យុវជនមានសុវត្ថិភាព ដោយប្រឆាំងនឹងជនកេងប្រវ័ញ្ចតាមអនឡាញ
កុមារនៅកម្ពុជាជាង ១៦០.០០០នាក់បានជួបប្រទះនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។ ដោយមានការគាំទ្រពីយូនីសេហ្វ យុវជនកំពុងរៀនអំពីវិធីការពារខ្លួនឯងពីហានិភ័យពិតប្រាកដនៃប្រព័ន្ធអ៊ីនធឺណិត
- English
- Khmer
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ខេត្តបាត់ដំបង - កុលាប និងរំដួល* គឺជាមិត្តល្អបំផុតនឹងគ្នា ហើយពួកគេចូលចិត្តបណ្ដាញទំនាក់ទំនងសង្គម។ ពួកគេ គឺដូចគ្នានឹងយុវជនដទៃទៀតនៅកម្ពុជាដែរ ពួកគេថតរូបសែលហ្វីដើម្បីបង្ហោះនៅលើសាច់រឿងរបស់ពួកគេ ពួកគេមើល និងចែករំលែកវីដេអូកំប្លែងខ្លីៗ (Reels) ពួកគេថតវីដេអូ និងបង្ហោះវីដេអូមានចំណងជើងថា មួយថ្ងៃនៅក្នុងជីវិតរបស់ខ្ញុំ ដើម្បីជាការកម្សាន្ត សូម្បីតែពួកគេទទួលបានការចូលមើលតែចំនួនមួយរយ ឬពីររយដងក្ដី។
ពួកគេទាំងពីរនាក់មានមិត្តប្រមាណ ៥.០០០នាក់នៅលើបណ្ដាញហ្វេសប៊ុក ហើយពួកគេក៏ទទួលបានសារតាមប្រព័ន្ធអនឡាញពីជនដែលពួកគេពុំដែលស្គាល់ដែរ។
រំដួល អាយុ ១៦ឆ្នាំ បានថ្លែងថា “ខ្ញុំឆ្លើយតប ប្រសិនបើខ្ញុំគិតថា ជននោះមើលទៅគួរឱ្យទុកចិត្តបាន។ ប៉ុន្តែប្រសិនបើខ្ញុំឆ្លើយតប ហើយពួកគេហាក់ដូចជាចម្លែកខុសធម្មតា ខ្ញុំប្លុកពួកគេចោល។”
ភាគច្រើននៃសារទាំងនោះមកពីបុរស។ “បន្ទាប់ពីឆាតជាមួយគ្នាបានបន្តិច ពួកគេចាប់ផ្ដើមញ៉ែ។ ពួកគេសុំរូបថត” នេះជាសម្ដីរបស់កុលាប ដែលមានអាយុ ១៥ឆ្នាំ។ “ពួកគេគឺជាមនុស្សខូច។”
ក្មេងស្រីទាំងនេះថ្លែងថា ពួកគេដឹងថា ពួកគេមិនត្រូវយល់ព្រមចំពោះសំណើបែបនេះឡើយ ហើយពួកគេប្លុកប្រូហ្វាល (Profile) ណាមួយដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនស្រណុកក្នុងខ្លួនចោលភ្លាម។
ក្នុងករណីដទៃទៀត ប្រសិនបើពួកគេមើលពុំឃើញសញ្ញាព្រមានភ្លាមៗទេ មានកិច្ចសន្ទនាបន្តទៀត ព្រមទាំងមានការបង្កើតទំនាក់ទំនងបន្តិចម្ដងៗផងដែរ។ រំដួល និងកុលាបសុទ្ធតែបានចាប់ផ្ដើមទាក់ទងគ្នាតាមប្រព័ន្ធអនឡាញជាមួយនឹងក្មេងប្រុសៗ ដែលពួកគេពុំដែលបានជួប។ ពួកគេសូម្បីតែបានចែករំលែកព័ត៌មានលម្អិត សម្រាប់ការចុះឈ្មោះចូលប្រើប្រាស់គណនីបណ្ដាញទំនាក់ទំនងសង្គមរបស់ពួកគេ រួមទាំងលេខកូដសម្ងាត់ ជាមួយនឹងមិត្តប្រុសរបស់ពួកគេផងដែរ ហើយនេះគឺជាឥរិយាបថជាទូទៅ ដើម្បីបង្ហាញការទុកចិត្តគ្នានៅក្នុងចំណោមយុវវ័យកម្ពុជា។
រំដួលថ្លែងថា នាងនឹងចែករំលែករូបថតសែលហ្វីជាមួយមិត្តប្រុសនៅពេលនោះរបស់នាង ប៉ុន្តែគាត់ពុំដែលសុំអ្វីលើសពីនោះឡើយ។ ពួកគេពុំដែលបានជួបមុខគ្នាផ្ទាល់ឡើយ ហើយនៅពេលពួកគេបានបែកគ្នា នាងបានប្លុកគាត់ចោល និងបានផ្លាស់ប្ដូរលេខកូដសម្ងាត់របស់នាងទាំងអស់ ដើម្បីឱ្យប្រាកដថា នាងមានសុវត្ថិភាព។
“ខ្ញុំខ្លាចការឆបោក ឬខ្ញុំខ្លាចថា គាត់នឹងលួចចូលក្នុងគណនីរបស់ខ្ញុំ និងប្រើប្រាស់វាក្នុងគោលបំណងមិនល្អ” នេះជាសម្ដីរបស់រំដួល។ “នៅពេលនេះ ខ្ញុំឈប់ឆាតជាមួយជនចម្លែកមុខទៀតហើយ។ ក្មេងស្រីត្រូវមានការប្រុងប្រយ័ត្នកាន់តែខ្លាំង នៅពេលទុកចិត្តមនុស្សតាមប្រព័ន្ធអនឡាញ។”
យុវជននៅកម្ពុជាកំពុងចំណាយពេលកាន់តែច្រើនប្រើប្រាស់ប្រព័ន្ធអនឡាញ ពោលគឺច្រើនជាងពេលណាៗទាំងអស់។ ប្រជាជនស្ទើរតែមួយភាគបួន គឺជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសកម្មនៅខែមករា ឆ្នាំ២០២៥ ស្របពេលដែលកុមារអាយុ ១២-១៧ឆ្នាំច្រើនជាង ៨០ភាគរយ គឺជាអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។1
ប៉ុន្តែរួមជាមួយនឹងឱកាសគ្មានដែនកំណត់របស់ប្រព័ន្ធអ៊ីនធឺណិត គឺមានគ្រោះថ្នាក់យ៉ាងពិតប្រាកដ ដែលគំរាមកំហែងបង្កគ្រោះថ្នាក់រយៈពេលវែងចំពោះយុវជនរបស់ប្រទេសនេះ។ នៅកម្ពុជា ១១ភាគរយនៃយុវវ័យអាយុ ១២-១៧ឆ្នាំដែលកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត បានជួបប្រទះនឹងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ (OCSEA)។2 ភាគរយនេះស្មើនឹងកុមារចំនួន ១៦០.០០០នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងបង្ខំឱ្យចែករំលែករូបភាព ឬវីដែអូអំពីផ្នែកឯកជននៃរាងកាយរបស់ពួកគេ ឬរងការគំរាមកំហែង និងការបោកប្រាស់ឱ្យចូលរួមនៅក្នុងសកម្មភាពផ្លូវភេទតាមប្រព័ន្ធអនឡាញ។
របាយការណ៍ដូចគ្នានេះបានរកឃើញថា ១៦ភាគរយនៃកុមារបានទទួលមតិយោបល់ពាក់ព័ន្ធផ្លូវភេទដែលពួកគេមិនចង់បាន ដោយការទទួលបាននេះកើតឡើងជាចម្បងតាមរយៈបណ្ដាញទំនាក់ទំនងសង្គម កុមារចំនួន ១៦ភាគរយបានបញ្ជូនរូបភាពផ្លូវភេទដែលមិនជាទីចង់បាន ហើយកុមារចំនួន ៩ភាគរយបានប្រឈមមុខនឹងសំណើឱ្យចែករំលែករូបភាពផ្លូវភេទអំពីខ្លួនពួកគេ។ ករណីជាច្រើនទំនងជាងពុំមានការរាយការណ៍ឡើយ។
រហូតមកដល់ពេលថ្មីៗនេះ កុលាប និងរំដួល បានប្រើប្រាស់សភាវគតិរបស់ពួកគេដើម្បីរក្សាសុវត្ថិភាពសម្រាប់ខ្លួនឯងនៅតាមប្រព័ន្ធអនឡាញ ប៉ុន្តែកាលពីពីរបីខែមុន កុមារទាំងនេះបានចាប់ផ្ដើមរៀនសូត្របន្ថែមទៀតអំពី គ្រោះថ្នាក់យ៉ាងពិតប្រាកដនៃប្រព័ន្ធអ៊ីនធឺណិត។ វគ្គបណ្ដុះបណ្ដាលថ្មីមួយដែលទទួលបានការគាំទ្រពីអង្គការយូនីសេហ្វអំពី សុវត្ថិភាពតាមប្រព័ន្ធអនឡាញនៅសាលារៀនរបស់ពួកគេបាន និងកំពុងបង្រៀនពួកគេអំពី ហានិភ័យដែលពួកគេពុំបានដឹង នៅពេលដែលពួកគេភ្ជាប់ទំនាក់ទំនងជាមួយនឹងជនចម្លែកមុខតាមប្រព័ន្ធអនឡាញ និងនៅពេលដែលពួកគេចែករំលែកព័ត៌មានផ្ទាល់ខ្លួន រូបថត និងលេខកូដសម្ងាត់។ រួមគ្នាជាមួយនឹងមិត្តរួមថ្នាក់របស់ពួកគេ ពួកគេបាន និងកំពុងរៀនសូត្រអំពី របៀបការពារខ្លួនឯងពីការក្លាយទៅជាជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធអនឡាញ ការរករឿងឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋជនបច្ចេកវិទ្យា និងអ្នកលួចចូលក្នុងគណនី ហើយអាក្រក់បំផុត គឺជនកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។
នៅពេលនេះ កុមារទាំងពីរនាក់អះអាងដោយម៉ឺងម៉ាត់ថា ពួកគេមិនទទួលសំណើធ្វើជាមិត្តពីជនចម្លែកមុខឡើយ ហើយពួកគេតែងតែពិនិត្យមើលប្រូហ្វាលជាមុនជានិច្ច ដើម្បីដឹងថាតើអ្នកស្នើធ្វើជាមិត្តទាំងនោះ គឺជាអ្នកណា។ ពួកគេមានភាពប្រុងប្រយ័ត្នកាន់តែខ្លាំងចំពោះអ្នកដែលពួកគេជជែកជាមួយនៅលើប្រព័ន្ធអ៊ីនធឺណិត ហើយកុលាបបានធ្វើកំណត់គណនីបណ្ដាញទំនាក់ទំនងសង្គមរបស់នាងមានលក្ខណៈឯកជន។
“វគ្គនេះបានបង្រៀនយើងអំពី ហានិភ័យតាមប្រព័ន្ធអនឡាញ ដូចជា អំពើគំរាមខាងផ្លូវភេទ ព្រមទាំងបានបង្រៀនយើងថា ប្រសិនបើខ្ញុំជួបប្រទះនឹងបញ្ហាណាមួយ ខ្ញុំអាចទាក់ទងទៅកាន់អង្គការ APLE បាន” នាងថែ្លងបែបនេះ ដោយយោងទៅដល់ដៃគូរបស់យូនីសេហ្វ ដែលផ្ដល់ប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ដោយឥតគិតថ្លៃ សម្រាប់ជនរងគ្រោះរាយការណ៍ជាលក្ខណៈអនាមិកអំពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ និងស្វែងរកកិច្ចគាំទ្រ។ “បន្ទាប់ពីរៀនបែបនេះ ខ្ញុំបានកំណត់ឯកជនភាពចំពោះតែមិត្តប៉ុណ្ណោះ ដោយសារខ្ញុំគិតថា ការកំណត់ការមើលឃើញជាសាធារណៈពុំមានសុវត្ថិភាពឡើយ។”
វគ្គនេះត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាអប់រំអំពីបំណិនជីវិតក្នុងមូលដ្ឋាន សម្រាប់ថ្នាក់ទី៧ ទី៨ និងទី៩ នៅក្នុងសាលារៀនចំនួនច្រើនជាង ១០០សាលារៀននៅទូទាំងរាជធានីខេត្តចំនួនបួន។ វគ្គនេះផ្អែកលើសៀវភៅណែនាំសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនស្ដីពី កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ និងដៃគូ រួមមាន អង្គការសកម្មភាពដើម្បីកុមារ (APLE) និងទទួលបានមូលនិធិពីអង្គការ Safe Online (សុវត្ថិភាពតាមប្រព័ន្ធអនឡាញ) និងរដ្ឋាភិបាលអូស្រ្តាលី។
សៀវភៅណែនាំនេះមានបំណងផ្ដល់ភាពអង់អាចជូនអ្នកអប់រំជាមួយនឹងឧបករណ៍ចាំបាច់ ដើម្បីជួយកុមារ និងយុវវ័យក្នុងការប្រើប្រាស់ពិភពឌីជីថលដោយសុវត្ថិភាព និយាយប្រាប់អ្នកណាម្នាក់ ប្រសិនបើពួកគេជួបប្រទះនឹងបញ្ហាណាមួយ និងស្វែងរកជំនួយ ឬសេវាគាំទ្រ ប្រសិនបើពួកគេត្រូវការ។ រហូតមកដល់ពេលនេះ គ្រូបង្រៀនជាង ៣០០នាក់បានទទួលការបណ្ដុះបណ្ដាលអំពីប្រធានបទនានា ដូចជា ចំណេះដឹងឌីជីថល សិទ្ធិកុមារនៅក្នុងមជ្ឈដ្ឋានឌីជីថល ហានិភ័យតាមប្រព័ន្ធអនឡាញចំពោះកុមារ ទម្រង់ទាំងប្រាំនៃ OCSEA គន្លឹះសម្រាប់សុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងរបៀបរាយការណ៍អំពីការរំលោភបំពាន។ ជាលទ្ធផល សិស្សានុសិស្សចំនួន ៣៤.០០០នាក់បានទទួលប្រយោជន៍ពីកម្មវិធីនេះ។
មនុស្សជាង ៦លាននាក់ក៏បានទទួលការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញផងដែរ តាមរយៈយុទ្ធនាការរបស់យូនីសេហ្វ ដែលមានបំណងទប់ស្កាត់ និងការពារកុមារពីជនកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ និងពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ព្រមទាំងជួយពួកគេ និងគ្រួសាររបស់ពួកគេក្នុងការប្រើប្រាស់ពិភពឌីជីថលដោយសុវត្ថិភាព។
លោកគ្រូ ហាញ់ រតនា គ្រូបង្រៀនមុខវិជ្ជាការអប់រំបំណិនជីវិតក្នុងមូលដ្ឋាន ថ្លែងថា “ពីមុន សិស្សានុសិស្សពុំមានការយល់ដឹងច្រើនអំពីមាតិកា ដែលពួកគេចែករំលែកតាមប្រព័ន្ធអនឡាញឡើយ។” សិស្សចូលចិត្តឆាតជាមួយជនបរទេស ដើម្បីឱ្យពួកគេអាចពង្រឹងជំនាញភាសាអង់គ្លេសរបស់ពួកគេបាន ប៉ុន្តែគណនីជាច្រើន គឺជាគណនីក្លែងក្លាយ។
“បន្ទាប់ពីការបង្រៀនគន្លឹះអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ពួកគេមានការយល់ដឹងកាន់តែច្រើន។ នៅពេលពួកគេទទួលបានសំណើធ្វើជាមិត្តពីជនចម្លែកមុខ ពួកគេមិនទទួលយកភ្លាមៗឡើយ។ ពួកគេនឹងពិនិត្យមើលគណនីនោះ ដើម្បីដឹងថា តើពួកគេជាមនុស្សពិតប្រាកដដែរឬទេ។”
បើទោះជាវគ្គនេះផ្ដោតគោលដៅលើតែថ្នាក់ទី៧ ទី៨ និងទី៩ ក្ដី សាលារៀនដឹងថា តើមាតិកានេះមានភាពពាក់ព័ន្ធប៉ុនណា ក្នុងការការពារសហគមន៍ទាំងមូល។
“យើងលើកទឹកចិត្តសិស្សានុសិស្សឱ្យចែករំលែកអ្វី ដែលពួកគេដឹងជាមួយនឹងមិត្តភក្ដិដទៃទៀត និងគ្រួសារផងដែរ” នេះជាសម្ដីរបស់លោកគ្រូ រតនា។ គាត់សប្បាយចិត្តក្នុងការមើលឃើញថា សិស្សានុសិស្សវ័យក្មេងចែករំលែកអ្វីដែលពួកគេបានរៀនសូត្រជាមួយនឹងសិស្សធំៗ ដែលពុំបានចូលរៀនវគ្គនេះ ស្របពេលដែលសាលារៀនក៏បានរៀបចំវគ្គនានាសម្រាប់ឪពុកម្ដាយផងដែរ ដើម្បីជួយឱ្យពួកគេយល់អំពី របៀបដែលពួកគេអាចការពារខ្លួនឯង និងកូនៗរបស់ពួកគេឱ្យបានកាន់តែល្អ។
“ហើយមិនត្រឹមកូនរបស់ពួកគេប៉ុណ្ណោះឡើយ ដែលមានសារសំខាន់។ កុមារគ្រប់រូបមានសារសំខាន់ផងដែរ។ ហេតុនេះ យើងលើកទឹកចិត្តឪពុកម្ដាយឱ្យផ្សព្វផ្សាយការយល់ដឹងឱ្យបានច្រើនតាមអាចធ្វើបានទៅដល់សមាជិកដទៃទៀតនៅក្នុងគ្រួសារ ។”
លោក សឹង សុណៃ ជានាយកសាលារៀន ថ្លែងថា ការបង្រៀនសិស្សតាំងពីវ័យក្មេង នៅពេលដែលពួកគេទើបតែកំពុងស្វែងយល់អំពីពិភពឌីជីថល នឹងជួយការពារពួកគេពីការធ្លាក់ខ្លួនទៅជាជនរងគ្រោះនៃការប៉ះទង្គិចផ្លូវចិត្តខ្លាំងបំផុតពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ។ រហូតមកដល់ពេលនេះ សាលារៀនពុំទាន់បានដឹងអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយចំពោះសិស្សណាម្នាក់ក្នុងចំណោមសិស្សរបស់ពួកគេ ដោយសារបទពិសោធន៍តាមប្រព័ន្ធអនឡាញរបស់ពួកគេឡើយ។ គាត់សង្ឃឹមថា វានឹងនៅតែបែបនេះទៅមុខទៀត។
លោក សុណៃ ថ្លែងថា “សាលារៀនកំពុងព្យាយាមបង្រៀនសិស្សានុសិស្សជាមុន ហេតុនេះ យើងអាចទប់ស្កាត់បញ្ហានេះកុំឱ្យកើតឡើងបាន។”
រំដួល និងកុលាប ក៏ពុំទាន់បានលឺអំពីករណីបែបនេះកើតឡើងចំពោះមិត្តភក្ដិណាម្នាក់ក្នុងចំណោមមិត្តភក្តិរបស់ពួកគេឡើយ ប៉ុន្តែពួកគេដឹងអំពីផលវិបាកសក្ដានុពល ប្រសិនបើករណីបែបនេះកើតឡើង។
កុលាបថ្លែងថា “យើងបានមើលឃើញយុវជននៅតាមប្រព័ន្ធអ៊ីនធឺណិតលេចធ្លាយរូបថតអាក្រាតកាយរបស់ពួកគេ។ ការលេចធ្លាយបែបនេះអាចនាំឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត និងការធ្វើអត្តឃាតផងដែរ។”
នាងថ្លែងថា ឪពុករបស់នាងក៏ជាអ្នកប្រើប្រាស់សកម្មនៅលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ ហើយគាត់ចូលចិត្តបង្ហោះរូបថតរបស់នាង និងបងប្អូនបង្កើតរបស់នាង។ គាត់បានប្រើប្រាស់ការភ្ជាប់ទៅនឹង (Tag) ទីតាំងរបស់ពួកគេគ្រប់ពេល រហូតទាល់តែនាងបានប្រាប់គាត់ថា ការមានសុវត្ថិភាព គឺជារឿងល្អជាង។
“ខ្ញុំបានប្រាប់ឪពុករបស់ខ្ញុំថា ការបង្ហាញថាយើងនៅទីណា ពុំល្អឡើយ” នេះជាសម្ដីរបស់នាង។ “វាអាចមានគ្រោះថ្នាក់។”
ហើយនៅពេលនាងបង្ហោះវីដេអូអំពី មួយថ្ងៃនៅក្នុងជីវិត នាងមានការប្រុងប្រយ័ត្នដោយពុំផ្ដល់ព័ត៌មានច្រើនពេកឡើយ។
“ខ្ញុំចង់ឱ្យយុវជនដូចជារូបខ្ញុំមានការប្រុងប្រយ័ត្នកាន់តែខ្លាំងនៅតាមប្រព័ន្ធអនឡាញ។”
*ឈ្មោះត្រូវបានផ្លាស់ប្ដូរ ដើម្បីការពារយុវជនដែលបានចូលរួម
1 ការបញ្ឈប់គ្រោះថ្នាក់, ឆ្នាំ២០២២
2 ការបញ្ឈប់គ្រោះថ្នាក់, ឆ្នាំ២០២២