ការបញ្ចេញមតិ និងជំនឿចិត្ត៖ កុមារីកំណត់អនាគតតាមរយៈបំណិនជីវិត
នៅទីជនបទកម្ពុជា ក្មេងស្រីកំពុងទទួលបានជំនឿចិត្ត ភាពធន់ផ្លូវចិត្ត និងបំណិនជាក់ស្ដែងតាមរយៈការអប់រំបំណិនជីវិត ដែលជាការដេញដោលចំពោះនិយាមយេនឌ័រ និងការកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ខ្លួនឯង និងសហគមន៍
- English
- Khmer
ខេត្តកំពង់ចាម ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ — កូនសិស្សស្រីម្នាក់ឈ្មោះ ទ្រី សុនីកា ធ្លាប់ជាសិស្សដែលអង្គុយដោយស្ងៀមស្ងាត់សំឡឹងមើលទៅពិភពលោកជុំវិញខ្លួននាង។ នៅអាយុ១៤ឆ្នាំ នាងមានអារម្មណ៍អន់ចិត្ត និងគ្មានគេរាប់រក ខណៈពេលដែលនាងរស់នៅជាមួយម្ដាយមីងរបស់នាង នៅពេលដែលឪពុកម្ដាយរបស់នាងធ្វើការងារនៅរាជធានីភ្នំពេញ។ ការដែលខ្វះការយោកយល់ពីគ្រួសារ បានធ្វើឱ្យនាងមានអារម្មណ៍ថាគ្មានអំណាច និងគ្មានអ្នកណាស្ដាប់នាង។
នៅថ្ងៃនេះ កុមារី សុនីកា និយាយដោយទំនុកចិត្តនៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាក្រុមនៅ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចំការលើ នៅក្នុងស្រុកចំការលើ។ នាងមានក្ដីសុបិន្ដក្លាយទៅជាគ្រូបង្រៀនគណិតវិទ្យា ហើយនៅពេលនេះ នាងគាំទ្រដល់ប្អូនប្រុសរបស់នាងនៅក្នុងការគ្រប់គ្រងអារម្មណ៍របស់គាត់ ដោយប្រើប្រាស់បច្ចេកទេស ដែលនាងបានរៀនតាមរយៈកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន (LLSE)។ ការផ្លាស់ប្ដូររបស់នាងបានចាប់ផ្ដើមឡើងកាលពីពីរឆ្នាំមុន នៅពេលដែលកម្មវិធីនេះត្រូវបានអនុវត្តដំបូងនៅសាលារៀនរបស់នាង ក្រោមជំនួយមូលនិធិពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ DFAT ។
នៅទូទាំងប្រទេសកម្ពុជា ក្មេងស្រីនៅតាមទីជនបទរមែងតែងប្រឈមមុខនឹងបញ្ហាការមានឱកាស និងសេចក្ដីសង្ឃឹមតិចតួច ដោយសារនិយាមយេនឌ័រ និងសង្គមដែលចាក់ឫសយ៉ាងជ្រៅ។ នៅក្នុងសហគមន៍របស់កុមារី សុនីកា កម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋានកំពុងជួយផ្លាស់ប្ដូរនិយាមទាំងនោះ។ កម្មវិធីនេះលើកទឹកចិត្តសិស្សានុសិស្សឱ្យស្វែងរកបញ្ហាប្រឈមតាមរយៈគម្រោងនានានៅក្នុងថ្នាក់រៀន ដែលសម្របសម្រួលសិស្សានុសិស្សឱ្យធ្វើការជាក្រុម និងជាអ្នកដោះស្រាយបញ្ហា ដែលរួមបញ្ចូលការរៀនសូត្រជាមួយនឹងបំណិនសង្គម និងបំណិនផ្នែកអារម្មណ៍បែបអនុវត្តជាក់ស្ដែង។
ទិន្នន័យនៃការអង្កេតនាពេលថ្មីៗនេះពីកម្មវិធីអនាគតស្មើភាពគ្នា និងប្រកបដោយភាពអង់អាចសម្រាប់ក្មេងស្រីតាមរយៈការអប់រំនៅអាស៊ីអាគ្នេយ៍1 របស់យូនីសេហ្វ បង្ហាញថា សិស្សានុសិស្សនៅកម្ពុជាចំនួនតែ ៤១,៥ភាគរយប៉ុណ្ណោះ ដែលមានទស្សនៈប្រកបដោយសមធម៌យេនឌ័រនៅក្នុងសាលារៀន ដែលនេះជាការគូសបញ្ជាក់អំពីការបន្តមាននិយាមនានា ដែលដាក់កម្រិតចំពោះឱកាសរបស់ក្មេងស្រី។ នៅក្នុងសហគមន៍របស់សុនីកា កម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន កំពុងជួយផ្លាស់ប្ដូរទស្សនៈទាំងនោះ ដែលជាការលើកទឹកចិត្តសិស្សានុសិស្សឱ្យសួរដេញដោលចំពោះការយល់ឃើញជាទូទៅនានា និងកសាងអនាគតប្រកបដោយបរិយាបន្ន។
“នៅក្នុងម៉ោងសិក្សាអំពីកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន ខ្ញុំពេញចិត្តដែលមានការចែករំលែកកិច្ចការ និងឱកាសរបស់យើងដោយស្មើភាពគ្នា” នេះជាសម្ដីរបស់កុមារី ហេង ជូលី ជាសិស្សឆ្នើមម្នាក់មានអាយុ១៣ឆ្នាំ ដែលនាងមានក្ដីសុបិន្តក្លាយជាគ្រូពេទ្យវះកាត់ម្នាក់។ “ក្មេងស្រីអាចបញ្ចេញមតិដោយគ្មានការភ័យខ្លាច” ។ កុមារី ជូលី ចូលចិត្តមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្ត នាងថ្លែងថា កម្មវិធីនេះដោះស្រាយដោយផ្ទាល់ចំពោះភាពមានស្តង់ដាពីរផ្នែកវប្បធម៌ និងប្រឆាំងចំពោះ ស្តង់ដាបែបនេះ ព្រមទាំងផ្ដល់ដល់ក្មេងស្រីនូវលំហដើម្បីបញ្ចេញមតិរបស់ពួកគេ។
អ្នកគ្រូ ឈឹម ពិសី អាយុ ៤០ឆ្នាំ ជាគ្រូបង្រៀនមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋានទៅដល់សិស្សថ្នាក់ទី៧ និងទី៨ចំនួន ៦០នាក់ គាត់បានមើលឃើញការផ្លាស់ប្ដូរដ៏ធំ។ អ្នកគ្រូថ្លែងថា “នៅពេលនេះ សិស្សស្រីដែលធ្លាប់តែអៀនខ្មាស បានចែករំលែកគំនិតរបស់ខ្លួនដោយមិនភ័យខ្លាចថា គំនិតរបស់ពួកគេ គឺជាគំនិតខុស ឡើយ” ។ ថ្នាក់រៀនរបស់គាត់បានក្លាយទៅជាលំហប្រកបដោយការយល់ចិត្ត កិច្ចសហការ និងការផ្ដល់យោបល់ត្រលប់បែបស្ថាបនា។
គំរូការរៀនសូត្រដោយផ្អែកលើការដោះស្រាយបញ្ហាតាម៦ជំហាននៅក្នុងមេរៀនបំណិនជីវិតតាមមូលដ្ឋានប្រែក្លាយមេរៀននានាទៅជាលំហាត់កសាងបំណិនជាក់ស្ដែង។ សិស្សានុសិស្សសួរសំណួរ ស្រាវជ្រាវ រៀបចំផែនការ ធ្វើសកម្មភាព ឆ្លុះបញ្ចាំង និងវាយតម្លៃ ដែលជាការអភិវឌ្ឍការគិតត្រិះរិះពិចារណា និងការយល់ដឹងអំពីអារម្មណ៍។
កុមារី អាន សុកេត ជាក្មេងស្រីអាយុ១៣ឆ្នាំ ដែលចូលចិត្តសៀវភៅភាសាអង់គ្លេស និងសៀវភៅអំពីការថែទាំខ្លួនឯង នាងធ្លាប់មានការលំបាកក្នុងការផ្ដោតការយកចិត្តទុកដាក់។ នៅពេលនេះ នាងបញ្ចេញមតិដោយជំនឿចិត្តនៅក្នុងថ្នាក់រៀន ហើយនាងមានក្ដីសុបិន្តចូលរួមបម្រើកងទ័ព។ នាងថ្លែងថា “មេរៀនអប់រំបំណិនជីវិតតាមមូលដ្ឋានបានជំរុញជំនឿចិត្តរបស់ខ្ញុំឱ្យបញ្ចេញមតិជាជាងការលាក់វាទុកនៅក្នុងចិត្ត”។
កម្មវិធីនេះដោះស្រាយប្រធានបទនានាដែលកម្រមានការពិភាក្សានៅផ្ទះ រួមមាន សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ការប្រើប្រាស់បច្ចេកវិទ្យា សុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងការគ្រប់គ្រងកំហឹង។ កុមារី ជូលី ពណ៌នាអំពីការមានអារម្មណ៍ “សប្បាយរីករាយខ្លាំងនៅក្នុងការពិភាក្សា” និងរៀនអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដែលជាប្រធានបទមួយ ដែល “កម្រត្រូវបានពិភាក្សានៅផ្ទះណាស់” ដោយសារជាប្រធានបទមួយដែលវប្បធម៌មិនចង់ឱ្យនិយាយ។ នាងមានការជឿជាក់ក្នុងការនិយាយជាសាធារណៈ និងលែងមានបញ្ហាបែកញើសបាតដៃទៀតហើយ នៅពេលធ្វើបទបង្ហាញ។
ការរកឃើញដ៏សំខាន់របស់កុមារី សុនីកា បានកើតឡើង នៅពេលធ្វើលំហាត់អំពីការយល់ចិត្ត ដែលបានធ្វើឱ្យនាងស្រក់ទឹកភ្នែក។ ការរៀនសូត្រក្នុងការ “ដាក់ខ្លួនឯងនៅក្នុងខ្លួន និងអារម្មណ៍របស់អ្នកដទៃ” បានជួយនាងឱ្យយល់អំពីទំនាស់ក្នុងគ្រួសារក្នុងលក្ខណៈខុសពីមុន។ បច្ចេកទេសដកដង្ហើម ព្រមទាំងឧបករណ៍គ្រប់គ្រងប្រព័ន្ធអារម្មណ៍ និងភាពភ័យខ្លាច នៅក្នុងមេរៀនអប់រំបំណិនជីវិតតាមមូលដ្ឋាន បានជួយនាងក្នុងការគ្រប់គ្រងទាំងកំហឹង និងភាពមិនរាប់រករបស់នាង។ នៅពេលនេះ នាងគាំទ្រដល់ប្អូនប្រុសរបស់នាងក្នុងការប្រើប្រាស់វិធីសាស្រ្តដូចគ្នា ដែលជួយកសាងគ្រួសារមួយដែលកាន់តែមានភាពក្សេមក្សាន្តសម្រាប់នាង និងគ្រួសាររបស់នាង។
អ្នកគ្រូ ពិសី ប្រើប្រាស់បច្ចេកទេសដូចគ្នានេះផ្ទាល់ ដើម្បីគ្រប់គ្រងភាពតានតឹងក្នុងចិត្តទាំងនៅក្នុងថ្នាក់រៀន និងនៅផ្ទះ។ អ្នកគ្រូថ្លែងថា “មេរៀននេះមិនត្រឹមតែសម្រាប់សិស្សនោះឡើយ វាក៏បានជួយដល់ខ្ញុំផងដែរ”។
នៅក្នុងបទបង្ហាញជាក្រុមនាពេលថ្មីៗនេះ កុមារី សុកេត បានដឹកនាំក្រុមរបស់នាងនៅក្នុងការជ្រើសរើសការងារជាក្ដីសុបិន្តចំនួនពីរ៖ ការក្លាយទៅជាគ្រូបង្រៀន និងវេជ្ជបណ្ឌិត។ ក្រដាសផ្ទាំងធំរបស់ពួកគេបានបង្ហាញអំពីមូលហេតុចំពោះការជ្រើសរើសការងារទាំងពីរនេះ ដូចជា ការអប់រំពលរដ្ឋនៅពេលអនាគត ការជួយសង្គ្រោះជីវិត និងការរួមចំណែកចំពោះសុខភាពសាធារណៈ។ ការដឹកនាំ និងភាពច្បាស់លាស់របស់សុកេត ដែលនាងទទួលបានតាមរយៈជំនឿចិត្តកាន់តែខ្លាំង ជំនាញក្នុងការនិយាយ និងជំនឿចិត្តជារួមរបស់នាង បានធ្វើឱ្យមិត្តរួមថ្នាក់ ក៏ដូចជាអ្នកគ្រូលោកគ្រូស្ងើចសរសើរ។
កុមារី ទឺ លីហ្សា អាយុ១៣ឆ្នាំ មានក្ដីសុបិន្តក្លាយជាឱសថការី។ នាងថ្លែងថា មេរៀនអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួនបានជួយនាងឱ្យយល់អំពីការរៀបចំថវិកា និងសេដ្ឋកិច្ចគ្រួសារ។ ថ្នាក់រៀនរបស់នាងបានស្រាវជ្រាវអំពីបំណុលគ្រួសារ បានសម្ភាសឪពុកម្ដាយ និងបានចាប់ផ្ដើមបង្កើតផែនការសន្សំប្រាក់។ កុមារី លីហ្សា បន្ថែមថា “ខ្ញុំបានរៀនអំពីចំនួនលុយដែលម្ដាយរបស់ខ្ញុំចំណាយទៅលើអាហារ និងសម្ភារៈសិក្សា។ នៅពេលនេះ ខ្ញុំយល់អំពីមូលហេតុ ដែលគាត់ព្រួយបារម្ភអំពីលុយ”។ នាងសង្ឃឹមថា នាងនឹងអនុវត្តមេរៀនដែលនាងបានរៀន នៅពេលបើកដំណើរការឱសថស្ថានរបស់នាងនៅថ្ងៃមួយ។
នាយកវិទ្យាល័យ លោក ឯម សំអឿន បានមើលឃើញការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ ចាប់តាំងអំពីការអនុវត្តកម្មវិធីការអប់រំបំណិនជីវិតតាមមូលដ្ឋាន។ សិស្សស្រីៗបាននិយាយដោយចំហ ចូលរួមកាន់តែច្រើន និងបង្ហាញការយល់ដឹងអំពីខ្លួនឯងកាន់តែខ្លាំង។ “តាមរយៈការរៀនជំនាញអនុវត្តជាក់ស្ដែងដែលពាក់ព័ន្ធនៅក្នុងសហគមន៍ សិស្សានុសិស្ស និងគ្រួសាររបស់ពួកគេមានអារម្មណ៍ទទួលបានការបំពាក់បំប៉នសម្រាប់ជីវិតរបស់ពួកគេលើសពីនៅសាលារៀន” នេះជាសម្ដីរបស់លោកនាយក។
គាត់មានសុទិដ្ឋិនិយមថា សាលារៀនរបស់គាត់ ដែលនៅពេលនេះ ជាប់ចំណាត់ថ្នាក់ទីពីរនៅ ទូទាំងប្រទេស អាចឈានទៅរកចំណាត់ថ្នាក់លេខមួយនៅឆ្នាំក្រោយ។ “ការទទួលបានចំណាត់ថ្នាក់កាន់តែល្អនេះអាចកើតឡើងនៅឆ្នាំក្រោយ” លោកនាយកញញឹម ដោយធ្វើសញ្ញាលើកមេដៃឡើងលើនៅតុឈើដ៏ភ្លឺរលោងរបស់គាត់។
កុមារីទាំងនេះមិនត្រឹមតែទទួលបានជំនឿចិត្តលើខ្លួនឯងប៉ុណ្ណោះឡើយ ពួកគេកំពុងកំណត់អំពីអនាគតរបស់ពួកគេផ្ទាល់ផងដែរ។ កុមារី ជូលី មានផែនការធ្វើជាសិស្សឆ្នើមផ្នែកសមភាពយេនឌ័រ ដោយចាប់ផ្ដើមជាមួយគ្រួសាររបស់នាង បន្ទាប់មក មានឥទ្ធិពលលើអ្នកដឹកនាំថ្នាក់ជាតិក្នុងនាមជាគ្រូពេទ្យវះកាត់ម្នាក់។ កុមារី សុនីកា សង្ឃឹមថា នាងនឹងបង្កើតថ្នាក់រៀនប្រកបដោយបរិយាបន្ន ដែល “គ្មានសំណួរណាដែលជាសំណួរខុសឡើយ។”
ភាពជោគជ័យនៃកម្មវិធីការអប់រំបំណិនជីវិតតាមមូលដ្ឋានពឹងផ្អែកលើការផ្សារភ្ជាប់ការរៀនសូត្រ ជាមួយនឹងបំណិនជីវិតជាក់ស្ដែង ដែលគាំទ្រដល់អ្នកសូត្ររៀនប្រកបដោយភាពអង់អាច និងដែលគាំទ្រដល់ពលរដ្ឋ។ នៅតាមទីជនបទនៅកម្ពុជាដែលក្មេងស្រីរមែងតែងត្រូវបានគេរំពឹងថាត្រូវមានភាពស្ងៀមស្ងាត់ ការបញ្ចេមតិរបស់ពួកគេដើម្បីដោះស្រាយបញ្ហាជាក់ស្ដែង អាចជាមេរៀនសំខាន់បំផុត។