ពិព័រណ៍រូបថត UNICEF និង Giga នៅរាជធានីភ្នំពេញ ដាក់តាំងបង្ហាញស្នាដៃនិស្សិតកម្ពុជា ដោយរំលេចពីប្រធានបទ «ភាពចាំបាច់នៃការតភ្ជាប់បណ្តាញ»
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៦៖ ក្រោមកិច្ចសហការជាមួយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) Giga ដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងយូនីសេហ្វ (UNICEF) និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានបិទបញ្ចប់ដោយជោគជ័យនូវកម្មវិធីបណ្តុះបណ្តាលថតរូប Giga ប្រចាំឆ្នាំ ២០២៦។ កម្មវិធីបណ្តុះបណ្តាលរយៈពេល ៥ ថ្ងៃនេះ បានផ្តល់ឱកាសដល់អ្នកថតរូបវ័យក្មេងកម្ពុជា នូវឳកាសក្នុងការចងក្រងឯកសារជារូបភាពអំពីសារៈសំខាន់ ឬ កង្វះខាតនៃសេវាឌីជីថល ដែលកំពុងជះឥទ្ធិពលដល់ជីវិតរស់នៅរបស់កុមារ ក្រុមគ្រួសារ និងសហគមន៍ទូទាំងប្រទេស។
ចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ និស្សិត DMC ចំនួន ១២ រូប បានចូលរួមអនុវត្តផ្ទាល់លើសិល្បៈនៃការថតរូប ការនិទានរឿងប្រកបដោយក្រមសីលធម៌ ការអភិវឌ្ឍសាច់រឿង ការស្នើសុំការយល់ព្រមអនុញ្ញាត និងការចុះចងក្រងឯកសារនៅតាមសហគមន៍ផ្ទាល់។ កម្មវិធីនេះបានផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិទទួលបានព័ត៌មាន សិទ្ធិចូលរួម និងសិទ្ធិទទួលបានការអភិវឌ្ឍ ដែលសិទ្ធិទាំងនេះមានទំនាក់ទំនងយ៉ាងស្អិតរមួតទៅនឹងលទ្ធភាពទទួលបានការតភ្ជាប់ប្រព័ន្ធឌីជីថលប្រកបដោយសមធម៌ និងមានអត្ថន័យ។
លោកបណ្ឌិត Will Parks នាយកយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការតភ្ជាប់ជាមួយប្រព័ន្ធឌីជីថល លែងជាតម្រូវការបន្ទាប់បន្សំទៀតហើយ តែវាគឺជាកត្តាជំរុញដ៏មានសារៈសំខាន់បំផុតសម្រាប់សិទ្ធិកុមារ។ នៅពេលដែលកុមារ និងយុវជនខ្វះលទ្ធភាពទទួលបានព័ត៌មាន និងការសិក្សាតាមបែបឌីជីថល ពួកគេបាត់បង់ឱកាសក្នុងការចូលរួម ការអភិវឌ្ឍជំនាញ និងការកសាងអនាគតរបស់ពួកគេ។ តាមរយៈកម្មវិធីនេះ យុវជនកម្ពុជាដ៏មានទេពកោសល្យ បានបង្ហាញឱ្យយើងឃើញយ៉ាងជាក់ច្បាស់អំពីអត្ថន័យនៃការភ្ជាប់ទំនាក់ទំនងនៅក្នុងសហគមន៍ និងបញ្ជាក់ថាការលុបបំបាត់គម្លាតឌីជីថល គឺជារឿងចាំបាច់បំផុតសម្រាប់កុមារគ្រប់រូប។»
ក្នុងរយៈពេលមួយសប្តាហ៍ សិក្ខាកាមបានសិក្សា និងអនុវត្តលើ៖
- មូលដ្ឋានគ្រឹះនៃការនិទានរឿងតាមរយៈរូបភាព ការថតរូប និងការរៀបចំផែនការសាច់រឿង
- ក្រមសីលធម៌នៃការថតរូប និងកិច្ចការពារសុវត្ថិភាព រួមទាំងការស្នើសុំការយល់ព្រមជាមុន
- ការចុះចងក្រងឯកសារផ្ទាល់នៅតាមសហគមន៍ ក្រោមការណែនាំពីអ្នកជំនាញ
- ការចូលរួមកែលម្អរូបភាព ការបោះពុម្ព និងការរៀបចំបណ្តុំរូបថតសាច់រឿងយ៉ាងសម្រិតសម្រាំង
- ការរៀបចំពិព័រណ៍ជាសាធារណៈ ដើម្បីដាក់តាំងបង្ហាញស្នាដៃដែលសម្រេចបាន
សិក្ខាកាមទទួលបានការបង្ហាត់បង្ហាញពីអ្នកជំនាញថតរូបកម្ពុជា រួមមាន លោក ផន ភារិទ្ធ លោក លីម សុខចាន់លីណា និងលោក រដ្ឋ សានសិទ្ធនី ដែលជាតំណាងមកពី DMC និងមហោស្រពរូបថតអង្គរ (Angkor Photo Festival)។ ការបណ្តុះបណ្តាលនេះ បានជួយពង្រឹងសមត្ថភាពបច្ចេកទេសថតរូបរបស់និស្សិត ព្រមទាំងបណ្តុះស្មារតីក្នុងការនិទានរឿងតាមរយៈរូបភាពប្រកបដោយការទទួលខុសត្រូវ និងផ្តោតលើប្រយោជន៍សហគមន៍ជាចម្បង។
លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា៖ «នៅ DMC យើងប្តេជ្ញាបណ្តុះបណ្តាលអ្នកនិទានរឿងវ័យក្មេង ឱ្យមានសមត្ថភាពចងក្រងពីស្ថានភាពពិតនៃសង្គមកម្ពុជា ប្រកបដោយសុចរិតភាព ភាពច្នៃប្រឌិត និងការគោរព។ ភាពជាដៃគូជាមួយយូនីសេហ្វ និង Giga នាពេលនេះ មិនត្រឹមតែជួយពង្រឹងជំនាញបច្ចេកទេស និងក្រមសីលធម៌របស់និស្សិតយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្លឺសំឡេងរបស់ពួកគេ ទៅលើបញ្ហាដែលកំពុងជះឥទ្ធិពលដល់យុវជនគ្រប់រូបនាពេលបច្ចុប្បន្ន នោះគឺការទទួលបានការតភ្ជាប់ប្រព័ន្ធឌីជីថលប្រកបដោយអត្ថន័យ។»
លោក Daniel Ginsianmung អ្នកសម្របសម្រួលកម្មវិធីប្រកួតប្រជែងរូបថត Giga បានបន្ថែមថា៖ «សាច់រឿងដែលត្រូវបានបង្កើតឡើងក្នុងសប្តាហ៍នេះ បានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់នៃការតភ្ជាប់ទំនាក់ទំនង នៅក្នុងបរិបទដែលងាយរងគ្រោះ និងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ អ្នកថតរូបវ័យក្មេងទាំងនេះ បានចងក្រងរូបភាពដែលឆ្លុះបញ្ចាំងពីឥទ្ធិពលនៃការតភ្ជាប់បណ្តាញឌីជីថល ទៅលើការអប់រំ ការទំនាក់ទំនង និងការសម្រេចចិត្តប្រចាំថ្ងៃ។ ស្នាដៃរបស់ពួកគេនឹងចូលរួមចំណែកដល់យុទ្ធនាការតស៊ូមតិជាសកលរបស់ Giga ដែលបង្ហាញប្រាប់យើងទាំងអស់គ្នាថា នៅពីក្រោយសាលារៀនដែលគ្មានអ៊ីនធឺណិតនីមួយៗ គឺតែងតែមានយុវជន ដែលមានសក្តានុពល ត្រូវបានរឹតត្បិត។»
កម្មវិធីបណ្តុះបណ្តាលនេះ បានចូលរួមចំណែកដល់បេសកកម្មជាសកលរបស់ Giga ក្នុងការតភ្ជាប់បណ្តាញអ៊ីនធឺណិតដល់សាលារៀនគ្រប់ទីកន្លែង និងធានាថាកុមារគ្រប់រូបទោះនៅទីណាក៏ដោយ អាចទទួលបានអត្ថប្រយោជន៍ពីការទទួលបានព័ត៌មាន ឱកាស និងជម្រើសនានា។ រឿងរ៉ាវដែលផលិតដោយយុវជនទាំងនេះ នឹងក្លាយជាផ្នែកមួយនៃបណ្តុំឯកសារជាសកល ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងតស៊ូមតិ យុទ្ធនាការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយរបស់ Giga នាពេលអនាគត។
ដោយផ្អែកលើភាពជោគជ័យនៃកម្មវិធី Giga ឆ្នាំ ២០២៥ ដែលទទួលបានការដាក់ស្នាដៃចូលរួមចំនួនជាង ៣,៤០០ ពីទូទាំងពិភពលោក កម្មវិធីសម្រាប់ឆ្នាំ ២០២៦ នេះនៅតែបន្តលើកកម្ពស់សំឡេងយុវជន នៅក្នុងចលនាជាសកលដើម្បីសមធម៌ឌីជីថល។
សម្រាប់ការអំពាវនាវជាសកលក្នុងឆ្នាំនេះ កម្មវិធីសូមអញ្ជើញអ្នកសារព័ត៌មាន អ្នកថតរូប ស្ថាប័នព័ត៌មាន និងយុវជនជាអ្នកនិទានរឿងតាមរយៈរូបភាព ឱ្យដាក់ស្នើរូបភាពប្រកួតដែលឆ្លុះបញ្ចាំងពីឥទ្ធិពលនៃការតភ្ជាប់បណ្តាញមកលើជីវិតរស់នៅ ក្នុងស្ថានភាពដែលរងផលប៉ះពាល់ដោយវិបត្តិ ឬស្ថានភាពងាយរងគ្រោះ។ គណៈកម្មការអន្តរជាតិនឹងពិនិត្យមើលស្នាដៃដែលបានដាក់ជូននៅចុងខែមីនា នៅមជ្ឈមណ្ឌល Giga Connectivity Centre នៅទីក្រុងហ្សឺណែវ។ ស្នាដៃដែលត្រូវបានជ្រើសរើស នឹងត្រូវយកទៅដាក់តាំងបង្ហាញនៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា និងខែតុលា ឆ្នាំ២០២៦ បន្ទាប់មកនឹងមានពិធីប្រគល់រង្វាន់ ដែលសហការរៀបចំជាមួយសាលាក្រុងហ្សឺណែវ និងដៃគូវិស័យវប្បធម៌។
រង្វាន់រួមមាន អាហារូបករណ៍ Giga Photo Fellowship ឱកាសទទួលបានការបង្ហាត់បង្រៀន និងការអញ្ជើញឱ្យទៅចូលរួមពិធីប្រគល់រង្វាន់នៅទីក្រុងហ្សឺណែវ។ ព័ត៌មានលម្អិតទាក់ទងនឹងការដាក់ស្នាដៃប្រកួត មាននៅលើគេហទំព័រ៖ www.gigaphotoaward.global
###
ឯកសារពហុប្រព័ន្ធផ្សព្វផ្សាយ ចុចត្រង់នេះ
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អំពី Giga
Giga គឺជាកម្មវិធីការងាររួមគ្នារបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនពីរ គឺមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ក្នុងគោលបំណងតភ្ជាប់អ៊ីនធឺណិតដល់សាលារៀនទាំងអស់នៅលើពិភពលោក។ កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៩ និងមានសកម្មភាពចម្បងចំនួនបីរួមមាន៖ ការធ្វើផែនទីកំណត់ទីតាំង ដើម្បីកំណត់អត្តសញ្ញាណសាលារៀននៅក្នុងតំបន់ ការផ្តល់ហិរញ្ញប្បទាន ដើម្បីផ្តល់ធនធានហិរញ្ញវត្ថុដល់សាលារៀន និងការតភ្ជាប់ ដើម្បីជួយបង្កើតការតភ្ជាប់បណ្តាញអ៊ីនធឺណិត។
អំពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ក្រោមចំណុះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាពិសេសដើម្បីបម្រើជាថ្នាលបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សាផ្នែកសារគមនាគមន៍ សារព័ត៌មាន និងការអប់រំផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។ DMC ប្តេជ្ញាចិត្តចំពោះឧត្តមភាពនៃការសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់ការអនុវត្តការងារប្រព័ន្ធផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌។
ទំនាក់ទំនង៖ កញ្ញា កន ពេញសំណាង តាមរយៈអ៊ីមែល [email protected] | ទូរសព្ទ៖ +855 96 455 611
អំពីយូនីសេហ្វ (UNICEF)
អង្គការយូនីសេហ្វ បំពេញការងារនៅតាមតំបន់ដែលជួបការលំបាកបំផុតមួយចំនួននៅលើពិភពលោក ដើម្បីជួយដល់កុមារដែលងាយរងគ្រោះបំផុត។ ឆ្លងកាត់ជាង ១៩០ ប្រទេស និងដែនដី យើងធ្វើការសម្រាប់កុមារគ្រប់រូប នៅគ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកដ៏ប្រសើរមួយសម្រាប់មនុស្សគ្រប់គ្នា។
សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់ខ្លួននៅកម្ពុជា សូមចូលទៅកាន់គេហទំព័រ៖ www.unicef.org.kh
តាមដានអង្គការយូនីសេហ្វប្រចាំកម្ពុជា តាមរយៈ Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok