សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ក្មេងស្រីជ្រើសយកការសិក្សាជាជាងការរៀបការ

នៅរតនគិរី ជិតពាក់កណ្តាលនៃស្រ្តីវ័យក្មេងអាយុ ២០- ២៤ឆ្នាំ បានរៀបការមុនអាយុ១៨ឆ្នាំ ។ ដោយមានការគាំទ្រពី UNICEF និង DFAT យុវជនកំពុងតស៊ូមតិ ប្រឆាំងនឹងការរៀបការវ័យក្មេង ជួយក្មេងស្រីឱ្យបន្តការសិក្សា និងកំណត់អនាគតខ្លួនឯង។

Cristyn Lloyd
A7V04233.webp
UNICEF Cambodia/2026/Antoine Raab
19 កុម្ភៈ 2026

២៣ មករា ២០២៦, រតនគិរី – ពន្លឺព្រះអាទិត្យដ៏ត្រជាក់នៃខែមករា បានចាំងមកលើផ្លូវដីក្រហមដ៏លំបាកនៃខេត្តរតនគិរី ដែលមានម៉ូតូជិះកាត់ហុយធូលីដីក្រហមឆ្អិនឆ្អៅ គ្របដណ្តប់ភូមិដាច់ស្រយាលរបស់ជនជាតិដើមភាគតិច។ នៅទីនេះ សិស្សសាលាចំណាយពេលលេងបាល់ទះ ចែករំលែកនំចំណីដែលពួកគេចូលចិត្តនៅក្រោមម្លប់ឈើ ឬជជែកលេងជាមួយមិត្តភក្តិថ្មីតាមអនឡាញ។

ធីតា ដែលមានអាយុ ១៧ឆ្នាំ កាលពីឆ្នាំមុនបានចាប់ផ្តើមជជែកជាមួយក្មេងប្រុសម្នាក់ដែលនាងបានស្គាល់តាមហ្វេសប៊ុក។ ពេលនោះគេមានអាយុ ១៩ឆ្នាំ ហើយនាងមានអាយុ ១៦ឆ្នាំ។ បន្ទាប់ពីរយៈពេលពីរបីខែ ទំនាក់ទំនងកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេក៏ចង់ជួបមុខគ្នាផ្ទាល់។

ជំហានបន្ទាប់ហាក់ដូចជាកើតឡើងដោយធម្មជាតិ។ ដោយមានការអនុញ្ញាតពីឪពុកម្តាយ ពួកគេបានសម្រេចចិត្តរៀបការ។

ធីតា ដែលបច្ចុប្បន្នមានអាយុ ១៧ឆ្នាំ និយាយថា៖ «ពេលនោះពួកខ្ញុំគិតថា ដោយសារតែស្រលាញ់គ្នា ពួកខ្ញុំគួរតែរៀបការទៅ ព្រោះគ្រួសារខ្វះកម្លាំងពលកម្ម។ ហេតុនេះហើយបានជាខ្ញុំគិតថា ខ្ញុំនឹងកសាងគ្រួសារមួយ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ»។

នាងបានគ្រោងឈប់រៀន ដូចក្មេងស្រីវ័យជំទង់ជាច្រើនទៀតនៅក្នុងសហគមន៍របស់នាងដែលចង់រៀបការ។ ប៉ុន្តែនៅពេលពេលវេលាកន្លងផុតទៅ ទំនាក់ទំនងរបស់នាងមានភាពរកាំរកូស ហើយក្តីសង្ឃឹមដ៏មុតមាំរបស់នាងចំពោះអនាគតបានប្រែជាមិនច្បាស់លាស់។

នាងនិយាយថា៖ «ពួកខ្ញុំឈ្លោះគ្នា។ ពួកខ្ញុំមិនចុះសម្រុងគ្នាទេ ដោយសារពួកខ្ញុំនៅក្មេងពេក ឆាប់ខឹង ហើយពួកខ្ញុំមិនទាន់មានលុយទេ»។

នៅក្នុងខេត្តរតនគិរី ជាខេត្តភាគឦសានដែលមានសហគមន៍ជនជាតិដើមភាគតិចរស់នៅច្រើន និងអ្នករាល់គ្នាមានរឿងរ៉ាវទាក់ទងនឹងការរៀបការវ័យក្មេង។ ដោយសារតែទំនៀមទម្លាប់ ឱកាសអប់រំនៅមានកម្រិត និងភាពក្រីក្រ ស្ត្រីស្ទើរតែពាក់កណ្តាល (៤៨%) ដែលមានអាយុចន្លោះពី ២០ ទៅ ២៤ឆ្នាំ បានរៀបការ ឬរួមរស់ជាមួយគ្នាជាប្តីប្រពន្ធមុនអាយុ ១៨ឆ្នាំ ដែលជាអត្រាខ្ពស់បំផុតនៅក្នុងប្រទេស។1

សព្វថ្ងៃនេះ ក្មេងស្រីជាច្រើនកំពុងស្គាល់អនាគតស្វាមីរបស់ពួកគេតាមរយៈអនឡាញ។

មិនយូរប៉ុន្មានបន្ទាប់ពីសម្រេចចិត្តរៀបការ ធីតា បានជួបយុវជនឈ្មោះ យឿន និច អាយុ ២៤ឆ្នាំ ដែលជាសមាជិកនៃក្រុមតំណាងយុវវ័យ និងយុវជន  (AYRG) ដែលជាបណ្តាញយុវជនថ្នាក់ជាតិគាំទ្រដោយ UNICEF ដើម្បីផ្តល់អំណាចដល់យុវជនឱ្យក្លាយជាអ្នកតស៊ូមតិដើម្បីសិទ្ធិរបស់ពួកគេ។ និច ត្រូវបានបណ្តុះបណ្តាលដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃការរៀបការវ័យក្មេងនៅក្នុងភូមិរបស់នាង និងសហគមន៍ជុំវិញ។ 

បន្ទាប់ពីបានជួបយុវជនតស៊ូមតិ និច រួចមក ធីតា វ័យ ១៧ឆ្នាំ បានសម្រេចចិត្តពន្យារពេលរៀបការ ដើម្បីផ្តោតលើការសិក្សារបស់នាង
UNICEF Cambodia/2026/Antoine Raab បន្ទាប់ពីបានជួបយុវជនតស៊ូមតិ និច រួចមក ធីតា វ័យ ១៧ឆ្នាំ បានសម្រេចចិត្តពន្យារពេលរៀបការ ដើម្បីផ្តោតលើការសិក្សារបស់នាង
នៅខេត្តរតនគិរី ដែលអត្រានៃការរៀបការវ័យក្មេងខ្ពស់ជាងគេបំផុតក្នុងចំណោមខេត្តទាំងអស់នៅកម្ពុជា កុមារជាច្រើនកំពុងជួបអនាគតស្វាមីរបស់ពួកគេតាមអនឡាញ
UNICEF Cambodia/2026/Antoine Raab នៅខេត្តរតនគិរី ដែលអត្រានៃការរៀបការវ័យក្មេងខ្ពស់ជាងគេបំផុតក្នុងចំណោមខេត្តទាំងអស់នៅកម្ពុជា កុមារជាច្រើនកំពុងជួបអនាគតស្វាមីរបស់ពួកគេតាមអនឡាញ

និច បានប្រាប់ ធីតា ថា ការរៀបការនៅក្មេងពេកធ្វើឱ្យបាត់បង់សិទ្ធិរបស់ក្មេងស្រីក្នុងការសម្រេចចិត្តលើជីវិតផ្ទាល់ខ្លួន ធ្វើឱ្យគ្រួសារជាប់ក្នុងភាពក្រីក្រជាជាងការជួយរំដោះបន្ទុក និងធ្វើឱ្យក្មេងស្រីឃ្លាតឆ្ងាយពីមិត្តភក្តិ និងសហគមន៍។ នាងបាននិយាយថា ការរៀបការវ័យក្មេងបង្កើនហានិភ័យនៃអំពើហិង្សា ជាពិសេសនៅពេលដែលមានបញ្ហាលុយកាក់ ដែលបង្កឱ្យមានភាពតានតឹងក្នុងទំនាក់ទំនង ហើយការមានផ្ទៃពោះក្នុងវ័យជំទង់អាចបង្កឱ្យមានផលវិបាកសុខភាពសម្រាប់ទាំងម្តាយ និងទារក។

សារនេះបានធ្វើឱ្យនាងពិចារណាឡើងវិញនូវការសម្រេចចិត្តរៀបការទាំងប្រញាប់ប្រញាល់ ហើយទីបំផុតបានសម្រេចចិត្តផ្តោតលើការសិក្សា។ វាគឺជាជម្រើសដ៏លំបាកមួយនៅក្នុងសហគមន៍ដែលការរៀបការវ័យក្មេងបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌។

ធីតា ដែលបច្ចុប្បន្នរៀនថ្នាក់ទី១០ និយាយថា៖ «ខ្ញុំបានគិតពីរឿងនេះជាច្រើនដង ហើយខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងបន្តការសិក្សាដោយមិនខ្វល់ពីអ្វីដែលអ្នកភូមិ ឬអ្នកផ្សេងនិយាយដាក់ខ្ញុំនោះទេ។ ពាក្យសម្ដីរបស់គាត់ដែលធ្វើឱ្យខ្ញុំពិចារណាឡើងវិញ គឺនិយាយអំពីផលប៉ះពាល់ដល់អនាគត។ ព្រោះនៅពេលក្មេងស្រីមិនបានរៀនសូត្រជ្រៅជ្រះ នៅពេលមានគ្រួសារ នាងនឹងប្រឈមមុខការគាបសង្កត់ពីគ្រួសារ ហើយមិនអាចប្រាស្រ័យទាក់ទងស៊ីជម្រៅជាមួយសង្គមខាងក្រៅបាន។ អនាគតរបស់យើងសំខាន់ណាស់។ បើយើងគ្មានគោលដៅជីវិត និងមិនបានរៀនសូត្រ ពួកយើងក៏គ្មានចំណេះដឹងដែរ»។

អត្រានៃការរៀបការវ័យក្មេងនៅកម្ពុជាមិនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះទេក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដោយថយចុះពី ២៥% នៅឆ្នាំ២០០០ មក ១៨% នៅឆ្នាំ២០២២។ នៅក្នុងខេត្តមួយចំនួនដែលមានជនជាតិដើមភាគតិចច្រើន រួមមាន រតនគិរី (៤៨%), ស្ទឹងត្រែង (៤១%), មណ្ឌលគិរី (៣៣%), និងព្រះវិហារ (៣៣%) ការរៀបការវ័យក្មេងនេះនៅតែរីករាលដាល ដែលបង្កផលវិបាកធ្ងន់ធ្ងរដល់ក្មេងស្រី និងជះឥទ្ធិពលដល់សង្គម។

និច និយាយថា៖ «ផ្នត់គំនិតនៅក្នុងសហគមន៍របស់យើងគឺថា មិនចាំបាច់រៀនខ្ពង់ខ្ពស់ទេ។ គ្រាន់តែចេះអក្សរ លេខ ឬចេះសរសេរឈ្មោះខ្លួនឯងគឺគ្រប់គ្រាន់ហើយ ព្រោះគង់តែមានគ្រួសារដដែល»។ ដោយមានការគាំទ្រពី UNICEF និងមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី (DFAT) នាងដឹកនាំវគ្គផ្សព្វផ្សាយសម្រាប់ក្មេងស្រី ក្មេងប្រុស និងអ្នកភូមិ ដើម្បីជួយផ្លាស់ប្តូរជំនឿទាំងនេះ និងផ្តល់ជម្រើសអនាគតថ្មីសម្រាប់ក្មេងជំនាន់ក្រោយ។

បងប្អូនជីដូនមួយរបស់ និច ផ្ទាល់បានរៀបការជាមួយបុរសម្នាក់ដែលនាងស្គាល់តាមហ្វេសប៊ុកនៅអាយុ ១៦ឆ្នាំ។ នាងបានឈប់រៀន មានផ្ទៃពោះ ហើយក្រោយមកបានលែងលះគ្នា ដោយបន្សល់ទុកឱ្យនាងចិញ្ចឹមកូនប្រុសតូចតែម្នាក់ឯង។

នាងនិយាយថា៖ «ពួកខ្ញុំមានអារម្មណ៍សោកស្តាយខ្លាំងណាស់ ព្រោះពេលគាត់នៅរៀន គាត់តែងនិយាយពីអ្វីដែលគាត់ចូលចិត្តធ្វើ។ គាត់មានក្តីស្រមៃ... ពួកខ្ញុំរំពឹងថាគាត់នឹងបន្តដើរតាមក្តីស្រមៃរបស់គាត់»។

«រឿងនេះមិនមែនមានតែមួយ ឬពីរករណីទេ។ នេះគឺជាអ្វីដែលកើតឡើងញឹកញាប់បំផុត»។

និច ខ្លួនឯងក៏ធ្លាប់ទទួលរងសម្ពាធនេះផ្ទាល់ដែរ។ ប៉ុន្តែសម្រាប់ខ្លួននាង នាងចង់បានជីវិតខុសពីនេះ។ 

និច ដែលជាគ្រូបង្រៀនមត្តេយ្យ ដឹកនាំវគ្គអប់រំអំពីការរៀបការវ័យក្មេងនៅតាមសាលារៀន និងក្នុងសហគមន
UNICEF Cambodia/2026/Antoine Raab និច ដែលជាគ្រូបង្រៀនមត្តេយ្យ ដឹកនាំវគ្គអប់រំអំពីការរៀបការវ័យក្មេងនៅតាមសាលារៀន និងក្នុងសហគមន៍

នាងរំលឹកថា៖ «គេធ្លាប់និយាយលេងជាមួយខ្ញុំថា អាយុប៉ុណ្ណឹងហើយ គួរតែរៀបការទៅ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ ព្រោះឪពុកម្តាយចាស់ហើយ។ ពេលនោះ ខ្ញុំក៏គិតថា បើខ្ញុំមានគ្រួសារ ប្រហែលជាល្អ។ ប៉ុន្តែខ្ញុំបានសួរម៉ែ ហើយម៉ែថាស្រេចលើខ្ញុំ។ បើខ្ញុំចង់រៀន គឺរៀនទៅ។ ដូច្នេះខ្ញុំសម្រេចចិត្តបន្តរៀន ហើយចូលរួមជាមួយ AYRG។ បើខ្ញុំរៀបការពេលនោះ គេប្រហែលជាមិនជឿទុកចិត្តខ្ញុំទេក្នុងការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហានៃការរៀបការវ័យក្មេងនេះ»។

ដើម្បីការពារកុមារពីការរៀបការវ័យក្មេង UNICEF កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន មេដឹកនាំសាសនា ដៃគូនានារួមទាំងសម្ព័ន្ធសិទ្ធិកុមារកម្ពុជា (CRC-Cambodia) និងយុវជនផ្ទាល់មកពីបណ្តាញយុវជនដូចជា AYRG ជាដើម។ ទន្ទឹមនឹងនេះ UNICEF និងដៃគូកំពុងគាំទ្រក្រសួងកិច្ចការនារីក្នុងការរៀបចំផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់ការរៀបការកុមារ អាពាហ៍ពិពាហ៍វ័យក្មេង និងដោយបង្ខំ (២០២៥-២០៣០) និងគាំទ្រការពង្រឹងសមត្ថភាពបុគ្គលិកសង្គមកិច្ច និងសេវាថែទាំនិងបង្ការសម្រាប់អ្នករងគ្រោះ ដោយធានាថាក្មេងស្រីវ័យជំទង់ទទួលបានការគាំទ្រដែលពួកគេត្រូវការដើម្បីកសាងជីវិតឡើងវិញ និងទាមទារអនាគតរបស់ពួកគេមកវិញ។

និច និយាយថា៖ «ខ្ញុំចង់ប្រាប់ប្អូនៗជំនាន់ក្រោយថា សូមជ្រើសរើសការសិក្សាជាជាងការរៀបការ។ ការអប់រំមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កុមារនៅក្នុងសហគមន៍។ នៅពេលយើងមានចំណេះដឹង យើងមានជម្រើសការងារ មានជំនាញច្បាស់លាស់សម្រាប់អនាគត ហើយយើងចេះគិតឱ្យបានម៉ត់ចត់មុននឹងសម្រេចចិត្តរៀបការ»។

សម្រាប់ ធីតា អនាគតពោរពេញដោយក្តីសង្ឃឹម និងលទ្ធភាពជាច្រើន។

នាងនិយាយថា៖ «បើខ្ញុំមានលទ្ធភាព ខ្ញុំចង់បន្តរៀនដល់មហាវិទ្យាល័យ។ ខ្ញុំរំភើប និងសប្បាយចិត្តណាស់។ ក្តីស្រមៃរបស់ខ្ញុំគឺចង់រៀនឱ្យចប់ ដើម្បីមានចំណេះដឹង និងស្គាល់សង្គមខាងក្រៅឱ្យបានច្រើន និងមានការងារផ្ទាល់ខ្លួនធ្វើ ដើម្បីឱ្យជីវភាពគ្រួសាររីកចម្រើន»។ 


1 Cambodia Demographic and Health Survey (CDHS), 2021–2022 

2 CDHS, 2021–2022