យុវជនកម្ពុជាជួបជុំគ្នាដើម្បីជំរុញភាពធន់នឹងអាកាសធាតុ និងពង្រឹងសកម្មភាពអាកាសធាតុថ្នាក់ជាតិនៅក្នុងសន្និសីទ LCOY ឆ្នាំ ២០២៦
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៦ – អ្នកដឹកនាំសកម្មភាពអាកាសធាតុវ័យក្មេង មន្ត្រីរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ចំនួនជាង ២០០ នាក់ បានជួបជុំគ្នាកាលពីចុងសប្តាហ៍កន្លងទៅនៅឯសន្និសីទយុវជនកម្ពុជា ឆ្នាំ ២០២៦ (LCOY) ក្រោមប្រធានបទ “យុវជនជំរុញភាពធន់នឹងអាកាសធាតុសម្រាប់អនាគតប្រកបដោយចីរភាព” ។ សន្និសីទនេះមានគោលដៅពង្រឹងការចូលរួមរបស់យុវជនប្រកបដោយអត្ថន័យនៅក្នុងរបៀបវារៈអាកាសធាតុរបស់កម្ពុជា គាំទ្រការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) និងបង្កើនសំឡេងរបស់យុវជននៅក្នុងសកម្មភាពអាកាសធាតុថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់សកល ។
LCOY គឺជាផ្នែកមួយនៃចលនាសន្និសីទយុវជនក្នុងស្រុកសកល ដែលសម្របសម្រួលដោយ YOUNGO ដែលជាក្រុមយុវជនផ្លូវការនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ។ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន យូនីសេហ្វ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងកិច្ចខិតខំប្រឹងប្រែងអនុវត្តពីសំណាក់ក្រុមប្រឹក្សាយុវជនដើម្បីសកម្មភាពអាកាសធាតុ សន្និសីទនេះផ្តល់ជាវេទិកាជាតិមួយសម្រាប់យុវជនកម្ពុជាដើម្បីចែករំលែកទស្សនៈរបស់ពួកគេ លើកឡើងនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពអាកាសធាតុ ។
ដោយបន្តពីសន្និសីទ LCOY ពីមុនមក LCOY 2026 ផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតលើ
អនុសាសន៍គោលនយោបាយដឹកនាំដោយយុវជន លទ្ធផលប្រកបដោយនវានុវត្តន៍ និងការភ្ជាប់បញ្ហាប្រឈមផ្នែកអាកាសធាតុក្នុងស្រុកជាមួយដំណើរការអាកាសធាតុថ្នាក់ជាតិ និងអន្តរជាតិ ។ សន្និសីទនេះត្រូវបានរៀបចំឡើងដើម្បីផ្លាស់ប្តូរពីកិច្ចសន្ទនាទៅជាអនុសាសន៍ និងសកម្មភាពជាក់ស្តែង ក្នុងពេលជាមួយគ្នានោះផ្តល់ជាវេទិកាមួយសម្រាប់យុវជនដើម្បីបង្ហាញពីគំនិតផ្តួចផ្តើមររបស់ពួកគេក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកអាកាសធាតុ និងបរិស្ថាន ។
សន្និសីទនេះបានប្រមូលផ្តុំទស្សនៈរបស់យុវជនទាក់ទងនឹងប្រធានបទចំនួនប្រាំមួយ ដែលរួមមាន ៖ អភិបាលកិច្ចអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ការអប់រំស្តីពីការផ្តល់ភាពអង់អាចដល់យុវជន សកម្មភាពអាកាសធាតុ និងការបន្ស៊ាំ អន្តរកាលថាមពលប្រកបដោយចីរភាព សុខភាព និងទឹកស្អាត និងអនាម័យ ការការពារនិងការអភិរក្សជីវៈចម្រុះ រួមទាំងអេកូទេសចរណ៍ ព្រមទាំងសន្តិសុខសេដ្ឋកិច្ច និងភាពធន់ចំពោះអាកាសធាតុ ។ តាមរយៈការពិភាក្សាអំពីប្រធានបទពាក់ព័ន្ធ និងវគ្គបំបែកក្រុម អ្នកចូលរួមនឹងពិនិត្យមើលអាទិភាពអាកាសធាតុ និងផ្តល់ជាគំនិត និងអនុសាសន៍គោលនយោបាយដែលនឹងរួមចំណែកដល់សេចក្តីថ្លែងការណ៍របស់យុវជនជាតិ ។
សេចក្តីថ្លែងការណ៍របស់យុវជនថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើអាទិភាពដែលបានលើកឡើងដោយយុវជនកម្ពុជាតាមរយៈដំណើរការ LCOY ពីមុនមក ។ នៅក្នុងសន្និសីទ LCOY 2025 យុវជនបានអំពាវនាវឱ្យមានការពន្លឿនសកម្មភាពអាកាសធាតុ និងការចូលរួមរបស់យុវជនឱ្យកាន់តែច្រើនថែមទៀតនៅក្នុងគោលនយោបាយអាកាសធាតុ ដោយរំលេចអាទិភាពនានា រួមទាំងកសិកម្មដែលមានភាពធន់នឹងអាកាសធាតុ, ការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយ, ការអប់រំ, ថាមពលស្អាត, សុខភាព និងទឹកស្អាត និងអនាម័យ ក្នុងពេលជាមួយគ្នានោះសង្កត់ធ្ងន់លើសារៈសំខាន់នៃសកម្មភាពអាកាសធាតុប្រកបដោយបរិយាបន្ន ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ក្រុមងាយរងគ្រោះ ។
លោកជំទាវ ឃឹមភុន កេសរ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា “ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន កម្ពុជាបានជំរុញការអភិវឌ្ឍ និងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិសំខាន់ៗនានា ដូចជា យុទ្ធសាស្ត្រចក្រាស្តីពីបរិស្ថាន ឆ្នាំ ២០២៣-២០២៨ ផែនការយុទ្ធសាស្ត្រស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទីពីរ ឆ្នាំ ២០២៤-២០៣៣ ការរួមចំណែកថ្នាក់ជាតិលើកទីបីរបស់កម្ពុជា (NDC 3.0) និងយុទ្ធសាស្ត្រការទូតបរិស្ថាន ឆ្នាំ ២០២៦-២០៣០” ។
ក្រសួងបរិស្ថានបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់សន្និសីទយុវជនកម្ពុជា (LCOY) ជាវេទិកាមួយសម្រាប់ជំរុញការចូលរួមរបស់យុវជននៅក្នុងសកម្មភាពអាកាសធាតុនៅកម្ពុជា ។ ផ្អែកលើទស្សនវិស័យនេះ លោកជំទាវបានកត់សម្គាល់ថា ក្រសួងបរិស្ថានបានគាំទ្រការរៀបចំសន្និសីទ LCOY ជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ហើយនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការចូលរួមប្រកបដោយអត្ថន័យរបស់យុវជននៅក្នុងសកម្មភាពអាកាសធាតុ និងគំនិតផ្តួចផ្តើមបរិស្ថាន ស្របតាមអាទិភាពជាតិ និងក្របខ័ណ្ឌគោលនយោបាយ
ស្តីពីការប្រែប្រួលអាកាសធាតុ ។
ក្នុងនាមក្រសួងបរិស្ថាន លោកជំទាវបានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា សន្និសីទយុវជនកម្ពុជាលើកទី៤ (LCOY) នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់យុវជនកម្ពុជា ព្រមទាំងបង្កើនតួនាទីប្រកបដោយអត្ថន័យរបស់ពួកគេនៅក្នុងសកម្មភាពអាកាសធាតុ ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ សន្និសីទនេះក៏នឹងជំរុញផងដែរនូវកិច្ចសន្ទនា និងការពិភាក្សាគោលនយោបាយស្តីពីការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ទាំងនៅថ្នាក់ជាតិ និងថ្នាក់សកលលោក” ។
លោក ស៊ីហ្វា អាម៉េដ អ្នកជំនាញកម្មវិធីបរិស្ថាននៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងពីវឌ្ឍនភាពដែលបានធ្វើឡើងចាប់តាំងពី LCOY កម្ពុជា លើកទីមួយនៅក្នុងឆ្នាំ ២០២៣ ៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានឃើញថា សន្និសីទនេះបានផ្លាស់ប្តូរពីការជួបជុំតូចមួយនៃអ្នកដឹកនាំផ្នែកអាកាសធាតុ ទៅជាវេទិកាសំខាន់មួយសម្រាប់យុវជនទាំងអស់ដើម្បីរៀនសូត្រអំពីវិទ្យាសាស្ត្រ និងគោលនយោបាយនៃការប្រែប្រួលអាកាសធាតុ, បញ្ចេញទស្សនៈរបស់ពួកគេ, ដាក់ចេញនូវដំណោះស្រាយ និងចូលរួមចំណែកដល់ការធ្វើសេចក្តីសម្រេចចិត្តថ្នាក់ជាតិទាក់ទងនឹងអាកាសធាតុ ក៏ដូចជាមាគ៌ាមួយដែលមានលក្ខណៈជាប្រព័ន្ធច្រើនជាងមុនដើម្បីតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងអភិបាលកិច្ចអាកាសធាតុថ្នាក់តំបន់ និងសកលលោក ។ អង្គការ UNDP មានមោទនភាពដោយបានធ្វើជាដៃគូសហការជាមួយយុវជន និងដៃគូរបស់យើង ក្នុងការរៀបចំសន្និសីទនេះឡើង និងគាំទ្រយុវជនដើម្បីដឹកនាំសកម្មភាពអាកាសធាតុនាពេលអនាគតនៅក្នុងប្រទេសកម្ពុជា” ។
សម្រាប់យូនីសេហ្វ សកម្មភាពអាកាសធាតុគឺអំពីការការពារសិទ្ធិកុមារ និងធានាថាកុមារគ្រប់រូប អាចលូតលាស់នៅក្នុងបរិស្ថានដែលមានសុវត្ថិភាព ផាសុកភាព និងប្រកបដោយនិរន្តរភាព ។ ការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ដល់កុមារក្នុងការទទួលបានទឹកស្អាត និងអនាម័យ សុខភាព ការអប់រំ និងសេវាសារវន្តផ្សេងៗទៀត ខណៈដែលកុមារ និងយុវជនដែលងាយរងគ្រោះបំផុត អាចប្រឈមមុខនឹងហានិភ័យកាន់តែច្រើនថែមទៀត ។
លោកបណ្ឌិត អានៀរបាន ឆាតឺរជី នាយករងរបស់យូនីសេហ្វនៅកម្ពុជា បានមានប្រសាសន៍ថា “យុវជនត្រូវតែជាអ្នកចូលរួមយ៉ាងសកម្មក្នុងការដឹកនាំសកម្មភាពអាកាសធាតុ ។ ការចូលរួមប្រកបដោយអត្ថន័យមានន័យថា ការស្តាប់សំឡេងរបស់យុវជន ការយកចិត្តទុកដាក់ចំពោះអនុសាសន៍របស់ពួកគេ និងការធ្វើការជាមួយពួកគេដើម្បីប្រែក្លាយអនុសាសន៍ទាំងនោះទៅជាសកម្មភាពជាក់ស្តែង ។ យូនីសេហ្វ មានមោទនភាពក្នុងការគាំទ្រដំណើរការនេះ និងឈរជាមួយយុវជន ខណៈដែលពួកគេរួមចំណែកក្នុងការកសាងភាពធន់ចំពោះអាកាសធាតុកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា” ។
ព្រឹត្តិការណ៍នេះក៏មានការតាំងពិព័រណ៍ផងដែរ ដែលបង្ហាញពីគំនិតផ្តួចផ្តើមអាកាសធាតុដែលដឹកនាំដោយយុវជន រួមជាមួយបទបង្ហាញទាក់ទងនឹងគោលនយោបាយ កិច្ចសន្ទនាអន្តរជំនាន់ និងវគ្គពិភាក្សាអំពីប្រធានបទពាក់ព័ន្ធនានា ដែលផ្តល់ឱកាសឱ្យយុវជនដើម្បីផ្លាស់ប្តូរបទពិសោធន៍ កសាងភាពជាដៃគូ និងបង្កើតដំណោះស្រាយជាក់ស្តែង ។
អ្នកចូលរួមបានពិនិត្យឡើងវិញ ព្រមទាំងដាក់បញ្ចូលគ្នានូវសេចក្តីថ្លែងការណ៍របស់យុវជនកម្ពុជាស្តីពីសកម្មភាពអាកាសធាតុ ដោយមានរំលេចអាទិភាព និងអនុសាសន៍ដែលបានមកពីសន្និសីទនេះ ។ សេចក្តីថ្លែងការណ៍នេះនឹងត្រូវដាក់ជូនក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធនានា ក្នុងគោលបំណងដើម្បីដាក់បញ្ចូលអនុសាសន៍របស់យុវជនទៅក្នុងការពិភាក្សាអំពីអាកាសធាតុនៅថ្នាក់ជាតិ និងដំណើរការអនុវត្តនានា ។ សេចក្តីថ្លែងការណ៍នេះក៏នឹងគាំទ្រផងដែរដល់ការចូលរួមរបស់យុវជនកម្ពុជានៅក្នុងដំណើរការអាកាសធាតុថ្នាក់តំបន់ និងថ្នាក់សកលលោក រួមទាំង សន្និសីទយុវជន (COY21) និងសន្និសីទភាគីស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP31) នៅទីក្រុងអាន់តាលីយ៉ា (Antalya) ប្រទេសតួគី ។
កញ្ញា អ៊ុត ច័ន្ទតារាពេជ្រ នាយិកាប្រតិបត្តិនៃក្រុមប្រឹក្សាយុវជនស្តីពីការប្រែប្រួលអាកាសធាតុ បានមានប្រសាសន៍ថា “វិធីដ៏ល្អបំផុតដើម្បីព្យាករអនាគត គឺត្រូវបង្កើតអនាគតនោះ ។ LCOY ខេមបូឌា បានក្លាយជាវេទិកាដ៏សំខាន់មួយដែលយុវជន ជួបជុំគ្នាជារៀងរាល់ឆ្នាំដើម្បីរៀនសូត្រ សហការ និងរួមចំណែកជាគំនិតរបស់ពួកគេចំពោះសកម្មភាពអាកាសធាតុរបស់ប្រទេសកម្ពុជា ។ យើងសង្ឃឹមថា វេទិកានេះនឹងបន្តរីកចម្រើន ដោយធានាថា សំឡេងរបស់យុវជននៅតែជាផ្នែកចម្បងមួយនៃកិច្ចសន្ទនាអំពីអាកាសធាតុ និងការធ្វើការសម្រេចចិត្តទាំងនៅថ្នាក់ជាតិ និងថ្នាក់សកលលោក” ។
LCOY ខេមបូឌា ២០២៦ មានគោលបំណងពង្រឹងសមត្ថភាព សំឡេង និងការចូលរួមដ៏មានអត្ថន័យរបស់យុវជននៅក្នុងសកម្មភាពអាកាសធាតុ ទន្ទឹងគ្នានោះពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀតរវាងគំនិតផ្តួចផ្តើមដឹកនាំដែលដោយយុវជន គោលនយោបាយជាតិស្តីពីអាកាសធាតុ និងដំណើរការអាកាសធាតុសកល ។ តាមរយៈកិច្ចសហការជាបន្តក្នុងចំណោមយុវជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត សន្និសីទនេះមានគោលដៅធានាថា ទស្សនៈរបស់យុវជននឹងរួមចំណែកដល់អនាគតមួយដែលកាន់តែមានភាពធន់នឹងអាកាសធាតុ និងមាននិរន្តរភាពសម្រាប់ប្រទេសកម្ពុជា ។
###
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖
ក្រសួងបរិស្ថាន
- លោក ឡុង សូណា ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថាន
- ទូរសព្ទ ៖ +855 12 256 869
- អ៊ីមែល ៖ [email protected]
អំពី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ប្រចាំនៅប្រទេសកម្ពុជា
UNDP គឺជាបណ្តាញអភិវឌ្ឍន៍សកលរបស់អង្គការសហប្រជាជាតិ ដែលធ្វើការតស៊ូមតិដើម្បីការផ្លាស់ប្តូរ និងផ្សារភ្ជាប់រដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ទៅនឹងចំណេះដឹង បទពិសោធន៍ និងធនធាន ដើម្បីបញ្ចប់អយុត្តិធម៌នៃភាពក្រីក្រ និងវិសមភាព, ពន្លឿនកំណើនប្រកបដោយបរិយាប័ន្ន, ពង្រឹងអភិបាលកិច្ចល្អ និងសន្តិភាព, និងលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិ និងភាពធន់ចំពោះអាកាសធាតុ ។ ដោយមានប្រតិបត្តិការនៅក្នុងប្រទេស និងទឹកដីជាង ១៧០ យើងជួយប្រទេសនានាអនុវត្តដំណោះស្រាយរបស់ពួកគេ ដើម្បីពន្លឿនការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)សម្រាប់ប្រជាជន ភពផែនដី និងវិបុលភាពរបស់ពួកគេ ។ សូមស្វែងរកព័ត៌មានបន្ថែមតាមរយៈ ៖ https://www.undp.org/cambodia or follow us at @UNDPCambodia.
ទំនាក់ទំនង ៖ កញ្ញា អាត់ ឈុនមួយ អ្នកជំនាញផ្នែកទំនាក់ទំនង, UNDP Cambodia តាមរយៈអ៊ីមែន [email protected]
អំពី LCOY
ក្រុមប្រឹក្សាយុវជនដើម្បីសកម្មភាពអាកាសធាតុ (YCCA) គឺជាអង្គការមួយដែលដឹកនាំដោយយុវជន ដែលមានគោលដៅផ្តល់ភាពអង់អាចដល់យុវជន ដើម្បីដឹកនាំសកម្មភាពអាកាសធាតុ, ពង្រឹងចំណេះដឹងអំពីអាកាសធាតុ និងលើកកម្ពស់ការចូលរួមប្រកបដោយអត្ថន័យរបស់យុវជននៅក្នុងគោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ។ តាមរយៈការកសាងសមត្ថភាព ការចូលរួម និងភាពជាដៃគូ, YCCAគឺជាវេទិកាមួយសម្រាប់យុវជនដើម្បីចូលរួមក្នុងកិច្ចសន្ទនាអំពីអាកាសធាតុនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់សកល ដើម្បីប្រទេសកម្ពុជាមួយដែលកាន់តែមានភាពធន់ និងមាននិរន្តរភាព ។
ទំនាក់ទំនង ៖
- កញ្ញា អ៊ុត ច័ន្ទតារាពេជ្រ
- នាយិកាប្រតិបត្តិ YCCA
- ទូរសព្ទ ៖ +855963634260, Email: [email protected]
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
ធនធានបន្ថែម
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.