដល់ដល់ឱកាសឱ្យនាងផ្ដល់ធាតុចូលចំពោះផែនការអភិវឌ្ឍន៍សម្រាប់តំបន់នោះ

ប៉ុន្តែបញ្ហានេះកំពុងមានការផ្លាស់ប្ដូរ។ ចាប់តាំងពីឆ្នាំ២០២៣មក យូនីសេហ្វបាន និងកំពុងធ្វើការងារជិតស្និទ្ធជាមួយ​ក្រសួងមហាផ្ទៃ ដើម្បីធ្វើស្ថាប័នីយកម្ម​ការបង្កការចូលរួមរបស់យុវជន​នៅក្នុង​ការធ្វើសេចក្ដីសម្រេចនៅថ្នាក់ក្រោមជាតិ។ នៅពេលនេះ អ្នកតំណាងយុវជន​ គឺជាលក្ខខណ្ឌតម្រូវការផ្លូវការ​សម្រាប់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំសង្កាត់ (គ.ក.ន.ក) នៅទូទាំងប្រទេស ដែលជាការផ្ដល់ឱកាសឱ្យអ្នកតំណាងយុវជនមានឥទ្ធិពលដោយផ្ទាល់​ទៅលើការរៀបចំផែនការ​ និងថវិកាឃុំសង្កាត់ និងទទួលបាន​ការឆ្លុះបញ្ចាំងអាទិភាពរបស់ពួកគេ​នៅក្នុងផែនការអភិវឌ្ឍន៍។ កម្មវិធីនេះ​ទទួលបាន​មូលនិធិពី​រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាល​​អូស្រ្តាលី (ANCP)។​

ចាប់តាំងពីឆ្នាំ២០២៣មក ហ្គិចបាន និងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធ​ជាមួយសង្កាត់របស់នាង ដើម្បីកំណត់អាទិភាព​ចំពោះសង្កាត់ក្នុងគោលបំណងជួយដោះស្រាយ​បញ្ហាប្រឈមនានា ដែលនាងមើលឃើញ​នៅក្នុងសហគមន៍របស់នាង រួមទាំង បញ្ហាប្រឈមនៅចំពោះមុខរបស់ក្រុមងាយរងគ្រោះ និងក្រុមមិនសូវទទួលបាន​ការយកចិត្តទុកដាក់។ បន្ទាប់ពីទទួលបាន​ការចាត់តាំងជា​អ្នកតំណាងយុវជនជាផ្លូវការ​ នៅពេលនេះ តួនាទីរបស់នាង​ពាក់ព័ន្ធ​នឹងការស្វែងរក​យោបល់ត្រលប់​ពីយុវជន​នៅក្នុងសង្កាត់ និង​នាំយកកង្វល់របស់ពួកគេ​ទៅកាន់ គ.ក.ន.ក ដោយផ្ទាល់។ ដោយមានការគាំទ្រពីយូនីសេហ្វ អ្នកតំណាងយុវជនជាង ២.០០០នាក់ដូចជារូបនាង នៅទូទាំងខេត្តសៀមរាប ព្រះវិហារ និងរតនគីរី​ បានទទួល​ការបណ្ដុះបណ្ដាល​អំពី របៀប​កំណត់ និងបង្ហាញបញ្ហាអាទិភាព និងដំណោះស្រាយរបស់ពួកគេ ស្របពេលដែលកសាងជំនាញទន់ ដូចជា ភាពជាអ្នកដឹកនាំ និងទំនុកចិត្ត។

បញ្ជី​នៃ​សមទ្ធិភាពរបស់នាង គឺគួរឱ្យកោតសរសើរ នេះជាសម្ដីរបស់លោកស្រី ប៉ាត ម៉ារីយ៉ា អាយុ៣២ឆ្នាំ ដែលជាមិត្តជិតស្និទ្ធិ និងជាសមាជិក គ.ក.ន.ក។ រួមគ្នា ពួកគេបានជួយយុវជន​ដែលបានឈប់រៀន​ឱ្យទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពួកគេបានកៀរគរធនធានដើម្បីដោះស្រាយបញ្ហាលូបង្ហូរទឹក និងទឹកសំអុយ ដែលនាំឱ្យមាន​ការសាងសង់ផ្លូវបេតុងថ្មី ពួកគេបានដោះស្រាយ​បញ្ហាស្ទះចរាចរណ៍​នៅក្រៅសាលារៀន និងពួកគេបានដំឡើងអំពូលសូឡា​នៅតាមផ្លូវងងឹង ដែលធ្វើឱ្យសិស្សធ្វើដំណើរពេលយប់​កាន់តែមានសុវត្ថិភាព។ នៅឆ្នាំមុន ពួកគេក៏បានដាក់ដំណើរការ​វេទិកា ២៤ម៉ោង សម្រាប់​ឱ្យពលរដ្ឋ​មកពីភូមិនីមួយៗ​​នៅក្នុងសង្កាត់នេះ​ទាក់ទងមក និងលើកឡើងអំពី​កង្វល់របស់ពួកគេដោយផ្ទាល់ជាមួយ​អាជ្ញាធរមូលដ្ឋាន។

បច្ចុប្បន្ន ពួកគេកំពុងធ្វើការងារលើ​យុទ្ធនាការមួយ ដើម្បីជួយដល់ជនងាយរងគ្រោះ រួមទាំងយុវជន ដែលជា​ជនចំណាកស្រុក ឬពលករក្រៅប្រព័ន្ធ ក្នុងការទទួលបាន​ការថែទាំ​សុខភាព តាមរយៈ​កម្មវិធី​កិច្ចគាំពារសង្គមរបស់រដ្ឋាភិបាល។ រយៈពេលជាច្រើនឆ្នាំមកនេះ លោកស្រី ម៉ារីយ៉ាបានមើលឃើញថា ហ្គិច​មានភាពរីកចម្រើនក្លាយទៅជាបុគ្គលម្នាក់ពីមនុស្ស ដែលមានភាពអៀនខ្លាំង​ក្នុងការទៅទទួលសេវាមូលដ្ឋាននៅសាលាសង្កាត់ ទៅជាស្រ្តីម្នាក់ ដែលអាចក្រោកឈរឡើងដើម្បីខ្លួនឯង និងជាអ្នកដឹកនាំ​នៅក្នុងចំណោមយុវជន ជាពិសេស តាមរយៈ​ការលើកទឹកចិត្តយុវជនផ្សេងទៀតឱ្យចូលរួមនៅក្នុងសហគមន៍​របស់ពួកគេផ្ទាល់។

“នាង​អាចធ្វើបទបង្ហាញ​ជំនួសមុខយើង​នៅថ្នាក់ក្រុង ខេត្ត និងសូម្បីតែនៅខេត្តផ្សេងទៀតផងដែរ” នេះជាសម្ដីរបស់លោកស្រី ម៉ារីណា។ “នាងទទួលបាន​ជោគជ័យលើសពី​រដ្ឋបាលសង្កាត់។ ពីមុន នាងមិនក្លាហានឡើយ ប៉ុន្តែនៅពេលនេះ នាងក្លាហាន។ នាងលើកឡើងពី​បញ្ហានានា ដែលយើងមិនបានគិត​ទៅដល់។”

លោកស្រី ម៉ារីយ៉ាគឺជាមន្រ្តីមូលដ្ឋានម្នាក់ក្នុងចំណោមមន្រ្តីមូលដ្ឋាន ១.៩០០នាក់ ដែលបានទទួលការអភិវឌ្ឍសមត្ថភាពដែលគាំទ្រដោយយូនីសេហ្វ អំពីរបៀបធ្វើការងារ​ជាមួយយុវជន និង​តួនាទីរបស់​អ្នកតំណាងយុវជន​នៅក្នុងការរៀបចំផែនការ និងថវិកាឃុំ/សង្កាត់។ វគ្គបណ្ដុះបណ្ដាលនានា​ក៏មានបំណងធ្វើឱ្យមាន​ការផ្លាស់ប្ដូរផ្នត់គំនិត ដើម្បីឱ្យអាជ្ញាធរយល់អំពី​សិទ្ធិរបស់យុវជន​ក្នុងការចូលរួម​ និងទទួលបាន​ការស្ដាប់មតិយោបល់របស់ពួកគេផងដែរ។

លោកស្រី ម៉ារីយ៉ាថ្លែងថា “វាពិតជាចំាំបាច់ និងសំខាន់ខ្លាំងណាស់។ ទស្សនៈយល់ឃើញរបស់ពួកគេ​ គឺជាទស្សនៈយល់ឃើញថ្មីៗ និងទំនើប។ ជាការពិត មនុស្សមួយចំនួនគិតថា ដោយសារយុវជន​នៅក្មេង គំនិតរបស់ពួកគេ គឺ “រាក់” ឬ “នៅក្មេងខ្ចី” ឬ​បញ្ហានោះមិនសំខាន់។ ប៉ុន្តែសំឡេងរបស់ពួកគេ​មានសារសំខាន់ ដោយសារ​ពួកគេជួបប្រទះនឹងបញ្ហានោះដោយផ្ទាល់។”

© UNICEF Cambodia/2026/Antoine Raab
UNICEF Cambodia/2026/Antoine Raab ហ្គិចបានចូលរួមនៅក្នុងកិច្ចសន្ទនារវាងយុវជន និងអភិបាលក្រុង ជាមួយនឹងមន្រ្តីថ្នាក់ក្រុង រួមទាំងអភិបាលរងក្រុង

ឧទាហរណ៍ នាងព្រួយបារម្ភថា អាចមិនមានការលើកឡើងអំពី ហានិភ័យធ្ងន់ធ្ងរជាច្រើន​ក្នុងចំណោមហានិភ័យធ្ងន់ធ្ងរនានា ដែលមានឥទ្ធិពលលើ​យុវជន រួមមាន អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងអំពើហិង្សា ដោយសារ​អ្នកធ្វើសេចក្ដីសម្រេច​ចិត្តមិនសូវសកម្មនៅតាមប្រព័ន្ធអនឡាញដូចយុវជនឡើយ។

“ពួកគេ​អាចដឹងរឿងរាវនានា ដែលយើងមិនអាចមើលឃើញ​នៅក្នុងមូលដ្ឋានជាក់ស្ដែង ពោលគឺ រឿងរាវនានា ដែលយើងមើលឃើញតែនៅលើបណ្ដាញទំនាក់ទំនងសង្គមប៉ុណ្ណោះ។”

ប៉ុន្តែហ្គិច​ទទួលបាន​ការលើកទឹកចិត្តពី​ការផ្លាស់ប្ដូរផ្នត់គំនិត ដែលនាង​ធ្លាប់បានមើលឃើញចំពោះ​យុវជន។

នាងថ្លែងថា “នៅក្នុងសង្កាត់សាលាកំរើក រឿងមួយដែលពួកគេផ្ដល់តម្លៃបំផុត គឺយុវជន ជាពិសេស លោកចៅសង្កាត់។ ចំពោះគ្រប់បញ្ហា​ ដែលយើងបានពិភាក្សារួមគ្នានៅក្នុងសហគមន៍ គាត់តែងតែ​ចំណាយពេល​គិតគូរអំពីពួកគេ និងឆ្លើយតបចំពោះពួកយើង។”

នាងក៏មើលឃើញ​ការផ្លាស់ប្ដូរវិជ្ជមានបន្ថែមទៀត​នៅក្នុងឥរិយាបថ​របស់អាជ្ញាធរចំពោះ​ក្រុមភាគតិចផងដែរ។

នាងថ្លែងថា “ធៀបនឹងពីមុន វាមានភាពខុសគ្នា។ នៅពេលនេះ ខ្ញុំមានអារម្មណ៍ថា រដ្ឋាភិបាល​​យកចិត្តទុកដាក់ខ្លាំង​ចំពោះបរិយាបន្នសង្គម។ វាមិនត្រឹមតែយើង ​ពោលគឺ សហគមន៍​អ្នកស្រឡាញ់ភេទដូចគ្នាប៉ុណ្ណោះឡើយ ប៉ុន្តែជនមានពិការភាព ឬអ្នកផ្សេងទៀត​ក៏ទទួលបាន​ឱកាស​ក្នុងការចូលរួម​ផងដែរ​។ ពីថ្នាក់ក្រោមរហូតទៅដល់ថ្នាក់លើ នៅពេលដែលមានការចូលរួមពីសំឡេងរបស់យើង ពួកគេសប្បាយចិត្ត។ ជាពិសេស នៅក្នុងអំឡុងពេល​កិច្ចប្រជុំ ឬវេទិកានានា ពួកគេធ្វើឱ្យប្រាកដថាមានបរិយាបន្ន​សង្គម​។ មិនថា​មានរឿងអ្វីក៏ដោយ ត្រូវតែមានអ្នកតំណាងម្នាក់ដើម្បីចូលរួម។”

លោកស្រី ម៉ារីយ៉ាបន្ថែមថា “នៅពេលនាងចូលរួម អ្នកគ្រប់គ្នាមើលឃើញសមត្ថភាពរបស់នាង​។ លែងមានការប្រើប្រាស់ពាក្យពេជន៍ចាស់បែបប្រមាថមើលងាយទៀតហើយ។ នៅពេលនេះ គ្មានអ្នកណាម្នាក់ហ៊ាន​រើសអើងពួកគេឡើយ។”

ហ្គិចក៏បានចូលរួម​នៅក្នុង​គំនិតផ្ដួចផ្ដើមសាកល្បងរបស់យូនីសេហ្វ​ ដែលផ្ដល់ឱកាសដល់យុវជន​ក្នុងការនាំយក​កង្វល់របស់ពួកគេ​ទៅកាន់​រដ្ឋបាលក្រុងស្រុកខណ្ឌដោយផ្ទាល់ ដែលជាកម្រិតរដ្ឋបាល​នៅលើ​កម្រិតរដ្ឋបាលឃុំសង្កាត់។ ចាប់ពីឆ្នាំ២០២៥មក​​ កិច្ចសន្ទនារវាងយុវជន និងអភិបាលក្រុងស្រុកខណ្ឌ​ដែលគាំទ្រដោយយូនីសេហ្វចំនួន ៣០លើក​បានកើតឡើងនៅខេត្តរតនគីរី សៀមរាប និងព្រះវិហារ ដោយមានការចូលរួម​របស់​អ្នកតំណាងយុវជន​ចំនួន ៥៣៤នាក់ពី ២០១ឃុំសង្កាត់ ដើម្បីចូលរួម​ជាមួយអភិបាល និងមន្រ្តីក្រុងស្រុកខណ្ឌ។ នេះជាលើកដំបូង ដែល​មានការបង្កើតវេទិកាបែបនេះនៅកម្ពុជា។

នាងថ្លែងថា“ខ្ញុំ​មានភាពភ័យខ្លាចបន្តិច ប៉ុន្តែ​នៅពេលខ្ញុំកាន់មីក្រូហ្វូន ខ្ញុំ​ដកដង្ហើម និងនិយាយតាមការនឹកឃើញ”។ បញ្ហាដែលនាងជ្រើសរើស​យក​បង្ហាញជូនដល់​ក្រុង គឺ ការកកស្ទះប្រព័ន្ធលូ សំរាម ផ្លូវងងឹត ដែលនាងទទួលបានពី​ការងារជាបន្តបន្ទាប់របស់នាងជាមួយ ​គ.ក.ន.ក។

នាងថ្លែងថា​ នាងទទួលបាន​ការលើកទឹកចិត្តពី​យោបល់ត្រលប់របស់មន្រ្តីក្រុង។ “ខ្ញុំមានអារម្មណ៍ថា សំឡេង និងការខិតខំប្រឹងប្រែងរបស់យើង​មិនត្រូវបានទុកចោលឡើយ។ វាមានន័យថា ការខិតខំប្រឹងប្រែងរបស់យើង​មិនអត់ប្រយោជន៍ឡើយ។ វាមិនមែនដូចជាយើងគ្រាន់តែទៅទីនោះដើម្បីនិយាយឱ្យតែបាននិយាយប៉ុណ្ណោះឡើយ ពួកគេតែងតែស្ដាប់ និងយកចិត្តទុកដាក់។”

“ការចូលរួម​របស់របស់យុវជន​មានសារសំខាន់ខ្លាំងណាស់ ដើម្បីឱ្យយើង​ដឹងអំពីតម្រូវការរបស់ពួកគេ និងឆ្លើយតបបាន” នេះជាសម្ដីរបស់លោក ឌឿន រដ្ឋា អភិបាលរងក្រុងសៀមរាប ដែល​ជាសមាជិកម្នាក់ក្នុងក្រុមពិភាក្សា​នៅក្នុងអំឡុងពេលកិច្ចសន្ទនានេះ។ “ប្រសិនបើ​ពួកគេមិនចូលរួម ពួកគេមិនយល់អំពី​របៀបធ្វើការងាររបស់​ស្ថាប័នរដ្ឋាភិបាលឡើយ។ ប្រសិនបើពួកគេចូលរួមជាមួយយើង​នៅក្នុងការកសាងផែនការ ពួកគេដឹងអំពីអ្វី ដែលក្រុងមានបំណងធ្វើ​នៅក្នុងរយៈពេល ៥ ឬ ១០ឆ្នាំខាងមុខ​។ យើង គឺជាមនុស្សចាស់។ យើងមិនតែងតែ​ដឹងអំពីអ្វីដែលយុវជនចង់បានឡើយ។ ប្រសិនបើពួកគេលើកឡើងអំពី​កង្វល់របស់ពួកគេ យើងអាចជួយបាន។”

ការចូលរួមរបស់យុវជន គឺជាការវិនិយោគ​លើអនាគតរបស់ប្រទេស លោកថ្លែងថា “យើងទាំងអស់គ្នាសុទ្ធតែជឿថា យុវជន គឺជាទំពាំង។ ដើម្បីឱ្យទំពាំងខ្លាំង យើងត្រូវតែជ្រោមជ្រែងពួកគេ នៅពេលដែលពួកគេនៅតូច។”

នៅវ័យ ២៧ឆ្នាំ ហ្គិច​ដឹងថា មនុស្សជំនាន់ថ្មីកំពុងត្រៀមខ្លួនរួចរាល់​ក្នុងការទទួលយកការងារ ដែលនាងបានចាប់ផ្ដើម៖ ការធ្វើការផ្លាស់ប្ដូរផ្នត់គំនិត ការជម្នះ​ភាពមាក់ងាយ និង​ការបង្កើតមូលដ្ឋានគ្រឹះ​សម្រាប់យុវជនគ្រប់រូប​មកពីគ្រប់សាវតារ ក្រុមភាគតិច និងសហគមន៍ ដើម្បីចូលរួមប្រកបដោយអត្ថន័យ​នៅក្នុងសេចក្ដីសម្រេចដែលមានឥទ្ធិពលលើជីវិតរបស់ពួកគេ ស្វែងរកមតិគាំទ្រលើបញ្ហានានាដែលមានសារសំខាន់ចំពោះពួកគេ និងកសាងសហគមន៍ដែលកាន់តែមានបរិយាបន្ន។

“សូមកុំខ្លាច” នេះជាសម្ដីរបស់នាង។ “កុំខ្លាច និងកុំស្ទាក់ស្ទើរ​ចំពោះអ្វី ដែលចង់ធ្វើ និងចង់សម្រេចបាន។”

© UNICEF Cambodia/2026/Antoine Raab
UNICEF Cambodia/2026/Antoine Raab លោកស្រី ប៉ាត ម៉ារីយ៉ាមានអាយុ ៣២ឆ្នាំ ជាសមាជិក គ.ក.ន.ក នៅសង្កាតសាលាកំរើក និងបានទទួលការបណ្ដុះបណ្ដាលដែលគាំទ្រដោយយូនីសេហ្វ ដើម្បីយល់កាន់តែច្បាស់អំពីសិទ្ធិរបស់យុវជនក្នុងការចូលរួមនៅក្នុងអភិបាលកិច្ចមូលដ្ឋាន និងរបៀបធ្វើការងាររួមគ្នា ដើម្បីដោះស្រាយអាទិភាពរបស់យុវជន
© UNICEF Cambodia/2026/Antoine Raab
UNICEF Cambodia/2026/Antoine Raab លោក ឌឿន រដ្ឋា អភិបាលរងក្រុងសៀមរាប លើកទឹកចិត្តឱ្យយុវជនចាប់យកឱកាសដើម្បីចូលរួមនៅក្នុងរដ្ឋបាលមូលដ្ឋាន

សង្កាត់ គឺជា​កម្រិតរដ្ឋបាល​នៅកម្ពុជា ដែលស្មើនឹងឃុំ