សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

យូនីសេហ្វ ចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការឌីជីថល ដើម្បីការពារកុមារ និងក្មេងវ័យជំទង់ ពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមអនឡាញ

21 មីនា 2024
UNICEF Cambodia/2022/Bunsak But
UNICEF Cambodia/2022/Bunsak But

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ - យូនីសេហ្វ​ ចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការ​ឌីជីថល​ប្រកបដោយភាពច្នៃប្រឌិតមួយ ដើម្បីទប់ស្កាត់ និងការពារក្មេងវ័យជំទង់កម្ពុជា ពី​ជនរំលោភបំពានផ្លូវភេទតាមអនឡាញ ។

យោងតាមរបាយការណ៍មួយនៅឆ្នាំ ២០២២ ដែលមានចំណងជើងថា ការបញ្ឈប់គ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា ដែលចេញផ្សាយដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងដៃគូ ដែលរួមទាំងយូនីសេហ្វ ១១ ភាគរយនៃកុមារដែលប្រើអ៊ីនធឺណិត អាយុពី ១២ ទៅ ១៧ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានទទួលរងការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទលើប្រព័ន្ធអ៊ីនធឺណិតកាលពីមួយឆ្នាំមុន ។ នេះមានន័យថា កុមារប្រមាណ ១៦០.០០០ នាក់ ត្រូវបានគេគំរាមឱ្យចូលរួមពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទ មានការចែករំលែករូបភាពអាសអាភាសដោយគ្មានការយល់ព្រមពីពួកគេ ឬប្រឈមមុខនឹងការបំពានតាមអ៊ីនធឺណិតតាមរូបភាពផ្សេងៗទៀត ។

របាយការណ៍នេះបានបង្ហាញពីការពិតដ៏គួរឱ្យរន្ធត់ផ្សេងទៀតផងដែរ ។ កុមារចំនួន ១៦ ភាគរយ បានទទួលសារយោបល់ទាក់ទងផ្លូវភេទ ដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនស្រួល ហើយជិតមួយភាគបីនៃកុមារទាំងនេះ បាននិយាយថា បញ្ហានេះកើតឡើងនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ។ កុមារក្នុងចំនួនភាគរយដូចគ្នានេះដែរ ត្រូវបានគេផ្ញើរូបភាពផ្លូវភេទមកពួកគេ ដែលពួកគេមិនចង់ឃើញ ដោយក្នុងនោះ ពួកគេទទួលបានរូបភាពទាំងនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនជាងប្រភពផ្សេងទៀតដល់ទៅជាងមួយភាគបី ។ ៩ ភាគរយនៃកុមារទាំងនេះ ទទួលរងសម្ពាធឱ្យចែករំលែករូបភាពផ្លូវភេទផ្ទាល់ខ្លួនរបស់ពួកគេ ។ ក្មេងប្រុស​គឺជា​គោលដៅ​ច្រើន​ជាង​ក្មេង​ស្រី ចំពោះ​សំណើសុំដែលមានលក្ខណៈ​បំពាន ការ​គំរាម​កំហែង និង​ការគំរាមទារប្រាក់​តាម​ប្រព័ន្ធអនឡាញ ។ ស្ថិតិទាំងនេះ បង្ហាញពី  ស្ថានភាពដែលគួរឱ្យភ្ញាក់ផ្អើលអំពីគ្រោះថ្នាក់ដែលកុមារនៅក្នុងប្រទេសកម្ពុជា ប្រឈមមុខនៅក្នុងពិភពឌីជីថល ។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព យើងត្រូវតែដោះស្រាយបញ្ហានេះដោយធ្វើការផ្សព្វផ្សាយព័ត៌មាន និងប្រកបដោយសមានចិត្ត​” ។ “តាម  រយៈការចែករំលែកព័ត៌មាន និងប្រើប្រាស់បច្ចេកវិទ្យានៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលយុវជនកំពុងតែប្រើប្រាស់យ៉ាងសកម្មរួចទៅហើយនោះ យើងអាចផ្តល់អំណាច និងការពារពួកគេពីគ្រោះថ្នាក់បាន” ។

យុទ្ធនាការនេះ រួមមានវីដេអូពណ៌នាសាច់រឿងចំនួនបួនជាបន្តបន្ទាប់ ដែលវីដេអូនីមួយៗមានរយៈពេលរហូតដល់ ១ នាទី និង ៣០ វិនាទី ដែលបង្ហាញអំពីក្មេងជំទង់ពីរនាក់ ដោះស្រាយការការគំរាមបែបផ្លូវភេទផ្លូវភេទតាមអនឡាញ ដោយមានជំនួយពីរូបតំណាងរបស់ពួកគេ ដែលតំណាងឱ្យចិត្ត និងបេះដូង ។ វីដេអូដែលមានលក្ខណៈទាក់ទាញទាំងនេះ បង្ហាញពីគន្លឹះជាក់ស្តែងសម្រាប់ការបង្ការ និងដោះស្រាយស្ថានភាពគំរាមបែបផ្លូវភេទ ដោយគ្របដណ្តប់លើប្រធានបទនានា ដូចជាការទទួលយកសំណើពីមិត្តភក្តិដោយប្រុងប្រយ័ត្ន ការកំណត់ព្រំដែន ការទទួលខុសត្រូវចំពោះវត្តមានលើប្រព័ន្ធអ៊ីនធឺណិត និងការស្វែងរកជំនួយនៅពេលត្រូវការ ។

ការបង្ហោះរូបភាព និងព័ត៌មានបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងបញ្ហានេះ នឹងផ្តល់ព័ត៌មានដ៏សំខាន់ រួមជាមួយវិធានការ និងធនធាន ដូចជាប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍របស់នគរបាលជាតិ ១២៨៨ ឬបណ្តាញទូរស័ព្ទជំនួយកុមារ ១២៨០ ឬទូរស័ព្ទទាន់ហេតុការរបស់អង្គការ APLE កម្ពុជា​ ០៩២ ៣១១ ៥១១​ ។ តាមរយៈយុទ្ធនាការនេះ យូនីសេហ្វ រំពឹងថានឹងផ្សាយទៅដល់កុមារ ក្មេងវ័យជំទង់ និងឪពុកម្តាយ ចំនួនជាង ពីរលាននាក់ ក្នុងរយៈពេលបីខែខាងមុខ នូវសារដ៏មានឥទ្ធិពលមួយ ៖ អ្នកអាចការពារខ្លួនអ្នក និងស្វែងរកជំនួយបាន។

លោកបណ្ឌិត វីល ផាកស៍ បានបន្ថែមទៀតថា “មាតិកាឌីជីថល និងយុទ្ធនាការផ្សព្វផ្សាយរួមគ្នា អាចជួយកសាងកម្ពុជាឱ្យកាន់តែមានសុវត្ថិភាពបន្ថែមទៀតសម្រាប់កុមារ និងក្មេងវ័យជំទង់ ដោយកាត់បន្ថយនូវហានិភ័យនៃការកេងប្រវ័ញ្ចចំពោះពួកគេ” ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យូនីសេហ្វ ក្នុងការកសាងពិភពឌីជីថលមួយ ដែលមានសុវត្ថិភាពជាងមុនសម្រាប់កុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ។ នៅក្នុងឆ្នាំ ២០២៣ យូនីសេហ្វ បានអនុវត្តយុទ្ធនាការ ដែលមានឈ្មោះថា “តោះ ឆាតលេង” អំពីការលួងលោមតាមអនឡាញ ដែលបានផ្សាយទៅដល់ប្រជាជនចំនួន ២លាននាក់ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ យុទ្ធនាការនេះមានគោលបំណងកាត់បន្ថយឧប្បត្តិហេតុនៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានតាមអនឡាញ ក្នុងចំណោមកុមារដែលប្រើអ៊ីនធឺណិត តាមរយៈការអនុវត្តដែលមានលក្ខណៈអន្តរកម្ម និងច្នៃប្រឌិត ដើម្បីឆ្លើយតបចំពោះល្បិចកល “លួងលោម” កុមារលើអនឡាញ។​ ប្រភេទនៃមាតិកាឌីជីថលទាំងនេះ មានគោលបំណងជំរុញការផ្លាស់ប្តូរនៅក្នុង   វប្បធម៌ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយជួយឲ្យក្មេងវ័យជំទង់យល់ដឹង និងមានមធ្យោបាយដែលពួកគេត្រូវការ ដើម្បីកាត់បន្ថយហានិភ័យលើប្រព័ន្ធអ៊ីនធឺណិត។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: [email protected]
ចាន់ ទី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: [email protected]

អំពីយូនីសេហ្វ

យូនីសេហ្វ​ធ្វើការងារ​នៅតាមទីកន្លែងលំបាកបំផុត​មួយចំនួន​នៅក្នុងពិភពលោក ដើម្បីគាំទ្រដល់ ​កុមារដែលស្ថិតក្នុងស្ថានភាពលំបាកបំផុត។ នៅក្នុងប្រទេស និងដែនដីចំនួនជាង ១៩០ យើងធ្វើការងារ​ដើម្បីកុមារគ្រប់រូបនៅគ្រប់ទីកន្លែង ដើម្បី​កសាងពិភពលោក​មួយ​កាន់តែល្អ​សម្រាប់មនុស្ស​គ្រប់រូប។ 

សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសហ្វ សូមចូលទៅកាន់៖ https://www.unicef.org/cambodia  

សូមតាមដានការងារយូនីសេហ្វ​នៅលើ Facebook | Twitter | YouTube | Instagram | Linkedin | Threads | TikTok