របាយការណ៍ថ្មីពិនិត្យអំពីវិធីពង្រឹងរបបអាហារនៅកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហាខ្វះអាហារូបត្ថម្ភគ្រប់ទម្រង់
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣៖ នៅថ្ងៃនេះ ដើម្បីអបអរសាទរទិវាអាហារូបត្ថម្ភជាតិលើក
ទី១០ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ) ដោយមានមានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) មូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងក្រុមការងារអ្នកពាក់ព័ន្ធសំខាន់ៗ បានប្រកាសផ្សព្វផ្សាយរបាយការណ៍ស្ដីពីការវិភាគលើការបំពេញបញ្ហាខ្វះអាហារូបត្ថម្ភ ដែលជាភស្តុតាងដ៏សំខាន់ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីឧបសគ្គដើម្បីទទួលបានរបបអាហារប្រកបដោយសុខភាពល្អនៅក្នុងប្រទេស។
ការវិភាគនេះបង្ហាញថា បើទោះជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងការទទួលបាន និងការទទួលទានអាហារប្រកបដោយសុខភាពល្អ និងមានអាហារូបត្ថម្ភគ្រប់គ្រាន់ក្តី របបអាហារបច្ចុប្បន្ននៅតែមិនគ្រប់គ្រាន់នៅឡើយ ដែលជាកត្តារួមចំណែកឱ្យមានបញ្ហាខ្វះអាហារូបត្ថម្ភគ្រប់ប្រភេទ បង្កើនហានិភ័យនៃជំងឺមិនឆ្លង និងបង្កឱ្យមានបន្ទុកសេដ្ឋកិច្ចប្រចាំឆ្នាំចំនួន ១,៥ប៊ីលានដុល្លារក្នុងមួយឆ្នាំ ឬស្មើនឹង ៦,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។
លោកស្រី Claire Conan អ្នកតំណាង និងនាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖“គោលបំណងនៃការវិភាគនេះ គឺដើម្បីផ្ដល់ភស្តុតាងសម្រាប់គោលនយោបាយ និងវិធានការជាតិ ដែលអាចធ្វើឡើងសម្រាប់ប្រព័ន្ធស្បៀងអាហារ ប្រព័ន្ធកិច្ចគាំពារសង្គម និងប្រព័ន្ធសុខាភិបាល ដើម្បីពង្រឹងអាហារូបត្ថម្ភ ដោយផ្ដោតលើប្រជាជនងាយរងគ្រោះបំផុត។ យើងជឿជាក់ថា ការវិភាគលើការបំពេញបញ្ហាខ្វះអាហារូបត្ថម្ភ ផ្ដល់នូវព័ត៌មានរួមសម្រាប់ការផ្លាស់ប្ដូរ ពោលគឺជាភស្តុតាង ដើម្បីប្រើប្រាស់នៅក្នុងសេចក្ដីសម្រេចចិត្តរបស់យើង។ វឌ្ឍនភាព និងគោលដៅប្រកបដោយមហិច្ឆិតារបស់កម្ពុជា ពឹងផ្អែកលើសមត្ថភាពរបស់យើងក្នុងការដោះស្រាយបញ្ហាបន្ទាន់ទាំងនេះ និងកំណត់នូវដំណោះស្រាយឈ្នះ-ឈ្នះចំពោះបញ្ហាអាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ។”
របាយការណ៍នេះបង្ហាញថា ជិត ៨០ភាគរយនៃកាឡូរី ទទួលទាននៅកម្ពុជា បានមកពីបាយ និងស្ករ ដោយបរិភោគជាមួយអាហារដទៃដែលមានសារជាតិចិញ្ចឹមមិនគ្រប់គ្រាន់។ របកគំហើញនេះបន្ថែមទៅលើទិន្នន័យដែលមានស្រាប់ពីការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ដែលបានបង្ហាញថា កុមារអាយុពី៦ ទៅ ២៣ខែចំនួនតិចជាងពាក់កណ្ដាល (៤២ភាគរយ) ទទួលបានរបបអាហារដែលអាចទទួលយកបានក្នុងបរិមាណបន្តិចបន្តួច។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងថា៖ “អាហារូបត្ថម្ភល្អ គឺជាមូលដ្ឋាននៃការរស់រានមានជីវិត ការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ។ កុមារដែលទទួលបានសារធាតុចិញ្ចឹមល្អតាមពីអាហារមានជីវជាតិប្រកបដោយគុណភាព អាចរៀនសូត្រ និងចូលរួមនៅក្នុងសហគមន៍របស់ពួកគេបានល្អជាងកុមារខ្វះអាហារូបត្ថម្ភ។ ពួកគេក៏មានភាពធន់នឹងជំងឺខ្លាំងជាងផងដែរ។ កុមារត្រូវការសារធាតុចិញ្ចឹម និងការថែទាំល្អ ចាប់ពីវ័យទារក និងពេញមួយជីវិត ដើម្បីសម្រេចនូវសក្ដានុពលពេញលេញរបស់ពួកគេ។ យើងចង់ឱ្យប្រជាពលរដ្ឋទាំងអស់នៅកម្ពុជាទទួលទាន និងទទួលបានផលប្រយោជន៍ពីរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់ និងផ្តល់សុខភាពល្អ ដោយធានាថា គ្មានជនងាយរងគ្រោះបំផុតណាម្នាក់ត្រូវបានគេទុកចោលឡើយ។”
គ្រួសារនៅកម្ពុជាសរុបចំនួន ១៦ភាគរយ គ្មានលទ្ធភាពទទួលបានរបបអាហារមានជីវជាតិឡើយ ដោយបញ្ហានេះបញ្ជាក់អំពីសារសំខាន់នៃកម្មវិធីជំនួយសង្គម ដើម្បីទប់ស្កាត់គ្រួសារជាច្រើនពីការធ្លាក់ក្នុងស្ថានភាពមិនទទួលបានអាហារគ្រប់គ្រាន់ ដូចជាផ្លែឈើ បន្លែ សណ្ដែក ទឹកដោះគោ ស៊ុត ខ្លាញ់ និងប្រេងឆា ក្នុងបរិមាណមិនគ្រប់គ្រាន់ ដើម្បីបំពេញកម្រិតនៃការទទួលទានទៅតាមការណែនាំ។ នៅពេលជាមួយគ្នានេះដែរ អាហារដែលមានការកែច្នៃខ្លាំងជ្រុល និងអាហារសម្រន់ដែលសម្បូរទៅដោយជាតិអំបិល ខ្លាញ់ និងស្ករ មានយ៉ាងទូលំទូលាយ ហើយអាហារប្រភេទទាំងនេះមានតម្លៃសមរម្យ និងទទួលបានភាពពេញនិយម តាមរយៈយុទ្ធនាការទីផ្សារ និងពាណិជ្ជកម្មដ៏ខ្លាំងក្លា ដែលបញ្ហានេះបង្កឱ្យយុវជនប្រឈមនឹងទម្លាប់ហូបរបបអាហារដែលគ្មានសុខភាពល្អ។
ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា៖ “បើទោះជាភាពស្គមស្គាំងខ្លាំងរបស់កុមារ ការរាលដាលនៃបញ្ហាខ្វះមីក្រូជីវជាតិ និងភាពខុសគ្នានៃការទទួលបានអាហារូបត្ថម្ភនៅតែមានក្ដី រាជរដ្ឋាភិបាលកម្ពុជានឹងផ្ដល់អាទិភាពចំពោះការពង្រឹងប្រព័ន្ធស្បៀងអាហារ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ដូចការបង្ហាញនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដែលគូសបញ្ជាក់នូវសារសំខាន់នៃកិច្ចគាំពារសង្គម ការថែទាំសុខភាពជាសកល ការសម្របខ្លួនទៅតាមការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ យើងសម្រេចបានវឌ្ឍនភាពគួរជាទីកត់សម្គាល់ចំពោះសុខភាពមាតា និងទារក និងលទ្ធផលពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ដែលយើងទាំងអស់គ្នាគប្បីមានមោទនភាព។”
ភាពងាយរងគ្រោះរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ បង្កហានិភ័យចំពោះរបបអាហារប្រកបដោយសុខភាពល្អ។ ដោយគិតលើឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុតែមួយ របាយការណ៍នៃការវិភាគលើការបំពេញបញ្ហាខ្វះអាហារូបត្ថម្ភបានរកឃើញថា តម្លៃស្បៀងអាហារប្រកបដោយជីវជាតិទំនងជាកើនឡើងចំនួន ១០ភាគរយនៅត្រឹមឆ្នាំ២០៣០ និង ២០ភាគរយ នៅត្រឹមឆ្នាំ២០៥០ ដែលធ្វើឱ្យប្រជាជនដែលងាយរងគ្រោះរួចហើយ រឹតតែពិបាកទទួលបានរបបអាហារប្រកបដោយជីវជាតិ។
ជាការពិត កម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ប៉ុន្តែការពង្រឹងបន្ថែមលើស្ថានភាពអាហារូបត្ថម្ភ គឺជាការចាំបាច់ ដើម្បីរក្សាវឌ្ឍនភាពនេះ។ របកគំហើញនានាគូសបញ្ជាក់ថា គោលដៅប្រកបដោយមហិច្ឆិតារបស់កម្ពុជាក្នុងការសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ គឺពឹងផ្អែកលើការកែលម្អស្ថានភាពអាហារូបត្ថម្ភ។ ការប្រែប្រួលអាកាសធាតុគំរាមកំហែងបន្ថែមទៀតចំពោះមហិច្ឆិតាទាំងនេះ។
របាយការណ៍នេះស្នើនូវកម្រងនៃអន្តរាគមន៍ជាគំរូថា ប្រទេសកម្ពុជាអាចពិចារណាពង្រឹងបន្ថែមលើរបបអាហាររបស់គ្រួសារ និងភាពធន់នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើតម្រូវការរបស់កុមារកំពុងបៅដោះម្ដាយ (១២-២៣ខែ) កុមារក្នុងវ័យចូលរៀន (៦-៧ឆ្នាំ) កុមារីជំទង់ (១៤-១៥ឆ្នាំ) ស្រ្ដីជាម្ដាយកំពុងបំបៅដោះកូន និងបុរសពេញវ័យ តាមរយៈការបង្កើនជីវជាតិអាហារ អត្ថប្រយោជន៍នៃការឧបត្ថម្ភសាច់ប្រាក់ ការផ្ដល់អាហារនៅតាមសាលារៀន តាមរយៈការផ្លាស់ប្ដូរអាកប្បកិរិយាសង្គម ឆ្ពោះទៅរករបបអាហារប្រកបដោយសុខភាពល្អនៅក្នុងចំណោមក្រុមប្រជាពលរដ្ឋទាំងអស់ និងការគ្រប់គ្រងលើអាហារ និងភេសជ្ជៈកែច្នៃខ្លាំងជ្រុល និងមិនផ្តល់ផលល្អដល់សុខភាពជាដើម។
###
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ឯកឧត្តម សយ អ៊ឹង អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍កសិកម្ម និងជនបទ
ទូរសព្ទ៖ +៨៥៥៩២៦៧៨៩ ; សារអេទ្បិកត្រូនិក៖ [email protected]
អ្នកស្រី ជា ជូ មន្រ្តីទំនាក់ទំនង WFP ប្រចាំកម្ពុជា
ទូរសព្ទ៖+៨៥៥៧៨៥៦៥២៨៣; សារអេទ្បិកត្រូនិក៖ [email protected]
លោក អាឌ្រាន បូណូ ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
ទូរសព្ទ ៖ +៨៥៥ ២៣២៦០២០៤; សារអេទ្បិចត្រូនិក៖ [email protected]
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.