យុវជនកម្ពុជាស្វែងរកគាំទ្រអនាគតបៃតងនៅកិច្ចប្រជុំ COP29

នៅ COP29 ឆ្នាំនេះ​នៅប្រទេសអាស៊ែបៃហ្សង់ គណៈប្រតិភូ​យុវ​ជនថ្លឹងថ្លែងលើការបាត់បង់ និងផលចំណេញពី​សន្និសីទសកល​ស្ដីពី​ការប្រែប្រួលអាកាសធាតុ​។ ថ្វីបើមាន​ឧបសគ្គក្ដី ពួកគេមានក្ដីសង្ឃឹមខ្ពស់ចំពោះ​សកម្មភាពអាកាសធាតុរបស់យុវជន

Sohyun Kim and Cristyn Lloyd
© UNICEF Cambodia/2024
UNICEF Cambodia/2024
30 ធ្នូ 2024

ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជធានីភ្នំពេញ - គណៈប្រតិភូយុវជន​កម្ពុជា​នៅតែមានសេចក្ដីរំភើបចិត្តខ្លាំងក្លាចំពោះ កិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP29 នៅទីក្រុងបាគូ សូម្បីតែសន្និសីទនេះបានកន្លងផុតទៅជាច្រើនសប្ដាហ៍ហើយក្ដី។ ដោយធ្វើជាអ្នកតំណាងឱ្យ​ប្រទេស​កម្ពុជា​នៅ​វេទិកា​អាកាសធាតុដឹកនាំដោយ​យុវជន​នៅ COP29 កញ្ញា វ៉ា ផាវ៉ាន និងលោក ស៊ីថាន ស៊ីលីដា បានចូលរួម​នៅក្នុង​កិច្ចពិភាក្សាប្រកបដោយភាពស្ថាបនា​ជាមួយនឹង​អ្នកចូលរួម​ជាយុវជន​មកពី​ទូទាំង​ពិភពលោក។ យូនីសេហ្វប្រចាំកម្ពុជា​​បានជ្រើសរើស និងបានគាំទ្រ​អ្នកស្វែងរកមតិគាំទ្រ​អាកាសធាតុ និងបរិស្ថាន​ប្រកបដោយសក្ដានុពលទាំងពីររូប ដែលជាផ្នែកមួយ​នៃ​​គំនិតផ្ដួចផ្ដើមវិធានការអាកាសធាតុរបស់យុវជន ដើម្បីចូលរួម​នៅក្នុង​សន្និសីទ​សកលប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ​ស្ដីពីការប្រែប្រួលអាកាសធាតុ។

ចំពោះលោក ស៊ីលីដា កិច្ចពិភាក្សាដែលដឹកនាំដោយយុវជននៅ COP29 មានលក្ខណៈ “បរិយាបន្ន មានព័ត៌មានជាច្រើន និងមានការចូលរួមយ៉ាងសកម្ម”។

លោកបានថ្លែងថា “វាគឺជាវេទិកាបើកចំហដ៏អស្ចារ្យ​សម្រាប់​អ្នកស្វែងរកមតិគាំទ្រវ័យក្មេង ដើម្បីបង្ហាញអំពី​ គម្រោងជាបន្តបន្ទាប់របស់ពួកគេ ហើយបំណងប្រាថ្នារបស់ពួកគេពិតជាជំរុញចិត្ត​ពីខ្ញុំខ្លាំងណាស់ ​ក្នុងការធ្វើឱ្យពិភពលោក​នេះកាន់តែល្អ​ប្រសើរ។ យើងសូមអរគុណចំពោះ​យូនីសេហ្វ ដែលបានធ្វើឱ្យ​ព្រឹត្តិការណ៍​នេះកើតឡើង។ ការទទួលបាន​ទស្សនវិស័យថ្មីៗពីគណៈប្រតិភូយុវជនដទៃទៀត គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ខ្ញុំ។”

នៅឆ្នាំនេះ វេទិកាអាកាសធាតុក្រោមការដឹកនាំរបស់យុវជននៅ​ COP29 បានរៀបចំកិច្ចសន្ទនាជាច្រើនក្នុងរយៈពេលប្រាំថ្ងៃ ដោយ​កុមារ និងយុវជនទទួលបាន​ការអញ្ជើញឱ្យចូលរួម​ដើម្បីចែករំលែក​អាទិភាពគោលនយោបាយ​ដោយផ្ទាល់ ជាមួយនឹង​អ្នកធ្វើសេចក្ដីសម្រេចចិត្ត​អំពីប្រធានសំខាន់​ៗ ដូចជា ការចូលរួមចំណែក​ដើម្បីអនុវត្ត​អនុសញ្ញាក្របខណ្ឌ​សហប្រជាជាតិស្ដីពី​ការប្រែប្រួល​អាកាសធាតុ ការបាត់បង់ និងការខូចខាត ការគ្រប់គ្រងកសិកម្ម និងធនធានទឹកប្រកប​ដោយចីរភាព សុខភាព និងការអប់រំ ព្រមទាំង​ហិរញ្ញប្បទាន​អាកាសធាតុ។

លោក ស៊ីលីដា និងកញ្ញា ផាវ៉ាន់ បានទទួលការជ្រើសរើស​ដើម្បីចូលរួម​នៅក្នុងសន្និសីទនេះពីសំណាក់​ក្រុមប្រឹក្សាយុវជនដើម្បីសកម្មភាពអាកាសធាតុ ដែលយូនីសេហ្វ​បានគាំទ្រតាំងពីដើមឆ្នាំ២០២៤ និងជាផ្នែកមួយ​នៃ​គំនិតផ្ដួចផ្ដើម​ដើម្បីផ្ដល់ភាពអង់អាចជូនយុវជន​កម្ពុជាក្នុងការដឹកនាំ​សកម្មភាពអាកាសធាតុ​នៅក្នុងសហគមន៍របស់ពួកគេ។ នៅដើមឆ្នាំនេះ យូនីសេហ្វ ​បានរៀបចំ​សន្និសីទយុវជនក្នុងស្រុក ដែលជាវេទិកា​សម្រាប់យុវជន​​ដាក់បញ្ចូល​សេចក្ដីត្រូវការផ្នែកអាកាសធាតុរបស់ពួកគេទៅក្នុង​សេចក្ដីថ្លែងការណ៍របស់​យុវជនជាតិ ​ដើម្បីបង្ហាញ​នៅកិច្ចប្រជុំ COP និង​កិច្ចប្រជុំកំពូល​ស្ដីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ ។ 

“​ជាមួយនឹង​សន្និសីទយុវជនក្នុងស្រុក (LCOY) នៅឆ្នាំនេះ យើងទទួលបាន​សន្ទុះពេញលេញ​សម្រាប់​ការស្វែងរកមតិគាំទ្រអាកាសធាតុក្រោម​ការដឹកនាំរបស់យុវជន​នៅកម្ពុជា” នេះជាសម្ដីរបស់​កញ្ញា ផាវ៉ាន់ ដោយនាងលើកសរសើរ​កិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់​របស់​យុវជន​កម្ពុជា ដែលបានធ្វើឲ្យសន្និសីទ​កាលពីខែសីហា​ទទួលបាន​ជោគជ័យ។

“យើងមានមោទកភាព​ក្នុងការបង្ហាញ ‘​សេចក្ដីថ្លែងការណ៍របស់យុវជនកម្ពុជា​ស្ដីពី​ការប្រែប្រួលអាកាសធាតុ​ឆ្នាំ២០២៤’ ដែលបានទទួល​ការឯកភាពនៅ LCOY និងបានទទួល​ការអនុម័ត​ជាផ្លូវការ​ដោយក្រសួងបរិស្ថាន។ ចំណុចសំខាន់ៗ​នៃ​វិធានការយុវជនរបស់យើង​ត្រូវបានដាក់បញ្ចូល​ទៅក្នុង​សេចក្ដីថ្លែងការណ៍របស់យុវជនសកល​នៅ COP29 រួមជាមួយនឹងមតិយោបល់​ដ៏ល្អផ្សេងទៀត​ពី​អ្នកចូលរួម។”

សេចក្ដីថ្លែងការណ៍សកល​របស់យុវជន គឺជា​សេចក្ដីអំពាវនាវរួម​ពី​កុមារ និងយុវជន​ចំពោះ​អ្នកដឹកនាំពិភពលោក ដើម្បីចាត់វិធានការចំពោះ​បញ្ហាប្រឈមផ្នែកអាកាសធាតុ ដែលពិភពលោក​កំពុងប្រឈមមុខ។ នៅឆ្នាំនេះ យុវជន​បានបង្ហាញ​សេចក្ដីត្រូវការ និងសំណើរគោលនយោបាយ​អាកាសធាតុរបស់ខ្លួន ដោយអំពាវនាវឱ្យ​អ្នករៀបចំគោលនយោបាយ​ពន្លឿន​វិធានការខ្លាំងក្លាចំពោះ​ការបាត់បង់ និងការខូចខាត ការឆ្លើយតបចំពោះ​យេនឌ័រ បរិយាបន្នសម្រាប់​ក្រុមដែលមិនសូវទទួលបាន​ការយកចិត្តទុកដាក់ និង​តម្លាភាពហិរញ្ញវត្ថុ។

សំខាន់បំផុត កិច្ចប្រជុំ COP29 នៅឆ្នាំនេះ​បានពិភាក្សាស៊ីជម្រៅអំពីហិរញ្ញប្បទានអាកាសធាតុ។ “ខ្ញុំពិតកោតសរសើរចំពោះរបៀបដែល​វាគ្មិនទាំងអស់​ជំរុញឱ្យបង្កើនការផ្ដល់ហិរញ្ញប្បទានអាកាសធាតុ​សម្រាប់​កម្មវិធីដែលយកចិត្តទុកដាក់ចំពោះ​កុមារ” នេះជាសម្ដីរបស់​ ផាវ៉ាន់ ដែលបានចូលរួមកិច្ចពិភាក្សាមួយស្ដីពី ការដោះស្រាយភាពខ្វះចន្លោះផ្នែក​ហិរញ្ញវត្ថុ និង​ការវិនិយោគ​លើ​វិធានការអាកាសធាតុ​សម្រាប់កុមារ សម្របសម្រួលដោយលោកស្រី Kitty van der Heijden ​នាយិការងប្រតិបត្តិ​​នៃយូនីសេហ្វ។

នៅឆ្នាំនេះ អ្នកចូលរួម​បានកំណត់គោលដៅថ្មីមួយ ដើម្បីផ្លាស់ប្ដូរជំនួសគោលដៅ​ ១០០ប៊ីលានដុល្លារអាមេរិកមុន ដែលគេហៅថា គោលដៅ​បរិមាណរួមថ្មី​សម្រាប់ហិរញ្ញប្បទានអាកាសធាតុ ដែលបង្កើនការប្ដេជ្ញាចិត្តចំពោះ​ការបន្ស៊ាំនឹងអាកាសធាតុ ព្រមទាំងការបាត់បង់ និងការខូចខាត​នៅក្នុងប្រទេសកំពុងអភិវឌ្ឍ​ ទៅដល់ចំនួន ៣០០ប៊ីលានដុល្លារអាមេរិក។

“លោកស្រី Kitty បានគូសបញ្ជាក់ថា សម្រាប់ពេលនេះ ថវិកាអាកាសធាតុ​ពហុភាគីត្រឹមតែចំនួន ២,៤ភាគរយប៉ុណ្ណោះ​ ដែល​ត្រូវបានផ្ដល់សម្រាប់កិច្ចការពារ​កុមារប្រឈមនឹងការគំរាមកំហែង​ខាងអាកាសធាតុ។ ហេតុនេះ គោលដៅ​បរិមាណរួមថ្មី​សម្រាប់ហិរញ្ញប្បទានអាកាសធាតុ គឺជាកិច្ចព្រមព្រៀងដ៏សំខាន់ ដែលនឹងជាការរក្សាសុវត្ថិភាព​សម្រាប់​កុមាររាប់លាននាក់ ដែលកំពុងទទួលរងគ្រោះថ្នាក់​ដោយសារវិបត្តិអាកាសធាតុ។”

ទោះបីកិច្ចពិភាក្សាទាំងនេះគឺគួរឲ្យចាប់អារម្មណ៍ គណៈប្រតិភូវ័យក្មេងទាំងពីររូប​ត្រូវគិតអំពីអ្វីដែលអាចត្រូវកែលម្អបាននៅឯកិច្ចពិភាក្សាយុវជន​នៅ COP29។

កញ្ញា ផាវ៉ាន បានថ្លែងថា “ខ្ញុំមានអារម្មណ៍ថា កិច្ចពិភាក្សាដែលដឹកនាំដោយយុវជន មិនសូវទទួលបាន​ការយកចិត្តទុកដាក់ដូចកិច្ចពិភាក្សាផ្សេងៗទៀត។ ប្រសិនបើអ្នកគិតអំពី​កម្មវិធីទូរទស្សន៍វិញ ​ម៉ោងល្អសម្រាប់ការផ្សព្វផ្សាយគឺសម្រាប់​វាគ្មិនកម្រិតខ្ពស់ ហើយម៉ោងសម្រាប់វគ្គយុវជនគឺនៅពេលពាក់កណ្ដាលអាធ្រាត។ គេមិនបាន “បញ្ជ្រាប” យើងទៅក្នុងកិច្ចពិភាក្សាសំខាន់ៗ​ឡើយ។”

លោក ស៊ីលីដា ក៏សម្ដែងការព្រួយបារម្ភផងដែរថា គោលដៅប្រកបដោយមហិច្ឆិតា​សម្រាប់​ហិរញ្ញប្បទានអាកាសធាតុ​អាចក្លាយទៅជាឱកាសដ៏ខ្ជះខ្ជាយថវិកា។ 

លោកបានថ្លែងថា “ខ្ញុំដឹងថា គណៈប្រតិភូ​បានជួបប្រទះនឹងការលំបាកតាមរយៈភាពខ្វែងគំនិត​គ្នា​នៅក្នុងការឈានទៅដល់​កិច្ចព្រមព្រៀងសម្រាប់ទំហំទឹកប្រាក់ ៣០០ប៊ីលានដុល្លារអាមេរិក ​សម្រាប់ហិរញ្ញប្ប​ទាន​អាកាសធាតុ។ ទោះជាយ៉ាងណាក្ដី វាគឺជារឿងរ៉ាវមួយទៀត ដែលត្រូវធ្វើទៅតាម​ការសន្យា​។​ យើងដឹងថា កាលពីអតីតកាល មិនមានការបំពេញការប្ដេជ្ញាចិត្តទាំងនេះ​ឡើយ ដែលជាការបន្ថែមការព្រួយបារម្ភ​ចំពោះភាពព្រងើយកន្ដើយ​របស់ប្រទេសអ្នកមាន។”

ថ្វីបើមានការសង្ស័យឥតឈប់ឈរចំពោះ​លទ្ធផលនៃកិច្ចប្រជុំ COP29 ក្ដី យុវជនទាំងនេះ​សង្ឃឹមថា នឹងបន្ត​កសាងសន្ទុះ​ទៅលើ​ការងារ ដែលពួកគេបាន​ធ្វើមកដល់ពេលនេះ។ ពួកគេមានផែនការនាំយកអ្វី ដែលពួកគេរៀនសូត្រនៅក្នុងប្រទេសអាស៊ែបៃហ្សង់ទៅកាន់មាតុប្រទេសវិញ និងប្រើប្រាស់សំឡេងរបស់ពួកគេ ដើម្បីផ្សព្វផ្សាយចំណេះដឹងរបស់ពួកគេ និង​អនុវត្តដោយផ្ទាល់នូវអ្វីដែលអាចអនុវត្តទៅបាន និងមានប្រសិទ្ធភាព​នៅកម្ពុជា។

ប្រទេសកម្ពុជាមានចំណាត់ថ្នាក់ទី ៤៦ ក្នុងចំណោយម ១៦៣ប្រទេស ​នៅក្នុង​សន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសកល (CCRI) ហើយរបាយការណ៍នេះ​គូសបញ្ជាក់នូវ​ផលប៉ះពាល់ធ្ងន់ធ្ងរ​នៃការប្រែប្រួលអាកាសធាតុ​ទៅលើយុវជន និងហានិភ័យនៃការប្រែប្រួលអាកាសធាតុ​ចំពោះ​សុខភាព ការអប់រំ និងសុវត្ថិភាពរបស់ពួកគេ។ កុមារជិត ២,៣លាននាក់ ពោលគឺ ៤៣ភាគរយ ​នៃចំនួនកុមារទាំងអស់ ប្រឈមមុខនឹងកម្ដៅធ្ងន់ធ្ងរ ស្របពេលដែលកុមារចំនួន ២,២លាននាក់ ​ប្រឈមនឹងហានិភ័យ​នៃទឹកជំនន់ពីទឹកទន្លេ ជាពិសេស តំបន់ជនបទ​នៅជិតបឹងទន្លេសាប និងទន្លេមេគង្គ។

បច្ចុប្បន្ន ផាវ៉ាន់ គឺជាអ្នកដឹកនាំផ្នែកប្រាស្រ័យទាក់ទង​នៅក្រុមហ៊ុន GOMI Recycle ជាក្រុមហ៊ុនឯកជន​ដែលមានឯកទេស​កែច្នៃ​ប្លាស្ទិក​ទៅជាគ្រឿងសង្ហា​រឹម។ លោក ស៊ីលីដា គឺជាសមាជិកម្នាក់នៃ YCCA និង​កំពុងស្វែងរកមតិគាំទ្រ​ចំពោះ​ការអប់រំអំពីការប្រែប្រួលអាកាសធាតុ​នៅទូទាំងប្រទេស។ ស៊ីលីដា មានជំនឿចិត្តថា ប្រទេស​កម្ពុជានាំមុខ​ប្រទេសផ្សេងទៀត​នៅក្នុងការគ្រប់គ្រងសំណល់ ។

លោកបានថ្លែងថា “តំបន់ទីក្រុង និងតំបន់ជនបទមានភាពខុសគ្នាខ្លាំង ​ពាក់ព័ន្ធនឹង​ប្រព័ន្ធកែច្នៃឡើងវិញ និងគំនិតផ្ដួចផ្ដើម​បរិស្ថានជាច្រើនផ្សេងទៀត។ នៅឯ COP29 យុវជនចូលរួម​ផ្សេងទៀត​បានណែនាំបង្ហាញអំពី គម្រោងរបស់ពួកគេ​ជាមួយនឹងដៃគូក្នុងមូលដ្ឋាន និងរបៀបដែលពួកគេរួមបញ្ចូលក្រុមងាយរងគ្រោះ ​ពេលអនុវត្តសកម្មភាពក្នុងសហគមន៍។ ពួកគេបានគូសបញ្ជាក់អំពីសារសំខាន់នៃ​ការលើកកម្ពស់ការយល់ដឹងអំពី​ផលប៉ះពាល់ពីអាកាសធាតុ និងរបៀបដែលពួកគេគប្បីផ្ដល់ភាពអង់អាចជូនប្រជាជន​ដើម្បីកសាងភាពធន់របស់ពួកគេ។ ខ្ញុំបានដឹងថា ជាមួយនឹងវិធានការអាកាសធាតុ និងបរិ​ស្ថាន គ្មានអ្នកណាម្នាក់ត្រូវបានទុកចោលឡើយ។”

ដើម្បីប្រែក្លាយពាក្យសម្ដីទៅជាសកម្មភាព ស៊ីលីដា បានធ្វើដំណើរទៅខេត្តកំពត ​នៅពាក់កណ្ដាលខែធ្នូ និងផ្សព្វផ្សាយដល់ក្រុមយុវជនអំពី​ការប្រែប្រួលអាកាសធាតុ។ ផាវ៉ាន់ ក៏ត្រូវរំពឹងថា នឹងចែករំលែក​ការយល់ដឹងស៊ីជម្រៅ និងការសង្កេតរបស់គាត់​ពីកិច្ចពិភាក្សាយុវជន​ COP29 ​ផងដែរ។

ដោយមានក្ដីសង្ឃឹមខ្ពស់ កញ្ញា បានថ្លែងថា “យើងកំពុងទន្ទឹងរកចាំរួចហើយក្នុងការចូលរួមក្នុង​ LCOY នៅឆ្នាំក្រោយ។ កិច្ចពិភាក្សារបស់យុវជន​នៅ COP29 ផ្ដល់វេទិកានានា​សម្រាប់ជា​ការជំរុញទឹកចិត្ត និង​ទាំងការកែលម្អ។ វាអាចមាន​ការខកចិត្តខ្លះ ប៉ុន្តែអ្វីក៏ដោយ វាមិនអាចផ្លាស់ប្ដូរត្រឹមរយៈពេលមួយយប់បានឡើយ។ ទោះជាយ៉ាងណាក្ដី ការផ្ដល់ចក្ខុវិស័យ​របស់យើងជូន​អ្នករៀបចំគោលនយោបាយ​ក្នុងលក្ខណៈខ្លាំងក្លា និងទាក់ទាញ គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយយើងគប្បីមានមោទកភាព​ចំពោះសមិទ្ធផលដែលយើងសម្រេចបានមកដល់ពេលនេះ។ កិច្ចខិតខំប្រឹងប្រែងជាលំដាប់ និងប្រកបដោយសង្គតភាព​នឹងទទួលបាន​ផលមកវិញ​នៅក្នុងរយៈពេលវែង។ 

ទស្សនាវីដេអូបន្ថែម​អំពី “ការឆ្លុះបញ្ចាំងរបស់គណៈប្រតិភូយុវជនកម្ពុជា​ទៅកាន់ COP29’