កម្ពុជាដាក់ឱ្យដំណើរការកម្មវិធីរួម WISE ដើម្បីពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងថាមពលកកើតឡើងវិញដែលធន់នឹងអាកាសធាតុ
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ – ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមមាន យូនីសេហ្វ (UNICEF) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីរួមស្តីពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពលឆ្លាតវៃ (WISE) ដែលជាកម្មវិធីហិរញ្ញប្បទានចម្រុះដ៏លេចធ្លោមួយ ដើម្បីពន្លឿនការទទួលបានសេវាទឹកស្អាតដែលមានសុវត្ថិភាព និងធន់នឹងអាកាសធាតុនៅទូទាំងប្រទេសកម្ពុជា។
ក្រោមការផ្តល់ហិរញ្ញប្បទានពីមូលនិធិរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ កម្មវិធី WISE បង្ហាញគំរូហិរញ្ញប្បទានឈានមុខមួយ ដែលរួមបញ្ចូលមូលធនពាណិជ្ជកម្ម និងមូលធនមានការប្រាក់ទាប ជាយន្តការហិរញ្ញប្បទានចម្រុះវិលជុំ ផ្តោតលើការធានាឱ្យមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតឆ្លាតវៃដែលធន់នឹងអាកាសធាតុ។
តាមរយៈការរួមបញ្ចូលកច្ចីសម្បទាន និងកម្ចីពាណិជ្ជកម្ម យន្តការនេះជួយកាត់បន្ថយថ្លៃដើមនៃកម្ចី សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ទាំងប្រតិបត្តិករទឹកស្អាតឯកជន ស្ថាប័នហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា។ ជំនួយនេះមានសារសំខាន់ណាស់ ដោយសារកុមារកម្ពុជាប្រមាណ ១,៩ លាននាក់ (ជាងមួយភាគបីនៃកុមារកម្ពុជា) កំពុងរស់នៅក្នុងឃុំដែលប្រឈមនឹងហានិភ័យអាកាសធាតុខ្ពស់ រួមទាំងគ្រោះរាំងស្ងួត និងទឹកជំនន់ញឹកញាប់ ព្រមទាំងសេវាទឹកស្អាត និងអនាម័យ នៅមានកម្រិតនៅឡើយ[1]។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ប្រតិបត្តិករទឹកស្អាតឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា ប្រតិបត្តិករទាំងនោះនៅបន្តមានបញ្ហាប្រឈម ក្នុងការទទួលបានហិរញ្ញប្បទានដែលមានតម្លៃសមរម្យ សម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរមកប្រើប្រាស់ថាមពលកកើតឡើងវិញ។ កម្មវិធី WISE គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិរបស់យើង ដើម្បីធ្វើទំនើបកម្មវិស័យទឹកស្អាត ពង្រីកការទទួលបានទឹកស្អាត និងជំរុញការប្តេជ្ញាចិត្តរបស់យើងលើបញ្ហាអាកាសធាតុ។ តាមរយៈការនាំយកនវានុវត្តន៍ ការវិនិយោគ និងចីរភាពរយៈពេលវែងដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់កម្ពុជា ភាពជាដៃគូជាមួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានេះ រំពឹងថានឹងជួយធ្វើឱ្យប្រសើរឡើងនូវសេវាកម្មផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋជាង ២០០.០០០ នាក់នៅទូទាំងប្រទេស។”
លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា៖ “ការទទួលបានសេវាទឹកស្អាតដែលធន់នឹងអាកាសធាតុ គឺជារឿងចាំបាច់សម្រាប់សុខុមាលភាពគ្រួសារ ព្រមទាំងសុខភាព និងការសិក្សារបស់កុមារ។ តាមរយៈកម្មវិធី WISE នេះ កម្ពុជាកំពុងចាត់វិធានការយ៉ាងមុតមាំ ដើម្បីធានាថាកុមារ និងក្រុមគ្រួសារ ជាពិសេសអ្នកដែលនៅតំបន់ឆ្ងាយ ទទួលបានអត្ថប្រយោជន៍ពីទឹកស្អាតដែលមានថ្លៃសមរម្យ និងមានចីរភាព ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា តាមរយៈយូនីសេហ្វ និង UNCDF រីករាយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដៃគូរបស់យើង ដើម្បីត្រួសត្រាយផ្លូវសម្រាប់ហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ដែលជួយពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងពង្រឹងភាពធន់របស់សហគមន៍នៅទូទាំងប្រទេស។”
កម្មវិធីនេះគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (ទឹកស្អាត និងអនាម័យ) និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣ (សកម្មភាពអាកាសធាតុ) តាមរយៈការកៀរគរការវិនិយោគឯកជនលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដើរដោយថាមពលកកើតឡើងវិញ ជាពិសេសការបូមទឹកដោយថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាគ្រប់គ្រងទឹកស្អាតបែបឌីជីថល។
កម្មវិធី WISE នឹងដំណើរការក្រោមគណៈកម្មការដឹកនាំថ្នាក់ជាតិ ដើម្បីធានាបាននូវភាពជាអ្នកដឹកនាំដ៏រឹងមាំដោយរាជរដ្ឋាភិបាល និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (NDC) ។
###
[1] Children’s Climate Risk Index for Cambodia, 2021.
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អំពីមូលនិធិរួមសម្រាប់ SDG (Joint SDG Fund)
រាល់កម្មវិធីរួមទាំងអស់របស់មូលនិធិរួមសម្រាប់ SDG ត្រូវបានដឹកនាំដោយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេស និងអនុវត្តដោយទីភ្នាក់ងារ មូលនិធិ និងកម្មវិធីនានានៃប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលនៃប្រទេសបែលហ្ស៊ិក ដាណឺម៉ាក អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី លុចសំបួ ម៉ូណាកូ ហូឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ សាធារណរដ្ឋកូរ៉េ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អេស្ប៉ាញ ស៊ុយអែត និងស្វីស សម្រាប់ចលនាផ្លាស់ប្តូរឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ត្រឹមឆ្នាំ២០៣០។
អំពីយូនីសេហ្វ (UNICEF)
អង្គការយូនីសេហ្វ បំពេញការងារនៅតាមតំបន់ដែលជួបការលំបាកបំផុតមួយចំនួននៅលើពិភពលោក ដើម្បីជួយដល់កុមារដែលងាយរងគ្រោះបំផុត។ ឆ្លងកាត់ជាង ១៩០ ប្រទេស និងដែនដី យើងធ្វើការសម្រាប់កុមារគ្រប់រូប នៅគ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកដ៏ប្រសើរមួយសម្រាប់មនុស្សគ្រប់គ្នា។
សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់ខ្លួននៅកម្ពុជា សូមចូលទៅកាន់គេហទំព័រ៖ www.unicef.org.kh
តាមដានអង្គការយូនីសេហ្វប្រចាំកម្ពុជា តាមរយៈ Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok
អំពី UNCDF
មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) កៀរគរ និងជំរុញការកើនឡើងនៃលំហូរទុនសម្រាប់ការវិនិយោគដែលមានឥទ្ធិពល នៅក្នុងទីផ្សារដែលមានហានិភ័យខ្ពស់ ជាពិសេសនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDCs) រដ្ឋកោះតូចៗដែលកំពុងអភិវឌ្ឍន៍ (SIDS) និងបណ្តាប្រទេសដែលមានស្ថានភាពពិសេស។ តាមរយៈការកៀរគរទុនបន្ថែម ដោយប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុសម្រាប់ស្រូបយកហានិភ័យ យន្តការនានា និងការផ្តល់ប្រឹក្សាលើរចនាសម្ព័ន្ធហិរញ្ញវត្ថុ UNCDF រួមចំណែកដល់ការបង្កើតការងារ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងវិបុលភាពដោយសមធម៌ នៅក្នុងប្រទេសជាង ៧០។ ស្វែងយល់បន្ថែមនៅ uncdf.org ឬតាមដាន @UNCDF ។