ស្រ្តីឆ្នើមរបស់កម្ពុជា៖ សុខុមាលភាពរបស់លោកស្រី បួ សាក់
៖ លោកស្រី បួរ សាក់ ដឹកនាំកំណែទម្រង់ដ៏ចាំបាច់នៅក្នុងវិស័យសុខុមាលភាពសង្គមរបស់កម្ពុជា ដែលជាការពង្រឹងគួរឱ្យកត់សម្គាល់ចំពោះកម្មវិធីកញ្ចប់គ្រួសារ ដើម្បីគាំទ្រអ្នកមានតម្រូវការ គិតចាប់ពីកុមាររហូតដល់មនុស្សចាស់។
- English
- Khmer
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ខេត្តព្រះវិហារ ប្រទេសកម្ពុជា - ជាមួយនឹងសក់ខ្មៅក្រាស់ចងទៅក្រោយយ៉ាងស្អាត និងមុខមូលជាមួយនឹងសម្បុរស្រអែម លោកស្រី បួ សាក់ អាយុ៣៧ឆ្នាំ បង្ហាញវត្តមានប្រកបដោយជំនឿចិត្ត និងភាពស្ងប់អារម្មណ៍។ ដោយជារឿយៗ គេឃើញគាត់ស្លៀកសម្លៀកបំពាក់ងាយៗលក្ខណៈវិជ្ជាជីវៈ ដូចជា អាវពណ៌ផ្ទៃមេឃ។ វត្តមានប្រកបដោយភាពស្ងប់អារម្មណ៍ និងភាពងាយស្រួលទាក់ទងបានរបស់លោកស្រី សាក់ ឆ្លុះបញ្ចាំងអំពីតួនាទីរបស់គាត់ ទាំងក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកស្វែងរកមតិគាំទ្រ ពោលគឺ លោកស្រីគឺជាអ្នកដែលបារម្ភពីសុខុមាលភាពសហគមន៍របស់គាត់។
នៅតំបន់ដាច់ស្រយាលនៃខេត្តព្រះវិហារ ដែលមិនសូវមានផ្លូវថ្នល់ ហើយការទទួលបានសេវានៅមានកម្រិត លោកស្រី សាក់ បានក្លាយទៅអ្នកគាំទ្រសម្រាប់គ្រួសារនានា ដែលជួបប្រទះនឹងការលំបាកនៅក្នុងការរស់នៅ។ ក្នុងនាមជាជំទប់ទីពីរនៃឃុំស្រអែម ការងារប្រចាំថ្ងៃរបស់គាត់ពាក់ព័ន្ធនឹងការជួយឱ្យគ្រួសារក្រីក្របំផុតទទួលបានកិច្ចគាំទ្រដែលពួកគេត្រូវការ តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ។ គំនិតផ្ដួចផ្ដើមនេះផ្ដល់ជំនួយហិរញ្ញវត្ថុជូនស្រ្តីមានផ្ទៃពោះ កុមារ និងក្រុមងាយរងគ្រោះ ដោយធានាថា ពួកគេមានធនធានដើម្បីបំពេញតម្រូវការមូលដ្ឋាន ដូចជា ចំណីអាហារ និងការថែទាំសុខភាព។ នៅតាមទីកន្លែងនានា ដូចជា ខេត្តព្រះវិហារ ការងាររបស់លោកស្រី សាក់ គឺចាំបាច់ដើម្បីជួយគ្រួសារនានាពីភាពក្រីក្រ។
លោកស្រី សាក់ ពន្យល់ថា “ខ្ញុំមិនរង់ចាំឱ្យប្រជាជនមករកខ្ញុំឡើយ។ ខ្ញុំចុះទៅជួបពួកគេ។ គ្រួសារជាច្រើនក្នុងចំណោមគ្រួសារទាំងនេះរស់នៅឆ្ងាយណាស់ ដែលពួកគេសូម្បីតែមិនដឹងថាមានជំនួយសម្រាប់ពួកគេឡើយ។ ការងាររបស់ខ្ញុំ គឺត្រូវធ្វើឱ្យប្រាកដថា ពួកគេទទួលបានកិច្ចគាំទ្រដែលពួកគេត្រូវការ។”
ពីមនុស្សសាមញ្ញទៅជាអ្នកដឹកនាំក្នុងមូលដ្ឋាន
លោកស្រី បួ សាក់ បានធំឡើងនៅក្នុងភូមិដាច់ស្រយាលមួយ ដែលដូចគ្នាទៅនឹងភូមិនានាដែលគាត់បម្រើនៅពេលនេះ ដោយភាពក្រីក្រ គឺជាបញ្ហាប្រឈមជាប្រចាំ។ គាត់យល់ដឹងអំពីបទពិសោធន៍នៃការលំបាកដែលឪពុកម្ដាយអាចជួបប្រទះនៅក្នុងការចិញ្ចឹមកូនៗរបស់ពួកគេ។ ការយល់ដឹងនេះកំណត់ទ្រង់ទ្រាយការងាររបស់គាត់នៅពេលបច្ចុប្បន្ននេះ។ បន្ទាប់ពីបានធ្វើការងារជាជំនួយការឃុំអស់រយៈពេលបួនឆ្នាំ លោកស្រី សាក់ បានទទួលការតម្លើងតំណែងទៅជាទំពប់ទីពីរនៅឆ្នាំ២០២៣។ នៅក្នុងតួនាទីថ្មីរបស់គាត់ គាត់ត្រួតពិនិត្យកម្មវិធីសង្គមមួយចំនួន ទោះជាយ៉ាងណាកម្មវិធីកញ្ចប់គ្រួសារនៅជិតនឹងបេះដូងរបស់គាត់ជាងគេ។ កម្មវិធីនេះផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ចាំបាច់ជូនគ្រួសារដែលកំពុងរស់នៅក្នុងភាពក្រីក្រ ដើម្បីជួយពួកគេឱ្យទទួលបានចំណីអាហារ ការថែទាំសុខភាព និងតម្រូវការមូលដ្ឋានផ្សេងទៀត។
លោកស្រី សាក់ មានដើមកំណើតមកពីខេត្តបន្ទាយមានជ័យនៅជិតព្រំដែនកម្ពុជាជាមួយនឹងប្រទេសថៃ ដែលនៅទីនោះ ឪពុកម្ដាយរបស់គាត់ គឺជាកសិករ។ មុនពេលងាកមករកសេវាសាធារណៈ គាត់បានចំណាយពេលនៅក្នុងវិស័យឯកជន ដោយធ្វើជាអ្នកលក់រថយន្ត និងបរិក្ខារអេឡិចត្រូចនិចនៅខេត្តសៀមរាប។ ដោយស្វែងរកគន្លងមួយដែលកាន់តែមានអត្ថន័យ លោកស្រី សាក់ បានផ្លាស់ប្ដូរទីលំនៅមកខេត្តព្រះវិហារ និងបានទទួលតំណែងជាមន្រ្តីឃុំនៅឃុំស្រអែម។ វាគឺជារបត់មួយ។
“ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ” នេះជាសម្ដីរបស់គាត់។ “ខ្ញុំរីករាយក្នុងការមើលឃើញអំពីផលវិជ្ជមាន ដែលយើងមានទៅលើគ្រួសារក្រីក្រ។”
កាលពីប្រាំឆ្នាំមុន នៅពេលគាត់កំពុងទទួលទានអាហារនៅភោជនីយដ្ឋានមួយ គាត់បានស្ថិតនៅក្នុងការភ្នាល់គ្នាបែបលេងសើចមួយ ដែលបានផ្លាស់ប្ដូរជីវិតរបស់គាត់។ “ម្ចាស់ភោជនីយដ្ឋានបាននិយាយថា ‘កូនប្រុសរបស់ខ្ញុំត្រូវការប្រពន្ធល្អដូចជាក្មួយ’ ហើយខ្ញុំបានឆ្លើយតបថា ‘ប្រសិនបើកូនប្រុសរបស់មីងនៅទីនេះនៅថ្ងៃនេះ ហៅគាត់ចេញមក ហើយខ្ញុំនឹងរៀបការជាមួយគាត់’” នេះជាការរំលឹកឡើងវិញរបស់លោកស្រី សាក់ ជាមួយនឹងស្នាមញញឹម។ ដោយធ្វើឱ្យគាត់ភ្ញាក់ផ្អើល កូនប្រុសរបស់ម្ចាស់ភោជនីយដ្ឋានបានដើរចេញមកពីផ្ទះបាយមក ហើយអ្នកទាំងពីរបានចាប់អារម្មណ៍នឹងគ្នាភ្លាម។ “ចាប់ពីពេលនោះមក យើងបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល” គាត់សើច។ នៅពេលនេះ នៅពេលដែលគាត់ធ្វើការងារដើម្បីធ្វើឱ្យជីវិតរបស់គ្រួសារនានានៅក្នុងឃុំរបស់គាត់មានភាពល្អប្រសើរឡើង គាត់ក៏ទន្ទឹងរង់ចាំចាប់ផ្ដើមគ្រួសារមួយរបស់គាត់ផ្ទាល់ផងដែរ។
ការជួយដល់គ្រួសារនៅកម្ពុជា ដែលងាយរងគ្រោះ
កម្មវិធីកញ្ចប់គ្រួសារ ដែលជាផ្នែកមួយនៃប្រព័ន្ធសុខុមាលភាពសង្គមជាតិរបស់កម្ពុជា ផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ជូនក្រុមងាយរងគ្រោះ ហើយកម្មវិធីនេះទទួលបានថវិកាពីរាជរដ្ឋាភិបាល។ ចំនួនថវិកាមានចំនួនខុសៗគ្នាទៅតាមអ្នកទទួល។ ស្រ្តីមានផ្ទៃពោះទទួលបានរហូតដល់ ២០ដុល្លារ សម្រាប់ការពិនិត្យសុខភាព និងការទូទាត់តែម្ដងចំនួន ១០០ដុល្លារនៅពេលដែលពួកគេសម្រាលកូន។ សិស្សទទួលបានការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែចំនួនពី ៥ដុល្លារទៅ ៧ដុល្លារ ដើម្បីពួកគេឱ្យបន្តការសិក្សានៅសាលារៀន។ មនុស្សចាស់ ជនមានពិការភាព និងប្រជាជនកំពុងរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍ទទួលបាន ៧ដុល្លារក្នុងមួយខែ។ ការឧបត្ថម្ភទាំងនេះជួយគ្រួសារក្នុងការចំណាយលើម្ហូបអាហារ ការថែទាំសុខភាព របស់របរចាំបាច់ផ្សេងទៀត ដែលផ្ដល់កិច្ចគាំទ្រចាំបាច់ចំពោះគ្រួសារទាំងឡាយ ដែលកំពុងរស់នៅក្នុងភាពក្រីក្រ។
យូនីសេហ្វបានដើរតួនាទីសំខាន់នៅក្នុងការគាំទ្រកម្មវិធីកញ្ចប់គ្រួសារ តាមរយៈការផ្ដល់ថេបប្លេតចំនួន ១.៧០០គ្រឿងជាមួយនឹងសូហ្វែជាក់លាក់សម្រាប់កម្មវិធី ដែលអនុញ្ញាតឱ្យមន្រ្តីមូលដ្ឋានចុះឈ្មោះគ្រួសារនានាដូចជាគ្រួសាររបស់លោកស្រី វ៉ាន រដ្ឋ និងកុមារា ឡុង ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព។ បន្ថែមលើបច្ចេកវិទ្យា យូនីសេហ្វបានដឹកនាំវគ្គបណ្ដុះបណ្ដាលនានា ដើម្បីធានាថា មន្រ្តីមូលដ្ឋានមានជំនាញ ដើម្បីកំណត់អត្តសញ្ញាណឱ្យបានត្រឹមត្រូវនូវគ្រួសារទាំងឡាយដែលមានសិទ្ធិទទួលបានកញ្ចប់នេះ និងគ្រប់គ្រងកម្មវិធីនេះប្រកបដោយប្រសិទ្ធភាព។
ជាមួយនឹងមូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងសហភាពអឺរ៉ុប (EU) កិច្ចខិតខំប្រឹងប្រែងរបស់យូនីសេហ្វបានជួយចុះឈ្មោះគ្រួសារចំនួនជាង ៦៤០.០០០គ្រួសារនៅក្នុងកម្មវិធីនេះ។ ក្នុងចំណោមពួកគេ គឺមានកុមារមានពិការភាពចំនួន ១.៩០០នាក់ ដែលនៅពេលនេះ ពួកគេទទួលបានប្រយោជន៍ពីកិច្ចគាំទ្របែបផ្ដោតគោលដៅ ដែលផ្ដល់ដោយកម្មវិធីកញ្ចប់គ្រួសារ។
ទោះជាយ៉ាងណាក្ដី ការចុះទៅដល់គ្រួសារទាំងនេះមិនមែនជាកិច្ចការងាយស្រួលឡើយ។ លោកស្រី សាក់ ពន្យល់ថា “គ្រួសារដែលយើងជួយ រស់នៅឆ្ងាយពីទីប្រជុំជន និងពីកន្លែងថែទាំសុខភាព។ ការចុះទៅជួបពួកគេអាចចំណាយពេលជាច្រើនម៉ោងតាមម៉ូតូ ហើយនៅរដូវវស្សា ផ្លូវនានាមិនអាចធ្វើដំណើរបានឡើយ។ ប៉ុន្តែគ្រួសារទាំងនោះ គឺជាគ្រួសារដែលត្រូវការជំនួយខ្លាំងបំផុត ហើយប្រសិនបើយើងមិនអាចទៅជួបពួកគេបានទេ ពួកគេនឹងត្រូវទុកចោល។”
នៅក្នុងចំណោមគ្រួសារជាច្រើន ដែលលោកស្រី សាក់ បានជួយ គឺគ្រួសាររបស់លោកស្រី វ៉ាន រដ្ឋ ជាម្ដាយនៃកូនប្រាំនាក់ ដែលពឹងផ្អែកលើកញ្ចប់គ្រួសារ ដើម្បីគាំទ្រដល់កូនទើបសម្រាលរបស់គាត់ និងកូនៗផ្សេងទៀត។ តាមរយៈការខិតខំប្រឹងប្រែងរបស់លោកស្រី សាក់ លោកស្រី រដ្ឋ អាចចុះឈ្មោះក្នុងកម្មវិធីនេះ និងទទួលបានកិច្ចគាំទ្រហិរញ្ញវត្ថុ ដែលគ្រួសាររបស់ពួកគេពិតជាត្រូវការជាខ្លាំង។
ការស្វែងរកមតិគាំទ្រចំពោះកុមារមានពិការភាព
ការងាររបស់លោកស្រី សាក់ មិនបញ្ចប់ត្រឹមស្រ្តីមានផ្ទៃពោះ និងស្រ្តីជាម្ដាយឡើយ ពោលគឺ គាត់ក៏ប្ដេជ្ញាចិត្តស្វែងរកមតិគាំទ្រចំពោះកុមារមានពិការភាព ដែលជាក្រុមមួយដែលរមែងតែងត្រូវបានគេមើលរំលងនៅតាមតំបន់ជនបទរបស់ប្រទេសកម្ពុជាផងដែរ។ ករណីមួយដែលលេចធ្លោ គឺករណីរបស់កុមារា ឡុង ពិសិដ្ឋ ដែលជាកុមារាវ័យជំទង់ម្នាក់ ដែលមានពិការភាពរាងកាយ។ គ្រួសាររបស់គាត់ ដែលកំពុងជួបប្រទះនឹងការលំបាកនៅក្នុងភាពក្រីក្ររួចហើយ មិនបានដឹងអំពីរបៀបទទួលបានបណ្ណសម្គាល់ជនមានពិការភាពឡើយ រហូតទាល់តែលោកស្រី សាក់ បានចុះទៅជួបពួកគេ។
លោកស្រី សាក់ ថ្លែងថា “គ្រួសាររបស់ ពិសិដ្ឋ មិនដឹងអំពីរបៀបប្រើប្រាស់ប្រព័ន្ធនេះឡើយ ប៉ុន្តែខ្ញុំបានធ្វើឱ្យប្រាកដថា គាត់ទទួលបានបណ្ណសម្គាល់ជនមានពិការភាព”។ ដោយមានប័ណ្ណនេះ នៅពេលនេះ ពិសិដ្ឋទទួលបានថវិកា ៧ដុល្លារ ក្នុងមួយខែសម្រាប់ការថែទាំរបស់គាត់ ហើយដោយចាប់ផ្ដើមនៅឆ្នាំ២០២៥ គាត់នឹងទទួលបានថវិកាបន្ថែមចំនួន ៥ដុល្លារក្នុងមួយខែ ប្រសិនបើគាត់ទៅរៀនជាទៀងទាត់។ លោកស្រី សាក់ បន្ថែមថា “កុមារទាំងនេះសមនឹងទទួលបានអនាគតភ្លឺស្វាង។ កម្មវិធីកញ្ចប់គ្រួសារជួយផ្ដល់ឱកាសនោះដល់ពួកគេ។”
ការជម្នះឧបសគ្គ
ការធ្វើការងារនៅតំបន់ដាច់ស្រយាល ជួបប្រទះនឹងការលំបាកជាច្រើន។ ភូមិនានាស្ថិតនៅឆ្ងាយពីមន្ទីរពេទ្យ សាលារៀន និងផ្លូវធ្វើដំណើរពិបាក។ អ៊ីនធឺណិតខ្សោយរមែងតែងបង្កការលំបាកក្នុងការចុះបញ្ជីគ្រួសារនានា សម្រាប់កម្មវិធីកញ្ចប់គ្រួសារប្រកបដោយប្រសិទ្ធភាព។
លោកស្រី សាក់ ពន្យល់ថា “ប្រព័ន្ធដែលយើងប្រើប្រាស់ដើម្បីចុះបញ្ជីគ្រួសារ នៅតែកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ ហើយនៅពេលខ្លះ ប្រព័ន្ធអ៊ីនធឺណិតមិនដំណើរការ។ យើងព្យាយាមធ្វើការងារឱ្យបានលឿន ប៉ុន្តែនៅក្នុងតំបន់ទាំងនេះ កិច្ចការនានាមិនតែងតែដំណើរការទៅតាមផែនការឡើយ។ ទោះជាយ៉ាងណាក្ដី គ្រួសារនានាមិនអាចរង់ចាំបានឡើយ ហេតុនេះ យើងស្វែងរកវិធីមួយ ដើម្បីធ្វើឱ្យវាដំណើរការទៅបាន។”
បញ្ហាប្រឈមបែបនេះមួយបានកើតឡើងនៅក្នុងករណីរបស់ ពិសិដ្ឋ ដែលលោកស្រី សាក់ ត្រូវរៀនអំពីរបៀបប្រើប្រាស់ប្រព័ន្ធកំណត់អត្តសញ្ញាណពិការភាពថ្មីនៅក្នុងលើថេបប្លេតរបស់គាត់។ “ខ្ញុំត្រូវអរគុណ ពិសិដ្ឋ ចំពោះការទទួលបានជំនាញថ្មី ដែលខ្ញុំបានរៀននៅពេលចុះឈ្មោះគាត់ឱ្យទទួលបានបណ្ណសម្គាល់ជនមានពិការភាព” នេះជាសម្ដីរបស់គាត់ជាមួយនឹងស្នាមញញឹម និងមោទកភាពចំពោះជំនាញដែលគាត់ទើបទទួលបានថ្មី។
វីរនារីក្នុងសហគមន៍
សម្រាប់ប្រជាជននៅខេត្តព្រះវិហារ លោកស្រី សាក់ មិនតែជាមន្រ្តីម្នាក់ប៉ុណ្ណោះទេ ពោលគឺ គាត់ជាមនុស្សម្នាក់ ដែលពួកគេទុកចិត្ត និងពឹងពាក់បាន។ “នៅពេលដែលប្រជាជនមើលឃើញថា អ្នកកំពុងព្យាយាមជួយពួកគេ ពួកគេបើកចិត្តចែករំលែកជាមួយអ្នក” នេះជាសម្ដីរបស់លោកស្រី សាក់។ “ទំនុកចិត្តនោះមានសារសំខាន់ ហើយវាធ្វើឱ្យមានភាពខុសប្លែកពីមុន។”
ការលះបង់របស់គាត់ចំពោះការងាររបស់គាត់បានទទួលការគោរពពីសហគមន៍។ គាត់រមែងតែងជាមនុស្សទីមួយ ដែលគ្រួសារនានាងាកទៅរក នៅពេលដែលពួកគេត្រូវការជំនួយ។ គាត់ថ្លែងថា “ប្រជាជនដឹងថា ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលខ្ញុំអាចធ្វើបាន ដើម្បីគាំទ្រដល់ពួកគេ។ ខ្ញុំធ្លាប់បានរស់នៅឆ្លងកាត់ការលំបាកដូចគ្នា ហើយខ្ញុំចង់ធ្វើឱ្យអ្វីៗកាន់តែល្អប្រសើរសម្រាប់ពួកគេ។”
សម្រាប់លោកស្រី សាក់ ផ្នែកដែលលើកទឹកចិត្តខ្លាំងបំផុតនៃការងាររបស់គាត់ គឺការមើលឃើញផលជះ ដែលគាត់មានទៅលើជីវិតរបស់គ្រួសារនានា ដែលគាត់បម្រើ។ គាត់ថ្លែងថា “នៅពេលខ្ញុំឃើញកុមារញញឹមដោយសារពួកគេទទួលបានការថែទាំដែលពួកគេត្រូវការ ឬនៅពេលដែលស្រ្តីជាម្ដាយម្នាក់មានភាពធូរស្រាល ដោយសារនៅទីបំផុត គាត់អាចផ្ដល់ចំណីអាហារដល់កូនរបស់គាត់បាន ខ្ញុំដឹងថា ខ្ញុំបានធ្វើឱ្យមានខុសប្លែកពីមុន”។
ការនាំមកនូវក្ដីសង្ឃឹមនៅក្នុងពេលដែលត្រូវការ
នៅពេលដែលប្រទេសកម្ពុជាពង្រីកគំនិតផ្ដួចផ្ដើមដែលទទួលបានមូលនិធិពីរាជរដ្ឋាភិបាលរបស់ខ្លួន ដែលផ្ដល់កិច្ចគាំទ្រហិរញ្ញវត្ថុចំពោះក្រុមងាយរងគ្រោះ រួមមាន កុមារ ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ ជនមានពិការភាព និងសិស្ស អ្នកដឹកនាំសហគមន៍ដូចជាលោកស្រី បួ សាក់ ដើរតួនាទីសំខាន់នៅក្នុងការធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។ ទោះជាគាត់កំពុងធ្វើដំណើរលើផ្លូវមិនសូវល្អដើម្បីទៅជួបជាមួយគ្រួសារមួយ ដែលកំពុងមានតម្រូវការ កំពុងស្វែងរកមតិគាំទ្រចំពោះកុមារមានពិការ ឬកំពុងជម្នះបញ្ហាប្រឈមបច្ចេកទេសក្នុងការចុះបញ្ជីគ្រួសារនានាដើម្បីទទួលបានជំនួយក្ដី លោកស្រី សាក់ នៅតែផ្ដោតការយកចិត្តទុកដាក់ចំពោះកិច្ចការមួយ នោះគឺ ការជួយអ្នកដែលមានតម្រូវការខ្លាំងបំផុត។
គាត់ថ្លែងថា “យើងមិនអាចធ្វើឱ្យមានភាពល្អប្រសើរក្នុងរយៈពេលមួយយប់បានឡើយ។ ប៉ុន្តែយើងអាចផ្ដល់ក្ដីសង្ឃឹមជូនគ្រួសារនានា។ ហើយនៅពេលខ្លះ ក្ដីសង្ឃឹមនេះ គឺគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូរជីវិត។”