បៀបដែលខ្សែម៉ែត្រវាស់ពាក់កណ្តាលដើមដៃ (MUAC) ផ្លាស់ប្តូររបៀបដែលម្តាយម្នាក់មើលឃើញសុខភាពកូនរបស់គាត់
ខ្សែម៉ែត្រវាស់ជុំវិញពាក់កណ្តាលដើមដៃមានពណ៌សាមញ្ញចំនួន៣ជួយម្តាយឱ្យយល់ពីស្ថានភាពអាហារូបត្ថម្ភរបស់កូនគាត់ថាតើកូនគាត់មានចុះស្គមដែឬទេ បើមានតើស្ថិតនៅក្នុងកម្រិតមួយណា ។ តាមរយៈសកម្មភាពនៅមូលដ្ឋានដែលគាំទ្រដោយយូនីសេហ្វ
- English
- Khmer
ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខេត្តព្រះវិហារ – ផេង ហុងអាន អាយុពីរឆ្នាំ លាតដៃរបស់គាត់ ដោយមិនដឹងថាហេតុអ្វី ។
បុគ្គលិកសុខាភិបាលម្នាក់ បានរុំខ្សែម៉ែត្រប្លាស្ទិកស្តើងមួយជុំវិញវា ឈប់បន្តិច រួចញញឹម ។
បៃតង ។
ម្តាយរបស់គាត់ ឈ្មោះ សោម សុភ័ក្ត្រ បានសំឡឹងមើលយ៉ាងដិតដល់ ។ នៅខណៈពេលនោះ ពណ៌តូចៗបីបានប្រាប់គាត់អំពីអ្វីមួយដែលគាត់មិនធ្លាប់បានឃើញច្បាស់ពីមុនមក ៖ ស្ថានភាពអាហារូបត្ថម្ភរបស់កូនគាត់ ។
គាត់បាននិយាយថា “ខ្ញុំតែងតែពិនិត្យមើលទម្ងន់” ។ “បើគាត់ឡើងទម្ងន់ ខ្ញុំគិតថាគាត់មានសុខភាពល្អ ។ បើគាត់ចុះទម្ងន់ ខ្ញុំព្រួយបារម្ភ ។ នេះគឺខុសគ្នា ។”
គាត់បានមកចូលរួមព្រឹត្តិការណ៍សុខភាពសហគមន៍ ដោយរំពឹងថានឹងទទួលបានសេវាតាមធម្មតា ។ គាត់មិនរំពឹងថា ខ្សែម៉ែត្រសាមញ្ញមួយអាចផ្លាស់ប្តូររបៀបដែលគាត់យល់អំពីអាហារូបត្ថម្ភរបស់កូននាងនោះទេ ។
ការមើលឃើញអ្វីដែលធ្លាប់បានឃើញពីមុនមក
ខ្សែម៉ែត្រនេះមានឈ្មោះថា ខ្សែម៉ែត្រវាស់ជុំវិញពាក់កណ្តាលដើមដៃ ឬ MUAC ។ វាគឺជាឧបករណ៍សាមញ្ញមួយដែលគេប្រើដើម្បីកំណត់រកបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ - ឬការស្គមស្គាំង - ចំពោះកុមារតូចចាប់ពីអាយុ៦ខែដល់៥៩ខែ ។ ពណ៌បៃតងមានន័យថា កុមារកំពុងតែលូតលាស់ល្អ ដោយមិនមានសញ្ញានៃការស្គមស្គាំងឡើយ ។ ពណ៌លឿងបង្ហាញពីករណីស្គមស្គាំងកម្រិតមធ្យម ។ ពណ៌ក្រហម បង្ហាញពីការស្គមស្គាំងធ្ងន់ធ្ងរ និងត្រូវការការថែទាំព្យាបាលបន្ទាន់ ។
សម្រាប់សុភ័ក្រ រង្វង់ពាក់កណ្តាលដើមដៃគឺជាអ្វីដែលថ្មី ។
ម្តាយអាយុ ៣០ ឆ្នាំ រូបនេះបាននិយាយថា “គ្មាននរណាម្នាក់ធ្លាប់បានពន្យល់រឿងនេះដល់ខ្ញុំពីមុនមកទេ” ។ “ឥឡូវនេះខ្ញុំអាចមើលឃើញហានិភ័យពីដំបូង មិនមែនដល់ពេលដែលវាធ្ងន់ធ្ងរហើយនោះទេ” ។
នៅក្នុងខេត្តព្រះវិហារ ការរកឃើញករណីទាន់ពេលវេលាគឺមានសារៈសំខាន់ណាស់ ។ កុមារចំនួនប្រហែលម្នាក់ក្នុងចំណោមកុមារបួននាក់ ដែលមានអាយុក្រោមប្រាំឆ្នាំ មានបញ្ហាក្រិះក្រិន ហើយអត្រាមរណភាពកុមារនៅក្នុងប្រទេសនេះ នៅតែមានកម្រិតខ្ពស់បំផុត1 ។
ដូចឪពុកម្តាយជាច្រើននៅក្នុងខេត្តនេះដែរ សុភ័ក្ត្រធ្វើការពេញម៉ោង ។ ការទៅមណ្ឌលសុខភាពជារឿយៗមានន័យថា ជាការបាត់បង់ប្រាក់ចំណូល និងត្រូវរង់ចាំយូរ ។ ការតាមដានការលូតលាស់ មិនមែនសុទ្ធតែត្រូវបានធ្វើឡើងជាប្រចាំនោះទេ ។
គាត់បាននិយាយថា “នៅពេលដែលសេវាកាន់តែខិតមកជិតយើង វាធ្វើឲ្យមានភាពខុសប្លែកយ៉ាងខ្លាំង” ។
សេវាសុខភាព ត្រូវបាននាំមកកាន់តែជិត
ដោយមានការចូលរួមពីមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្រុមទ្រទ្រង់សុខភាពភូមិ (VHSGs) និងមណ្ឌលសុខភាពមួយ រថយន្តក្រុងសុខភាពចល័តនៅថ្ងៃនោះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយ ដើម្បីនាំយកសេវាសារវន្តដោយផ្ទាល់ទៅកាន់គ្រួសារនានា ក្នុងអំឡុងពេលប្រារព្ធទិវាកុមារពិភពលោករបស់យូនីសេហ្វ ។ កុមារបានទទួលការពិនិត្យតាមដានការលូតលាស់ ការលើកកម្ពស់អាហារូបត្ថម្ភ ការផ្តល់គ្រាប់ថ្នាំវីតាមីនអា គ្រាប់ថ្នាំទម្លាក់ព្រូន និងការត្រួតពិនិត្យការផ្តល់ថ្នាំបង្ការជាប្រចាំ ។
ប័ណ្ណចាក់វ៉ាក់សាំងរបស់អាន ត្រូវបានបំពេញរួចរាល់ហើយ ។ គាត់រត់ពីស្តង់មួយទៅស្តង់មួយ ដោយចាប់អារម្មណ៍នឹងសៀវភៅ និងហ្គេម ហើយឈប់មួយកន្លែងនៅពេលណាដែលគាត់ឃើញឡានក្រុងអំណាន ប៉ុណ្ណោះ ។
សុភ័ក្របាននិយាយទាំងញញឹមថា “គាត់ខ្លាចម្ជុល” ។ “ប៉ុន្តែគាត់ស្រឡាញ់សៀវភៅ” ។
អ្វីដែលគាត់ចងចាំជាងគេ គឺខ្សែម៉ែត្រវាស់ជុំវិញពាក់កណ្តាលដើមដៃ។
គាត់បន្តទៀតថា “វីដេអូបង្ហាញពីរបៀបប្រើឧបករណ៍នេះ ។ ផ្ទាំងរូបភាពបង្ហាញយ៉ាងច្បាស់ ។ ពណ៌ផ្សេងៗធ្វើឱ្យម្តាយគ្រប់រូបងាយស្រួលយល់ ។”
តាមរយៈការវិនិយោគលើអាហារូបត្ថម្ភថ្នាក់ជាតិ ដែលគាំទ្រថវិកាដោយមូលនិធិវិនិយោគកុមាររបស់ចក្រភពអង់គ្លេស (CIFF) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) និងអនុវត្តដោយមានការគាំទ្រពីយូនីសេហ្វ គំនិតផ្តួចផ្តើមខ្សែម៉ែត្រវាស់ពាក់កណ្តាលដើមដៃក្នុងគ្រួសារ (Family MUAC) ត្រូវបានពង្រីកដល់ខេត្តមួយចំនួន ដែលរួមមានខេត្តកំពង់ធំ សៀមរាប កំពង់ឆ្នាំង រតនគីរី និងពោធិ៍សាត់ ។ ក្នុងឆ្នាំ ២០២៥ កុមារចំនួន ៧១.៥៣០ នាក់ ត្រូវបានពិនិត្យស្រាវជ្រាវនៅក្នុងភូមិចំនួន ១.១០៦ ភូមិ ។
ចំណេះដឹងដែលស្ថិតនៅក្នុងផ្ទះ
សម្រាប់ ជួប សុវណ្ណឌី ជាអ្នកស្ម័គ្រចិត្តនៃក្រុមទ្រទ្រង់សុខភាពភូមិ ថ្ងៃនេះគឺជាការផ្លាស់ប្តូរមួយ ។
អ្នកស្រីបាននិយាយថា “ខ្ញុំធ្លាប់ឃើញគេប្រើ MUAC តែនៅមណ្ឌលសុខភាពប៉ុណ្ណោះ” ។ “ថ្ងៃនេះ ម្តាយៗអាចប៉ះវាបាន រៀនវា និងយកចំណេះដឹងនោះទៅផ្ទះបាន” ។
គាត់បានជួយថ្លឹងទម្ងន់កុមារ និងកៀរគរគ្រួសារឱ្យទទួលសេវាសុខភាព និងអាហារូបត្ថម្ភ ។ គាត់ដឹងពីបញ្ហាប្រឈមយ៉ាងច្បាស់ ។
គាត់បាននិយាយថា “កុមារជាច្រើននៅជាមួយជីដូនជីតារបស់ពួកគេ ខណៈពេលដែលឪពុកម្តាយរបស់ពួកគេធ្វើចំណាកស្រុកទៅធ្វើការ” ។ “ការតាមដានការលូតលាស់មិនតែងតែត្រូវបានធ្វើឡើងនោះទេ ។ ឧបករណ៍មិនសុទ្ធតែស្ថិតនៅក្នុងផ្ទះគ្រប់ពេលនោះទេ” ។
ការបង្រៀនអ្នកថែទាំកុមារអំពីរបៀបប្រើប្រាស់ MUAC ដោយខ្លួនឯង អាចផ្លាស់ប្តូរស្ថានភាពនេះបាន ។
អ្នកស្រី សុវណ្ណឌី បានលើកឡើងថា “សុខភាពគឺជាអ្វីៗទាំងអស់ ។ បើកុមារមិនមានសុខភាពល្អទេ គ្រួសារទាំងមូលជាអ្នករងទុក្ខ” ។
ហេតុអ្វីបានជាការរកឃើញករណីទាន់ពេលវេលា គឺជួយសង្គ្រោះជីវិត
លោកវេជ្ជបណ្ឌិត វ៉ាញ់ នឿន មកពីមន្ទីរសុខាភិបាលខេត្តព្រះវិហារ មើលឃើញទំនាក់ទំនងនេះយ៉ាងច្បាស់ ។
លោកមានប្រសាសន៍ថា “កុមារត្រូវការការគាំទ្រពេញលេញនៅកន្លែងតែមួយ - គឺការផ្តល់វ៉ាក់សាំង អាហារូបត្ថម្ភ និងការតាមដានការលូតលាស់” ។ “ជាពិសេសក្នុងអំឡុងពេល ១.០០០ ថ្ងៃដំបូងនៃជីវិត” ។
ប្រសិនបើបញ្ហាកង្វះអាហារូបត្ថម្ភមិនត្រូវបានរកឃើញទាន់ពេលវេលាទេ ជាញឹបញាប់ កុមារបាត់ខ្លួនមិនបានមកតាមដានបន្តទេ ។ គ្រួសារអាចមិនស្គាល់សញ្ញាទាំងនោះទេ រហូតដល់បញ្ហាកាន់តែធ្ងន់ធ្ងរ ។
លោកវេជ្ជបណ្ឌិត វ៉ាញ់ នឿន បានមានប្រសាសន៍ថា “ចំណេះដឹងអំពីអាហារូបត្ថម្ភ និងភាពក្រិសក្រិន នៅតែមានកម្រិត” ។ “ខ្សែម៉ែត្រវាស់ជុំវិញពាក់កណ្តាលដើមដៃ គឺផ្តល់ចំណេះដឹងទៅដល់ដៃគ្រួសារផ្ទាល់” ។
ការរកឃើញទាន់ពេលវេលាមិនត្រឹមតែការពារការលូតលាស់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការអភិវឌ្ឍសតិបញ្ញា ប្រាក់ចំណូលគ្រួសារ និងសុខភាពរយៈពេលវែងទៀតផង ។
នៅចុងបញ្ចប់នាពេលរសៀលនោះ ស្តង់នៅឯទិវាកុមារពិភពលោកបានចាប់ផ្តើមបិទ ។ អាន បានកាន់រង្វាន់តូចមួយរបស់គាត់ ហើយគ្រវីដៃជម្រាបលាទៅកាន់ឡានក្រុងអំណាន ។
សុភ័ក្ត្រ បានប្រមូលរបស់របររបស់នាង ហើយរៀបចំខ្លួនត្រឡប់ទៅផ្ទះវិញ ។
គាត់មានសារមួយសម្រាប់ម្តាយផ្សេងៗទៀត ។
គាត់បាននិយាយថា “យើងទាំងអស់គ្នាពិតជានឿយហត់ណាស់” ។ “ប៉ុន្តែយើងទាំងអស់គ្នាចង់ឱ្យកូនៗរបស់យើងមានសុខភាពល្អ ។ ទោះបីជាអ្នករវល់ក្តី ចូរឆ្លៀតពេលលេងជាមួយកូនរបស់អ្នក ផ្តល់អាហារល្អៗ និងធ្វើតាមដំបូន្មានសុខភាព” ។
បន្ទាប់មក គាត់ក៏ឈប់បន្តិច ។
នាងបានបន្ថែមថា “ខ្សែម៉ែត្រវាស់ជុំវិញពាក់កណ្តាលដើមដៃ” ។ “នេះជាអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុត ។ ម្តាយគ្រប់រូបគួរតែដឹងថាត្រូវទៅរកវានៅឯណា ។”
ចំពោះសុភ័ក្ត្រ ពណ៌សាមញ្ញបី (បៃតង លឿង និងក្រហម) បានជម្រះនូវអ្វីដែលគាត់មិនបានដឹងច្បាស់ជាច្រើនខែមកហើយ ។
គាត់និយាយថា “ជាលើកដំបូងហើយ” “ខ្ញុំមានអារម្មណ៍ជឿជាក់ក្នុងការអានសុខភាពកូនខ្ញុំ ដោយភ្នែករបស់ខ្ញុំផ្ទាល់” ។