សេចក្តីអំពាវនាវបន្ទាន់សម្រាប់កុមារកម្ពុជា
Click to close the emergency alert banner.

ការចិញ្ចឹមបីបាច់កុមារតូចជួយជំរុញសុខុមាលភាពរបស់កុមារជនជាតិដើមភាគតិច

កម្មវិធីការចិញ្ចឹមបីបាច់កុមារតូចរបស់យូនីសេហ្វ កំពុងពង្រឹងសមត្ថភាពឪពុកម្តាយជនជាតិដើមភាគតិចក្នុងខេត្ត រតនគិរី នូវជំនាញអភិវឌ្ឍន៍កុមារតូចដ៏សំខាន់ ដើម្បីទប់ស្កាត់កង្វះអាហារូបត្ថម្ភ និងលើកកម្ពស់សុខុមាលភាពកុមារ។

Botumroath Le Bun
For Mangror Sreypich (right) and her cousin, Chhoun Khorm, the programme has illuminated the value of balanced nutrition and early mental stimulation, laying a foundation for brighter and healthier futures. Both women are members of the Kreung community, one of Cambodia’s 24 Indigenous groups, estimated over 21,500 people.
UNICEF Cambodia/2025/Botumroath Le Bun
21 កុម្ភៈ 2025

ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្រុកអូរជុំ ខេត្តរតនគីរី - ក្នុងព្រៃដ៏ក្រាស់នៅ​ ភាគឦសាននៃប្រទេសកម្ពុជា គឺខេត្តរតនគិរី ដែលគេស្គាល់ថា ជាខេត្តសម្បូរទៅដោយដីក្រហម មានគ្រួសារវ័យក្មេងជាច្រើនកំពុងជួប​នឹងបញ្ហាប្រឈមជាខ្លាំង រួមមាន ភាពឯកោ ភាពក្រីក្រ​ និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលបង្ករឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើ​ការរីកលូតលាស់ ការអភិវឌ្ឍ និងអនាគត​របស់​កុមារ ។

យោងតាម​ការអង្កេត​ប្រជាសាស្រ្ត និងសុខភាពកម្ពុជា (CDHS) ​ចុងក្រោយបង្អស់ កុមារអាយុក្រោមប្រាំឆ្នាំ ជិត ៣៩​ភាគរយ នៅខេត្តរតនគីរី មានភាពក្រេសក្រិន កម្ពស់មិនស្របនឹង​អាយុ ដោយសារតែ​បញ្ហាកង្វះអាហារូបត្ថម្ភ។ កុមារ ១៥ភាគរយ​ផ្សេង​ទៀត ​មានភាពស្គមស្គាំងក្នុងកម្រិតគួរឱ្យគ្រោះថ្នាក់ ដោយទម្ងន់របស់ពួកគេមិនត្រូវនឹង​កម្ពស់ ​។ តួលេខទាំងនេះស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់​បំផុតនៅកម្ពុជា ហើយខេត្ត ឧត្តរមានជ័យ និងខេត្ត ព្រះវិហារ មានកុមារមានភាពក្រេសក្រិន ២៦ភាគរយ និង​ភាពស្គមស្គាំង​ លើស ៧ភាគរយ។ ខេត្តកំពង់ឆ្នាំង​មានអត្រា​ភាពស្គមស្គាំងខ្ពស់បំផុត​នៅក្នុងប្រទេស គឺ ៣០ភាគរយ និងក្រេសក្រិន ១៩ភាគរយ​។

ភាពក្រេសក្រិនរបស់កុមារអាយុ ២ឆ្នាំ មិនអាចវិលត្រលប់ថយក្រោយវិញបានឡើយ។ រយៈ​ពេល ១.០០០ថ្ងៃដំបូង ពោលគឺ​ចាប់ពីពេលមានគត៌​​រហូតដល់មានអាយុ ២ឆ្នាំ គឺជាពេលវេលាដ៏សំខាន់​សម្រាប់ការរីកលូតលាស់ និងការអភិវឌ្ឍខួរក្បាល។ ប្រសិនបើគ្មានអាហារប្រកបដោយជីវជាតិដ៏ចាំបាច់​នៅក្នុងរយៈពេលនេះទេ រាងកាយ និងខួរក្បាលរបស់​កុមារ​អាចទទួលរងការប៉ះពាល់់ជាអចិន្រ្តៃយ៍ ហើយការអភិវឌ្ឍ​ដែលបានបាត់បង់​ មិនអាចស្ដារឡើងវិញ​នៅពេលក្រោយបានឡើយ។

ដើម្បីជួយ​ដោះស្រាយបញ្ហា​កង្វះអាហារូបត្ថម្ភ​នៅកម្ពុជា យូនីសេហ្វ អង្គការសុខភាពពិភពលោក និងធនាគារពិភពលោក​ បានដាក់ចេញនូវក្របខ័ណ្ឌនៃការចិញ្ចឹមបីបាច់កុមារតូច​នៅឆ្នាំ២០១៨។ យូនីសេហ្វបានបង្កើតជាកម្មវិធីដែលធ្វើឲ្យ​​ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃ សហការគ្នាដើម្បីដោះស្រាយបញ្ហា​កង្វះអាហារូបត្ថម្ភ​ និងលើកកម្ពស់​ការអភិវឌ្ឍ​កុមារតូច​តាមរយៈ​អភិក្រមរួម។ យូនីសេហ្វដឹកនាំ​ការរៀបចំកម្មវិធី ផ្ដល់ជំនាញបច្ចេកទេស និង​គាំទ្រ​កិច្ចសហការ​នៅក្នុងចំណោមបណ្ដា​ក្រសួងនានា ដើម្បី​ធានា​ដល់ការអនុវត្ត​ប្រកបដោយប្រសិទ្ធភាព។ 

កម្មវិធីការចិញ្ចឹមបីបាច់កុមារតូច គឺលើសពី​អាហារូបត្ថម្ភ។ កម្មវិធីនេះផ្ដល់ភាពអង់អាច​ដល់ស្រ្តីជាម្ដាយ​ជនជាតិដើមភាគតិចពាក់ព័ន្ធនឹងជំនាញថែទាំកូនដ៏ចាំបាច់ ដើម្បីលើកគ្រួសាររបស់ពួកគេចេញពីភាពក្រីក្រ និងផ្ដល់ដល់កូនៗរបស់ពួកគេនូវការចាប់ផ្ដើម​ប្រកបដោយសុខភាពល្អ​នៅក្នុងជីវិត។
UNICEF Cambodia/2025/Botumroath Le Bun កម្មវិធីការចិញ្ចឹមបីបាច់កុមារតូច គឺលើសពី​អាហារូបត្ថម្ភ។ កម្មវិធីនេះផ្ដល់ភាពអង់អាច​ដល់ស្រ្តីជាម្ដាយ​ជនជាតិដើមភាគតិចពាក់ព័ន្ធនឹងជំនាញថែទាំកូនដ៏ចាំបាច់ ដើម្បីលើកគ្រួសាររបស់ពួកគេចេញពីភាពក្រីក្រ និងផ្ដល់ដល់កូនៗរបស់ពួកគេនូវការចាប់ផ្ដើម​ប្រកបដោយសុខភាពល្អ​នៅក្នុងជីវិត។

ដោយទទួលបាន​មូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីនេះបានបណ្តុះបណ្តាលឪពុកម្ដាយ និងអ្នកថែទាំ​នូវ​ជំនាញ​ចាំបាច់លើផ្នែកអាហារូបត្ថម្ភ និងការថែទាំកូន​ និងធ្វើឲ្យសុខភាព​កុមារមានភាពប្រសើរឡើង ចាប់តាំងពីពេលចាប់កំណើ​រហូតដល់​អាយុប្រាំមួយឆ្នាំ។ ចំណុចសំខាន់ចំពោះ​ភាពជោគជ័យនៃកម្មវិធីនេះ​ គឺសមាហរណកម្មនៃកម្មវិធីនេះទៅក្នុង​គោលនយោបាយជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ។ យូនីសេហ្វ​ និង​ដៃគូរបស់ខ្លួន បាន​រៀបចំសិក្ខាសាលានានា​សម្រាប់ឪពុកម្ដាយស្ដីពីការអភិវឌ្ឍ​កុមារតូច ហើយ​សិក្ខាសាលាទាំងនេះ​ផ្ដល់ការណែនាំដែលអាចអនុវត្តបាន ក្នុងវិស័យផ្សេងៗ ដូចជា អាហា​រូបត្ថម្ភ ការថែទាំប្រកបដោយការឆ្លើយតប ការរៀនសូត្រពីដំបូង និងសុវត្ថិភាពរបស់កុមារ​។​ អភិក្រមនេះ​បានផ្ដល់លទ្ធផលជាក់ស្ដែង ដែលបង្ហាញអំពីការកែប្រែគួរឱ្យកត់សម្គាល់ចំពោះ​សុខភាព និងសុខុមាលភាព​របស់កុមារអាយុពី ០ ទៅ ៦ឆ្នាំ​នៅក្នុងសហគមន៍ដាច់ស្រយាល។ផលជះនៃកម្មវិធីនេះ គឺមិនអាចប្រកែកបានឡើយ។ 

“ខ្ញុំ​ធ្លាប់គិតថា បាយគឺគ្រប់គ្រាន់ហើយសម្រាប់កូនរបស់ខ្ញុំ” នេះជាការឆ្លុះបញ្ចាំងរបស់ស្រ្តីជាម្ដាយជនជាតិដើមភាគតិចម្នាក់ឈ្មោះ ម៉ង់រ៉ ស្រីពិច។ គាត់បានបន្ថែមទៀតថា “ប៉ុន្តែឥឡូវនេះខ្ញុំដឹងថាកូនរបស់ខ្ញុំត្រូវការសាច់ បន្លែ និងការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីលូតលាស់រឹងមាំ។” 

សម្រាប់អ្នកស្រី ស្រីពិច និងបងប្អូនជីដូនមួយរបស់គាត់ឈ្មោះ ឈួន ខំ កម្មវិធីនេះ​បានបង្ហាញ​អំពីគុណតម្លៃ​នៃអាហារូបត្ថម្ភ​ដែលមានតុល្យភាពគ្នា ដែលជាមូលដ្ឋានគ្រឹះសម្រាប់​អនាគតកាន់តែភ្លឺស្វាង និងកាន់តែមានសុខភាពល្អ។ ស្រ្តីទាំងពីរនាក់​ គឺជាសមាជិក​នៃសហគមន៍​ជនជាតិគ្រឹង ដែលជាជនជាតិដើមភាគតិចមួយ​ក្នុងចំណោម​ក្រុមជនជាតិដើមភាគ​តិចទាំង​ ២៤ក្រុម​នៅកម្ពុជា ហើយសហគមន៍​ជនជាតិគ្រឹងមានប្រជាជនចំនួនជាង ២១.៥០០នាក់​។ ក្រុមជនជាតិដើមភាគតិចទាំងអស់​មានចំនួន​ស្មើនឹង ១,៧ភាគរយ​នៃ​ប្រជាជនកម្ពុជា ដែលមានចំនួនជាង ១៧លាននាក់ នេះបើយោងតាម​ជំរឿនប្រជាជនចុងក្រោយបំផុត​នៅឆ្នាំ២០១៩។ កុមារជាង ៣.៥០០នាក់​នៅសហគមន៍គ្រឹង មានអាយុតិចជាងប្រាំមួយឆ្នាំ។

អ្នកស្រី ស្រីពិច អាយុ ២៤ឆ្នាំ ដែលជាម្ដាយចិញ្ចឹមកូនតែម្នាក់ឯង មកពីភូមិកាឡៃ ៣ ដែលជាភូមិក្រីក្រមួយ ចំពោះគាត់ការបង្រៀនរបស់កម្មវិធីនេះ​មានឥទ្ធិពលយ៉ាងជ្រាលជ្រៅ។ គាត់ទើបតែនឹងលែងលះគ្នា និង​កំពុង​ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹង​ការចិញ្ចឹមកូនស្រី អាយុ ២ឆ្នាំកន្លះ របស់គាត់តែម្នាក់ឯង ហើយគាត់បានតាំងចិត្ត​ផ្ដល់ដល់នាង​នូវឱកាស ដែលគាត់ខ្លួនឯងមិនដែលធ្លាប់ទទួលបាន។ អ្នកស្រី ស្រីពិច ​ពន្យល់ថា “ខ្ញុំធ្លាប់​គិតថា ការចិញ្ចឹមកូនគឺជាការផ្ដល់ចំណីអាហារ និងការពារសុវត្ថិភាពកូន។ ប៉ុន្តែឥឡូវនេះ ខ្ញុំ​ដឹងថាខួរក្បាលរបស់នាងក៏ត្រូវការលូតលាស់ដែរ។ ខ្ញុំបានរៀនថា ឆ្នាំដំបូងៗ​របស់កូនស្រីខ្ញុំមានសារសំខាន់ខ្លាំងបំផុត។”

បន្ថែមលើការធ្វើជាម្ដាយ អ្នកស្រី ស្រីពិច ធ្វើការងារស្ម័គ្រចិត្ត​ជាមួយ​កម្មវិធី​គ្រុនចាញ់របស់ក្រសួង​សុខាភិបាល ដែលគាត់​ធ្វើការត្រួតពិនិត្យ​រក​ជំងឺគ្រុនចាញ់ និង​យកសំណាកឈាម​ពី​ឪពុកម្ដាយផ្សេងទៀតដែលមកចូលរួមវគ្គ​ស្ដីពី​ការចិញ្ចឹមបីបាច់កូន។ សម្រាប់គាត់ សិក្ខាសាលាទាំងនេះ​ ផ្ដល់ចំណេះដឹងជាច្រើន​ដល់គាត់។

វគ្គទាំងនេះ​ក៏ឆ្លើយតបចំពោះ​ការអនុវត្តចាំបាច់នានាផងដែរ ដូចជា ការប្រើប្រាស់ទឹកស្អាតដែលមានសុវត្ថិភាពសម្រាប់​ការចម្អិនម្ហូបអាហារ និង​ការរៀបចំចំណីអាហារចម្រុះគ្នា​សម្រាប់​កុមារ ដើម្បីទប់ទល់នឹងភាពស្រេកឃ្លានលាក់ខ្លួន ឬកង្វះមីក្រូជីវជាតិ ដែលជាបញ្ហាបន្ទាន់មួយ ដោយកុមារអាយុ ៦ ទៅ ២៣ខែនៅកម្ពុជាចំនួនម្នាក់ក្នុងចំណោមបីនាក់ មិនបានទទួលទានផ្លែឈើ ឬបន្លែឡើយ នេះ​បើយោងតាម CDHS ឆ្នាំ២០២២។

​ស្រ្តីជាម្ដាយជាច្រើនដូចជា អ្នកស្រី ស្រីពិច និងអ្នកស្រី ខំ បានចែករំលែក​អំពីបទពិសោធន៍​ដោយឡែកផ្ទាល់ខ្លួនរបស់ពួកគេ​។ អ្នកស្រី ខំ មានអាយុ ២៣ឆ្នាំ និងមានកូនប្រុសអាយុបីឆ្នាំម្នាក់ គាត់ចែករំលែកថា កម្មវិធីនេះ​បាន​កែប្រែផ្នត់គំនិតរបស់គាត់ ចំពោះការអប់រំ កុមារតូច ឥទ្ធិពលនៃសកម្មភាពរៀនសូត្រ ​ ដែលចាប់ផ្ដើមជាដំបូងនៅផ្ទះរបស់គាត់ផ្ទាល់។ “ពីមុន ប្ដីរបស់ខ្ញុំ និង​ខ្លួនខ្ញុំផ្ទាល់គិតថា យើង​នឹងរង់ចាំរហូតដល់កូនអាយុប្រាំមួយឆ្នាំ ទើបឱ្យគាត់ចាប់ផ្ដើមចូលរៀន” នេះជាសម្ដីរបស់គាត់។ “ប៉ុន្តែនៅពេលនេះ ខ្ញុំ​មើលឃើញអំពីអត្ថប្រយោជន៍នៃ​ឆ្នាំដំបូង ដែលអាចកំណត់អំពីអនាគតរបស់គាត់។” ដោយទទួលបានចំណេះដឹងថ្មី គាត់បានតាំងចិត្តចុះឈ្មោះកូនប្រុសរបស់គាត់​នៅមត្តេយ្យសិក្សា​នៅ​ខែវិច្ឆិកានេះ ដោយគាត់ទទួលស្គាល់ថា​ ការអប់រំពីវ័យ​កុមារតូច​កសាង​ជំនាញ​សង្គម ពុទ្ធិ និងអារម្មណ៍​​សម្រាប់​ការចាប់ផ្ដើម​ដ៏ល្អ​នៅសាលារៀនបឋមសិក្សា។

អ្នកស្រី ខំ បានបន្ថែមទៀតថា “ខ្ញុំ​ដឹងតិចតួចអំពី​ការចិញ្ចឹមកូន ប៉ុន្តែ​ខ្ញុំចង់​បំពេញភាពខ្វះចន្លោះទាំងនេះ។ ប្រធាបទដែលមានឥទ្ធិពលបំផុត គឺ​ការផ្ដល់ការថែទាំប្រកបដោយការឆ្លើយតប ។ “ជានិច្ចកាល កូនប្រុសរបស់ខ្ញុំមិនស្ដាប់យើងឡើយ ហេតុនេះ ខ្ញុំចង់រៀនវិធីដើម្បីប្រាស្រ័យទាក់ទងឱ្យបានកាន់តែល្អ​ជាមួយ​គាត់ និងលើកទឹកចិត្តឱ្យគាត់ស្ដាប់។”

ក្រៅពីគាត់ ស្រ្តីម្នាក់ទៀតឈ្មោះ រី កែវ ជាម្ដាយដែលមិនចេះអក្សរ ហើយគាត់បានចូលរួម​នៅក្នុងវគ្គសិក្ខាសាលាដំបូង​ក្នុងចំណោមវគ្គសិក្ខាសាលាទាំងប្រាំបី ប៉ុន្តែគាត់បានចូលរួម​ពិភាក្សា​ ដោយមាន​ការតាំងចិត្ត។ “ខ្ញុំចង់រៀនអំពីវិធីថែទាំកូនៗមានពិការភាព” នេះជាសម្ដីរបស់គាត់ គាត់បានសម្លឹងមិនដាក់ភ្នែក ​នៅពេលដែលគាត់ចង្អុលទៅកាន់ភ្នែកស្រឡេវរបស់គាត់។ 

Ry Keo, 34, steps into her first session at the community centre, her bold red wool hat with a wide brim catching the light, and a hand-woven basket backpack—locally called a kapha—strapped to her back as she carries her baby boy.
UNICEF Cambodia/2025/Botumroath Le Bun ​អ្នកស្រី រី កែវ អាយុ ៣៤ឆ្នាំ កំពុងឈានជើងចូលក្នុង​វគ្គទីមួយរបស់គាត់។

ការពង្រឹងសហគមន៍តាមរយៈ​ការផ្ដល់ភាពអង់អាចដល់ស្រ្តី

កម្មវិធីការចិញ្ចឹមបីបាច់កុមារតូច គឺលើសពី​អាហារូបត្ថម្ភ។ កម្មវិធីនេះផ្ដល់ភាពអង់អាច​ដល់ស្រ្តីជាម្ដាយ​ជនជាតិដើមភាគតិចពាក់ព័ន្ធនឹងជំនាញថែទាំកូនដ៏ចាំបាច់ ដើម្បីលើកគ្រួសាររបស់ពួកគេចេញពីភាពក្រីក្រ និងផ្ដល់ដល់កូនៗរបស់ពួកគេនូវការចាប់ផ្ដើម​ប្រកបដោយសុខភាពល្អ​នៅក្នុងជីវិត។ នៅក្នុងសហគមន៍ដែលមានឱកាសតិចតួច អ្នកម្តាយទាំងនេះកំពុងបំបែកវដ្តនៃសុខភាពទន់ខ្សោយ និងបង្កើតអនាគតកាន់តែភ្លឺស្វាងសម្រាប់ជំនាន់ក្រោយ។ នៅខេត្ត រតនគីរី ការថែទាំ​កុមារ​ភាគច្រើនធ្លាក់ទៅលើស្រ្តី ហើយវគ្គស្ដីពី​ការចិញ្ចឹមបីបាច់កូនទាំងនេះ​ដើរតួនាទីជា “មជ្ឈមណ្ឌលធនធាន” សម្រាប់​អ្នកថែទាំ ដែលផ្ដល់ដល់ពួកគេនូវ​ជំនាញជាក់ស្ដែង ដើម្បីចិញ្ចឹមបីបាច់កូនៗរបស់ពួកគេ ប្រកបដោយជំនឿចិត្ត។

​អ្នកស្រី រី កែវ អាយុ ៣៤ឆ្នាំ កំពុងឈានជើងចូលក្នុង​វគ្គទីមួយរបស់គាត់ ដោយគាត់ពាក់មួកពណ៌ក្រហមដិត ដែលមានគែមជះពន្លឺដ៏ធំ និងស្ពាយ​​កន្ត្រក​ត្បាញមួយ ដែលសហគមន៍​នេះហៅថា កាផា នៅក្រោយខ្នង និង ពរកូនក្នុងដៃរបស់គាត់។ ស្រ្តីជាម្ដាយដែលមានកូនបួននាក់រូបនេះបន្លឺសំឡេងថា

 

 

 “ខ្ញុំមកទីនេះ ដើម្បីរៀនបន្ថែម និងផ្ដល់​ជីវិតកាន់តែល្អ​ដល់កូនរបស់ខ្ញុំ។ បើទោះជាខ្ញុំមិនអាចអាន ឬសរសេរ​បានក្ដី ខ្ញុំចង់ដឹងបន្ថែមទៀត ដើម្បី​ឱ្យពួកគាត់លូតលាស់កាន់តែល្អប្រសើរ និងស្វែងរកវិធីថ្មីៗ ដើម្បីធ្វើជាម្ដាយ ដែលពួកគេ​សមនឹងទទួលបាន។”

កម្មវិធីរបស់យូនីសេហ្វ​​បានជំរុញ​សមភាពយេនឌ័រ តាមរយៈ​ការផ្ដល់ភាពអង់អាចជូនស្រ្តីជាម្ដាយ ដូចជា អ្នកស្រី ស្រីពិច អ្នកស្រី ខំ និងអ្នកស្រី កែវ ដើម្បីចាប់យក​តួនាទីរបស់ពួកគាត់ជា​អ្នកថែទាំ​ ប្រកដោយជំនឿចិត្ត និងមោទនភាព។ អ្នកស្រី ស្រីពិច បាននិយាយ​ក្នុងសម្ដីពោរពេញទៅដោយមោទនភាពថា “ខ្ញុំមិនត្រឹមតែកំពុងរៀនអំពី​ ចំណីអាហារប៉ុណ្ណោះឡើយ ខ្ញុំកំពុងរៀន​អំពីរបៀប​ជួយកូនរបស់ខ្ញុំឲ្យមានភាពរឹងមាំ ហើយនៅពេលរៀន​វគ្គនីមួយៗ ខ្ញុំមានអារម្មណ៍​កាន់តែមានសមត្ថភាព​ក្នុងនាមជាម្ដាយម្នាក់។”

នៅពេលដែលកម្មវិធីនេះបណ្តុះបណ្តាល​ស្រ្តីជាម្ដាយកាន់តែច្រើន ​នៅទូទាំង​ខេត្តរតនគីរី ផលជះ គឺជាការផ្លាស់ប្ដូរជីវិត គឺមានន័យថា កុមារលូតលាស់ល្អ ហើយម្ដាយទាំងឡាយក្លាយទៅជាបុគ្គលឆ្នើមសម្រាប់សុខភាពគ្រួសាររបស់គាត់។ អ្នកស្រី ស្រីពិច និយាយបន្ថែមដោយកែវភ្នែកពោរពេញទៅដោយការតាំងចិត្តថា ​“ខ្ញុំ​ចង់ឱ្យកូនរបស់ខ្ញុំ​ធំឡើងដោយមានភាពរឹងមាំ និងទៅរៀននៅសាលារៀន​។ នៅពេលនេះ ខ្ញុំ​មានចំណេះដឹង ហើយខ្ញុំនឹងធ្វើឲ្យបាន។”

ដោយមាន ​ការគាំទ្រ​របស់យូនីសេហ្វ និង​ការអនុវត្តជាបន្តបន្ទាប់របស់​ក្រសួងអប់រំ យុវជន និងកីឡា ស្រ្តីជាម្ដាយ ដូចជា អ្នកស្រី ខំ កំពុងត្រួសត្រាយផ្លូវ សម្រាប់អនាគតប្រកបដោយសុខភាពកាន់តែល្អ។ ពួកគាត់ទាំងអស់គ្នា ​កំពុងជួយកូនៗឲ្យរីកចម្រើនបានល្អ និងផ្តល់ភាពក្លាហានឲ្យកូនអាច សុបិន្តកាន់តែធំ នៅក្រោមមេឃដ៏ទូលាយនៃខេត្តរតនគិរី ។

អ្នកស្រី ខំ ញញឹម​ ដោយគិតពីការផ្លាស់ប្ដូរយ៉ាងច្រើនចាប់តាំង​ពី​ជំនាន់របស់ម្ដាយ​គាត់ផ្ទាល់។ “នៅពេលនេះ មនុស្សកាន់តែច្រើនទទួលបាន​ការអប់រំ ហើយជីវិតកំពុងល្អប្រសើរឡើង​។​” ម្ដាយរបស់គាត់​មិនចេះអាន ឬសរសេរបានឡើយ ប៉ុន្តែអ្នកស្រី ខំ បានបញ្ចប់ថ្នាក់ទី ១០ ហើយប្ដីរបស់គាត់​បានរៀនដល់ថ្នាក់ទី១២។ សម្រាប់គាត់ កញ្ចប់សម្ភារ​ផ្ទះឆ្លាតវៃពី​កម្មវិធីនេះ​មានតម្លៃមិនអាចកាត់ថ្លៃបាន។ គាត់បើកទំព័រនីមួយៗ ហើយនិយាយថា ​“វាមានរូបភាព និងការណែនាំ​សម្រាប់​ក្រុមអាយុនីមួយៗ។ ខ្ញុំព្យួរវានៅក្នុងបន្ទប់គេង ដើម្បីខ្ញុំបង្ហាញដល់កូនប្រុសរបស់ខ្ញុំ​ជារៀងរាល់ព្រឹក ដើម្បី​ឲ្យគាត់មានសុខភាព និងអនាគត  កាន់តែល្អ។”