សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ថាមពលពន្លឺព្រះអាទិត្យជំរុញអាជីពការងារនាពេលអនាគត

ការអប់រំដោយមានការអនុវត្តជាក់ស្តែងស្តីពីថាមពលពន្លឺព្រះអាទិត្យ កំពុងផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញ ក្នុងការដឹកនាំការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកថាមពលកកើតឡើងវិញ ព្រមទាំងផ្លាស់ប្តូរទស្សនៈបែបបទសង្គមអំពីបុគ្គលដែលអាចដឹកនាំសកម្មភាពអាកាសធាតុ

Cristyn Lloyd
Yoso Youth
UNICEF Cambodia/2026/Antoine Raab
20 តុលា 2026

ខេត្តរតនគិរី ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៦ ៖ ក្រោមពន្លឺព្រះអាទិត្យចាំងចែង និងមានធូលីហុយទ្រលោម​លើទឹកដីខេត្តរតនគិរី សិស្សថ្នាក់ទី១១ មួយក្រុម បានចោមរោមជុំវិញខ្សែភ្លើងជំពាក់ជំពិន អាគុយមួយ និងបន្ទះថាមពលពន្លឺព្រះអាទិត្យ​តូចមួយ នៅក្នុងទីធ្លាសាលារៀន​របស់ពួកគេ។ ដោយការធ្វើការរួមគ្នា ពួកគេបានតភ្ជាប់គល់ខ្សែនីមួយៗយ៉ាងយកចិត្តទុកដាក់ ដោយសង្ឃឹមថានឹងឃើញអំពូលភ្លើងមួយភ្លឺឡើង។ 

យុវតី ស្នេត អាយុ ១៥ ឆ្នាំ ដែលមកពីសហគមន៍ជនជាតិដើមភាគតិចចារ៉ាយបាននិយាយថា «វាពិតជាអស្ចារ្យណាស់​។ ឥឡូវនេះ ខ្ញុំដឹងថាអគ្គិសនីអាចបង្កើតចេញពីពន្លឺព្រះអាទិត្យបាន ហើយយើងអាចប្រើប្រាស់វានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ នេះជាលើកទីមួយហើយដែលយើងបានរៀនសូត្រអំពីរឿងនេះ ដូច្នេះវាពិតជាពិសេសខ្លាំងណាស់»។ 

ការក្លាយជាអ្នកបច្ចេកទេស​ថាមពលពន្លឺព្រះអាទិត្យ មិនមែនជាអាជីពការងារដែលសិស្សជនជាតិដើមភាគតិចជាច្រើននៅតំបន់ជនបទនៃខេត្តរតនគិរី ជាពិសេសកុមារីដូចជា​យុវតី ស្នេត ធ្លាប់បានគិតទុកសម្រាប់អនាគតរបស់ពួកគេនោះទេ។ នៅក្នុងតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជានេះ ឱកាសអប់រំមានកម្រិត ព្រមទាំងបទដ្ឋានសង្គម និងយេនឌ័រ នៅតែបន្តរារាំងជម្រើសរបស់យុវជន។ កុមារីជាច្រើនបានបោះបង់ការសិក្សាទាំងវ័យក្មេង និងរៀបការ ដោយនៅក្នុងខេត្តរតនគិរី កុមារីជិតពាក់កណ្តាល​បានរៀបការមុនពេលចូលដល់អាយុ ១៨ ឆ្នាំ ដែលជាអត្រា​រៀបអាពាហ៍ពិពាហ៍វ័យកុមារខ្ពស់ជាងគេនៅក្នុងប្រទេស ​ហើយឪពុកម្តាយជាច្រើនមិនបានមើលឃើញពីតម្លៃនៃការឱ្យកូនៗរបស់ពួកគេបន្តការសិក្សាដល់ថ្នាក់ឧត្តមសិក្សានោះទេ។ 1

Fifteen-year-old Snet, who comes from the indigenous Jarai community, learned about solar power for the first time during her Youth Solar class.
UNICEF Cambodia/2026/Antoine Raab យុវតី ស្នេត អាយុ ១៥ ឆ្នាំ មកពីសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ បានរៀនសូត្រអំពីថាមពលពន្លឺព្រះអាទិត្យជាលើកដំបូង ក្នុងអំឡុងថ្នាក់ «យុវជនសូឡា» (Youth Solar) របស់នាង។
During the Youth Solar session, students get hands on practice connecting a solar panel to a light bulb.
UNICEF Cambodia/2026/Antoine Raab ក្នុងអំឡុងម៉ោងសិក្សាយុវជនសូឡា សិស្សានុសិស្សទទួលបានការអនុវត្តជាក់ស្តែងក្នុងការតភ្ជាប់​បន្ទះថាមពលពន្លឺព្រះអាទិត្យទៅនឹងអំពូលភ្លើង។

លោកគ្រូ ហៀង សុខជា ដែលជាគ្រូបង្រៀនមុខវិជ្ជាព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT)  មានប្រសាសន៍ថា សិស្សរបស់លោកប្រាថ្នាចង់ក្លាយជាអ្នកគណនេយ្យករ ឬធ្វើការនៅធនាគារ។ អ្នកផ្សេងទៀតចង់ក្លាយជាកសិករ។ លោកបានបន្ថែមថា៖ «ពួកគាត់មិនបានដឹងថា រូបគេក៏អាចចាប់យកជំនាញបច្ចេកវិទ្យាបានដែរ នោះទេ»។ 

នេះគឺជាប្រភេទផ្នត់គំនិតដែលវគ្គអនុវត្តជាក់ស្តែងស្តីពីថាមពលពន្លឺព្រះអាទិត្យ ត្រូវបានរៀបចំឡើងដើម្បីផ្លាស់ប្តូរ។ ដោយទទួលបានការគាំទ្រពីយូនីសេហ្វ គំនិតផ្តួចផ្តើមកម្មវិធី យុវជនសូឡា (YOSO) មានគោលបំណងផ្តល់ឱ្យសិស្សានុសិស្ស ជាពិសេសកុមារី នូវឱកាសទទួលបានការងារបៃតងនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន តាមរយៈជំនាញអនុវត្តជាក់ស្តែងក្នុងការដំឡើង និងថែទាំប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យ។ 2 កម្មវិធី YOSO ទទួលស្គាល់ថា ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាបរិស្ថានដ៏បន្ទាន់ និងតម្រូវការកាន់តែ ច្រើនឡើងនៃថាមពលកកើតឡើងវិញ ដែលទាមទារឱ្យមានទាំងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងការចូលរួមរបស់យុវជនក្នុងសកម្មភាពអាកាសធាតុ។ កម្មវិធីនេះជំរុញឱ្យសិស្សានុសិស្សគិតគូរអំពីរបៀបដែលជំនាញទាំងនេះផ្សារភ្ជាប់ទៅនឹងបញ្ហាប្រឈមដែលពួកគេបានជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ និងតួនាទីរបស់ពួកគេក្នុងការគាំទ្រសហគមន៍ឱ្យបន្សាំទៅនឹងផលប៉ះពាល់កាន់តែធំធេងនៃការប្រែប្រួលអាកាសធាតុ។ 

លោកគ្រូ សុខជា ដែលជាអ្នកដឹកនាំវគ្គសិក្សា YOSO នៅសាលារបស់លោក បានមានប្រសាសន៍ថា៖ «ខ្ញុំចង់ឱ្យពួកគាត់យល់ថា ឱកាសមិនមែនមានតែនៅតាមទីក្រុងនោះទេ។ ប្រសិនបើពួកគាត់ប្រើប្រាស់ចំណេះដឹងផ្នែក​ថាមពលពន្លឺព្រះអាទិត្យដើម្បីគាំទ្រសហគមន៍របស់ខ្លួន ឱកាសការងារក៏នឹងត្រូវបង្កើតឡើងផងដែរ»។ 

ខេត្តរតនគិរី គឺជាខេត្តមួយក្នុងចំណោមខេត្តដែលងាយរងគ្រោះបំផុតនៅកម្ពុជា ហើយមានប្រជាជនជាសហគមន៍ជនជាតិដើមភាគតិចរស់នៅយ៉ាងច្រើន។ ភូមិជាច្រើននៅតែមិនទាន់បានតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិនៅឡើយ ហើយខណៈដែលសហគមន៍កាន់តែច្រើនឡើងទទួលបានថាមពល​ព្រះអាទិត្យក្រៅបណ្តាញអគ្គិសនីជាតិ (off-grid solar energy) គ្រួសារ និងសេវាសំខាន់ៗជាច្រើននៅតែពឹងផ្អែកលើអាគុយរថយន្តសាកអគ្គិសនី និងម៉ាស៊ីនភ្លើងដើរដោយប្រេងម៉ាស៊ូត ដែលមានតម្លៃថ្លៃ មិនមានភាពងាយស្រួល និងបង្កការបំពុលបរិស្ថាន។ ជាញឹកញាប់ អាគុយត្រូវដឹកជញ្ជូនក្នុងចម្ងាយឆ្ងាយ គ្រាន់តែដើម្បីយកទៅសាកភ្លើងប៉ុណ្ណោះ។ 

The students learn the fundamentals of climate change and renewable energy in the classroom before moving on to technical skills.
UNICEF Cambodia/2026/Antoine Raab សិស្សានុសិស្សរៀន​ពីមូលដ្ឋានគ្រឹះនៃការប្រែប្រួលអាកាសធាតុ និងថាមពលកកើតឡើងវិញនៅក្នុងថ្នាក់រៀន មុនពេលឈានទៅរៀនជំនាញបច្ចេកទេស។

ខេត្តនេះក៏ជាខេត្តមួយក្នុងចំណោមខេត្តដែលងាយរងគ្រោះជាងគេដោយសារការប្រែប្រួលអាកាសធាតុ៖ ៨៩ ភាគរយនៃកុមារនៅខេត្តរតនគិរី ដែលស្មើនឹងប្រមាណ ៨០.០០០ នាក់ គឺងាយរងគ្រោះខ្លាំងបំផុតចំពោះផលប៉ះពាល់អាកាសធាតុ និងគ្រោះថ្នាក់បរិស្ថាន ដោយសារតែពួកគេខ្វះខាតការទទួលបានសេវាសំខាន់ៗដើម្បីទប់ទល់។ នេះបើយោងតាមសូចនាករហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជា (CCRI) របស់​យូនីសេហ្វ​។ 

កម្មវិធី YOSO ជួយឱ្យសិស្សានុសិស្សយល់ថា ការប្រែប្រួលអាកាសធាតុ មិនមែនជាគំនិតអរូបីនោះទេ ប៉ុន្តែវាជាការពិតជាក់ស្តែងប្រចាំថ្ងៃសម្រាប់កុមារ និងគ្រួសារនានា។ 

យុវជន ហាវ អាយុ ១៧ ឆ្នាំ បាននិយាយថា៖ «ឥឡូវនេះ អាកាសធាតុប្រែប្រួលខ្លាំងណាស់ ពីក្តៅទៅត្រជាក់ ត្រជាក់ទៅក្តៅ និងភ្លៀងធ្លាក់ស្មានមិនត្រូវ​។ រឿងនេះធ្វើឱ្យមានការលំបាកសម្រាប់កសិករ និងប្រជាជនកម្ពុជាទាំងមូល ព្រោះយើងពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម។ ប្រសិនបើយើងបន្តបំផ្លាញធនធានធម្មជាតិ ពិភពលោក និងប្រទេសរបស់យើងនឹងបន្តបាត់បង់ធនធាន ហើយជីវិតមនុស្សយើងនឹងកាន់តែលំបាកជាងមុន»។ 

យុវជន ហាវ យល់ដឹងពីបញ្ហាប្រឈមទាំងនេះដោយផ្ទាល់។ រៀងរាល់ថ្ងៃ គាត់ធ្វើដំណើររយៈពេលមួយម៉ោងតាមម៉ូតូទៅសាលារៀន ពីភូមិរបស់គាត់ ដែលមានបន្ទះថាមពលពន្លឺព្រះអាទិត្យតូចមួយ ផ្តល់ថាមពលអគ្គិសនីដល់ឧបករណ៍ប្រើប្រាស់មួយចំនួននៅក្នុងផ្ទះគ្រួសាររបស់គាត់។ គាត់សង្ឃឹមថានឹងជួយកុមារ និងសហគមន៍កាន់តែច្រើនឱ្យយល់ដឹងពីអំណាចដែលអាចនាំការផ្លាស់ប្តូររបស់ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យ។ 

យុវជន ហាវ បាននិយាយថា៖ «ខ្ញុំចង់យកឧបករណ៍មួយចំនួនទៅផ្តល់ការបណ្តុះបណ្តាលនៅតាមភូមិ ឬសាលារៀនផ្សេងទៀត​។ សិស្សភាគច្រើនដែលរៀននៅទីនោះ គឺមកពីតំបន់ដាច់ស្រយាលខ្លាំងដែលអគ្គិសនីមិនទាន់ទៅដល់។ ​ពួកគេភាគច្រនប្រើប្រាស់អាគុយ។ ពួកគេត្រូវដឹក​អាគុយក្នុងចម្ងាយឆ្ងាយពីភូមិដើម្បីយកទៅសាកភ្លើង»។ 

យុវជន ហាវ មានគំនិតរួចជាស្រេចសម្រាប់អាជីពនាពេលអនាគតរបស់គាត់ហើយ។ 

«ខ្ញុំពិតជាចូលចិត្តរៀនសូត្រអំពីវិស័យ​ថាមពលពន្លឺព្រះអាទិត្យ “បៃតង” នេះណាស់។ ប្រសិនបើអាច ខ្ញុំថែមទាំងចង់ទៅធ្វើការនៅរោងចក្រដែលគេផលិតឧបករណ៍ទាំងនេះទៀតផង»។ 

Seventeen year old Hao says that YOSO sessions have inspired him to consider a consider as a solar technician in the future and hopes to teach more remote communities about the benefits of solar.
UNICEF Cambodia/2026/Antoine Raab យុវជន ហាវ ដែលមានវ័យ ១៧ ឆ្នាំ បាននិយាយថា វគ្គសិក្សា YOSO បានផ្តល់ការជំរុញ​ទឹកចិត្តដល់រូបគាត់ក្នុងការពិចារណាចាប់យកអាជីពជាអ្នកបច្ចេកទេស​ថាមពលពន្លឺព្រះអាទិត្យនាពេលអនាគត និងសង្ឃឹមថានឹង​បង្រៀនសហគមន៍ដាច់ស្រយាលបន្ថែមទៀតអំពីអត្ថប្រយោជន៍នៃ​ថាមពលពន្លឺព្រះអាទិត្យ។

ដោយទទួលបានការគាំទ្រពី​យូនីសេហ្វ និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការមិនមែនរដ្ឋាភិបាលអូស្ត្រាលី (ANCP) សិស្សានុសិស្សចំនួន ២.៦០០ នាក់ នៅទូទាំងខេត្តរតនគិរី និងខេត្តព្រះវិហារ នឹងទទួលបានអត្ថប្រយោជន៍ពីការអប់រំអំពីអាកាសធាតុ និងថាមពលពន្លឺព្រះអាទិត្យ តាមរយៈកម្មវិធី YOSO ក្នុងឆ្នាំ២០២៦។ គ្រូបង្រៀនចំនួន ៦០ នាក់ផ្សេងទៀត ត្រូវបានបណ្តុះបណ្តាលជាអ្នកសម្របសម្រួលកម្មវិធី Climate Fresk ដោយបំពាក់បំប៉នពួកគេឱ្យនាំយកការអប់រំអំពីអាកាសធាតុប្រកបដោយការចូលរួម និងបរិយាបន្នចូលទៅក្នុងថ្នាក់រៀនរបស់ពួកគេ។ តាមរយៈការប្រើប្រាស់ល្បែងកម្សាន្ដកាត​អន្តរកម្មរបស់ Climate Fresk លោកគ្រូ-អ្នកគ្រូអាចជួយសិស្សានុសិស្សឱ្យយល់ដឹងពីមូលហេតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ព្រមទាំងជំរុញទឹកចិត្តយុវជនជំនាន់ក្រោយឱ្យចូលរួមសកម្មភាពដើម្បីសហគមន៍ និងភពផែនដីរបស់ពួកគេ។ 

ដំណាក់កាលបន្ទាប់នៃកម្មវិធីនេះ នឹងធ្វើការបញ្ចូល និងពង្រីកកម្មវិធី YOSO ទៅក្នុងការអប់រំអំពីអាកាសធាតុ និងថាមពលកកើតឡើងវិញដែលកំពុងអនុវត្ត តាមរយៈកម្មវិធីការអប់រំបំណិនជីវិតតាមមូលដ្ឋាន (LLSE) និងកម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៏ខ្ញុំ ព្រមទាំងដឹកនាំសិស្សានុសិស្សឱ្យចុះទៅក្នុងសហគមន៍ ដើម្បីផ្តល់ដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យដោយខ្លួនឯង។ 

លោកគ្រូ សុខជា បានមានប្រសាសន៍ថា៖ «យើងសង្កេតឃើញមានការផ្លាស់ប្តូរឥរិយាបថរបស់សិស្ស​។ កាលពីមុន ពួកគាត់ធ្លាប់គិតថាខ្លួនគ្មានសមត្ថភាពក្នុងការបង្កើតការផ្លាស់ប្តូរនោះទេ ប៉ុន្តែវគ្គបណ្តុះបណ្តាលនេះបានផ្លាស់ប្តូររបៀបគិតរបស់ពួកគាត់»។ 

តាមរយៈការធ្វើឱ្យថាមពលកកើតឡើងវិញមានលក្ខណៈអនុវត្តជាក់ស្តែង និងអាចទទួលបាន ការអប់រំក្នុងកម្មវិធីនេះកំពុងជួយឱ្យសិស្សមើលឃើញថា អាជីពការងារក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) គឺស្ថិតនៅក្នុងដៃរបស់ពួកគេ ដោយមិនគិតពីយេនឌ័រ ជាតិពិន្ទុ ឬចម្ងាយដែលពួកគេរស់នៅឆ្ងាយពីទីក្រុងនោះឡើយ។ 

លោកគ្រូ សុខជា មានប្រសាសន៍បន្ថែមថា៖ «យើងឃើញថាសម្ភារៈ និងឧបករណ៍ទាំងនេះមានភាពងាយស្រួលខ្លាំងសម្រាប់សិស្សក្នុងការយល់ដឹង​។ ពួកគាត់អាចប្រើប្រាស់សម្ភារៈទាំងនោះដើម្បីអនុវត្តដោយខ្លួនឯង និងសម្តែងចេញនូវគំនិតរបស់ពួកគាត់តាមរបៀបផ្ទាល់ខ្លួន។ វាជួយឱ្យពួកគាត់មានទំនុកចិត្តលើខ្លួនឯង និងដឹងថាពួកគាត់អាចធ្វើអ្វីដែលអ្នកដទៃអាចធ្វើបាន។ វាមិនសំខាន់ទេទោះបីជាពួកគាត់រស់នៅតំបន់ជនបទក៏ដោយ»។ 

យុវតី ស្នេត បានបន្ថែមថា៖ «ការងារនេះភាគច្រើន តែងតែត្រូវបានគេ​ជំរុញទៅលើបុរស​។ ​ប៉ុន្តែក្នុងនាមជាស្ត្រី យើងក៏អាចធ្វើការងារនេះបានដូចគ្នា។ វា​មិនមែនសម្រាប់តែបុរសនោះទេ»។ 

ឥឡូវនេះ នាងចង់ប្រាកដថា ចំណេះដឹងដែលនាងទទួលបានមិនបញ្ចប់ត្រឹមរូបនាងនោះទេ។ 

នាងបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់។ ខ្ញុំនឹងប្រាប់យុវជនជំនាន់ក្រោយអំពីរឿងនេះ។ ខ្ញុំនឹងប្រាប់បងប្អូន មា មីង និងមនុស្សជាច្រើនទៀត»។ 


1 ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២២

2 ការងារបៃតង សំដៅលើមុខរបរ ឬការងារដែលរួមចំណែកដល់ការការពារ ការស្តារឡើងវិញ និងការកែលម្អបរិស្ថានធម្មជាតិ។