សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

សូមជួបជាមួយប្អូនប្រុស ប៊ុនថង

#ការគិតគូរជាថ្មីពីអនាគត៖ សូមជួបជាមួយប្អូនប្រុស ប៊ុនថង មេបញ្ជាការប៉ូលីសថ្មីរបស់យើង!

Jaimie Gill
©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab
16 វិច្ឆិកា 2020

ខ្ញុំឈ្មោះ ប៊ុនថង រស់នៅស្រុកបរកែវ ខេត្តរតនគិរី ជាខេត្តមួយដ៏សែនឆ្ងាយពីទីក្រុង។ ខ្ញុំរស់នៅជាមួយឪពុកម្ដាយរបស់ខ្ញុំ។ យើងមានតូបតូចមួយ។ ពួកគាត់លក់អាហារពេលព្រឹក មានបាយ និងគុយទាវ។ ខ្ញុំតែងតែជួយបម្រើទឹកតែដល់ភ្ញៀវពេលខ្ញុំទំនេរពីការរៀនសូត្រ។

ខ្ញុំចូលចិត្តទៅសាលារៀនផងដែរ។ ខ្ញុំចូលចិត្តទៅរៀន និងលេងជាមួយមិត្តភក្តិរបស់ខ្ញុំដែរ។ មិត្តជិតស្និទ្ធរបស់ខ្ញុំឈ្មោះ អ៊ីង។ អាអ៊ីងពូកែកំប្លែង។ ខ្ញុំចូលចិត្តរៀនភាសាខ្មែរ ហើយខ្ញុំចូលចិត្តសត្វដូចជា សត្វតោ និងសត្វខ្លា និងជាពិសេសសត្វមឹក។ សត្វទាំងនេះមានរូបរាងចម្លែក និងអស្ចារ្យ។ ខ្ញុំមិនដែលបានទៅលេងសមុទ្រពីមុនមកទេ ប៉ុន្តែខ្ញុំចង់ទៅទីនោះណាស់ព្រោះខ្ញុំចង់ឃើញសត្វមឹក។

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

ខ្ញុំធ្លាប់ទៅលេងខេត្តសៀមរាប ខ្ញុំបានទៅមើលប្រាសាទអង្គវត្ត។ ប្រាសាទនេះអស្ចារ្យ​ណាស់ ហើយខ្ញុំចូលចិត្តប្រាង្គប្រាសាទទាំងឡាយផ្សេងទៀតផងដែរ។ ប៉ុន្តែអ្វីដែលខ្ញុំស្រឡាញ់ជាងគេ គឺប៉ូលីស។ ខ្ញុំស្រឡាញ់ឯកសណ្ឋាន និងការងាររបស់ពួកគាត់ ពួកគាត់ជួយសំអាតប្រាសាទ និងជួយការពារមិនឲ្យមានគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ។ ដូច្នេះខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងធ្វើជាប៉ូលីសពេលធំឡើង។ ខ្ញុំចង់ក្លាយជាប៉ូលីស ដើម្បីចាប់ចោរ។ ខ្ញុំមិនទាន់បានជួបចោរនៅឡើយទេ ប៉ុន្តែនៅពេលដែលខ្ញុំក្លាយជាប៉ូលីស ខ្ញុំប្រាកដជាជួបពួកគេជាមិនខាន។ ខ្ញុំមិនចូលចិត្តសោះនៅពេលគេឲ្យខ្ញុំលេងល្បែងសម្ដែងជាប៉ូលីសដេញចាប់ចោរ។ នេះមិនមែនជារឿងលេងសើចឡើយ។ វាគឺជារឿងមែនទែន មិនអាចយកមកសម្តែងលេងបានទេ!

ខ្ញុំចូលចិត្តញ៉ាំស្ករគ្រាប់ ប៉ុន្តែម្ដាយខ្ញុំអត់ឲ្យខ្ញុំញ៉ាំ ដូច្នេះខ្ញុំតែងតែញ៉ាំអាហារដែលមិនប៉ះពាល់សុខភាព។ ខ្ញុំដឹងថាខ្ញុំត្រូវតែញ៉ាំអាហារល្អៗដើម្បីឲ្យសុខភាពរឹងមាំ ឆាប់ធំ និងអាចរៀនចប់នឹងអាលក្លាយជាប៉ូលីស។ ខ្ញុំគឺជាសិស្សពូកែម្នាក់។ ខ្ញុំមិនត្រឹមតែរៀននៅសាលាទេ នៅផ្ទះក៏ខ្ញុំខំរៀនដែរ។ ខ្ញុំរៀននៅផ្ទះ ព្រោះវាជារឿងសំខាន់សម្រាប់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចធ្វើជាប៉ូលីសនៅពេលណាមួយ ហើយអាចការពារ”ប្រជានុរាស្ត្រ”ពីគ្រោះថ្នាក់ចរាចរណ៍ និងពីមនុស្សអាក្រក់។

©UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab