សំឡេងយុវជនជួយកំណត់សកម្មភាពដើម្បីដោះស្រាយបញ្ហាចំណាកស្រុក
យូនីសេហ្វ បានសួរយុវជននៅក្នុងប្រទេសកម្ពុជា ពីរបៀបដែលអ្នកមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេច អាចធ្វើអ្វីខ្លះដើម្បីគាំទ្រដល់កុមារដែលរងផលប៉ះពាល់ចំណាកស្រុកបានកាន់តែប្រសើរ។
- English
- Khmer
ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ រាជធានីភ្នំពេញ – ស្រីធឿន អាយុ ១៨ ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង បាននិយាយថា «ខ្ញុំមានអារម្មណ៍ថាខ្ញុំបាននិយាយរឿងក្នុងចិត្តខ្ញុំ។» នេះជាលើកមួយរបស់នាងនៅក្នុងរាជធានីភ្នំពេញ ហើយជាលើកទីមួយផងដែរហើយដែលនាងត្រូវបានគេសុំឱ្យចែករំលែករឿងរ៉ាវរបស់នាង ។ «ហើយខ្ញុំក៏មានអារម្មណ៍ថាវាធូរសម្រាប់ខ្ញុំដែរពេលដែលខ្ញុំបាននិយាយចេញទៅ។»
ស្រីធឿនមានអាយុត្រឹមតែ ៩ ឆ្នាំប៉ុណ្ណោះ នៅពេលដែលឪពុកម្តាយនាងធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃ ។ «ខ្ញុំដឹងត្រឹមថាគ្រួសារខ្ញុំហ្នឹងវាជីវភាពវាខ្វះខាតខ្លាំង។ អញ្ចឹងទៅគាត់ត្រូវធ្វើការនៅឆ្ងាយដើម្បីរកលុយឱ្យពួកខ្ញុំរៀន។»
ដីស្រែរបស់គ្រួសារនាងមានទំហំតូចចង្អៀត មិនអាចរកប្រាក់ចំណូលបានច្រើននោះទេ។ ដំបូលផ្ទះបាយក៏ធ្លុះធ្លាយ ហើយសូម្បីតែកង់មួយគ្រឿងក៏គ្រួសារនាងគ្មានដែរ។
ស្រីធឿន និងបងប្អូនបង្កើតទាំងពីរនាក់របស់នាង ត្រូវបានទុកនៅក្នុងការមើលថែទាំដោយជីដូន
វ័យចំណាស់ និងម្ដាយមីងរបស់នាង។ ប៉ុន្តែ ទោះបីជានាងដឹងថាឪពុកម្តាយរបស់នាងបានចាកចេញទៅដើម្បីផ្តល់ឱ្យកូនពួកគេនូវអនាគតដ៏ល្អប្រសើរក៏ដោយ ប៉ុន្តែតថភាពរស់នៅឯផ្ទះមិនបានល្អប្រសើរឡើងនោះឡើយ។
នាងបន្តថា៖ «ហើយពេលហ្នឹងខ្ញុំក៏អត់ស្រួលដែរព្រោះនៅជាមួយគាត់ខ្ញុំអត់មានភាពកក់ក្តៅដូចនៅជាមួយឪពុកម្តាយទេ គឺគាត់អត់យល់ពីចិត្តយើង គាត់អត់ដឹងថាយើងចង់បានអី យើងទៅរៀនហ្នឹងយើងចាយគ្រប់គ្រាន់អត់អីអត់។ »
នៅផ្ទះ ជីដូនរបស់នាងបានស្តីបន្ទោសនាងនៅពេលគាត់ឮថា ស្រីធឿនគេចសាលា ដោយមិនបានសួរនាងជាមុនថាតើរឿងនោះជាការពិតឬយ៉ាងណាទេ ។ ចំណែកឯនៅសាលារៀនវិញ គ្រូរបស់នាងតែងតែសួរដេញដោលថា ហេតុអ្វីបានជាមិនមានអាណាព្យាបាលមកប្រជុំមាតិបិតាសិស្សសោះបែបនេះ។
ស្រីធឿន បានសម្រេចចិត្តបើកមុខនិយាយជាសាធារណៈ នៅក្នុងសាលសន្និសីទមួយនៅឯសិក្ខាសាលាពិគ្រោះយោបល់យុវជនក្នុងរាជធានីភ្នំពេញ។ យូនីសេហ្វ រួមជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការទស្សនៈពិភពលោក អន្តរជាតិ បានអញ្ជើញយុវជនចំនួន ៣០ នាក់ មកពីបណ្តាញយុវជន និងសាលារៀននានាទូទាំងប្រទេស ដើម្បីចែករំលែកទស្សនៈ និងបទពិសោធន៍របស់ពួកគេទាក់ទងនឹងការធ្វើចំណាកស្រុក ផលប៉ះពាល់នៃបញ្ហានេះមកលើកុមារ និងថាតើអ្នកធ្វើការសម្រេចចិត្តអាចការពារ និងដោះស្រាយតម្រូវការរបស់ពួកគេបានកាន់តែប្រសើរឡើងដូចម្តេចខ្លះ។ គំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រមូលនិធិដោយសហភាពអឺរ៉ុបតាមរយៈគម្រោង PROTECT (“ការការពារសិទ្ធិស្ត្រី និងកុមារក្នុងចំណាកស្រុកការងារ”) ។
គោលដៅគឺដើម្បីផ្តល់ជាវេទិកាសម្រាប់យុវជនដើម្បីបញ្ចេញសំឡេងអំពីគោលនយោបាយនានាដែលប៉ះពាល់ផ្ទាល់ដល់ជីវិត និងសិទ្ធិរបស់ពួកគេ។ ធាតុចូលដែលទទួលបានពីសិក្ខាសាលានេះ នឹងត្រូវយកទៅប្រើប្រាស់ជាមូលដ្ឋានដើម្បីរៀបចំផែនការសកម្មភាពថ្នាក់តំបន់ សម្រាប់ការអនុវត្ត «សេចក្តីប្រកាសអាស៊ានស្តីពីសិទ្ធិកុមារក្នុងបរិបទនៃការធ្វើចំណាកស្រុក1»។ សេចក្តីថ្លែងការណ៍ដ៏សំខាន់នេះ ដែលបានអនុម័តកាលពីឆ្នាំ ២០១៩ គឺជាការប្តេជ្ញាចិត្តមួយដើម្បីការពារសិទ្ធិ និងសុខុមាលភាពរបស់កុមារដែលប៉ះពាល់ដោយការធ្វើចំណាកស្រុក ខណៈដែលផែនការសកម្មភាពថ្នាក់តំបន់រយៈពេល ១០ ឆ្នាំ មានគោលដៅតម្រង់ទិសបណ្តាប្រទេសនានាក្នុងការអនុវត្តសេចក្តីថ្លែងការណ៍នេះ។ វាសង្កត់ធ្ងន់លើគោលនយោបាយនានាដូចជា ការមិនឃុំខ្លួនកុមារចំណាកស្រុក ការផ្តល់ការថែទាំតាមបែបគ្រួសារសម្រាប់កុមារដែលគ្មានអាណាព្យាបាលមកជាមួយ និងការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន ព្រមទាំងយន្តការនានាដែលធានាការទទួលបាននូវសេវាជាសារវន្ត រួមមាន ការគាំពារកុមារ ការអប់រំ សុខភាព និងយុត្តិធម៌ - ទាំងនៅក្នុងប្រទេស និងឆ្លងព្រំដែន ។
ក្នុងចំណោមអ្នកចូលរួមដែលក្មេងជាងគេបំផុតម្នាក់ក្នុងសិក្ខាសាលានេះ គឺ កុមារី យ៉ានីម អាយុ ១២ ឆ្នាំ ជាជនជាតិភាគតិចគ្រឹង បានធ្វើដំណើរយ៉ាងឆ្ងាយមកពីខេត្តរតនគិរី ដែលជាខេត្តមួយនៅភាគឦសានដាច់ស្រយាល។ នាងនិយាយថា នាងមិនដែលរៀនអំពីចំណាកស្រុកពីមុនមកទេ ប៉ុន្តែអាចមើលឃើញដោយខ្លួនឯងអំពីការតស៊ូរបស់មិត្តភក្តិនាងតស៊ូដែលរស់នៅដោយគ្មានឪពុកម្តាយ ជាពិសេសគ្មានអ្នកជួយបង្រៀនបន្ថែមលំហាត់កិច្ចការផ្ទះ។ ចំណែកឪពុករបស់នាងផ្ទាល់គឺជាទាហាន ដែលឈរជើងនៅឆ្ងាយពីផ្ទះនៅក្នុងខេត្តមួយទៀត ហើយនាងត្រូវពឹងផ្អែកលើសេវាទូរសព្ទដែលមិនល្អ ដើម្បីរក្សាទំនាក់ទំនងជាមួយគាត់ ។
នាងនិយាយថា «ខ្ញុំនឹកគាត់។ ខ្ញុំបារម្ភពីគាត់។»
តំបន់អាស៊ីអាគ្នេយ៍ គឺជាមជ្ឈមណ្ឌលដ៏ធំមួយសម្រាប់ទាំងការធ្វើចំណាកស្រុកឆ្លងដែន និងក្នុងប្រទេស។ កុមារដែលធ្វើចំណាកស្រុកតែម្នាក់ឯង ឬទៅជាមួយឪពុកម្តាយរបស់ពួកគេ ប្រឈមមុខនឹងហានិភ័យកាន់តែខ្ពស់ពីការកេងប្រវ័ញ្ច និងការរំលោភបំពាន រួមមាន ពលកម្មកុមារ ការកេងប្រវ័ញ្ចផ្លូវភេទ និងការជួញដូរ ការមានទំនាស់នឹងច្បាប់ និងការទទួលបានសេវាអប់រំ និងការថែទាំសុខភាពតិចតួច។ ចំណែកកុមារដែលមិនបានចំណាកស្រុកជាមួយឪពុកម្តាយ ក៏ប្រឈមនឹងការគំរាមកំហែងផ្នែកសុខុមាលភាព សុខភាពផ្លូវចិត្ត និងសុវត្ថិភាពរបស់ពួកគេ រួមទាំងការទទួលបានការថែទាំមិនគ្រប់គ្រាន់ផងដែរ ។
នៅក្នុងឆ្នាំ ២០២០ តំបន់នេះមានកុមារចំណាកស្រុកចំនួន ១,៣ លាននាក់ ដោយសារហេតុផលស្មុគស្មាញមួយចំនួន ដូចជា ភាពក្រីក្រ វិសមភាព ជម្លោះ អំពើហិង្សា ការប្រែប្រួលអាកាសធាតុ និងការអប់រំ។ នៅក្នុងប្រទេសកម្ពុជា កុមារភាគច្រើនទៅតាមឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេ រីឯកុមារខ្លះធ្វើចំណាកស្រុកដោយឯករាជ្យ ហើយគេប៉ាន់ប្រមាណថា កុមាររាប់លាននាក់ទៀតកំពុងរស់នៅឯផ្ទះ ខណៈដែលឪពុកឬម្តាយរបស់ពួកគេ ឬទាំងឪពុកទាំងម្តាយ ធ្វើចំណាកស្រុក ជាធម្មតា គឺដើម្បីស្វែងរកឱកាសសេដ្ឋកិច្ចឲ្យកាន់ប្រសើរជាងមុន។ ក្នុងឆ្នាំ ២០២៥ ជនចំណាកស្រុកខ្មែរប្រមាណជិត ៩០០.០០០ នាក់ ដែលរស់នៅក្នុងប្រទេសថៃ ក្នុងនោះរួមទាំងកុមារជាង ១៥.០០០ នាក់ បានវិលត្រឡប់ទៅមាតុភូមិវិញ បន្ទាប់ពីមានការផ្ទុះឡើងនៃជម្លោះរវាងប្រទេសទាំងពីរកាលពីខែកក្កដា2 ។ នៅពេលជម្លោះឈានដល់កម្រិតកំពូល មនុស្សជាង ១៧០.០០០ នាក់ ដែលភាគច្រើនជាកុមារ បានផ្លាស់ទីលំនៅក្នុងផ្ទៃប្រទេស។2
យូនីសេហ្វ ធ្វើការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដៃគូនានា ដើម្បីពង្រឹងប្រព័ន្ធការពារកុមារ រួមទាំងការរៀបចំគោលនយោបាយ និងច្បាប់ដែលការពារ និងគាំទ្រកុមាររងផលប៉ះពាល់ដោយការធ្វើចំណាកស្រុក ។
យុវជនគ្រប់រូបនៅក្នុងសិក្ខាសាលានេះ សុទ្ធតែមានគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ លីណា ដែលជានិស្សិតសាកលវិទ្យាល័យ អាយុ ២០ ឆ្នាំ មកពីសហគមន៍ខ្មែរឥស្លាមក្នុងខេត្តត្បូងឃ្មុំ បាននិយាយថា អ្នកភូមិរបស់នាងជាច្រើនដែលធ្វើចំណាកស្រុកនៅក្នុងប្រទេសកម្ពុជា អាចស្វែងរកការងារធ្វើបាន ប៉ុន្តែជួបការលំបាកក្នុងការស្វែងរកអាហារហាឡាល់ ដូច្នេះហើយពួកគេសម្រេចចិត្តទៅប្រទេសផ្សេងទៀត ដូចជាម៉ាឡេស៊ីវិញ។ នៅក្នុងអំឡុងពេលពួកគេនៅក្រៅប្រទេស អ្នកខ្លះប្រឈមនឹងការចាប់ខ្លួន ឬការជួញដូរពលកម្ម។
នៅពេលដែលបងស្រី និងបងថ្លៃប្រុសរបស់នាង បានធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃ ហើយរកការងារធ្វើនៅការដ្ឋានសំណង់ ពួកគេទុកកូនៗរបស់ពួកគេជាមួយជីដូន ដែលជាម្តាយរបស់លីណា ជាអ្នកមើលថែ។ ស្រដៀងនឹងករណីស្រីធឿនដែរ នាងបានឃើញពីការដែលក្មួយប្រុសរបស់នាងបាត់បង់ទំនាក់ទំនងជិតស្និទ្ធជាមួយឪពុកម្តាយគាត់ ហើយងាកមករកបណ្តាញសង្គមវិញដើម្បីស្វែងរកការគាំទ្រផ្លូវចិត្ត។
លីណាបានរៀបរាប់ថាថា៖ «ពេលម៉ាក់គាត់នៅ គាត់មានការញ៉ិកញ៉ក់ ប៉ុន្តែដល់ពេលដែលគាត់រស់នៅឃ្លាតឆ្ងាយជាមួយម៉ាក់របស់គាត់វិញហ្នឹង ខ្ញុំសង្កេតឃើញថាក្មួយខ្ញុំគាត់បែរទៅជាមនុស្សបែប introvert វិញ។ ថ្ងៃហ្នឹងគាត់អត់សប្បាយចិត្តទេ គាត់ stress គាត់ចង់ញ៉ាំនេះចង់ញ៉ាំនោះ គាត់ទៅប្រាប់ប្រព័ន្ធបណ្តាញសង្គម របស់គាត់វិញ គាត់អត់បែរទៅជាប្រាប់ម៉ាក់របស់គាត់ ហើយខ្ញុំយករឿងហ្នឹងទៅលួចប្រាប់ម៉ាក់គាត់ ធ្វើឱ្យម៉ាក់គាត់ពេលខ្លះអន់ចិត្តជាមួយកូនទៀត ហើយដឹងធ្វើម៉េចបើត្រូវឃ្លាតឆ្ងាយអញ្ចឹង។
ពេលម្ដាយគាត់នៅក្បែរ គាត់តោងជាប់ ។ ប៉ុន្តែនៅពេលដែលគាត់ត្រូវរស់នៅឆ្ងាយពីម្តាយគាត់ ខ្ញុំសង្កេតឃើញថា ក្មួយប្រុសខ្ញុំកាន់តែជាមនុស្សមិនសូវនិយាយស្តីជាមួយអ្នកដទៃ។ បើថ្ងៃណាមួយគាត់មិនសប្បាយចិត្ត គាត់តានតឹងក្នុងអារម្មណ៍ គាត់បញ្ចេញអារម្មណ៍ជាមួយមិត្តភក្តិក្នុងបណ្តាញផ្សព្វផ្សាយសង្គមរបស់គាត់ទៅវិញ គាត់មិនប្រាប់ម្តាយរបស់គាត់ទេ។ ហើយខ្ញុំយករឿងហ្នឹងទៅលួចប្រាប់ម៉ាក់គាត់ ធ្វើឱ្យម៉ាក់គាត់ពេលខ្លះអន់ចិត្តជាមួយកូនទៀត ហើយដឹងធ្វើម៉េចបើត្រូវឃ្លាតឆ្ងាយអញ្ចឹង។»
នៅក្នុងសិក្ខាសាលានេះ អ្នកចូលរួមត្រូវបានសួរពីមតិយោបល់របស់ពួកគេ ថាតើអាជ្ញាធរអាចផ្តល់ការគាំទ្រដល់កុមាររងផលប៉ះពាល់ដោយការធ្វើចំណាកស្រុកឲ្យកាន់តែប្រសើរឡើងដោយរបៀបណា ជាពិសេសកុមារដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដើម្បីឲ្យពួកគេអាចចូលរៀន និងរស់នៅក្នុងសហគមន៍របស់ពួកគេវិញបាន។ ពួកគេបានស្នើសុំឲ្យមានការការពារពីការរើសអើង និងការសម្លុតធ្វើបាប ការគាំទ្រផ្នែកស្បៀងអាហារ និងអាហារូបត្ថម្ភសម្រាប់គ្រួសារក្រីក្រ ការអប់រំស្តីពីចរាចរណ៍ផ្លូវគោកនិងសុវត្ថិភាព ព្រមទាំងថ្នាក់រៀនបំប៉នភាសា ឬកម្មវិធីទូរស័ព្ទដើម្បីជួយកុមារដែលមិនចេះនិយាយភាសាខ្មែរ។ ក្រៅពីនេះ ពួកគេក៏ចង់បានការគាំទ្រសុខភាពផ្លូវចិត្តកាន់តែប្រសើរសម្រាប់កុមារដែលមានឪពុកម្តាយជាជនចំណាកស្រុក ដែលត្រូវបានគេទុកនៅផ្ទះ។
លីណា និយាយថា «សម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថារាជរដ្ឋាភិបាលក៏ដូចជាភាគីពាក់ព័ន្ធផ្សេងៗគួរតែធានាក៏ដូចជាបង្កើតនូវគោលនយោបាយក្នុងការឱ្យកុមារទាំងអស់ទទួលបានទាំងការអប់រំ សុខភាព និងសុវត្ថិភាព។»
នាងមានក្តីសប្បាយរីករាយ ដែលទទួលបានឱកាសឲ្យយុវជនចូលរួមនៅក្នុងដំណើរការនេះ។
នាងនិយាយថា «ខ្ញុំអត់ដែលបានចាប់អារម្មណ៍ទាក់ទងជាមួយនឹងប្រធានបទហ្នឹងទេ។ ប៉ុន្តែនៅពេលដែលយើងមានបទពិសោធន៍ខ្លួនឯងផ្ទាល់ជាមួយនឹងក្រុមគ្រួសារខ្លួនឯងផ្ទាល់ នៅពេលដែល យូនីសេហ្វផ្ដល់ឱកាសឱ្យខ្ញុំបានបង្ហាញសំឡេងទៅកាន់ពិភពលោកឱ្យយល់ចិត្តទុកដាក់ជាមួយនឹងពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹង ខ្ញុំមានអារម្មណ៍ថារំភើប។»
1 Association of Southeast Asian Nations