យូនីសេហ្វចាប់ផ្តើមយុទ្ធនាការតាមប្រព័ន្ធឌីជីថល ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើអនឡាញលើកុមារ និងផ្តល់ដំបូន្មានអំពីរបៀបប្រើប្រាស់ប្រព័ន្ធឌីជីថល

- Available in:
- English
- Khmer
យូនីសេហ្វកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្វើយុទ្ធនាការដើម្បីកាត់ បន្ថយចំនួនកុមារដែលទទួលរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើអនឡាញ តាមរយៈ យុទ្ធនាការដែលមានលក្ខណៈអន្តរកម្ម និងច្នៃប្រឌិត ដើម្បីឆ្លើយតបចំពោះល្បិចកល “លួងលោម”កុមារលើអនឡាញ។
រាជធានីភ្នំពេញ – ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ –ដោយសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យូនីសេហ្វកម្ពុជាកំពុងធ្វើយុទ្ធនាការតាមប្រព័ន្ធឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដែលមានឈ្មោះថា “តោះជជែកគ្នា (Let’s Chat)” ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំនេះ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់ន្ថយហានិភ័យដែលក្មេងជំទង់នៅកម្ពុជាជួបប្រទះ បង្កដោយជនប្រព្រឹត្តអំពើកេងប្រវ័ញ្ចលើអនឡាញ។
បើតាមរបាយការណ៍ឆ្នាំ ២០២២ ដែលមានចំណងជើងថា ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងដៃគូនានាដូចជាយូនីសេហ្វកម្ពុជាជាដើម បានបង្ហាញថា នៅកម្ពុជាកុមារអាយុចន្លោះពី១២ ទៅ ១៧ឆ្នាំ កំពុងប្រើប្រាស់អ៊ីនធឺណិត មាន១១% ធ្លាប់ទទួលរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើអនឡាញ។ បញ្ហានេះរួមមានការផ្ញើសារគំរាមកុមារឲ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ និងការផ្ញើរូបភាពអាសអាភាស ដោយពុំមានការយល់ព្រមពីភាគីម្ខាងទៀត។ រួមជាមួយនឹងស្ថិតិដែលបង្ហាញពីការព្រួយបារម្ភដទៃទៀត របាយការណ៍នេះក៏បង្ហាញផងដែរថា មានកុមារ ១៦% បានក្លាយជាកម្មវត្ថុនៃការសរសេរមតិយោបល់ ដែលមានចរិតផ្លូវភេទអំពីពួកគេ ដែលធ្វើឲ្យពួកគេពុំមានអារម្មណ៍ងាយស្រួល ដែលក្នុងចំនួននេះ មាន ៣១% បាននិយាយថា ការសរសេរបែបនេះកើតមានលើបណ្តាញទំនាក់ទំនងសង្គម។
ដើម្បីជួយរក្សាសុវត្ថិភាពកុមារលើអនឡាញ របាយការណ៍នេះបានលើកអនុសាសន៍ឲ្យមានការបង្កើនការយល់ដឹងអំពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើអនឡាញលើកុមារ ឲ្យបាននៅទូទាំងប្រទេស – ហើយនេះគឺជាគោលដៅមួយនៃយុទ្ធនាការអនឡាញតាមបណ្តាញទំនាក់ទំនងសង្គមនេះផងដែរ។
លោកបណ្ឌិត វីល ផាកស៍ ប្រធានយូនីសេហ្វនៅកម្ពុជា បានមានប្រសាសន៍ថា “ក្នុងបរិបទដែលការរាយការណ៍ពីករណីរំលោភបំពាន ឬកេងប្រវ័ញ្ចផ្លូវភេទលើអនឡាញ អាចជារឿងដែលគេគិតថាមិនគួរធ្វើ ឬជារឿងអាម៉ាសខ្លាំងពេក វាជាការសំខាន់ណាស់ដែលត្រូវបង្កើតនូវវិធីសាស្ត្រដែលផ្តល់ភាពងាយស្រួល និងបង្ហាញពីសមានចិត្តសម្រាប់ផ្តល់ព័ត៌មានអំពីប្រធានបទនេះ ប្រសិនបើយើងចង់ឲ្យមានការផ្លាស់ប្តូរឲ្យប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យដែលក្មេងជំទង់ និងយុវជនរបស់យើងកំពុងជួបប្រទះ។ យុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គម ប្រព្រឹត្តទៅនៅលើអនទ្បាញដែលជាកន្លែងជួបជាមួយយុវជនដែលពួកគេកំពុងនៅទីនោះស្រាប់ ហើយប្រើប្រាស់វិធីសាស្រ្តនិទានរឿង និងបច្ចេកវិទ្យា ដើម្បីផ្តល់ភាពអង់អាច និងការពារពួកគេពីគ្រោះថ្នាក់នានា”។
ជនប្រព្រឹត្តអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើអនឡាញក្នុងទម្រង់មួយ ដែលគេហៅថា “ការលួងលោម” ជារឿយៗតែងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងកម្មវិធីផ្ញើសារ ជជែកកម្សាន្ត ឬអ៊ែបវីដេអូដទៃទៀត។ ពួកគេចាប់ផ្តើមកសាងទំនាក់ទំនងជាមួយយុវជនបន្តិចម្តងៗ ដើម្បីឈ្វេងយល់ពីតម្រូវការ និងភាពទន់ខ្សោយរបស់យុវជន ហើយពេលខ្លះពួកគេបន្លំខ្លួនធ្វើជាយុវជនផងដែរ។ ក្រោយពេលពួកគេបានទទួលការជឿទុកចិត្ត ការរំលោភបំពានបានលេចចេញជារូបរាងសន្សឹមៗ ហើយជារឿយៗ ស្តែងចេញតាមរយៈការបោកបញ្ឆោតបែបលាក់កំបាំង និងការទាមទារផ្សេងៗ និងអាចវិវឌ្ឍទៅជាការបង្កគ្រោះថ្នាក់លើរូបរាងកាយផងដែរ។
យុទ្ធនាការ “តោះជជែកគ្នា” មានគោលបំណងជួយឲ្យក្មេងជំទង់យល់ដឹងពីល្បិចរបស់ជនទាំងនេះ ក៏ដូចជាជួយឲ្យពួកគេចេះកំណត់ដឹង និងយល់ពីអ្វីដែលត្រូវធ្វើ ប្រសិនបើពួកគេ ឬមិត្តភក្តិរ ក្លាយជាមុខសញ្ញារបស់ជនដែលលួងលោមល្បួងកុមារលើអនឡាញ និងអាចធ្វើការសម្រេចចិត្តប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យសម្រាប់ខ្លួនឯងផង និងសម្រាប់ក្មេងជំទង់ និងកុមារដទៃទៀតផង។
នៅក្នុងយុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គមនេះ នឹងមានការបង្ហាញពីមិត្តជិតស្និទ្ធមួយក្រុមដែលមានគ្នា ៤នាក់ ប្រើប្រាស់បណ្តាញសង្គម សម្រាប់ធ្វើសកម្មភាពផ្សេងៗនៅក្នុងជីវិត ទាក់ទងនឹងមនុស្សជាមួយខ្លួន ស្រលាញ់ និងទំនាក់ទំនងតាមលើអនឡាញដទៃទៀត។ រឿងរ៉ាវរបស់ពួកគេត្រូវបានបង្ហាញក្នុងទម្រង់ជាវីដេអូភាគខ្លីៗ បែបជាការ “សន្ទនា” ដោយវីដេអូនីមួយៗផ្តោតលើសេណារីយ៉ូមួយ។ អមជាមួយវីដេអូទាំងនេះ ក៏មានការបង្ហោះពីព័ត៌មានផ្សព្វផ្សាយ និងសកម្មភាពដែលអាចអនុវត្តជាជំហានៗ ដូចជាព័ត៌មានសម្រាប់ទាក់ទងទៅកាន់បណ្តាញទូរសព្ទជំនួយកុមារកម្ពុជា ដែលគេអាចហៅចូលដោយមិនគិតថ្លៃ (+៨៥៥ ៩២ ៣១១ ៥១១) ជាដើម។
យុវជន និងសាធារណៈជន អាចចូលរួមក្នុងយុទ្ធនាការនេះ តាមរយៈទំព័រហ្វេសប៊ុក និង អ៊ីនស្តាក្រាម របស់យូនីសេហ្វកម្ពុជា។ យូនីសេហ្វ សង្ឃឹមថា យុទ្ធនាការនេះនឹងអាចផ្សព្វផ្សាយដល់យុវជនជាង ២លាននាក់ តាមប្រព័ន្ធអនឡាញ ក្នុងរយៈពេល ៣ ខែខាងមុខនេះ។
បណ្ឌិត វីល ផាកស៍ បានមានប្រសាសន៍ទៀតថា “តាមរយៈការបន្តរៀបចំមាតិកា និងព័ត៌មានតាមប្រព័ន្ធឌីជីថលសម្រាប់បែបកុមារ និងយុវជនមេត្រី និងកិច្ចសហការជាមួយដៃគូនានា ដើម្បីរួមគ្នារៀបចំយុទ្ធនាការបង្កើនការយល់ដឹង និងស្វែងរកការគាំទ្រក្នុងសង្គម ដើម្បីផ្លាស់ប្តូរឥរិយាបថ ដូចជាយុទ្ធនាការ “តោះជជែកគ្នា” ជាដើមនេះ កម្ពុជាអាចផ្តល់នូវវេទិកាដែលកាន់តែមានសុវត្ថិភាពសម្រាប់កុមារ និងក្មេងជំទង់ ដើម្បីឲ្យពួកគេអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការប្រឈម និងការកេងប្រវ័ញ្ច និងការរំលោភបំពានមកលើពួកគេ”។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
Additional resources
អំពីយូនីសេហ្វ
យូនីសេហ្វកម្ពុជាធ្វើការងារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អប្រសើររបស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយឱ្យពួកគេសម្រេចសក្ដានុពលចាប់ពីវ័យកុមារតូច រហូតដល់វ័យក្មេងជំទង់។
សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារដែលយូនីសេហ្វធ្វើដើម្បីកុមារ សូមចូលមើលគេហទំព័រ www.unicef.org/cambodia/ ។
សូមតាមព័ត៌មានអំពីយូនីសេហ្វ Twitter និង Facebook