សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ការកែលម្អការផ្គត់ផ្គង់ទឹកស្អាតដោយប្រើថាមពលព្រះអាទិត្យគាំទ្រដោយយូនីសេហ្វ

ថាមពលព្រះអាទិត្យ និងទឹកស្អាតបានផ្លាស់ប្តូរមណ្ឌលសុខភាពជនបទមួយនៅកម្ពុជា ហើយអ្វីនឹង កើតឡើងនៅពេលដែលមនុស្សជាង ៤២.០០០ នាក់ទទួលបានការកែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធដែលសង្គ្រោះជីវិតដូចៗគ្នា នៅតាមមូលដ្ឋានថែទាំ និងព្យាបាល។

បុទមរត្នន៍ ឡឺប៊ុន
Srae Chis health centre with two boys running.
UNICEF Cambodia/2025/Botumroath Le Bun
31 តុលា 2025

ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ ស្រុកសំបូរ ខេត្តក្រចេះ — ការ​ធ្វើដំណើរដោយ​ម៉ូតូ​ពី​ភូមិរបស់ ​ប្រស់ ​សាឡូយ ​មកមណ្ឌល​សុខភាព​ស្រែជិះត្រូវ​ចំណាយ​ពេល​កន្លះ​ថ្ងៃ​តាម​ផ្លូវ​ដែលខូច​ និង​ផ្លូវព្រៃ។ ពីរសប្តាហ៍បន្ទាប់ពីបានសម្រាលកូនស្រីម្នាក់ឈ្មោះ ស្រីនីត អ្នកម្តាយវ័យ ២៨ ឆ្នាំរូបនេះបានធ្វើដំណើរមកមណ្ឌល​សុខភាព​ម្តងទៀត ប៉ុន្តែលើកនេះមិនមែនដើម្បីករណីសង្គ្រោះបន្ទាន់ទេតែដើម្បីពិនិត្យសុខភាពតាមការណាត់។ 

កាល​ពី​ពីរ​ឆ្នាំមុន សាឡូយ បានសម្រាល​កូន​ស្រី​ទី​ពីរ​នៅ​អគារ​ដដែល​នេះ។ ពេលកំពុងសម្រាលភ្លើងអគ្គីសនីក៏បាន​ដាច់ ដែលបានបង្ខំ​ឲ្យឆ្មប ម៉េង សុ​ខេន ត្រូវប្រើ​ពិលពី​ទូរស័ព្ទដើម្បីបន្តការសម្រាល។ កាលនោះសូម្បីទឹកស្អាតសម្រាប់លាងសម្អាតទារកក៏មិនមានផង។ ក្លិនស្អុយពីបង្គន់ដែលពេញហៀរក៏បានសាយភាយពេញបរិយាកាស។ 

សាឡូយ ជា​ជនជាតិ​ដើម​ភាគតិចក្រោល និងចេះ​និយាយ​ភាសា​ខ្មែរ​តិច​តួចបាន​និយាយ​ថា៖ «ឥឡូវ​នេះ​អ្វីៗ​គឺ​ខុសពីមុន» នាង​ចង្អុល​ទៅ​ជញ្ជាំង​ស្អាត និង​រ៉ូប៊ីណេទឹកដែលមានដំណើរការ​នៅ​ជុំវិញ​នាង។ «ល្អជាងមុនច្រើនណាស់។» 

អ្វីដែលបានកើតឡើងនៅចន្លោះការសម្រាលកូនទាំងពីរលើកនេះ បានបង្ហាញពីលទ្ធភាពដែលអាចធ្វើទៅបាននៅពេលរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាទាំងពីរនេះក្នុងពេលតែមួយ ពោលគឺបញ្ហាកង្វះអគ្គិសនីប្រើប្រាស់ និងបញ្ហាទឹកស្អាត។  

នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ការស្វែងរកសេវាថែទាំសុខភាព ជួនកាលតម្រូវឲ្យឆ្លងកាត់ផ្លូវលិចទឹក ឬឆ្លងស្ទឹង ឬផ្លូវដែលពោរពេញដោយធូលីហុយទ្រលោម។ រីឯពេលទៅដល់មណ្ឌលសុខភាពហើយ ក៏ប្រទះឃើញថាទីនោះមានបញ្ហាប្រឈមមួយបែបទៀតដែលត្រូវដោះស្រាយ។ កាលពីមុននៅមណ្ឌលសុខភាពស្រែជិះតែងជួបប្រទះបញ្ហាចរន្តអគ្គិសនីមិនទៀងទាត់ ទឹកប្រើប្រាស់មានក្លិនមិនល្អ ឬប្រព័ន្ធបង្គន់អនាម័យខូចខាតជាដើម។ 

ការវាយតម្លៃថ្នាក់ជាតិលើទឹកស្អាត និងអនាម័យ នៅមូលដ្ឋានព្យាបាល និងថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជាបានរកឃើញចំណុចខ្វះខាតគួរឲ្យកត់សម្គាល់ជាច្រើន។ ទោះបីជា ៩៦ ភាគរយនៃមូលដ្ឋានព្យាបាល និងថែទាំសុខភាពទាំងនោះមានប្រភពទឹកស្អាតដែលប្រសើរឡើងក្តី ក្នុងនោះមានត្រឹមតែ ៣៨ ភាគរយប៉ុណ្ណោះដែលមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។ មានតែ ៧ ភាគរយប៉ុណ្ណោះដែលបានបំពេញតាមស្តង់ដារសេវាបង្គន់អនាម័យជាមូលដ្ឋាន ហើយមានតែ ២ ភាគរយប៉ុណ្ណោះដែលមានសេវាសម្អាតត្រឹមត្រូវ ។1 

មណ្ឌល​សុខភាព​ស្រែជិះវិញជួបប្រទះនឹងបញ្ហាដែលរៀបរាប់ទាំងអស់នេះ។ បំពង់បង្ហូរទឹកកខ្វក់ធ្លាយដែលធ្វើឲ្យលិចបង្គន់  អាងស្តុកលាមក​ពេញហៀរចេញមកក្រៅ ទឹកអណ្តូងមានរសជាតិជូរ និងធំក្លិន។ បុគ្គលិកវិញត្រូវបូមទឹកពីទន្លេដែលស្ថិតនៅចម្ងាយប្រហែល 150 ម៉ែត្រ—រហូតដល់ទន្លេលែងមានទឹកក្នុងរដូវប្រាំង ឬក្លាយភក់ពណ៌លឿងក្នុងរដូវភ្លៀង។ ពេលដាច់ចរន្តអគ្គិសនីបុគ្គលិកត្រូវធ្វើការក្នុងភាពងងឹត។  

photo_2025-07-01_14-53-37.webp
UNICEF Cambodia/2025/Botumroath Le Bun លានុបដ្ឋាក សាង ហេង ពន្យល់ដល់​ម្តាយ​របស់​អ្នកជំងឺ​អាយុ​ពីរ​ឆ្នាំ អំពី​ពេលវេលាដែលត្រូវវិល​ត្រឡប់​មកទទួល​វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាព​ស្រែជិះ ​ខេត្ត​ក្រចេះ ប្រទេស​កម្ពុជា។ នៅខាងស្តាំដៃរបស់គាត់ ចានលាងដៃមួយផ្តល់ទឹកស្អាតចេញពីរ៉ូប៊ីណេ ដែលឥឡូវនេះត្រូវបានដំណើរការដោយបន្ទះថាមពលពន្លឺព្រះអាទិត្យ - ជាផ្នែកមួយនៃគម្រោងរួមគ្នាដែលផ្តល់មូលនិធិដោយសាធារណរដ្ឋកូរ៉េ និង ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី។ មុនពេលដំឡើងប្រព័ន្ធនេះ លោក ហេង ត្រូវទិញទឹកកកដើម្បីរក្សាថ្នាំវ៉ាក់សាំងឱ្យត្រជាក់ នៅពេលដាច់ភ្លើងហើយគាត់ធ្វើការដោយគ្មានកន្លែងលាងដៃ។

លោក ចាន់ រចនា ប្រធានមណ្ឌលសុខភាពបានរំឭកពីយប់មួយដែលលោកមិនអាចបំភ្លេចបាន។ «នៅយប់មួយមានកុមារអាយុប្រាំឆ្នាំដែលត្រូវបាននាំមកមណ្ឌលសុខភាពដោយសារបញ្ហាពិបាកក្នុងការដកដង្ហើម។ ម៉ាស៊ីនអុកស៊ីសែនត្រូវការអគ្គិសនីប៉ុន្តែពេលនោះអគ្គិសនីបានដាច់។» លោកបាននិយាយតិចៗ «យើង​រង់ចាំចរន្តអគ្គិសនីត្រឡប់​មក​វិញប៉ុន្តែវាមិនបានត្រឡប់មកវិញនោះទេ។ ខ្ញុំត្រូវខ្ចីរថយន្តសង្គ្រោះបន្ទាន់ពីមណ្ឌលសុខភាពមួយផ្សេងទៀតដើម្បីយកក្មេងនេះទៅមន្ទីរពេទ្យខេត្ត ។ ពេលវេលានោះគឺយើងលំបាកមែនទែន។»  

នៅក្នុងឆ្នាំ ២០២៤ យូនីសេហ្វ បានសម្រេចចិត្តសាកល្បងវិធីសាស្រ្តថ្មីមួយ គឺការដោះស្រាយបញ្ហាទឹក និងអគ្គិសនីក្នុងពេលតែមួយដោយមានការគាំទ្រពីមូលនិធិពីសាធារណរដ្ឋកូរ៉េ និងប្រទេសអូស្រ្តាលីតាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT)។ 

តាមរយៈយូនីសេហ្វ មូលនិធិពីសាធារណរដ្ឋកូរ៉េត្រូវបានប្រើប្រាស់សម្រាប់ការដំឡើងបណ្តាញប្រព័ន្ធទឹក បង្គន់អនាម័យ កន្លែងលាងដៃ និងសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។  រីឯមូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ត្រូវបានប្រើប្រាស់សម្រាប់ការដំឡើងបន្ទះថាមពលព្រះអាទិត្យចំនួន ៣០ផ្ទាំង ដែលអាចផលិតថាមពលបានចំនួន ៤ និង ៨ គីឡូវ៉ាត់ ដែលគ្រប់គ្រាន់សម្រាប់ដំណើរការ ២៤ ម៉ោង នៅមូលដ្ឋានព្យាបាល​ និងថែទាំសុខភាព។ 

ឥឡូវនេះ ប្រព័ន្ធទាំងពីរនេះបានផ្គត់ផ្គង់ថាមពលឲ្យគ្នាទៅវិញទៅមក។ បន្ទះថាមពលពន្លឺព្រះអាទិត្យជួយឲ្យដំណើរការម៉ាស៊ីនបូមទឹក ទឹកស្អាតក៏ដំណើរការជាប្រចាំ ចំណែកឯភ្លើងក៏ដំណើរការមិនដែលដាច់។  

ឆ្មប សុខេន បាននិយាយ​ថា៖ «​ឥឡូវមានភ្លើង​ខ្ញុំ​អាច​មើល​ឃើញ​ច្បាស់។ ខ្ញុំ​មានទំនុកចិត្តកាន់តែច្រើន​ក្នុង​ការ​សម្រាលទារក ហើយ​ខ្ញុំ​មិន​ចាំបាច់ព្រួយ​បារម្ភ​អំពី​កម្ដៅ​ទេ។ ខ្ញុំ​អាច​ផ្តល់​ការ​ថែទាំ​បានកាន់តែ​ល្អ​ប្រសើរ​ជាង​មុន។» 

មុនពេលកែលម្អ មណ្ឌលសុខភាពនេះបានទទួលអ្នកជំងឺជាមធ្យម ៥ នាក់ក្នុងមួយថ្ងៃនៅថ្ងៃដែលមមាញឹក ដោយស្ទើរតែទាំងអស់គឺជាករណីសង្គ្រោះបន្ទាន់។ ឥឡូវនេះវិញបន្ទាប់ពីបីខែក្រោយការដំឡើងថាមពលព្រះអាទិត្យ មណ្ឌលនេះទទួលអ្នកជំងឺពី១៥ ទៅ២០នាក់ប្រចាំថ្ងៃ ដែលភាគច្រើនគឺដើម្បីតាមដានពិនិត្យសុខភាព។ ការចំណាយលើ​អគ្គិសនីក៏​បាន​ធ្លាក់​ចុះ​ពី​ជាង​ ៤០០.០០០ រៀល (ប្រហែលមួយរយដុល្លារ) ក្នុង​មួយ​ខែ​មក​ត្រឹម៤០.០០០ រៀល (​ប្រហែលដប់ដុល្លារ) ។ 

លោក សាំង ហេង គិលានុបដ្ឋាក អាយុ ៣៨ ឆ្នាំ បានរំលឹកពីពេលដែលលោកជួយសម្រាលទារកម្នាក់ដោយប្រើពិលពីទូរស័ព្ទរបស់គាត់ក្នុងអំឡុងពេលដាច់ចរន្តអគ្គីសនី។ លោកបាននិយាយថា «ពេលនោះយើងមិនមានសម្ភារៈមូលដ្ឋានទេតែឥឡូវនេះយើងមានហើយ។» 

ភាពជោគជ័យនៅមណ្ឌលសុខភាពស្រែជិះបានបង្ហាញពីគំនិតសាមញ្ញមួយ៖ នៅពេលដែលប្រព័ន្ធជាមូលដ្ឋានមានដំណើរការរួមគ្នាអ្វីៗនឹងដំណើរការទៅកាន់តែប្រសើរ។ មណ្ឌលសុខភាពនេះបានផ្លាស់ប្តូរពីស្ថានភាពខូចខាត និងខ្វះទំនុកចិត្តទៅជាមណ្ឌលសុខភាពដែលផ្តល់ទឹកស្អាតប្រើប្រាស់ពេញមួយឆ្នាំ មានអនាម័យសមរម្យ និងមានសេវាកម្មសម្អាតត្រឹមត្រូវ - ជាអ្វីដែលមានត្រឹមតែ ២ ទៅ ៧ ភាគរយប៉ុណ្ណោះនៃមណ្ឌលសុខភាពនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នដែលអាចផ្តល់សេវាបែបនេះបាន1។ ចំនួនអ្នកជំងឺមកទទួលសេវាបានកើនឡើង៣ដង ហើយការរក្សាបុគ្គលិកក៏មានភាពល្អប្រសើរឡើងដែរ។» 

ជាមួយនឹងការបន្តផ្តល់មូលនិធិគាំទ្រពីសាធារណរដ្ឋកូរ៉េក្នុងឆ្នាំ ២០២៥ យូនីសេហ្វកំពុងត្រៀមអនុវត្តគម្រូនេះឡើងវិញនៅតាមមូលដ្ឋានព្យាបាល និងថែទាំដែលធំជាងនេះចំនួនប្រាំមួយទៀតនៅតំបន់ជនបទក្នុងប្រទេសកម្ពុជា៖ មន្ទីរពេទ្យបង្អែកចំនួនបួន និងមណ្ឌលសុខភាពចំនួនពីរ ដែលនឹងទទួលបានកញ្ចប់គាំទ្រដូចគ្នា - ដើម្បីនាំមកនូវថាមពលអគ្គិសនីដែលអាចទុកចិត្តបាន និងទឹកស្អាតដល់ប្រជាជនប្រមាណជាង ៤២.០០០ នាក់ ក្នុងនោះរួមមានជនមានពិការភាពចំនួនជាង ៥.00០ នាក់ ដែលកំពុងត្រូវការការថែទាំសុខភាពប្រកបដោយសុវត្ថិភាព។  

ប្រសិនបើថាមពលព្រះអាទិត្យ និងទឹកស្អាត អាចផ្លាស់ប្តូរការថែទាំនៅមណ្ឌលសុខភាពតូចមួយបាន​ នោះឥទ្ធិពលរបស់វាចំពោះមន្ទីរពេទ្យដែលមានបន្ទប់វះកាត់ និងផ្នែកថែទាំសង្គ្រោះបន្ទាន់កម្រិតធ្ងន់នឹងកាន់តែធំធេង។ មន្ទីរពេទ្យមួយក្នុងខេត្តព្រះវិហារ គឺមន្ទីរពេទ្យបង្អែកជាំក្សាន្តនឹងទទួលបានកញ្ចប់គាំទ្រពេញលេញរួមទាំង​ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមបែបធម្មជាតិ និងបន្ទប់គ្រប់គ្រងអាកាសធាតុរួមជាមួយអំពូលភ្លើង LED និងកង្ហារជញ្ជាំង។ 

សម្រាប់ម្តាយដូចជាអ្នកស្រី សាឡូយ ការផ្លាស់ប្តូរនេះមានន័យថាមានសុវត្ថិភាពជាងមុន។ «ខ្ញុំនឹងប្រាប់មិត្តភក្តិឲ្យមកសម្រាលកូននៅទីនេះ” នាងនិយាយខណៈកំពុងទាញមួកក្រហមតូចរបស់ស្រីនិត។ ពីរឆ្នាំមុនវាជារឿងដែលមិនអាចគិតដល់។ 

អរគុណចំពោះការគាំទ្រពីសាធារណរដ្ឋកូរ៉េ និងអូស្ត្រាលី តាមរយៈយូនីសេហ្វ កុមារដូចជា ស្រីនិត ឥឡូវនេះអាចកើតនៅក្នុងបន្ទប់ស្អាត មានពន្លឺល្អ — ហើយត្រូវបានថែទាំដោយបុគ្គលិកសុខាភិបាលដែលទីបំផុតមានអ្វីៗដែលពួកគេត្រូវការដើម្បីរក្សាសុវត្ថិភាពកុមារគ្រប់រូប។ 

solarpanels.webp
UNICEF Cambodia/2025/Botumroath Le Bun បន្ទះសូឡានៅលើដំបូលមណ្ឌលសុខភាពស្រែជិះ ខេត្តក្រចេះ ប្រទេសកម្ពុជា ។ ប្រព័ន្ធដែលមាន ២០ បន្ទះ ផ្តល់ថាមពលដល់មណ្ឌលសុខភាពនេះ ២៤ ម៉ោងក្នុងមួយថ្ងៃ និងអាចផ្តល់ទឹកស្អាតសម្រាប់ប្រើប្រាស់ដល់សិស្សចំនួន ៣០០នាក់ មកពីសាលាបឋមសិក្សានៅក្បែរនោះដោយយកដបទឹកមកជាមួយដើម្បីត្រងទឹកពីរ៉ូប៊ីណេរបស់មណ្ឌលសុខភាព ។