សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

យុវជនវិទ្យាល័យមណ្ឌលគិរី ដឹកនាំយុទ្ធនាការធ្វើជីកំប៉ុសដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

សិស្សជនជាតិដើមភាគតិចកែច្នៃសំណល់អាហារជាជីកំប៉ុស្ត ដើម្បីកាត់បន្ថយចំណាយគ្រួសារ និងរៀនជំនាញអាកាសធាតុ តាមរយៈកម្មវិធីជំនាញជីវិត និងយុវជនស្ម័គ្រចិត្តដែលគាំទ្រដោយយូនីសេហ្វ។

បុទមរ័ត្ន លីប៊ុន
ចំណងជើងរូបថត ៖ ឃ្លាស់ ហៀន, ថាល់ កុំហុង និង ក្រើត ម៉ាលីហ្សា ជាសិស្សមកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសខេត្តមណ្ឌលគិរី - រែងជីកំប៉ុសក្នុងបង្គីមួយ រួចបាញ់ទឹកពីលើ ។
UNICEF Cambodia/2025
29 ធ្នូ 2025

សែនមនោរម្យ មណ្ឌលគរី ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥  —នៅក្នុង​ទីធ្លា​វិទ្យាល័យមួយ សិស្ស​បី​នាក់​អង្គុយ​ក្បែរ​បង្គីមួយដែលមាន​ដីខ្មៅ ។ ឃ្លាស់ ហៀន អាយុ ១៧ ឆ្នាំ ថាល់ កុំហុង អាយុ ១៦ ឆ្នាំ និង ក្រើត ម៉ាលីហ្សា អាយុ ១៧ ឆ្នាំ រែងជីកំប៉ុសដែលធ្វើពីសំណល់អាហារ និងស្លឹករុក្ខជាតិស្ងួត ហើយបាញ់ទឹកពីលើ ។ ថ្ងៃនេះ ពួកគេធ្វើដំណើរទៅកាន់សាលាមួយទៀត ដើម្បីបង្ហាញដល់សិស្សផ្សេងទៀតអំពីវិធីធ្វើជីចេញពីសំណល់ ។

អ្វី​ដែល​មើល​ទៅ​ដូច​ជា​ការ​បង្ហាញ​ដ៏​សាមញ្ញ​មួយ ​គឺ​ជា​លទ្ធផល​នៃ​ការ​សិក្សាអស់រយៈពេលជាច្រើន​ខែមកហើយ ។ សកម្មភាពអនុវត្តផ្ទាល់នេះ គឺជាផ្នែកមួយនៃកម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (VMC) នៅកម្ពុជា ដែលបន្តពីការអនុវត្តកម្មវិធីអប់រំបំណិនជីវិតមូលដ្ឋាន (LLSE) ដែលគាំទ្រដោយអង្គការយូនីសេហ្វនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ។ កម្មវិធីទាំងពីរនេះ ផ្តោតលើការប្រែប្រួលអាកាសធាតុ និងផ្តល់ដល់សិស្សនូវការអនុវត្តជាក់ស្តែងក្នុងការកសាង និងដឹកនាំគម្រោងដើម្បីដោះស្រាយបញ្ហាប្រឈមពិតប្រាកដក្នុងសហគមន៍។ កម្មវិធី LLSE ប្រើការសិក្សាផ្អែកលើបញ្ហា រីឯកម្មវិធី VMC អនុវត្ត​ការ​សិក្សា​ផ្អែកតាម​គម្រោង—ផ្តល់​ឱកាសឱ្យ​យុវជនប្រែក្លាយ​គំនិត​ទៅ​ជា​សកម្មភាព ។

ពួកគេទាំង​បីនាក់គឺ​ជា​សិស្ស​កសិកម្ម​នៃ​វិទ្យាល័យ​ចំណេះទូទៅ និង​បច្ចេកទេសមណ្ឌលគិរី ។ ពួក​គេ​មក​ពី​សហគមន៍​ជន​ជាតិ​ដើមភាគ​តិច ​ដែល​​គ្រួសារ​ភាគ​ច្រើនប្រកបរបរធ្វើ​ស្រែ​ចម្ការ​​។ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យរបរនេះកាន់តែពិបាកទៅៗ។ រដូវប្រាំងអូសបន្លាយពេលយូរ រួមជាមួយទឹកជំនន់រហ័ស បានធ្វើឱ្យទិន្នផលធ្លាក់ចុះ និងការចំណាយកើនឡើង ។ កសិករ​ជាច្រើន​ងាក​មក​ប្រើ​ជីគីមី និង​ថ្នាំ​កសិកម្ម ដែល​បំផ្លាញ​ដី និង​គំរាមកំហែង​ដល់​សុខភាព ។

ម៉ាលីហ្សា ពន្យល់ថា “ការពុលថ្នាំកសិកម្មគឺជាបញ្ហាដ៏ធំមួយ” ។ “ដីយើងនៅតែមានជីវជាតិដោយសារមានព្រៃឈើ ប៉ុន្តែយើងត្រូវការពារវា ។ យើងបង្រៀនពីជំហានងាយៗដើម្បីឱ្យសិស្សអាចបង្ហាញដល់ឪពុកម្តាយរបស់ពួកគេនៅពេលត្រលប់ទៅផ្ទះវិញ។ វិធីសាស្ត្រនោះមានតម្លៃថោក ហើយដំណោះស្រាយគឺនៅក្នុងសួនច្បារក្រោយផ្ទះរបស់ពួកគេ ។”

គម្រោងរបស់សិស្ស “ជីសរីរាង្គលូតលាស់នៅភាគឦសាន” បានចាប់ផ្តើមដោយមានសមាជិកចំនួនប្រាំនាក់ ប៉ុន្តែឥឡូវនេះ មានអ្នកដឹកនាំស្នូលតែបីនាក់ប៉ុណ្ណោះ។ ពួកគេបានរៀបចំសំណើគម្រោង បានស្រាវជ្រាវបច្ចេកទេសធ្វើជីកំប៉ុស និង រៀបផែនការធ្វើបទបង្ហាញ។ កាលពីខែមុន ពួកគេបានបង្ហាញពីការងាររបស់ពួកគេដល់សិស្សចំនួន ១៦០ នាក់ មកពីសាលាផ្សេងៗនៅទូទាំងខេត្ត ដោយបង្ហាញអំពីវិធីដែលគ្រួសារអាចសន្សំប្រាក់ និងការពារដីដោយធ្វើជីកំប៉ុសនៅផ្ទះ។

សិស្សទាំងនេះកោតសរសើរដល់គ្រូរបស់ពួកគេ គឺលោក សែន សំនិន ដែលបានបង្រៀនពួកគេអំពីកម្មវិធីបំណិន​ជីវិត និង VMC តាមរយៈការបណ្តុះបណ្តាលដែលគាំទ្រដោយអង្គការយូនីសេហ្វ។ ដោយមានការគាំទ្រពីអង្គការយូនីសេហ្វ តាមរយៈថវិកាសម្រាប់សមាសភាគយេនឌ័រ ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែពង្រីក LLSE និង VMC ទូទាំងប្រទេស។ កម្មវិធីទាំងពីរនេះ ជួយសិស្សអោយផ្សាភ្ជាប់ចំណេះដឹងរបស់ពួកគេទៅនឹងបញ្ហាប្រឈមក្នុងជីវិតពិត ដោយលើកកម្ពស់ការចូលរួមដោយស្មើភាពគ្នាសម្រាប់ក្មេងស្រី និងក្មេងប្រុស។

វិធីសាស្រ្តរបស់ក្រុមគឺសាមញ្ញ៖ ចាប់ផ្តើមធ្វើជីកំប៉ុសដោយប្រើគ្រឿងផ្សំធម្មតាពីរទៅបីមុខ - សំណល់ផ្ទះបាយ ដូចជាសំបកបន្លែ និងបាយសល់ រួមផ្សំជាមួយសំណល់ស្មៅស្ងួត ដូចជាស្លឹក និងមែកឈើ។ គ្រួសារត្រូវការតែធុង ឬរណ្តៅមួយប៉ុណ្ណោះ ជីកំប៉ុសអាចប្រើប្រាស់បាននៅពេលដែលវារលាយហើយមើលទៅដូចជាដី។ គេអាចសន្សំការចំណាយបានយ៉ាងច្រើន។ ជីគីមីមានតម្លៃ ២០ ទៅ ៤០ ដុល្លារក្នុងមួយបេដែលមានទម្ងន់ ៥០ គីឡូក្រាម ហើយសួនតាមផ្ទះ អាចប្រើពីមួយទៅបីបេក្នុងមួយឆ្នាំ។ ជីកំប៉ុសដែលធ្វើនៅផ្ទះ គឺមិនអស់លុយទេ ហើយវាអាចជួយសន្សំគ្រួសារបានរហូតដល់ ៦០ ទៅ ៨០ ដុល្លារក្នុងមួយឆ្នាំ បន្ថែមពីលើការការពារដី និងសុខភាពដី ។

ហៀន គឺជាអ្នកដែលបានឃើញលទ្ធផលផ្ទាល់ភ្នែកដំបូងគេបំផុត។ នាងនិយាយថា “ជួនកាល សិស្សហៅខ្ញុំឱ្យឈប់នៅមាត់ទ្វារសាលា ឬនៅផ្សារ។” “ពួកគេប្រាប់ខ្ញុំថា គ្រួសាររបស់ពួកគេចាប់ផ្តើមធ្វើជីកំប៉ុស ហើយបន្លែរបស់ពួកគេដុះកាន់តែល្អ ។”

តាមរយៈកម្មវិធី LLSE និង VMC សិស្សបានហ្វឹកហាត់ជំនាញទំនាក់ទំនង តាមរយៈការពន្យល់ពីគំនិតផ្សេងៗយ៉ាងច្បាស់លាស់ ពង្រឹងការសហការគ្នាតាមរយៈការធ្វើការជាក្រុម និង ដោះស្រាយបញ្ហាដោយប្រែក្លាយសំណល់ទៅជាធនធានដែលមានប្រយោជន៍។ ការបង្ហាញនៅចំពោះមុខក្រុមធំ បានជួយបង្កើតទំនុកចិត្ត ជាពិសេសចំពោះក្មេងស្រីដែលជាអ្នកដឹកនាំនៅទីសាធារណៈ ។

ហៀន បានបន្តទៀតថា​៖ “​គម្រោង​នេះ​បាន​បង្រៀន​ខ្ញុំ​ថា ​សកម្មភាព​តូចៗ​នៅ​ពេល​​ធ្វើ​ជាប្រចាំ ​អាច​បង្កើតឱ្យមាន​ការ​ផ្លាស់​ប្តូរយ៉ាង​ពិត​ប្រាកដ ​។”

កំហុង ជាសមាជិកក្មេងបំផុតក្នុងក្រុម បាននាំមកនូវការចង់ដឹងចំពោះអ្វីៗគ្រប់យ៉ាងដែលគាត់ធ្វើ។ ដោយចាប់អារម្មណ៍ចំពោះការធ្វើកសិកម្មដែលធន់នឹងអាកាសធាតុ គាត់បានប្រើឧបករណ៍ AI សម្រាប់ការស្រាវជ្រាវ និងមានសុបិនចង់បង្កើតមនុស្សយន្តដើម្បីគាំទ្រវិស័យកសិកម្ម។ វិធីសាស្រ្តរបស់គាត់បង្ហាញពីវិធីដែលដំណោះស្រាយក្នុងមូលដ្ឋានអាចតភ្ជាប់ជាមួយបច្ចេកវិទ្យាសកល ដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងអាកាសធាតុ ។

លោកនាយក កឹម ចាន់ណារ៉ា ដែលធ្វើជាគ្រូបង្រៀនអស់រយៈពេលជាង ២៥ ឆ្នាំ មកហើយ បានបន្ថែមថា ៖ “VMC សូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រចំពោះអង្គការហូនីសេហ្វ ដែលបានគាំទ្រដល់ការអភិវឌ្ឍជំនាញទន់តាមរយៈសកម្មភាពសិក្សាផ្អែកតាមគម្រោង ។”

នៅទូទាំងខេត្តមណ្ឌលគិរី និងខេត្តភាគឦសានពីរទៀត កម្មវិធី LLSE និង VMC ត្រូវបានផ្សព្វផ្សាយដល់សិស្សរាប់ពាន់នាក់ ដែលក្នុងនោះជាងពាក់កណ្តាលជាក្មេងស្រី - ដោយជួយពួកគេបង្កើតទំនុកចិត្ត និងជំនាញអនុវត្តផ្ទាល់ដើម្បីភាពធន់ចំពោះអាកាសធាតុ។ គេអាចមើលឃើញនូវការផ្លាស់ប្តូររួចទៅហើយ ។ សិស្សវ័យក្មេង សួរសំណួរអំពីគ្រឿងផ្សំ ពេលវេលា និងការចំណាយលើការធ្វើជីនេះ ។ អ្នកខ្លះវិលត្រឡប់មកវិញនៅសប្តាហ៍បន្ទាប់ ជាមួយនឹងរូបថត និងរឿងរ៉ាវមួយចំនួនដើម្បីចែករំលែក៖ គំនរជីកំប៉ុសនៅក្រោយផ្ទះ សំបកចេកលាយជាមួយនឹងស្លឹកស្ងួត សួនគ្រួសារដែលមើលទៅមានភាពស្រស់បំព្រងបន្ទាប់ពីភ្លៀងធ្លាក់។

ខណៈពេលដែលខេត្តមណ្ឌលគិរីប្រឈមមុខនឹងរដូវដែលមិនអាចព្យាករទុកជាមុនបាន អ្នកដឹកនាំវ័យក្មេងទាំងនេះ សង្ឃឹមថា ការងាររបស់ពួកគេនឹងជំរុញគ្រួសារឱ្យទទួលយកការធ្វើជីកំប៉ុស និងស្វែងរកគ្រាប់ពូជដែលធន់នឹងអាកាសធាតុ - ជាជំហានតូចៗដែលអាចធ្វើឱ្យមានការប្រែប្រួលដ៏ធំមួយសម្រាប់សន្តិសុខស្បៀងនាពេលអនាគត ។

សិស្សច្បង ឃ្លាស់ ហៀន (ខាងឆ្វេង) និងសិស្សប្អូន ថាល់ កុំហុង នៅស្ថានីយបណ្តុះរុក្ខជាតិក្នុងសាលានៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសខេត្តមណ្ឌលគិរី ដែលពួកគេសិក្សាមុខវិជ្ជាសាកវប្បកម្មជាផ្នែកមួយនៃការសិក្សាមុខវិជ្ជាកសិកម្មរបស់ពួកគេ ។
UNICEF Cambodia/2025/Botumroath Keo Le Bun សិស្សច្បង ឃ្លាស់ ហៀន (ខាងឆ្វេង) និងសិស្សប្អូន ថាល់ កុំហុង នៅស្ថានីយបណ្តុះរុក្ខជាតិក្នុងសាលានៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសខេត្តមណ្ឌលគិរី ដែលពួកគេសិក្សាមុខវិជ្ជាសាកវប្បកម្មជាផ្នែកមួយនៃការសិក្សាមុខវិជ្ជាកសិកម្មរបស់ពួកគេ ។