យុវតីដឹកនាំឱក្មេងៗជំនាន់ក្រោយែមានសុខភាពល្អ
តាមរយៈកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» យុវតីទាំងប្រាំនាក់នេះកំពុង ប្រែក្លាយ ឆន្ទៈរបស់ពួកគេ អោយទៅជាសកម្មភាពជាក់ស្តែង តាមរយៈ ការជួយដល់សិស្សបឋមសិក្សាក្នុងការជ្រើសរើសចំណីអាហារ ដែលល្អសម្រាប់សុខភាព។
- English
- Khmer
ខេត្តព្រៃវែង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ៖ ធ្នើដាក់នំចំណីដែលមានជាតិស្ករ និងកែច្នៃខ្លាំង ភេសជ្ជៈប៉ូវកម្លាំង និងនំកញ្ចប់ដែលមានពណ៌ចម្រុះផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ជាយូរមកហើយ ៖ រៀងរាល់ថ្ងៃ សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជាមានហ៊ុំព័ទ្ធទៅដោយជម្រើសអាហារ និងភេសជ្ជៈមិនល្អសម្រាប់សុខភាព នាំឱ្យមានការញៀន និងពេលខ្លះគ្មានសុវត្ថិភាពទៀតផង។ ដូច្នេះ នៅពេលដែលយុវតីមួយក្រុមដែលមានសមាជិកប្រាំនាក់មកពីខេត្តព្រៃវែង ត្រូវបានគេសុំឱ្យជ្រើសរើសបញ្ហាមួយដែលពួកគេបារម្ភបំផុតនោះ គឺពួកគេមិនចាំបាច់រកមើលបញ្ហាណាឆ្ងាយនោះទេ។
«សព្វថ្ងៃនេះ យើងឃើញកុមារធ្លាក់ខ្លួនឈឺដោយសារការបរិភោគអាហារគ្មានគុណភាព» នេះជាការលើកឡើងរបស់ យុវតី ចាន់រដ្ឋា អាយុ ១៦ ឆ្នាំ ដែលជាសិស្សថ្នាក់ទី១១។
«ខ្ញុំចង់ជួយកុមារទាំងអស់ឱ្យមានការអភិវឌ្ឍត្រឹមត្រូវ និង មានសុខភាពល្អ» នេះជាការលើកឡើងរបស់យុវតី ស៊ីណា អាយុ ១៦ ឆ្នាំ ដែលជាមិត្តជិតស្និទ្ធ និង ជាមិត្តរួមក្រុមរបស់នាង ។
អ្នកទាំងពីរគឺជាសមាជិកនៃក្រុមយុវតីប្រាំនាក់ដែលមានបេសកកម្មជួយកុមារក្នុងការជ្រើសរើសអាហារដែលល្អសម្រាប់សុខភាព។ ក្នុងរយៈពេលបួនខែចុងក្រោយនេះ ពួកគេបានចុះទៅតាមសាលាបឋមសិក្សានានាក្នុងស្រុករបស់ពួកគេ ដោយដឹកនាំវគ្គអប់រំជាមួយកុមារអំពី អាហារូបត្ថម្ភប្រកបដោយសុខភាព ហានិភ័យនៃអាហារអន់គុណភាព និងរបៀបដែលជម្រើសអាហារដែលពួកគេជ្រើសរើសនាពេលបច្ចុប្បន្ន មានសារៈសំខាន់សម្រាប់អនាគតរបស់ពួកគេ។ សមិទ្ធផលរបស់ពួកគេពិតជាគួរឱ្យកត់សម្គាល់ ៖ ពួកគេបានឈរនៅចំពោះមុខកុមាររាប់រយនាក់នៅពេលគោរពទង់ជាតិពេលព្រឹក ដឹកនាំការបង្រៀននៅក្នុងថ្នាក់រៀន និងបានតស៊ូមតិជាមួយអ្នកលក់ដូរតាមតូបអាហារឱ្យដកចេញនូវផលិតផលដែលមានគ្រោះថ្នាក់ពីតូបរបស់ពួកគេ។ តាមការប៉ាន់ប្រមាណរបស់ពួកគេ រហូតមកទល់ពេលនេះ ពួកគេបានចុះអប់រំដល់សិស្សបឋមសិក្សាប្រមាណ ១៣០០ នាក់ ហើយពួកគេគ្មានគម្រោងបញ្ឈប់សកម្មភាពនេះនាពេលឆាប់ៗនោះទេ។
យុវតី ស៊ីណា បាននិយាយថា៖ «ខ្ញុំមិនហត់នឿយទេ។ ខ្ញុំគិតថាវាមិនទាន់គ្រប់គ្រាន់នៅឡើយ។ ខ្ញុំនៅតែចង់ឱ្យកុមារៗទៅផ្សព្វផ្សាយសារនេះនៅក្នុងភូមិរបស់ពួកគេ និងប្រាប់ទៅកាន់បងប្អូនប្រុសស្រីរបស់ពួកគេបន្ថែមទៀត»។
យុវតីទាំងនេះកំពុងចូលរួមក្នុងកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» (VMC) ដែលជាគំនិតផ្តួចផ្តើមមួយទទួលបានការគាំទ្រពីយូនីសេហ្វ ក្នុងការបំពាក់បំប៉នសិស្សានុសិស្សនូវជំនាញនានាដែលពួកគេមិនអាចរៀនបាននៅក្នុងថ្នាក់រៀន។ រួមជាមួយមិត្តរួមក្រុមរបស់ពួកគេ អ្នកចូលរួមបានរៀនសូត្រពីរបៀបកំណត់បញ្ហា កសាងគម្រោង និង អនុវត្តស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលប្រឈមនៅក្នុងសហគមន៍ ដោយទទួលបាននូវជំនាញសតវត្សរ៍ទី ២១ ដែលសំខាន់ៗដូចជា ការសិក្សាស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិត សមត្ថភាពឌីជីថលផ្សេងទៀត រួមទាំងបញ្ញាសិប្បនិម្មិត (AI) ការកៀរគរថវិកា ការដោះស្រាយបញ្ហា និង ការនិយាយជាសាធារណៈ។
ក្រុមនេះបានលើកឡើងថា វាគឺជាដំណើរការដ៏វែងឆ្ងាយមួយ។ ដំបូងឡើយ ពួកគេបានចាប់ផ្តើមត្រឹមតែធ្វើវគ្គអប់រំនៅក្នុងថ្នាក់រៀននៅតាមសាលាបឋមសិក្សាក្បែរៗនោះប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលលោកគ្រូ-អ្នកគ្រូបានយល់កាន់តែច្បាស់អំពីអ្វីដែលពួកគេកំពុងព្យាយាមធ្វើ ពួកគេទទួលបានឱកាសឡើងនិយាយនាពេលគោរពទង់ជាតិពេលព្រឹក ដែលធ្វើអោយក្រុមគេអាចអប់រំដល់សិស្សានុសិស្សបានកាន់តែច្រើនបន្ថែមទៀត។ ពួកគេបានរចនាផ្ទាំងរូបភាពអប់រំ ដែលបានបោះពុម្ពដោយប្រើប្រាស់ថវិកាដែលរៃអង្គាសបានពីមិត្តរួមថ្នាក់របស់ពួកគេ និងបានបង្កើតទំព័រ Facebook ដើម្បីបង្ហោះវីដេអូនានាអំពីសកម្មភាពរបស់ពួកគេ។ តាមរយៈការស្រាវជ្រាវរបស់ពួកគេ ពួកគេក៏បានដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសារាចរណែនាំជាច្រើនហាមឃាត់ការលក់ដូរផលិតផលដែលមិនល្អសម្រាប់សុខភាព និង គ្មានសុវត្ថិភាពនៅក្នុង និងជុំវិញបរិវេណសាលារៀន ដែលផ្តល់ឱ្យការតស៊ូមតិរបស់ពួកគេជាមួយអាជីវករលក់ដូរតាមតូបអាហារកាន់តែមានភាពច្បាស់លាស់។ ទោះបីជាអាជីវករមួយចំនួនមិនបានធ្វើតាមភ្លាមៗក៏ដោយ ក៏ពួកគេត្រូវបានលោកគ្រូ-អ្នកគ្រូអញ្ជើញឱ្យមកចូលរួមការផ្សព្វផ្សាយម្តងហើយម្តងទៀត រហូតទាល់តែសារអប់រំត្រូវបានទទួលយក និងអនុវត្ត។
យុវតី ស៊ីណា បាននិយាយថា ៖ «ខ្ញុំឃើញថាការខិតខំប្រឹងប្រែងរបស់យើងកំពុងបង្កើតឱ្យមានការប្រែប្រួល»។ «នៅពេលយើងចុះទៅពិនិត្យ ពួកគាត់មិនមានអាហារដែលមានគ្រោះថ្នាក់ច្រើនដូចមុនទៀតទេ។ ពួកគាត់បានសន្យាថា នៅពេលអាហារដែលនៅសល់ត្រូវបានលក់អស់ ពួកគាត់នឹងឈប់លក់អាហារបែបនោះទៀតហើយ»។
នៅក្នុងប្រទេសកម្ពុជា យុវជននៅតែមានឱកាសដែលមានកម្រិតក្នុងការចូលរួមក្នុងសហគមន៍របស់ពួកគេ និងអភិវឌ្ឍជំនាញដើម្បីរៀបចំខ្លួនសម្រាប់អនាគត។ យុវជនមួយចំនួនប្រឈមមុខនឹងឧបសគ្គកាន់តែធំ រួមទាំងកុមារី កុមារមានពិការភាព ជនជាតិដើមភាគតិច ឬអ្នកដែលរស់នៅតំបន់ដាច់ស្រយាល។ យូនីសេហ្វ កំពុងធ្វើការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ឱកាសឱ្យយុវជនគ្រប់រូប ជាពិសេសក្រុមងាយរងគ្រោះបំផុត អោយមានឱកាសផ្តល់សំឡេង វេទិកា និង ការកសាងសមត្ថភាពដើម្បីក្លាយជាអ្នកដឹកនាំនៅក្នុងសហគមន៍របស់ពួកគេ។ ដោយទទួលបានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មនៃរដ្ឋាភិបាលអូស្ត្រាលី (DFAT) មន្ត្រីអប់រំថ្នាក់ក្រោមជាតិប្រមាណ ១៦២ នាក់ (ស្រ្តី ៣២ នាក់) ត្រូវបានបណ្តុះបណ្តាល ហើយសិស្សវិទ្យាល័យចំនួន ៥០.៣៦៨ នាក់ (ស្រី ២៤.៣៨៧ នាក់) បានចូលរួមក្នុងការកសាង និងអនុវត្តគម្រោងដែលដឹកនាំដោយយុវជន នៅទូទាំងខេត្តគោលដៅចំនួន ៣ ដោយដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ បរិស្ថានដែលមានសុខភាពល្អ សុខភាពផ្លូវចិត្ត អាហារូបត្ថម្ភ ការបង្ការការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងបញ្ហាផ្សេងៗទៀតតាមរយៈកម្មវិធី VMC។
«គ្រួសាររបស់ខ្ញុំមិនសូវជាលើកទឹកចិត្តប៉ុន្មានទេ» នេះជាការលើកឡើងរបស់យុវតី ចាន់រដ្ឋា។ «ពួកគាត់បាននិយាយថាក្មេងស្រីមិនគួរធ្វើដំណើរទៅឆ្ងាយនោះទេ។ ខ្ញុំបានប្រាប់ពួកគាត់ថា ខ្ញុំចង់អភិវឌ្ឍសមត្ថភាពរបស់ខ្ញុំ ដែលអាចជួយខ្ញុំនៅពេលខ្ញុំរៀននៅសាកលវិទ្យាល័យ ហើយថែមទាំងអាចជួយឱ្យខ្ញុំទទួលបានអាហារូបករណ៍តូចមួយទៀតផង។ បន្ទាប់ពីនោះ ពួកគាត់ក៏យល់ព្រម»។
ឪពុកម្តាយរបស់យុវតី ស៊ីណា មានការបើកចិត្តទូលាយជាង ដោយបានលើកទឹកចិត្តឱ្យនាងឈានជើងចេញពីអ្វីដែលធ្លាប់ស្គាល់។ សម្រាប់យុវតីទាំងពីរ ការមានសេរីភាព និងការគាំទ្រក្នុងការធ្វើការងារស្ម័គ្រចិត្ត បានជួយឱ្យពួកគេមានទំនុកចិត្តក្នុងការធ្វើអ្វីៗដែលពួកគេមិនធ្លាប់ធ្វើពីមុនមក ព្រមទាំងផ្លាស់ប្តូរការរំពឹងទុកអំពីអ្វីដែលកុមារីអាចធ្វើបាន និងទីកន្លែងដែលពួកគេអាចទៅបាន។
យុវតី ស៊ីណា បាននិយាយថា៖ «ពួកគាត់បានបើកចិត្ត និងបណ្តោយឱ្យខ្ញុំធ្វើដំណើរទៅឆ្ងាយ ឱ្យខ្ញុំទាក់ទងជាមួយអ្នកដទៃ ព្រោះពួកគាត់ចង់ឱ្យខ្ញុំធ្វើអ្វីៗដោយខ្លួនឯង និងអាចសម្រេចចិត្តដោយខ្លួនឯង។ ខ្ញុំមានមោទនភាព និងសប្បាយចិត្តខ្លាំងណាស់ដែលបានធ្វើការងារស្ម័គ្រចិត្តនេះ។ នៅពេលលោកគ្រូចែករំលែកអ្វីដែលខ្ញុំបានបង្ហោះបន្ទាប់ពីបញ្ចប់វគ្គអប់រំ ឪពុករបស់ខ្ញុំបានឃើញ ហើយគាត់បានសរសើរពួកយើង។ យើងមានភាពក្លាហានជាងមុន ដូច្នេះគាត់បានជំរុញ និងគាំទ្រខ្ញុំយ៉ាងខ្លាំង»។
យុវតី ចាន់រដ្ឋា បានបន្ថែមថា ៖ «ខ្ញុំបានផ្លាស់ប្តូរច្រើនណាស់!» «កាលពីដំបូង ខ្ញុំមិនដែលហ៊ាននិយាយនោះទេ។ ខ្ញុំពិតជាខ្លាចក្មេងៗណាស់។ ប៉ុន្តែឥឡូវនេះ ខ្ញុំហ៊ាននិយាយជាមួយពួកគេ។ កាលពីមុន ខ្ញុំក៏មានអារម្មណ៍ភ័យខ្លាចនៅជិតលោកគ្រូ-អ្នកគ្រូដែរ។ ខ្ញុំមិនហ៊ានដើរជិតពួកគាត់ទេ។ ប៉ុន្តែនៅពេលខ្ញុំបានចូលរួម ខ្ញុំហ៊ាននិយាយ និងទំនាក់ទំនងជាមួយពួកគាត់»។
វាគឺជាលើកទីមួយហើយដែលសាលារបស់ពួកគេបានផ្តល់កម្មវិធី VMC សម្រាប់សិស្សវិទ្យាល័យ។ សម្រាប់លោក ពន វិសុទ្ធ ដែលជាអ្នកសម្របសម្រួល ឆ្នាំនេះគឺជាសូចនាករដ៏ល្អមួយអំពីអ្វីដែលសាលាអាចសម្រេចបាននាឆ្នាំខាងមុខ។
លោកបានមានប្រសាសន៍ថា ៖ «ឥឡូវនេះ យើងមានបទពិសោធខ្លះពីកម្មវិធី VMC យើងអាចធ្វើបានកាន់តែច្រើនថែមទៀត។ វាគឺជាផលប៉ះពាល់ដែលនឹងរីករាលដាលហួសពីសិស្សដែលបានចុះឈ្មោះ ដោយចុះទៅដល់សាលារៀន និងសហគមន៍ទាំងមូល។
យុវតី ចាន់រដ្ឋា និងយុវតី ស៊ីណា ក៏កំពុងសម្លឹងមើលទៅអនាគតផងដែរ។ ពួកគេបាននិយាយថា ពួកគេនឹងបន្តគម្រោងរបស់ពួកគេរហូតដល់បញ្ចប់ការសិក្សា ដោយស្វែងរកវិធីសាស្រ្តថ្មីៗក្នុងការផ្សារភ្ជាប់ជាមួយកុមារ និងតាមដានជាមួយសិស្សានុសិស្ស និងអាជីវករដែលពួកគេបានចុះទៅជួបរួចមកហើយ។
ប៉ុន្តែបំណងប្រាថ្នារបស់ពួកគេចំពោះសុខភាពមិនបានបញ្ចប់ត្រឹមកម្មវិធី VMC នោះទេ ៖ ពួកគេទាំងពីរចង់ក្លាយជាគ្រូពេទ្យ ដើម្បីអាចបន្តប្រើប្រាស់អ្វីដែលពួកគេបានរៀនសូត្រដើម្បីជួយអ្នកដទៃ។
យុវតី ស៊ីណា បាននិយាយថា៖ «នៅពេលខ្ញុំរៀនដើម្បីក្លាយជាគ្រូពេទ្យ ប្រសិនបើខ្ញុំមានពេលទំនេរ ខ្ញុំនឹងធ្វើវគ្គអប់រំបែបនេះម្តងទៀត។ ឥឡូវនេះ ខ្ញុំមិនអាចពន្យល់បានលំអិតអំពីមូលហេតុនៃជំងឺនីមួយៗបានទេ ដូច្នេះខ្ញុំមិនអាចផ្តល់ការពន្យល់បានច្បាស់លាស់ដូចអ្វីដែលខ្ញុំចង់បានឡើយ។ នៅពេលខ្ញុំបានរៀនសូត្ររួចរាល់ ខ្ញុំនឹងអាចពន្យល់បានយ៉ាងច្បាស់លាស់ ហើយប្រជាជននឹងមានទំនុកចិត្តកាន់តែខ្លាំងលើអ្វីដែលខ្ញុំប្រាប់ពួកគាត់»។
យុវតី ចាន់រដ្ឋា បាននិយាយថា ៖ «ខ្ញុំក៏ចង់ក្លាយជាគ្រូពេទ្យដែរ ប៉ុន្តែជាគ្រូពេទ្យឯកទេសវះកាត់ឆ្អឹង។ នៅក្នុងសង្គមយើងសព្វថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍ច្រើនណាស់ ដូច្នេះខ្ញុំចង់ជួយពួកគេឱ្យជាសះស្បើយបានឆាប់រហ័ស»។