ប្រទេសកម្ពុជាប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបចេ្ចកវិទ្យាឌីជីថល ដើម្បីធានាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ

06 កក្កដា 2023
A group photo of UNICEF Representative and Partners
UNICEF Cambodia/2023/Daravatey Seng

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាក្រសួងដឹកនាំការងារ ក្រោមការគាំទ្រពីភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងយូនីសេហ្វកម្ពុជា កំពុងប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដើម្បីធានាថាកុមារគ្រប់រូបទទួលបានសុវត្ថិភាព និងបទពិសោធវិជ្ជមាននៅពេលប្រើប្រាស់ប្រព័ន្ធអនឡាញ។

លោកបណ្ឌិត វីល ផាកស៍ ប្រធានយូនីសេហ្វកម្ពុជា បានមានប្រសាសន៍ថា “កុមារចំណាយពេលលើអនឡាញកាន់តែច្រើនជាងមុន។ ការចម្រើនវ័យជាមួយការប្រើប្រាស់ប្រព័ន្ធអនឡាញ ផ្តល់នូវឱកាសគ្មានដែនកំណត់។ ប៉ុន្តែវាក៏នាំមកនូវហានិភ័យធ្ងន់ធ្ងរផងដែរ។ ការសម្លុតគំរាមតាមប្រព័ន្ធអនឡាញ និងអំពើហិង្សាពីមិត្តភក្តិក្នុងទម្រង់ផ្សេងៗទៀត អាចបង្កផលប៉ះពាល់ដល់យុវជន នៅពេលពួកគេប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឬប្រើប្រាស់កម្មវិធីផ្ញើសារនានា។ បញ្ហាដែលគួរឱ្យបារម្ភបំផុតនោះគឺការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ”។

លទ្ធផលរកឃើញថ្មីៗ ដកស្រង់ចេញពីរបាយការណ៍សកលរបស់យូនីសេហ្វ ក្រោមចំណងជើង “ការបញ្ឈប់ គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា” បានបង្ហាញពីនិន្នាការខាងលើដោយបានបង្ហាញថា នៅកម្ពុជាក្នុងចំណោម​កុមារអាយុ ១២ ទៅ ១៧ឆ្នាំ ចំនួន ១០ នាក់ មានកុមារលើសពីម្នាក់ បានទទួលរងការកេងប្រវ័ញ្ច ឬការំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញក្នុងទម្រង់ណាមួយ។

ឯកឧត្តម​ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា “គោលការណ៍ណែនាំនេះ ជាការគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូ ក្នុងការប្រកាន់គោលជំហរ ច្បាស់លាស់ ដើម្បីការពារកុមារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទគ្រប់រូបភាពនៅកម្ពុជា”។

គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល មានគោលបំណងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុននានាក្នុងវិស័យនេះ ចូលរួមទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះថ្នាក់ដែលកំពុងកើតមាន និងគ្រោះថ្នាក់ក្នុងទម្រង់ថ្មីៗ ដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យា។ ក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងវិស័យនេះ អាចបំពេញទំនួលខុសត្រូវរបស់ខ្លួនតាមរយៈ៖

  • ការអនុវត្តគោលនយោបាយស្តីពីកិច្ចការពារសុវត្ថិភាពកុមាររបស់អង្គភាពរៀងៗខ្លួន ក៏ដូចជាធ្វើការទប់ស្កាត់ និងឆ្លើយតបចំពោះមាតិកា ដែលបង្ហាញពីការរំលោភបំពានផ្លូវភេទកុមារ
  • បង្កើតវិធានការទប់ស្កាត់ ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារដូចជាផ្តល់ការណែនាំ និងកំណត់ពីវិធានឱ្យបានច្បាស់លាស់ ដើម្បីផ្តល់កិច្ចការពារដល់កុមារលើប្រព័ន្ធអនឡាញ
  • ផ្តល់វិធានការការពារ ជាពិសេសវិធីរាំងខ្ទប់ទំាងមនុស្ស និងមាតិកាមិនសមរម្យ ឬមាតិកាដែលអាចបង្កផលប៉ះពាល់ដល់កុមារ រាយការណ៍ និងទទួលអន្តរាគមន៍ពីអាជ្ញាធរ និង/ឬសេវាពាក់ព័ន្ធ
  • ធានាថាទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនឹងកុមារដែលកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ត្រូវបានរក្សាទុកជាព័ត៌មានសម្ងាត់ និងមានឯកជនភាព។

គោលការណ៍ណែនាំនេះ ផ្តល់ឱកាសមិនធ្លាប់មានដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលដែលពាក់ព័ន្ធ ដូចជា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័ត ក្រុមហ៊ុនរក្សាទិន្នន័យ អ្នកផលិតមាតិកា ក្រុមហ៊ុនសរសេរកម្មវិធី Software  និង Apps អាចបង្កើនសុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់កុមារ និងយុវជនគ្រប់រូប ស្របទៅតាមសិទ្ធិកុមារ និងស្តង់ដារក្រមសីលធម៌ខ្ពស់បំផុត។

ពិធីប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំនេះ មានការចូលរួមពីតំណាងស្ថាប័ននានាចំនួន ១៥០នាក់ មកពីស្ថាប័នរដ្ឋាភិបាល ទីភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានានៅក្នុងវិស័យឌីជីថល។

លោកបណ្ឌិត វីល ផាកស៍ បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដោយដឹងថាគោលការណ៍ណែនាំនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអន្តរជាតិភាគច្រើន។ ទោះជាយ៉ាងនេះក្តី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ គឺជាកិច្ចការដ៏ស្មុគស្មាញ។ វាតម្រូវឱ្យមានការប្តេជ្ញាចិត្ត ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងកិច្ចសហការដោយមានការតាំងចិត្តរួមគ្នាជាមួយវិស័យឯកជន ដើម្បីផ្តល់ឱ្យកុមារ និងក្មេងជំទង់របស់យើងនូវសេវាដែលមានសុវត្ថិភាព ងាយស្រួលប្រើប្រាស់ និងមានការយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់”។

ការរៀបចំគោលការណ៍ណែនាំ​នេះ ក៏ត្រូវបានធ្វើឡើងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសំខាន់ៗផ្សេងទៀតដូចជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ (រួមមានអគ្គស្នងការនគរបាលជាតិ និងអង្គភាពបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា)។

###

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយ ICT នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ទូរសព្ទ៖ +៨៥៥ ១៧ ៤៧៧​ ៨៩៧ ឬសារអេទ្បិកត្រូនិក៖ sodany-tan@mptc.gov.kh,

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: hbonnaud@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីយូនីសេហ្វ

យូនីសេហ្វកម្ពុជាធ្វើការងារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អប្រសើររបស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយឱ្យពួកគេសម្រេចសក្ដានុពលចាប់ពីវ័យកុមារតូច រហូតដល់វ័យក្មេងជំទង់។

សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារដែលយូនីសេហ្វធ្វើដើម្បីកុមារ សូមចូលមើលគេហទំព័រ www.unicef.org/cambodia/

សូមតាមព័ត៌មានអំពីយូនីសេហ្វ Twitter និង Facebook